ការបើកកកាយកម្មវិធីស៊ើបការណ៍មហាសម្ងាត់របស់អាមេរិក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រឿងអាស្រូវទាក់ទងនឹងការងារស៊ើបការណ៍សម្ងាត់កំពុងតែធ្វើឱ្យរដ្ឋបាលអូបាម៉ា ទើសទាល់ខ្លាំង និងទំនងក្លាយជាប្រធានបទដ៏សំខាន់នៅទំព័រមុខរបស់កាសែតអាមេរិកចេញផ្សាយនៅថ្ងៃសុក្រទី៧មិថុនាឆ្នាំ២០១៣ផង។ រឿងអាស្រូវដែលសារព័ត៌មាន Washington Postនិង The Guardian បានបង្ហើបឱ្យដឹងនៅល្ងាចមិញនូវព័ត៌មានទាំងឡាយទាក់ទងនឹង កម្មវិធីស៊ើបការណ៍សម្ងាត់ ទ្រង់ទ្រាយធំ មានឈ្មោះថា Prism ដែលអាចចូលយកការណ៍តាមប្រព័ន្ធទូរស័ព្ទ និងតាមទិន្នន័យព័ត៌មានវិទ្យា របស់ក្រុមហ៊ុន Google ឬ Facebook។
ឈ្មោះរបស់កម្មវិធី គឺ « Prism » ! កាសែត Washintong Post និងThe Guardian បានបញ្ជាក់ឱ្យដឹងនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី ៦ មិថុនា ២០១៣ ដោយបោះផ្សាយផ្នែកមួយនៃ ការបង្ហាញ Powerpoint ទំនងសម្រាប់បំពាក់បំប៉នដល់ក្រុមអ្នកវិភាគព័ត៌មានរបស់ភ្នាក់ងារសន្តិសុខជាតិ នៃប៉ូលិសសហព័ន្ធអាមេរិក FBI។ Prism គឺជាកម្មវិធីមហាសម្ងាត់ ដែលភ្នាក់ងារស៊ើបការណ៍អាមេរិក ដោយត្រូវរ៉ូវជាមួយក្រុមហ៊ុនអ៊ីនធ័រនែតអាមេរិក អាចចូលទៅរុករក យកព័ត៌មានសម្ងាត់ដោយផ្ទាល់ពីក្រុមហ៊ុនជាដៃគូ ចំនួន៩ មានជាអាទិ៍ ក្រុមហ៊ុន Microsoft, Apple, Yahoo, Google, Facebook ឬក៏ Skype ផង។
ភ្នាក់ងារនេះ អាច អានអ៊ីមែល ស្តាប់ឬអានការជជែកតាមអ៊ីនធ័រនែត (ឆាត) អាចមើលរូបថត មើលវីដេអូ និងគ្រប់ប្រភេទឯកសារលើបណ្តាញ ប្រព័ន្ធព័ត៌មានវិទ្យាទាំងអស់។ អត្តសញ្ញាណ ពេល ម៉ោង ខ្លឹមសារ តាមទូរស័ព្ទ តាមប្រព័ន្ធអេឡិចត្រូនិច របស់អ្នកប្រើប្រាស់ទូទៅ ត្រូវបានក្រុមអ្នកស៊ើបការណ៍ចូលយកបាន ដោយមិនបាច់មានបញ្ជា ឬដីកាអី្វ ពីតុលាការទេ !
ច្បាប់នៅសហរដ្ឋអាមេរិក បានហាមឃាត់រដ្ឋាភិបាលអាមេរិក មិនឱ្យធ្វើការស៊ើបអង្កេតបែបនេះលើបណ្តាជនអាមេរិក ឬក៏បរទេសរស់នៅសហរដ្ឋ ដោយគ្មានពាក់ព័ន្ធឬភស្តុតាងសង្ស័យធ្វើសកម្មភាពឧក្រិដ្ឋទេ។ ជាផ្លូវការកម្មវិធី « Prism » នេះ គឺសំដៅតែលើជនបរទេស ប៉ុន្តែសមាគមការពារសេរីភាពស៊ីវិល បានសម្តែងការប្រឆាំងនឹងគ្រោះថ្នាក់នៃការជ្រៀតជ្រែកជីវិតឯកជន តាមរយៈកម្មវិធីនេះ ដែលអនុវត្តតាំងពីសម័យលោក George Bush ក្រោយភេរវនិយម១១កញ្ញា២០០១ ប៉ុន្តែទើបត្រូវបានសភាអាមេរិក ក្រោមអាណត្តិលោកអូបាម៉ា អនុម័តឱ្យមានសុពលភាពជាថ្មី កាលពីពេលថ្មីៗនេះ។
គ្រាន់តែបានឮដំណឹងនេះភ្លាម ទាំងGoogle Facebook ឬAppel សុទ្ធតែនាំគ្នាបដិសេធ និងអះអាងមិនដែលឮមិនដែលស្គាល់ឈ្មោះកម្មវិធី Prismនេះឡើយ។ ដោយមិនប្រកាសជាផ្លូវការវត្តមានកម្មវិធី Prism សេតវិមានត្រឹមបដិសេធថាមិនបានតាមលួចយកការណ៍ពីប្រជាជននៅអាមេរិកទេ ប៉ុន្តែបានបញ្ជាក់ភាពចាំបាច់នៃការប្រយុទ្ធប្រឆាំងភេរវនិយម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ