នុយក្លេអ៊ែរអ៊ីរ៉ង់៖លោកអូបាម៉ាសាទរសករាជថ្មីនៅអ៊ីរ៉ង់ តែនៅបន្តដាក់គំនាប
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មួយថ្ងៃក្រោយកិច្ចព្រមព្រៀងស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់ចូលជាធរមានកាលពីថ្ងៃសៅរ៍ ទី១៦ មករាមក លោកប្រធានាធិបតីអាមេរិកអូបាម៉ាបានថ្លែងសាទរដោយបានចាត់ទុកជាព្រឹត្តិការណ៍នៃការបើកសករាជថ្មីសម្រាប់ប្រទេស និងប្រជាជនអ៊ីរ៉ង់។ តែទន្ទឹមគ្នានេះ លោកអូបាម៉ាក៏បានឆ្លៀតលើកឡើងពីសំណុំរឿងផ្សេងទៀតដែលអ៊ីរ៉ង់ និងអាមេរិកនៅមិនទាន់អាចចុះសម្រុងគ្នានៅឡើយទេ ពិសេសទាក់ទងនឹងកម្មវិធីមីស៊ីលអន្តរទ្វីបរបស់អ៊ីរ៉ង់ដែលក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសដាក់ទ័ណ្ឌកម្មនៅថ្ងៃអាទិត្យ ទី១៧ មករា។
សម្រាប់លោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា ថ្ងៃដាក់កិច្ចព្រមព្រៀងស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់ចូលជាធរមាន គឺជាថ្ងៃដ៏ប្រសើរដែលបញ្ជាក់ពីជោគជ័យផ្នែកការទូតរបស់អាមេរិក។ ទន្ទឹមគ្នានេះ លោកអូបាម៉ាក៏បានអំពាវនាវឲ្យប្រជាជនអ៊ីរ៉ង់យកដំណឹងដ៏ល្អនេះដើម្បីភ្ជាប់ទំនាក់ទំនង និងបើកចំហរជាថ្មីជាមួយពិភពលោកដែលអ៊ីរ៉ង់បានស្ថិតឯកោអស់ជាច្រើនឆ្នាំកន្លងមកដោយសារតែរឿងនុយក្លេអ៊ែរដ៏ចម្រូងចម្រាស។
គួរជម្រាបជូនថា នៅក្រោយការដាក់កិច្ចព្រមព្រៀងស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់ចូលជាធរមានមក សហគមន៍អន្តរជាតិ និងក្រុមប្រទេសលោកខាងលិចមួយចំនួនបានផ្តើមលើកទ័ណ្ឌកម្មសេដ្ឋកិច្ចជាបណ្តើរចេញពីអ៊ីរ៉ង់។ ក្រៅពីនោះ ដំណឹងថ្មីមួយនេះក៏បានអនុញ្ញាតឲ្យអ៊ីរ៉ង់ចាប់ផ្តើមតភ្ជាប់ទំនាក់ទំនងទូតឡើងវិញជាមួយបរទេសដែរ។ ជាក់ស្តែងនៅក្នុងទំនាក់ទំនងជាមួយអាមេរិក ទីក្រុងវ៉ាស៊ីតោន និងតេហេរ៉ង់បានធ្វើការដោះដូរអ្នកទោសរវាងគ្នា។
តែទោះជាយ៉ាងនេះក្តី លោកអូបាម៉ាក៏បានឆ្លៀតបញ្ជាក់ថា នៅមានរឿងរ៉ាវមួយចំនួនទៀតដែលអាមេរិក និងអ៊ីរ៉ង់និយាយមិនទាន់ចុះសម្រុងគ្នាទេ។ លោកអូបាម៉ាបានថ្លែងយ៉ាងដូច្នេះថា៖
« ជាការពិត យើងពេញចិត្តខ្លាំងណាស់ចំពោះកិច្ចព្រមព្រៀងស្តីពីនុយក្លេអ៊ែរ ហើយយើងសាទរចំពោះការវិលត្រឡប់របស់អ្នកទោសអាមេរិកពីអ៊ីរ៉ង់មកកាន់អាមេរិកវិញ។ តែយើងដឹងថា នៅមានបញ្ហាមួយចំនួនទៀតដែលអាមេរិក និងអ៊ីរ៉ង់កំពុងបន្តខ្វែងគំនិតគ្នា។
យើងប្រឆាំងជាដាច់ខាតចំពោះកាយវិការរបស់អ៊ីរ៉ង់ប្រឆាំងអ៊ីស្រាអែល ប្រឆាំងដៃគូរបស់អាមេរិកនៅឈូងសមុទ្រពែក្ស និងជំហរអ៊ីរ៉ង់ដែលគាំទ្រក្រុមប្រព្រឹត្តអំពើហិង្សានៅស៊ីរី និងនៅយេម៉ែន។
ទាក់ទងនឹងកម្មវិធីមីស៊ីលអន្តរទ្វីបរបស់អ៊ីរ៉ង់ យើងនឹងបន្តដាក់ទ័ណ្ឌកម្មលើអ៊ីរ៉ង់។ ការដែលអ៊ីរ៉ង់បានបាញ់សាកល្បងគ្រាប់មីស៊ីលថ្មីៗនេះ ជាទង្វើរំលោភបំពានច្បាប់អន្តរជាតិ។ អាមេរិកដាក់ទ័ណ្ឌកម្មថ្មីៗទៀតប្រឆាំងបុគ្គល និងក្រុមហ៊ុនដែលបានចូលរួមនៅក្នុងកម្មវិធីមីស៊ីលអ៊ីរ៉ង់។ យើងនៅតែមានការប្រុងប្រយ័ត្នជានិច្ច »៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ