Air France បើកជើងហោះហើរប៉ារីស-ភ្នំពេញនៅខែមីនា២០១១
មិនបានប៉ុន្មានថ្ងៃ ក្រោយការលើកឡើងរបស់ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដែលទើបបញ្ចប់អាណត្តិ អំពីគម្រោងបើកការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិបារាំង Air France បារាំង-កម្ពុជា នៅថ្ងៃនេះ ក្រុមហ៊ុន Air France បានប្រកាសជាផ្លូវការតែម្តង អំពីប្រតិបត្តិការហោះហើរនេះ។ ចាប់ពីថ្ងៃទី២៧ខែមីនា ឆ្នាំ២០១១ Air France នឹងផ្តើមចេញដំណើរហោះហើរ៣ដងក្នុងមួយសប្តាហ៍ ពី ប៉ារីស មកភ្នំពេញ។
ចុះផ្សាយនៅថ្ងៃ៖
សេចក្តីរាយការណ៍របស់លាង ដឺលុច ពីភ្នំពេញ
ក្រុមហ៊ុនអាកាសចរណ៍ជាតិបារាំង Air France នឹងផ្តើមប្រតិបត្តិការហោះហើរ រវាងទីក្រុងប៉ារីសប្រទេសបារាំង និងទីក្រុងភ្នំពេញប្រទេសកម្ពុជា នៅថ្ងៃទី២៧ មីនាឆ្នាំ២០១១។ ការហោះហើរដែលនឹងត្រូវប្រតិបត្តិការ ដោយឆ្លងកាត់ប្រទេសថៃ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Air France ដែលចេញផ្សាយនៅថ្ងៃទី២១តុលានេះ បានសរសេរថា ក្រុមហ៊ុន Air France នឹងផ្តើមប្រតិបត្តិការលើកដំបូងរបស់ខ្លួន ដោយចេញដំណើរ៣ដងក្នុងមួយសប្តាហ៍ ពោលគឺ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅព្រលានយន្តហោះ Charles De Gaulles ទីក្រុងប៉ារីស ការចេញដំណើរនឹងមានរៀងរាល់ថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ចំណែកឯការចេញដំណើរពីទីក្រុងប៉ារីស មកភ្នំពេញវិញ នឹងមានរៀងរាល់ថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Air France ដដែល ក៏បានប្រាប់អោយដឹងផងដែរ អំពីធុនយន្តហោះដែលនឹងត្រូវហោះហើររវាងទីក្រុងទាំងពីរនេះ។ ប្រភេទយន្តហោះទីមួយគឺ យន្តហោះធុន Airbus A340 ផ្ទុកអ្នកដំណើរបាន២៧៥នាក់។ ប្រភេទយន្តហោះទី២ គឺយន្តហោះធុន Boeing 777 ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់៣០៩នាក់។
តំណាងក្រុមហ៊ុន Air France ប្រចាំតំបន់ លោក Luc Delaplace បានថ្លែងថា ការបើកប្រតិបត្តិការហោះហើររវាងភ្នំពេញនិងប៉ារីសនេះ ក្រុមហ៊ុន Air France មិនត្រឹមតែចង់បង្ហាញអំពីទំនុកចិត្តរបស់ខ្លួន ចំពោះសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជាតែប៉ុណ្ណោះទេ Air France ក៏ចង់បង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រីកជើងហោះហើររបស់ខ្លួន នៅក្នុងតំបន់មេគង្គផងដែរ ដែលរហូតដល់ពេលនេះ Air France មានវត្តមានយ៉ាងច្រើនរួចមកហើយ នៅប្រទេសថៃ និងប្រទេសវៀតណាម។
ការបើកជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិបារាំងមកកម្ពុជា ក៏ត្រូវបានទទួលស្វាគមន៍ដោយក្រុមហ៊ុនសម្បទានព្រលានយន្តហោះនៅកម្ពុជាផងដែរ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃនេះដូចគ្នា ប្រធានអគ្គនាយកក្រុមហ៊ុនសម្បទានព្រលានយន្តហោះ លោក Nicolas Deviller បានអត្ថាធិប្បាយថា វត្តមាននៃក្រុមហ៊ុន Air France គឺជាការបញ្ជាក់អំពីសេចក្តីទុកចិត្តទៅលើការរីកចម្រើននៃវិស័យអាកាសចរណ៍រវាងប្រទេសទាំងពីរបារាំងកម្ពុជា។
លោក Nicolas Deviller បានថ្លែងអោយដឹងថា នៅក្នុងឆ្នាំ២០១០នេះ ពលរដ្ឋបារាំងប្រមាណ៧ម៉ឺននាក់បានធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះនៅកម្ពុជា។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនសម្បទានព្រលានយន្តហោះ ជាមួយនឹងវត្តមានរបស់ក្រុមហ៊ុន Air France អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងមានជើងហោះហើរសរុប៤១០ជើងក្នុងមួយសប្តាហ៍ ដែលភ្ជាប់រាជធានីភ្នំពេញទៅកាន់គោលដៅចំនួន២២កន្លែង។
គួរបញ្ជាក់ថា ក្រុមហ៊ុន Air France នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ទីមួយដែលភ្ជាប់កម្ពុជាទៅទ្វីបអឺរ៉ុបតាមរយៈការហោះហើរត្រង់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ