ឆេះព្រៃអាម៉ាហ្សូន៖ អ.ស.ប. បង្ហាញក្ដីបារម្ភ ខណៈរដ្ឋាភិបាលបារាំងចង់ប្រជុំសមាជិកG7 ដើម្បីដោះស្រាយ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅប្រទេសប្រេស៊ីល អាម៉ាហ្សូន ដែលជាព្រៃត្រូពិកដ៏សំខាន់បំផុតរបស់ពិភពលោក កំពុងតែត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ។ អង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ ទី២២សីហា បានបង្ហាញពីក្ដីបារម្ភរបស់ខ្លួនចំពោះគ្រោះមហន្តរាយនេះ ខណៈប្រទេសបារាំងឯណោះវិញ បានបង្ហាញពីបំណងចង់ប្រជុំជាមួយសមាជិក G7 ដើម្បីជជែកពីរឿងនេះថែមទៀត។
ព្រៃអាម៉ាហ្សូន ដែលមានងារថា ជាសួតរបស់ភពផែនដីនោះ កំពុងតែរងការឆាបឆេះយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យពិភពលោកមានការសោកស្ដាយ និងព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសគឺអង្គការសហប្រជាជាតិតែម្ដង។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា លោកមិនចង់ឲ្យមានការខូចខាតបន្ថែមទៀតចំពោះប្រភពបង្កើតអុកស៊ីសែនមួយនេះទេ។ សម្រាប់ប្រមុខអង្គការសហប្រជាជាតិរូបនេះ ព្រៃអាម៉ាហ្សូន ដែលជាព្រៃត្រូពិកដ៏សំខាន់បំផុតរបស់ពិភពលោក គឺដាច់ខាតត្រូវតែទទួលបានការការពារ។
ឯចំណែកលោក Emmanuel Macron ប្រធានាធិបតីប្រទេសបារាំងវិញ ក៏បានសម្ដែងការសោកស្ដាយផងដែរ ដោយលោកចាត់ទុកថា ការឆេះព្រៃអាម៉ាហ្សូន ជាវិបត្តិអន្តរជាតិ។ ហើយមិនត្រឹមតែប៉ុណ្ណោះ លោក Macron ក៏មានបំណងចង់ឲ្យសមាជិក G7 ដាក់របៀបវារៈភ្លើងឆេះព្រៃអាម៉ាហ្សូននេះ ទៅក្នុងកិច្ចប្រជុំដែលនឹងត្រូវរៀបចំធ្វើនាពេលខាងមុខនេះផងដែរ។
ជាការកត់សម្គាល់ គេនៅមិនទាន់អាចកំណត់ការខូចខាតដោយសារការឆេះព្រៃអាម៉ាហ្សូននេះនៅឡើយទេ ប៉ុន្តែផ្សែងពុលដែលបានហុយចេញពីការឆាបឆេះនេះ បានធ្វើឲ្យមានការប៉ះពាល់ទៅលើទីក្រុងនានារបស់ប្រទេសប្រេស៊ីល ដែលក្នុងនោះក៏មាន ទីក្រុងសោប៉ូឡូផងដែរ។
ក្រុមឃ្លាំមើលបរិយាកាសរបស់សហភាពអ៊ឺរ៉ុប (Cams) បានឲ្យដឹងថា ផ្សែងដ៏អាប់អួរ បានហុយចេញពីកន្លែងភ្លើងឆេះព្រៃ ធ្វើឲ្យមេឃនៅក្នុង ទីក្រុងសោប៉ូឡូ ប្រែក្លាយទៅជាពណ៌ខ្មៅ។ ក្រុមឃ្លាំមើលដដែលនេះ ក៏បានព្រមានពីកំណើនបរិមាណឧស្ម័នកាបូនឌីអុកស៊ីតនៅក្នុងបរិយាកាស ដោយសារភ្លើងឆាបឆេះដ៏សន្ធោសន្ធៅនេះផងដែរ។
គួរបញ្ជាក់ថា ព្រៃអាម៉ាហ្សូន គឺជាព្រៃត្រូពិកដែលមានទំហំធំជាងគេបង្អស់នៅក្នុងពិភពលោក។ ព្រៃមួយនេះលាតសន្ធឹងលើផ្ទៃដីទំហំ ៥.៥លានគីឡូម៉ែត្រការ៉េ គ្របដណ្ដប់លើប្រទេសប្រេស៊ីលប្រមាណជា ៦០% ផងដែរ។ បើតាមវិទ្យាស្ថានជាតិស្រាវជ្រាវប្រេស៊ីល (INPE) តាំងពីពេលដែលប្រធានាធិបតីប្រេស៊ីលថ្មី លោក Jair Bolsonaro ឡើងកាន់អំណាចពីដើមឆ្នាំ២០១៩មក ការបំផ្លិចបំផ្លាញនៅព្រៃអាម៉ាហ្សូនតាមគ្រប់រូបភាព បានកើនឡើងខ្លាំងជាងមុន៤ដង បើធៀបទៅនឹងឆ្នាំមុន។ ការបំផ្លាញនេះ គឺធ្វើឡើងក្នុងបំណងពង្រីកដីដើម្បីធ្វើកសិកម្ម កសាងប្រព័ន្ធទឹក កសាងផ្លូវ ក៏ដូចជាកសាងរោងចក្រនានា៕
អត្ថបទដោយ៖ ងួន វឌ្ឍនៈបណ្ឌិត
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ