អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កាណាដា៖ ភេរវកម្ម​បាញ់រះ នៅ​ក្នុង​វិហារ​ម៉ូស្កេ​អ៊ីស្លាម ក្រុង​កេបិច

សំឡេង ០៥:១២
កម្លាំងសមត្ថកិច្ចកាណាដា កំពតការពារសន្តិសុខ​នៅជុំវិញ​​កន្លែង​​កើត​ហេតុ​​ភេរវកម្ម ​វិហារ​ម៉ូស្កេអ៊ីស្លាម
កម្លាំងសមត្ថកិច្ចកាណាដា កំពតការពារសន្តិសុខ​នៅជុំវិញ​​កន្លែង​​កើត​ហេតុ​​ភេរវកម្ម ​វិហារ​ម៉ូស្កេអ៊ីស្លាម REUTERS/Mathieu Belanger
ដោយ៖ ម៉ម ពិសី
៣៥ នាទី

នៅ​ទីក្រុង​កេបិក ​ប្រទេស​កាណាដា ​មាន​ហេតុការណ៍​បាញ់​រះ​សម្លាប់​មនុស្ស​មួយ ​បាន​កើតឡើង​នៅ​វេលា​យប់​ថ្ងៃ​អាទិត្យ​ទី​២៩​មករា ​ម្សិលមិញ ​នៅ​ក្នុង​វិហារ​អ៊ីស្លាម​មួយ​កន្លែង ​​និង​ដែល​ជា​មជ្ឈមណ្ឌល​វប្បធម៌​អ៊ីស្លាម​ផង​ដែរ។ យ៉ាង​ហោច​ណាស់ ​មាន​អ្នក​ស្លាប់​៦នាក់ ​និង​របួស​ធ្ងន់​៨នាក់ ​ដែល​អ្នក​ទាំង​អស់​នេះ ​កំពុង​តែ​ប្រារព្ធ​ពិធី​សូត្រ​ធម៌​តាម​បែប​សាសនា​អ៊ីស្លាម ​ក្នុង​ពេល​កើតហេតុ។ សម្រាប់​កាណាដា ​នេះគឺ​ជា​ភេរវកម្ម​ទីមួយ ​ដែល​បាន​ធ្វើ ​សំដៅ​វាយ​ប្រហារ​ទៅ​លើ​សហគម​អ្នក​កាន់​សាសនា​អ៊ីស្លាម។ លោក​នាយករដ្ឋ​​មន្ត្រី​កាណាដា ​បាន​ប្រកាស​ថា ​នេះ​គឺ​ជា​ការ​វាយ​ប្រហារ​មក​លើ​តំលៃ​រួម ​របស់​សង្គម​កាណាដា ​ដែល​ជា​ប្រទេស​សន្តិភាព ​ស្រលាញ់​សណ្តោស​គ្នា​មិន​ថា​អ្នក​កាន់​សាសនា​អ្វី​ក៏​ដោយ។

ផ្សាយពាណិជ្ជកម្ម

ភេរវកម្ម​សំដៅ​ វាយ​ប្រហារ​សាសនា​អ៊ីស្លាម៖

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​នៅ​វេលា​​ម៉ោង​ប្រហែល​ជា​៧ ​និង​៣០​នាទី​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៩​មករា​ម្សិលមិញ​ នៅ​ក្នុង​វិហារ​ម៉ូស្កេ​អ៊ីស្លាម​មួយ​ ក្នុង​សង្កាត់ ​Sainte-Foy  នៅ​ទីក្រុង​កេបិក ​​ប្រទេស​កាណាដា។​ ក្នុង​ពេល​កើត​ហេតុ​ មាន​មនុស្ស​ប្រមាណ​ជា​ជាង​៥០​នាក់ ​ដែល​កំពុង​ជួបជុំ​គ្នា​ធ្វើការ​សូត្រធម៌​តាម​បែប​ជំនឿ​សាសនា​អ៊ីស្លាម ​ក៏ស្រាប់​តែមានជន​បិទមុខ​មួយ​ក្រុម​ ​បានសម្រុក​ចូលមក​ក្នុងវិហារ​ ហើយ​​លើកកាំភ្លើង​បាញ់រះ​តែម្តង។ យោង​តាម​សាក្សី ​ ជន​ដៃដល់ ​បាន​ដាក់​ថែម​គ្រាប់​កាំភ្លើង ​ដល់ទៅ​បីដង ​ដើម្បី​បាញ់រះ​ប្រសាច​គ្រាប់ ​នៅក្នុង​វិហារម៉ូស្កេ។

លោកស្រី ​Christine Coulombe ​អ្នក​នាំពាក្យ​ការិយាល័យ​សន្តិសុខ​ជាតិ​កាណាដា​ បាន​បញ្ជាក់​ថា ​មាន​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​នេះ ​ចំនួន​៦នាក់ ​ហើយ​របួស​ធ្ងន់​៨នាក់។ ចំណែក​មនុស្ស​៣៩​នាក់​ផ្សេង​ទៀត​ ពុំមាន​ត្រូវ​របួស​អ្វីទេ។

ភ្លាមៗ​ក្រោយ​ហេតុការណ៍ ​ដោយ​យោង​តាមសាក្សី​ខ្លះ ដែល​​នៅ​កន្លែង​កើត​ហេតុ​​ ​បាន​និយាយ​ថា​​ ជន​ដៃដល់​​មាន​គ្នា​៤​ទៅ​៥នាក់។ ក៏ប៉ុន្តែ​ ក្រោយ​មក​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​ខាង​នគរបាល​ក្រុង​កេបិក ​បាន​អះអាង​ថា​ ​ជន​ដៃដល់ ​ដែល​បាន​ចូល​ទៅ​បាញ់​រះ​នោះ ​មានគ្នា​តែ​ពីរ​នាក់​ទេ​ ហើយ​ត្រូវ​បាន​នគរបាល​ចាប់​បាន​ហើយ ​​បន្ទាប់​ពី​មាន​ការ​ដេញ​តាម​ប្រផាប់​ ចាប់​ប្រភីង ​នៅ​យប់​ថ្ងៃ​អាទិត្យ ​ក្រោយ​កើតហេតុ។

អាចជា​ស្នាដៃ​ របស់​ពួក​ជាតិនិយម​ជ្រុល​ស្បែកស​កាណាដា៖
សម្រាប់​ពេលនេះ​ ខាង​នគរបាល​កាណាដា ​ នៅ​មិនទាន់​បាន​ប្រកាស​អ្វី​ច្រើន​ទេ ​ស្តីពី​ជន​ដៃដល់​ទាំងពីរ​ដែល​គេ​ចាប់​ខ្លួន​បាន។ មុន​នឹង​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​នេះ ​ក្នុង​វេលា​យប់​ថ្ងៃ​អាទិត្យ ​ក្រោយ​កើតហេតុ​ ក្រុម​នគរបាល ​ បាន​ប្រមូល​ផ្តុំ​អ្នក​ដែល​បាន​ស្ថិត​ក្នុង​ហេតុការណ៍​នេះ​ផ្ទាល់ ​នៅ​ក្នុង​មជ្ឈមណ្ឌល​កីឡា​មួយ​កន្លែង ​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​កើតហេតុ​ ដើម្បី​សាកសួរ ​និង​ទទួល​បាន​ដំណឹង​ខ្លះ ​ ពី​ភិនភាគ​របស់​ឃាតករ។

បើតាម​ការ​អះអាង​ស្រប​គ្នា ​របស់​សាក្សី ​បាន​ឲ្យ​ដឹង​ថា ​ជន​ដៃដល់​ទាំងពីរ​ បាន​ចូល​មក​កន្លែង​កើតហេតុ​ ដោយ​មាន​យក​ក្រណាត់​បិទមុខ ​ហើយ​មាន​ម្នាក់ ​ដែល​មាន​សំដី​និយាយ ​តាម​សំណៀង​ភាសា​ប្រជាជន​កាណាដា​សុទ្ធសាធ។ មាន​ន័យថា​ ឃាតករ​ម្នាក់​ ក្នុង​ចំណោម​ពីរ​នាក់​នេះ​ គឺ​ជា​ជនជាតិ​កាណាដា​តែម្តង។ ខាង​នគរបាល ​បាន​បញ្ជាក់​ថា ​ឃាតករ​ម្នាក់​ ក្នុង​ចំណោម​ពីរ​នាក់​នេះ ​ មាន​អាយុ​២៧​ឆ្នាំ ​ហើយ​មាន​នាម​ត្រកូល​ជា​កាណាដា។

សម្រាប់​ពេល​នេះ ​ អ្វីដែល​គេ​សង្ស័យ​ ​គឺ​ឃាតករ​ទាំងពីរ ​ អាច​ជា​ជនជាតិ​កាណាដា​ស្បែកស​ ដែល​ស្ថិត​ក្នុង​ចលនា​ជាតិនិយម​ជ្រុល​ណាមួយ ​ ដែល​ជា​ទូទៅ​ ពួក​ក្រុម​អស់​នេះ ​ តែងតែ​ធ្វើ​សកម្មភាព​បែប​រើសអើង​​ប្រកាន់​ពូជសាសន៍​ទៅ​លើ​ជនជាតិ​ស្បែកខ្មៅ ​រឺ​ក៏​ប្រជាជន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ជាដើម។ តែនេះ​គ្រាន់​តែជា​ការ​សង្ស័យ ​ គេ​នៅមិន​ទាន់​មាន​ការ​បញ្ជាក់​លំអិត ​ពី​អាជ្ញាធរ​នគរបាល​កាណាដា​ទេ។

គួររំលឹង​ផងដែរ​ថា​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ នៅ​កាណាដា ​ក៏​មាន​ចរន្ត​នៃ​ចលនា​ជាតិ​និយមជ្រុល ​មិន​អន់ដែរ ​បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ខិតខំ​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​ណា​ក៏​ដោយ។ ភាគច្រើន​ក្រុម​ជ្រុល​និយម​ស្បែក​ស​នេះ ​សុទ្ធសឹង​ជា​យុវជន​ក្មេងៗ ​ ដែល​ឈ្លក់​វង្វេង​ចង់​ផ្តល់​តំលៃ​ ឲ្យតែ​អ្នក​ស្បែក​ស​គ្នាគេ ​ ​រឺ​ឯ​ជនជា​តិស្បែក​ខ្មៅ ​ ​រឺ​ក៏​អ្នក​កាន់​សាសនា​អ៊ីស្លាម ​គ្រាន់តែ​ជា​អ្នក​មក​សុំ​ស្នាក់​អាស្រ័យ។ ពួក​ក្រុម​ជាតិ​និយម​ជ្រុល​នេះ ​ ធ្លាប់​ធ្វើ​សកម្មភាព​មួយ​ចំនួន ​ ដូច​ជា​យក​ឈាមជ្រូក​ ​ទៅ​ជះ​លើ​របង​វិហារ​ម៉ូស្កេ​អ៊ីស្លាម ​រឺ​ក៏​បិទ​បដា​តាម​ផ្លូវ ​ដែល​មាន​សរសេរ​សារ​បែប​រើសអើង ​បំផុស​បំផុល​មនុស្ស​ឲ្យ​នាំ​គ្នា​ស្អប់​អ្នក​កាន់​សាសនា​អ៊ីស្លាម​ជាដើម។ ក្រុមទាំង​នេះ ​ តែងតែ​ប្រឆាំង​នឹង​នយោបាយ​បើក​ចំហរ​ទទួល​យក​ជន​ភៀស​ខ្លួន​ របស់​លោក​នាយករដ្ឋ​មន្ត្រី​កាណាដា​ជានិច្ច។

“ភេរវកម្ម សំដៅ​បំផ្លាញ​តំលៃរួម​ នៃ​អត្តសញ្ញាណ​ជាតិ​កាណាដា”
ជាការពិត ​នេះ​ជាលើក​ទីមួយ​ហើយ​ ដែល​វិហារ​ម៉ូស្កេ​អ៊ីស្លាម ​នៅ​កាណាដា ​ត្រូវ​រង​អំពើ​ភេរវកម្ម​ បែប​នេះ។​ ដូច​យើង​ដឹង​ហើយ​ថា ​កាណាដា ​គឺ​ជា​ប្រទេស​មួយ​គំរូ ​ ដែល​កន្លង​មក​រដ្ឋាភិបាល​មាន​គោល​នយោបាយ​មួយ​ល្អ​ប្រសើរ​ណាស់ ​ ក្នុង​ការ​ឱបក្រសោប​ប្រជាជន ​មិន​ថា​អ្នកនោះ ​មាន​ដើម​កំណើត​មក​ពីណា​ កាន់​សាសនា​អ្វី​នោះទេ។ សហគម​អ្នក​កាន់​សាសនា​អ៊ីស្លាម ​នៅ​កាណាដា ​មាន​ប្រមាណ​ជា​ជាង​១លាន​នាក់។

លោក​ Justin Trudeau ​នាយករដ្ឋមន្ត្រី​កាណាដា ​បាន​ប្រកាស​ភ្លាមៗ​ថា​ “នេះ​មិន​មែន​ជា​អំពើ​ភេរវកម្ម​ធម្មតា​ទេ ​តែ​ជា​អំពើ​ភេរវកម្ម ​ដែល​សំដៅ​បំផ្លាញ​តំលៃ​រួម​ នៃ​សង្គម​កាណាដា ​ដែល​ជា​សង្គម​មិន​រើសអើស​ មិន​ប្រកាន់​ពូជសាសន៍”។ លោក​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ​ “ការ​រាប់រក​គ្នា ​រួម​រស់​ជាមួយ​គ្នា ​គោរព​គ្នា​ទៅវិញ​ទៅ​មក ​ ​គឺ​ជា​អត្តសញ្ញាណ​ជាតិ​របស់​កាណាដា”។ តែ​ភេរវកម្ម​ដែល​បាន​ធ្វើ​ទៅ​លើ​អ្នក​កាន់​សាសនា​អ៊ីស្លាម ​ កាល​ពី​ថ្ងៃ​អាទិត្យ ​វា​គឺ​ជា​ទង្វើ​មួយ ​ផ្ទុយ​ស្រលះ​ពី​តំលៃ​ នៃ​សង្គម​កាណាដា ​ ហើយ​វា​ស្តែងចេញ​នូវ​គំនិត​ជ្រុល​និយម ​និង​រើសអើង​ទៅ​លើ​សហគម​អ្នក​កាន់​សាសនា​អ៊ីស្លាម។

យ៉ាងណាមិញ ​ហេតុការណ៍​ភេរវកម្ម​នេះ ​ បាន​កើតឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ​ក្រោយ​ពេល​ដែល​លោក ​Justin Trudeau ​បាន​ប្រកាស​ថា ​កាណាដា ​នឹង​នៅ​តែ​បើក​ចំហរ​ទ្វារ​ ចាំ​ទទួល​ស្វាគមន៍​ជនភៀសខ្លួន​ទាំងអស់។ ​លោក​ នាយករដ្ឋមន្ត្រី​កាណាដា ​ប្រកាស​បែប​នេះ ​ បន្ទាប់​ពី​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​ បាន​សម្រេច​ផ្អាក ​លែង​ឲ្យ​ប្រជាជន​ប្រទេស​អ៊ីស្លាម​៧​ប្រទេស ​ចូល​សហរដ្ឋ​អាមេរិក។

ជាមួយ​នឹង​ហេតុការណ៍​ទាំង​អស់​នេះ ​ យើង​ឃើញ​យ៉ាង​ច្បាស់​ពី​ភាព​ខុស​គ្នា ​រវាង​មេដឹកនាំ​ទាំង​ពីរ​ ម្នាក់​ជា​មនុស្ស​គ្មាន​មេត្តាធម៌ ​អត្មា​និយម ​គិត​តែ​ប្រយោជន៍​សួនតួ ​ឯម្នាក់​ទៀត ​គឺ​ជា​មនុស្ស​ដែល​មាន​មេត្តា ​ធ្វើ​គំរូ​នៃ​ការ​សណ្តោស​គោរព​តម្លៃ​មនុស្សជាតិ ​មិន​ប្រកាន់​ពូជ​សាសន៍។ គ្រប់​គ្នា ​គួរ​តែ​ប្រកាន់​ជំហរ​ដូច​លោក​នាយករដ្ឋមន្ត្រី​កាណាដា ​គឺ​គោរព​គ្នា ​មិន​រើសអើង​គ្នា ​ ព្រោះ​ថា​ការ​ស្អប់​គំគួន​គ្នា ​គេ​ស្អប់​យើង ​យើង​ស្អប់​គេ ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក ​កាប់​សម្លាប់​គ្នា ​គ្មាន​ទី​បញ្ចប់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ