កម្ពុជា-អាមេរិក

អាមេរិក​ស្វែងរក​ការ​ពង្រឹង​សន្តិសុខ​ស្ថានទូត​ពី​ប៉ូលីស​កម្ពុជា

ស្ថានទូត​អាមេរិក​ប្រចំា​កម្ពុជា
ស្ថានទូត​អាមេរិក​ប្រចំា​កម្ពុជា

ស្ថានទូត​អាមេរិក​បាន​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​របស់​កម្ពុជា ​ដើម្បី​ពិភាក្សា​អំពី​វិធាន​ការ​​ពង្រឹងសន្តិសុខ​ជុំវិញ​ស្ថានទូត​អាមេរិក​នៅក្នុង​រាជធានីភ្នំពេញ។ ការ​ស្វែងរក​ការ​សហការ​អំពី​​ការ​ពង្រឹង​សន្តិសុខនេះ ធ្វើឡើង​នៅ​ពេល​ស្ថានទូត​អាមេរិក​មួយ​ចំនួនត្រូវ​បាន​វាយ​ប្រហារ និង​កំទេច​ដោយ​ក្រុម​ជនជាតិ​អ៊ីស្លាម ដែល​ផ្ទុះកំហឹង​ដោយ​សារ​ឯកសារ​វីដេអូ​ដែល​ប្រមាថ​មេសាសនា​អ៊ីស្លាម។

ផ្សាយពាណិជ្ជកម្ម

ការ​លេច​ធ្លាយ​ខ្សែ​វីដេអូ​ឯកសារ​ដែល​ប្រមាថ​មេសាសនា​អ៊ីស្លាម បាន​បង្ក​អោយ​ផ្ទុះ​អំពើ​ហឹង្សា មិន​គួរ​អោយ​ជឿ​ពី​សំណាក់​ក្រុម​ជន​អ៊ីស្លាម ទៅលើ​រដ្ឋាភិបាល​អាមេរិក។ ឯក​អគ្គរដ្ឋទូត​អាមេរិក​ម្នាក់ និង​មន្ត្រី​ការទូត​៣នាក់​ទៀត​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​អំពើ​ហឹង្សា​នៅ​ក្នុង​ស្ថាន​កុងស៊ុល​អាមេរិកក្នុងទីក្រុង ប៊ែនហ្កាស៊ី នៃប្រទេស​លីប៊ី​កាល​ពី​សប្តាហ៍​មុន។ ការ​តវ៉ា និង​បាតុកម្ម​ពី​សំណាក់​ជន​មូស្លីម​​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់ក្នុង​ប្រទេស​ផ្សេងទៀតជាច្រើន​ដែល​មាន​ស្ថានទូត និង​អគ្គកុងស៊ុល​អាមេរិក​ដូចជា​អេហ្ស៊ីប ប៉ាគីស្ថាន អាហ្វហ្កានីស្ថាន លីបង់ យេមែន​ និងនៅអូស្ត្រាលីជាដើម។ បាតុភាព​បែប​នេះ​បាន​តំរូវ​អោយ​ប្រធានាធិបតី​លោកបារ៉ាក់ អូបាម៉ា ប្រកាស​ដាក់​បញ្ជា​អោយ​ស្ថានទូត និង​ស្ថានកុងស៊ុល​អាមេរិក​នៅ​លើ​ពិភពលោក​ទាំងអស់​ពង្រឹង​សន្តិសុខ​របស់​ស្ថានទូត។ ទន្ទឹមគ្នា​នេះ ប្រជាពលរដ្ឋ​​អាមេរិក​ដែល​នៅក្រៅ​ប្រទេស​ក៏ត្រូវ​បាន​ប្រាប់​ឲ្យ​ប្រុងប្រយ័ត្ន​អំពី​បញ្ហា​សន្តិសុខ​របស់ខ្លួន​ផងដែរ។

នៅ​កម្ពុជា អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ លោក​ sean McIntosh​ បាន​ថ្លែង​ប្រាប់​អ្នកកាសែត​នៅ​ថ្ងៃ​នេះ​ថា ស្ថានទូត​អាមេរិក​បាន​ពិភាក្សា​អំពី​វិធានការ​ពង្រឹង​សន្តិសុខ​ជាមួយ​ក្រសួង​មហាផ្ទៃ​រួច​ហើយ។ អ្នកនាំពាក្យ​បន្ត​ថា​ លោក​ប្រធានាធិបតី​អាមេរិក​បាន​ស្នើ​អោយ​មន្ត្រី​ស្ថានទូត​ជំរុញ​អោយ​ប្រទេស​ម្ចាស់ផ្ទះ​និមួយៗដែល​មាន​វត្តមាន​ស្ថានទូត​អាមេរិក​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ប្រទេស​ម្ចាស់​ផ្ទះ​ក្នុង​ការ​ការពារ​ស្ថានទូត​បរទេស។ ទាក់ទងនឹង​សំណើ​របស់​ស្ថានទូត​អាមេរិក​នេះ អ្នកនាំពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ លោក​ឧត្តមសេនីយឯក គៀត ចន្ទថារិទ្ធ​បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​ថា មន្ត្រី​ស្ថានទូត​អាមេរិក​បាន​មក​ជួប​ពិភាក្សា​ការងារ​សន្តិសុខ​នេះ​ជាមួយ​អគ្គ​ស្នងការ​​​នគរបាលជាតិ លោ​ក​ ​នេត សាវឿន។ ហើយ​ថា​លោក​អគ្គស្នងការ​បាន​ដាក់បទបញ្ជា​ដើម្បី​ពង្រឹង​សន្តិសុខ​ស្ថានទូត​អាមេរិក។ អ្នកនាំពាក្យ​នគរបាលជាតិ​បាន​បន្ត​ថា កម្ពុជា​ត្រូវ​គោរព​អនុសញ្ញា​ទីក្រុង​វិយេន​ដែល​ចែង​តម្រូវ​អោយ​ប្រទេស​ម្ចាស់ផ្ទះ​ការពារ​សន្តិសុខ​​ស្ថានទូត និង​មន្ត្រី​ទូត​បរទេស។

គួរ​បញ្ជាក់ថា នៅ​ក្បែរ​កម្ពុជា នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ការ​តវ៉ា​ពី​ក្រុម​ជន​មូស្លីម​ក៏​បាន​កើត​ឡើង​ដែរ​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ បើ​ទោះ​បី​ជា​មាន​ភ្លៀងធ្លាក់ខ្លាំង​យ៉ាង​ក៏​ដោយ។ ការ​តវ៉ា​​ បើទោះ​ជា​មិន​មាន​ចរិត​ហិង្សា​ក៏​ដោយ ក៏​បាន​បង្ខំ​អោយ​ស្ថានទូត​អាមេរិក​​បិទទ្វារ​មុន​ម៉ោង​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI