កម្ពុជា

ជប៉ុន​ផ្តល់ជំនួយ​បន្ថែម៩លាន​ដុល្លារសម្រាប់​កម្មវិធី​ដោះមីននិង​ជួយ​ដល់​ជនរងគ្រោះ

រាជរដ្ឋាភិបាល​ជប៉ុន បានសម្រេច​ផ្តល់ជំនួយ​បន្ថែម ៨៩៨ លាន​យ៉េន ស្មើ​ប្រហែល ៩ លាន​ដុល្លារ​អាមេរិក ដល់​មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់មីន​កម្ពុជា CMAC សម្រាប់​កម្មវិធី​ដោះមីន និង​ជួយ​ដល់​ជនរងគ្រោះ ចាប់ពី​ឆ្នាំ២០១៣ ដល់​ឆ្នាំ២០១។ កម្មវិធី​ដោះមីន និង​ជួយ​ជនរងគ្រោះ ដំណាក់កាល​ទី២នោះ នឹង​បន្ត​អនុវត្ត នៅ​ស្រុក​បាណន់ និង​ស្រុក​បរ​វិល ខេត្តបាត់ដំបង។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (CMAC)
លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (CMAC) @RFI
ផ្សាយពាណិជ្ជកម្ម

ជំនួយឥតសំណង​រប​ស់ជ​ប៉ុន ដល់​កម្ពុជា លើ​សកម្មជន​កំចាត់មីន និង​ជួយ​ជនរងគ្រោះ​ដោយសារ​មីន នៅ​ដំណាក់កាល​ទី២ ត្រូវបាន​ចុះហត្ថលេខា ដោយ​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​លោក យូ​ជី គូ​ម៉ា​ម៉ា​រុ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី៣០តុលា​នេះ។

ជំនួយឥតសំណង​រប​ស់ជ​ប៉ុន​បន្ថែម ៩ លាន​ដុល្លារ​នេះ សម្រាប់​អនុវត្ត​នូវ​កម្មវិធី​ដោះមីន និង​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​មីន នៅ​ដំណាក់កាល​ទី២ ចាប់ពី​ឆ្នាំ២០១៣ ដល់​ឆ្នាំ២០១៦ នៅ​ភូមិ​ចំនួន ១៥ ផ្សេងទៀត នៅ​ស្រុក​បាណន់ និង​ស្រុក​បរ​វិល ខេត្តបាត់ដំបង។

លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា ជំនួយ​របស់​ជប៉ុន សម្រាប់​អនុវត្ត​លើ​កម្មវិធី​ដោះមីន និង​ជួយ​ជនរងគ្រោះ ដំណាក់កាល​ទី១ ចាប់ផ្តើម កាលពី​ឆ្នាំ២០១០ ដល់​ឆ្នាំ២០១៣ នៅ​ស្រុក​បាណន់ និង​ស្រុក​បរ​វិល។ ជា​លទ្ធផល ក្នុង​រយៈពេល ៤ ឆ្នាំ នៅ​ដំណាក់កាល​ទី១ ស៊ីម៉ាក បាន​បោសសម្អាត​មីន លើ​ផ្ទៃដី ៣៣៨៥ ហិកតា និង​រកឃើញ ព្រមទាំង​កម្ទេចចោល​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ចំនួន ១៩៧៨៣ គ្រាប់។

ចាប់ពី​ឆ្នាំ១៩៩៨ ដល់​ឆ្នាំ២០១៣ ជប៉ុន បានផ្តល់​ជំនួយ​ដល់​កម្ពុជា សម្រាប់​បោ​សម្អាត​មីន សរុប ៨០ លាន​ដុល្លារ។ជំនួយ​របស់​ជប៉ុន សម្រាប់​ដោះមីន នៅ​កម្ពុជា ត្រូវបាន​រដ្ឋមន្ត្រីការបរទេស លោក ហោ ណាំហុង កត់សម្គាល់ថា ជប៉ុន​បានរួម​ចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន ហើយ​ការដោះមីន​នេះ មានន័យថា យើង​បានផ្តល់​ដី​កសិកម្ម​ថែមទៀត ដល់​ប្រជាពលរដ្ឋ បង្កើន​ផលិតផល​ស្រូវ​ពី ១ឆ្នាំ ទៅ ១ឆ្នាំ។

សម្រាប់​លោក កុយ គួ​ង ជំនួយឥតសំណង របស់​ជប៉ុន ថ្ងៃនេះ បញ្ជាក់ថា ប្រទេស​ជា​មិត្ត​របស់​កម្ពុជា នៅតែ​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា នៅ​អាណត្តិ​ទី៥ ជាធម្មតា ដែល​ផ្ទុយ​ស្រលះ​ពី​ការអំពាវនាវ​របស់​ប​ក្ស​ប្រឆាំង។

ចំណែក​អគ្គនាយក ស៊ីម៉ាក លោក ហេង រតនា បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា ការ​បោសសំអាត​មីន មកដល់​សព្វថ្ងៃ បាន​ជាង ៥០០ គីឡូម៉ែត្រ​ការ៉េ និង​បាន​រុករក កំទេច​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ បាន​ជាង ២,៤ លាន​គ្រាប់។ លោក​ថា មីន​នៅមាន​បញ្ហា​លើ​ផ្ទៃដី​ប្រមាណ​ជាង ១៧០០ ទៅ ១៨០០ គីឡូម៉ែត្រ​ក្រឡា​ទៀត។ ក្នុងមួយឆ្នាំៗ ស៊ីម៉ាក បោសសម្អាត​មីន បាន​ជិត ១០០ គីឡូម៉ែត្រ​ការ៉េ។

ចំនួន​ជនរងគ្រោះ​ដោយសារ​មីន ត្រូវបាន​លោក ហេង រតនា អះអាងថា បាន​ធ្លាក់ចុះ ចាប់តាំងពី​ឆ្នាំ១៩៩៩ ដែល​កម្ពុជា​បានបញ្ចប់​សង្គ្រាមស៊ីវិល។ ជនរងគ្រោះ​បាន​ថយចុះ​ពី​ជាង ២០០០ នាក់ ក្នុងមួយឆ្នាំៗ មក​នៅក្រោម ២០០ ករណី។ នៅ​ឆ្នាំ២០១២ មាន ១៨០ ករណី និង​រយៈពេល ១០ ខែ ក្នុង​ឆ្នាំ២០១៣ មាន​ជាង ៨០ ករណី។ ក្នុងនោះ អ្នកស្លាប់ មាន​តិចជាង​របួស។

បន្ទាប់ពី​ពិធី​ចុះហត្ថលេខា​លើ​ជំនួយឥតសំណង នៅ​ព្រឹក​មិញ CMAC ក៏បាន​ទទួល​មេដាយ និង​ពានរង្វាន់ ពី​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA។ CMAC ស្ថិតក្នុង​ស្ថាប័ន​លេចធ្លោ ចំនួន ៧ និង​ចំណោម​ឥស្សរជន​ឆ្នើម​ទាំង ១០ ក្នុងការ​បោសសំអាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែល​ត្រូវបាន​ជ្រើសរើស​ពី​ប្រទេសផ្សេងៗ ក្នុង​ពិភពលោក សម្រាប់​ការប្រគល់​ពានរង្វាន់​ឆ្នាំនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI