អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

មេប្រឆាំងរុស្ស៊ី ត្រូវគេ​បំពុល នៅក្នុង​ពន្ធនាគារ

សំឡេង ០២:៣៦
Alexei Navalny មេដឹកនាំក្រុម​ប្រឆាំង​នៅ​ម៉ូស្កូ
Alexei Navalny មេដឹកនាំក្រុម​ប្រឆាំង​នៅ​ម៉ូស្កូ REUTERS/Vincent Kessler
ដោយ៖ កែវ ឆាយា
១២ នាទី

មេប្រឆាំងទល់នឹងវិមានក្រេមឡាំង លោក Alexei Navalny ដែលថ្ងៃអាទិត្យ ត្រូវដឹកចេញ ពីពន្ធនាគារ ជាទីដែលគាត់ជាប់ក្នុងការឃុំឃាំង ទៅកាន់មន្ទីរពេទ្យ។ គាត់ “ ត្រូវបំពុល “ ដោយ “ ធាតុគីមី ដែលគេមិនស្គាល់ “ ។ នេះជា​អំណះអំណាង ធ្វើឡើងថ្ងៃចន្ទ២៩ កក្កដា ដោយមេធាវីគាត់ ក្នុងផ្ទៃនៃការកើន កម្តៅ បង្ក្រាបចលនាតវ៉ា ពីខាងពួកប្រឆាំង។ សូមស្តាប់ការ​អធិប្បាយ​របស់​ កែវ ឆាយា ៖

ផ្សាយពាណិជ្ជកម្ម

លោក Navalny  រងទោសខ្លួន ទើបបានមួយសប្តាហ៍ ពីក្នុងរយៈពេល ៣០ ថ្ងៃ ដែល គាត់ត្រូវ ជាប់ឃុំឃាំង ដោយមកពីគាត់បានអំពាវនាវ ឲ្យបក្សពួកគាត់ជួបជុំគ្នា នៅកណ្តាលក្រុងម៉ូស្គូ ដើម្បីបរិហារ ការប្រកែក របស់ គជបម៉ូស្គូ  មិនព្រមចុះឈ្មោះក្រុមបេក្ខជនខាងបក្សប្រឆាំង ដែលប្រាថ្នាចូលប្រឡូក ក្នុង ការបោះឆ្នោតជ្រើសរើស សភាខេត្តក្រុងម៉ូស្គូ  ដែលនឹងប្រព្រឹត្តទៅ នៅខែកញ្ញាខាងមុខ។

ទោះបីមានការហាមប្រាមក្តី ក៏ បាតុកម្មនៅតែបានប្រព្រឹត្តទៅដដែល នៅចំកណ្តារដ្ឋធានីរុស្ស៊ី ថ្ងៃសៅរ៍ ២៧ កក្កដា កន្លងទៅ ចំណែកកម្លាំងរក្សាសណ្តាប់ធ្នាប់ បានវាតប្រតិបត្តិការក្របួចចាប់ បាតុករយ៉ាងរង្គាល រហូតដល់ទៅ ជាង ១.០០០ នាក់ ជាចលនាបង្ក្រាបមួយសែនខ្លាំងក្លា បើគិត នាប៉ុន្មានឆ្នាំចុងក្រោយ។ រូប លោក Navalny ត្រូវដឹកទៅព្យាបាលនៅ មន្ទីរពេទ្យជាបន្ទាន់ គឺមកពី ”មុខរបស់គាត់ស្រាប់តែហើម ព្រមទាំង លេចចេញជាស្នាមក្រហមៗ នៅលើស្បែកគាត់ទៅទៀត “ - ការនេះ សរសេររៀបរាប់ លើ Twitter ដោយ អ្នកនាំពាក្យរបស់គាត់ លោកស្រី Kira Yarmysh  ដែលបន្ថែមថា ៖ មូលហេតុ នៃ allergie នេះ មកទល់ឥឡូវ នៅមិនទាន់ត្រូវគេដឹងទេ ។ លោកស្រី ក៏លំអិតថា ខ្លួនប្រាណសកម្មជននេះ កាលពីមុនៗ មិនដែលពើបប្រទះនឹង រោគលក្ខណៈបែបនេះសោះឡើយ។

លោក Navalny នាប៉ុន្មានឆ្នាំចុងក្រោយ បានត្រូវកាត់ទោសឲ្យជាប់ក្នុងការឃុំឃាំងជាច្រើនលើក គឺតាមបទ ចាត់ចែងបាតុកម្មម្តងហើយម្តងទៀត ប្រឆាំង លោក វ៉ា្លឌីមៀរ ពូទីន។

តុលាការអឺរ៉ុបខាងសិទ្ធិមនុស្ស CEDH មួយឆ្នាំមុន បានសន្និដ្ឋានថា ការចាប់ និង ការឃុំឃាំង រូបលោក Navalny ក្នុងចន្លោះឆ្នាំ ២០១២-២០១៤ គឺរមែង យោងតាមមូលហេតុនយោបាយទេតើ ដែលបំពានក្រៃ លើសីទ្ធិ របស់គាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ