អាមេរិក-អាល្លឺម៉ង់

អាមេរិក៖​លោក​ប្រធានាធិបតី​អូបាម៉ា​​មិនបាន​ដឹង​ពី​សកម្មភាព​ចារកិច្ច​លើ​លោកស្រី​ Merkel ទេ​

ប្រធានាធិបតី​អាមេរិក អូបាម៉ា និង​ប្រមុខដឹកនាំ​អាល្លឺម៉ង់ មែរគេល
ប្រធានាធិបតី​អាមេរិក អូបាម៉ា និង​ប្រមុខដឹកនាំ​អាល្លឺម៉ង់ មែរគេល REUTERS/Thomas Peter/Files

សំណុំ​រឿង​ចារកិច្ច​អាមេរិក​លើ​ប្រមុខ​ដឹកនាំ​​អាឡឺម៉ង់ Angela Merkel បាន​កក្រើក​ឡើង​ជា​ថ្មី​នៅ​ថ្ងៃ​អាទិត្យ ទី​២៧​តុលា​ម្សិលមិញ។ គឺ​ក្រោយ​ពេល​ដែល​កាសែត​​ដ៏​ល្បី​ល្បាញ​របស់​អាល្លឺម៉ង់ ឈ្មោះ​ថា The Bild «ដឺ បៀល» បាន​ចុះ​ផ្សាយ​ថា លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ដឹង​ពី​សកម្មភាព​ចារកិច្ច​លើ​លោក​ស្រី​ Merkel ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក NSA បានបដិសេធ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​នោះ ដោយ​ថា វា​មិន​មែន​ជា​ការ​ពិត​ទេ។

ផ្សាយពាណិជ្ជកម្ម

កាសែត​ថ្ងៃ​អាទិត្យ​របស់​អាល្លឺម៉ង់​ដ៏​ល្បីល្បាញ ឈ្មោះ​ថា The Bild បាន​ចុះ​ផ្សាយ​ព័ត៌មាន​សម្ងាត់​ដែល​ថា ប្រមុខ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក លោក Keith Alexander ធ្លាប់​បាន​ពន្យល់​ប្រាប់​លោក​ប្រធានាធិបតី​អូបាម៉ា ពី​ប្រតិបត្តិការ​ស៊ើប​ការ​​សម្ងាត់ លើ​លោក​ស្រី​ប្រមុខដឹកនាំ​អាល្លឺម៉ង់ Angela Merkel នៅ​ក្នុង​ឆ្នាំ​២០១០។ តាម​កាសែត​ដដែល លោក​អូបាម៉ា មិន​បាន​បញ្ឈប់​ប្រតិបត្តិការ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ហាក់​ដូច​ជា​បាន​បណ្ដោយ​ឲ្យ​វា​ប្រព្រឹត្ត​ទៅ​ជា​បន្ត​បន្ទាប់។

កាសែត​ប្រចាំ​សប្ដាហ៍​​របស់​អាល្លឺម៉ង់​មួយ​ទៀត ឈ្មោះ De Speegal រាយការណ៍​ថា ឯកសារ​សម្ងាត់​ដែល​បែក​ធ្លាយ បាន​បង្ហាញ​ពី​បញ្ជី​គោលដៅ​នៃ​ការ​ស៊ើប​ការ​សម្ងាត់ ហើយ​ក្នុង​នោះ លេខ​ទូរសព្ទ​របស់​លោក​ស្រី Merkel ក៏​ស្ថិត​នៅ​ក្នុង​បញ្ជី​នោះ​ជាង​១០​ឆ្នាំ​មក​ហើយ​ដែរ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​នាំ​ពាក្យ​ទី​ភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក លោក​ស្រី Vanee’ Vines បាន​បដិសេធ​​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​នោះ ដោយ​ថា វា​មិន​មែន​ជា​ការ​ពិត​ទេ។ អ្នក​នាំ​ពាក្យ​រូប​នេះ​ឲ្យ​ដឹង​ថា ប្រមុខ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក មិន​​បាន​ជជែក​ពិភាក្សា​ជាមួយ​លោក​អូបាម៉ា ទាក់ទង​នឹង​សកម្មភាព​លួច​ស៊ើបការ​លើ​លោក​ស្រី Merkel ក្នុង​ឆ្នាំ​២០១០​ទេ។ និយាយ​ជារួម គឺ​កន្លង​មក មិន​ធ្លាប់​ជជែក​រឿង​នេះ​តែ​ម្ដង។

ព័ត៌មាន​ដែល​ថា ទី​ភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក NSA បាន​ធ្វើ​ចារកិច្ច​លើ​​លោកស្រី​ Angela Merkel បាន​ធ្វើ​ឲ្យ​លោក​ស្រី​មិន​អាច​ទប់​កំហឹង​​​បាន​ឡើយ។ លោកស្រី​បាន​ទូរស័ព្ទ​ប្រាប់​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ថា ​គេ​មិន​ដែល​ធ្វើ​ចារកិច្ច​រវាង​ប្រទេស​ជាមិត្ត​គ្នា​ឯង​ទេ។ ​ចំពោះ​ប្រជាជន​អាល្លឺម៉ង់ ក៏​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​នេះ​ដែរ។ ការ​ស្ទង់​មតិ​របស់​កាសែត Der Spiegel រក​ឃើញ​ថា ៦០​ភាគរយ​នៃ​ប្រជាជន​អាល្លឺម៉ង់​យល់​ថា អំពើ​ចារកិច្ច​របស់​អាមេរិក​មក​លើ​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​បំផ្លាញ​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ។

ជា​ការ​ឆ្លើយ​តប អាល្លឺម៉ង់​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​បញ្ជូន​អ្នក​ស៊ើប​ការណ៍​របស់​ខ្លួន​ទៅ​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ជួប​ជជែក​ជាមួយ​​តំណាង​​​សេតវិមាន និង​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក ជុំវិញ​​ការ​លួច​ស៊ើប​ការ​សម្ងាត់​លើ​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI