អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោក ដូណាល់ ត្រាំ ស្នើ​សុំ​លប់​ចោល​កម្មវិធី​ចាប់ឆ្នោត​ផ្សង​សំណាង​ទៅ​រស់​​នៅ​សហរដ្ឋ​អាមេរិក

សំឡេង ០៤:៣១
Visa Green Card Lottery
Visa Green Card Lottery DR
ដោយ៖ បូលីន ដាវីដ

ក្រោយ​ពី​មាន​ភេរវកម្ម​បើក​ឡាន​បុក​មនុស្ស​នៅ​ទីក្រុង​ញ៉ូវយក​កាលពី​សប្តាហ៍​មុន​ លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់​ ត្រាំ បាន​ទាមទារ​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​ និង​រឹត​បន្តឹង​កម្មវិធី​ចាប់​ឆ្នោត​ផ្សង​សំណាង​មក​រស់​នៅ​សហរដ្ឋ​អាមេរិក។​ លោក​ ត្រាំ ក៏​ថែម​ទាំង​បាន​អំពាវនាវ​លប់​ចោល​កម្មវិធី​នេះ​ទៀត​ផង។​ តាម​រយៈ​កម្មវិធី​អន្តោប្រវេសន្ត​នេះហើយ​​ ដែល​ភេរវជន​ដើម​កំណើត​អ៊ូសបេគីស្ថាន​បាន​ឈាន​ជើង​ចូល​មក​រស់​ជា​អចិន្រ្តៃយ៍​ ដោយ​ស្រប​ច្បាប់​នៅ​សហរដ្ឋ​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

តើ​កម្មវិធី​ចាប់​ឆ្នោត​ផ្សង​សំណាង​នេះ​ត្រូវ​បាន​បង្កើត​ចាប់​តាំង​ពី​ពេល​ណា?​ តើ​ហេតុអ្វី​បាន​ជា​សហរដ្ឋ​អាមេរិក​បង្កើត​កម្មវិធី​នេះ?

ក្រោយ​ពី​ចាប់​ខ្លួន​ភេរវជន​ Sayfullo Saipov ដើម​កំណើត​អ៊ូសបេគីស្ថាន​ អាជ្ញាធរ​អាមេរិក​បាន​រក​ឃើញ​ថា​ ភេរវជន​រូប​នេះ​​បាន​ចូល​មក​សហរដ្ឋ​អាមេរិក​ចាប់​តាំងពី​ឆ្នាំ​២០១០​ មក​ម្ល៉េះ។​ ភេរវជន​រូប​នេះ​បាន​ទទួល​ទិដ្ឋាការស្នាក់​នៅ​អចិន្ត្រៃយ៍ ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កម្មវិធី​ចាប់​ឆ្នោត​ផ្សង​សំណាង។​ ដូច​តាម​ទំលាប់​ធម្មតា​ លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ បាន​ឆ្លៀត​ឱកាស​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ Twitter ដោយ​បាន​​​រិះគន់ខ្លាំងៗ​ ចំពោះ​កម្មវិធី​អន្តោ​ប្រវេសន្ត​​​ចាប់​ឆ្នោត​ផ្សង​សំណាង​នេះ។

លោក​ប្រធានាធិបតី​ក៏​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​អន្តោប្រវេសន្ត​អាមេរិក​ពិនិត្យ​ឡើង​វិញ​ និង​រឹត​បន្តឹង​ការ​​ផ្តល់​ប័ណ្ណ​បៃតង​ស្នាក់​នៅ​អចិន្រ្តៃយ៍ដល់​ជន​អន្តោប្រវេសន្ត​។ ដោយ​បាន​ស្នើ​សុំ​លប់​ចោល​ប្រព័ន្ធ​កម្មវិធី​ចាប់​ឆ្នោត​ផ្សង​សំណាង​មក​រស់​នៅ​សហរដ្ឋ​អាមេរិក​ លោក​ ដូណាល់​ ត្រាំ បាន​អំពាវ​នាវ​ជំរុញ​ឲ្យ​សភា​ទាំង​ពីរ​ថ្នាក់​ចាប់​ផ្តើម​ការងារ​ពិនិត្យ​​ស្វែង​រក​យន្ត​ការ​ច្បាប់​ ដើម្បី​ដក​ចោល​កម្មវិធីនេះ​ចេញ​ពីច្បាប់​អន្តោប្រវេសន្ត។

គួរ​រំលឹក​ជូន​ផង​ដែរ​ កម្មវិធី​ចាប់​ឆ្នោត​ផ្សង​សំណាង​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ឈ្មោះ​ជា​ផ្លូវ​ការ​ថា​ កម្មវិធី​ទិដ្ឋាការ​សំរាប់​ជន​អន្តោ​ប្រវេសនន្ត​​ចំរុះ​ជាតិ​សាសន៍​ (Diversity Immigrant Visa Program)។​ កម្មវិធី​នេះ​មាន​គោលដៅ​ផ្តល់​ប័ណ្ណ​បៃតង​ (Green Card) ដើម្បី​អនុញ្ញាត​ឲ្យ​ជន​អន្តោ​ប្រវេសន្ត​​អាច​ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍​នៅ​លើ​ទឹកដី​អាមេរិក។​ កម្មវិធី​នេះ​ត្រូវ​បាន​គេ​អនុវត្ត​សាក​ល្បងចាប់​តាំងពី​ឆ្នាំ​១៩៨៦​មក​ម្ល៉េះ។ ប៉ុន្តែ​ រហូត​មក​ដល់​ឆ្នាំ​​១៩៩០ ​ទើប​កម្មវិធី​នេះ​ត្រូវ​បាន​ដាក់​បញ្ជូល​ទៅ​ក្នុង​ច្បាប់​អន្តោប្រវេសន្ត​អាមេរិក (Immigration Act)។ ហើយ​គេ​ត្រូវ​រង់ចាំ​រយៈ​ពេល​ ៥ ឆ្នាំ​ ពោល​គឺ ​ឆ្នាំ​១៩៩៥ ទើបគេ​ឃើញ​មាន​​ទិដ្ឋាការ​អន្តោប្រវេសន្ត​តំបូង​តាម​រយៈ​កម្មវិធី​នេះ​ត្រូវ​បាន​ចេញ​ដោយ​អាជ្ញាធរ​អាមេរិក​។

មូល​ហេតុ​ដែល​រដ្ឋាភិបាល​អាមេរិក​បង្កើត​កម្មវិធី​ចាប់​ឆ្នោត​ផ្សង​សំណាង​នេះ​ គឺ​ក្នុង​គោល​បំណង​ផ្តល់​ឱកាស​ដល់​បណ្តា​ប្រទេស​ណា​ ដែល​ពុំ​សូវ​មាន​ប្រជា​ពលរដ្ឋ​ទទួល​បាន​ទិដ្ឋាការ​អាមេរិក​ ដើម្បី​ឲ្យ​ពលរដ្ឋ​នោះ​​អាច​ទទួល​បាន​សិទ្ធិ​រស់​នៅ​ស្របច្បាប់​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​ តាម​រយៈ​ប្រព័ន្ធ​ចាប់​ឆ្នោត​ស្ម័គ្រចិត្ត។​ ដើម្បី​ចុះ​ឈ្មោះ​ក្នុង​​ប្រព័ន្ធ​ចាប់​ឆ្នោត​នេះ មាន​ល័ក្ខខ័ណ្ឌ​មួយ​ចំនួន​ ដែល​បេក្ខជន​ម្នាក់ៗ​ត្រូវ​ពិនិត្យ​។

ជា​បឋម​ បេក្ខជន​​ត្រូវ​ផ្ទៀង​ផ្ទាត់​ថា ​តើ​ប្រទេស​កំណើត​របស់​ខ្លួន​ស្ថិត​នៅ​ក្នុង​បញ្ជី​នៃ​កម្ម​វិធី​នេះ​ដែរ​ឬទេ?​ ជា​ធម្មតា​ ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​ចាប់​ឆ្នោត​ផ្សង​សំណាង​នេះ​ គឺ​ជា​ប្រទេស​ដែល​មាន​ចំនួន​ពលរដ្ឋ​របស់​ខ្លួនតិច​ជាង​ ៥ ម៉ឺន​នាក់​ ដែល​បាន​ទទួល​ទិដ្ឋាការ​អាមេរិក​ក្នុង​រយៈ​ពេល​ ៥ ឆ្នាំ​ចុង​ក្រោយ។​ មាន​ពលរដ្ឋ​មក​ពី​ប្រទេស​មួយ​ចំនួន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូ​ល​រួម​ក្នុង​កម្មវិធី​ចាប់​ឆ្នោត​ផ្សង​សំណាង​ទិដ្ឋាការ​អាមេរិក​នេះ​ទេ។​ ក្នុង​ចំណោម​នោះ​ គឺ​មាន​ប្រទេស​កាណាដា ចិន​ ឥណ្ឌា​ អង់គ្លេស​ និង​សាធារណរដ្ឋ​ដូមីនិក​ ជាដើម។

បន្ទាប់​មក​ ដើម្បី​អាច​ដាក់​ពាក្យ​សុំ​ចូល​រួម​ក្នុង​កម្មវិធី​ចាប់​ឆ្នោត​នេះ​ រាល់​បេក្ខជន​ទាំង​អស់​ត្រូវ​ឆ្លើយ​កម្រង​សំណួរដ៏​ខ្លី​​មួយ​។ ការ​ដាក់​​ពាក្យ​តែង​​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ចន្លោះ​ពី​ខែ​តុលា​ ដល់​ខែ​វិច្ឆិការ។​ បេក្ខជន​ត្រូវ​មាន​កំរិត​វប្ប​ធម៌​យ៉ាង​ហោច​ណាស់​​ត្រឹម​សញ្ញាប័ត្រ​មធ្យម​សិក្សាទុទិយ​ភូមិ​​។​ បើ​និយាយ​ឲ្យ​ស្រួល​ស្តាប់​​ គឺ​ត្រូវ​បញ្ចប់​ការ​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ។​ ក្រោយ​ពី​បេក្ខជន​ត្រូវ​បាន​ជ្រើស​រើស​តាម​រយៈ​ចាប់​ឆ្នោត​ អាជ្ញាធរ​អន្តោប្រវេសន្ត​អាមេរិក​នឹង​ត្រួត​ពិនិត្យ​លើ​បេក្ខជន​នោះ​ ដោយ​ផ្តោត​លើ​ចំនុច​សំខាន់​ចំនួន​ ២។​ ទីមួយ​ គឺ​ត្រូវ​ធានា​ថា ​ជន​នោះ​ពុំ​ធ្លាប់​មាន​ប្រវត្តិ​ជាប់​ទោសទេ​។ ទីពីរ​ គឺ​ត្រូវ​ធានា​ថា​ បេក្ខ​ជន​នោះ​មាន​សុខភាព​ល្អ។​ បើ​ល័ក្ខ​ខ័ណ្ឌ​ទាំងពីរ​ត្រូវ​បាន​បំពេញ​សព្វ​គ្រប់​ អាជ្ញាធរ​អាមេរិក​នឹង​ផ្តល់​ទិដ្ឋាការអនុញ្ញាត​ឲ្យ​បេក្ខជន​អាច​ធ្វើ​ដំណើរ​មក​រស់​នៅ​ជា​អចិន្រ្តៃយ៍​លើ​ទឹកដី​អាមេរិក។ ​

បើ​យោង​តាម​​ស្ថានីយ៍​ទូរទស្សន៍​ CNN បាន​ឲ្យ​ដឹង​ថា​ ជា​រៀង​រាល់​ឆ្នាំ​ សហរដ្ឋ​អាមេរិក​ផ្តល់​ប័ណ្ណ​បៃតង​ចំនួន​ ១ លាន​ដល់​អ្នក​ដាក់​ពាក្យ​សុំ​ធ្វើ​អន្តោប្រវេសន្ត​មក​រស់​នៅ​លើ​ទឹកដី​ខ្លួន។​ ភាគ​ច្រើន​នៃ​អ្នក​បាន​សិទ្ធិ​រស់​នៅ គឺ​តាម​រយៈ​ការ​ធានា​ពី​ក្រុម​គ្រួសារ​។​ មួយ​ចំនួន​ទៀត​ គឺ​ជា​អ្នក​បាន​សិទ្ធិ​រស់​នៅ​តាម​រយៈ​ការ​សុំ​សិទ្ធិ​ជ្រក​កោន​ ក្នុង​ឋានៈ​​ជា​ជន​ភៀស​ខ្លួន។​ ចំណែក​អ្នក​ទទួល​បាន​សិទ្ធិ​រស់នៅ​តាម​រយៈ​ការ​ចាប់​ឆ្នោត​ស្ម័គ្រ​ចិត្ត​ផ្សង​សំណាង​វិញ​ គឺ​មាន​ចំនួន​ ៥ ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ។ បើ​ផ្អែក​លើ​​ទិន្នន័យ​របស់​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ឆ្នាំ​២០១៦ មាន​បេក្ខជន​ជាង​ ១៧ លាន​នាក់​មកពី​ជុំ​វិញ​ពិភព​លោក​បាន​ដាក់​ពាក្យ​សុំ​ចូល​រួម​ក្នុង​កម្មវិធី​ចាប់​ឆ្នោត​ផ្សង​សំណាង​នេះ។​ ប៉ុន្តែ មាន​បេក្ខជន​ចំនួន​តែ​ ១%​ ប៉ុណ្ណោះ​ ដែល​បាន​ទទួល​ជ័យ​លាភី​ទិដ្ឋាការ​​សហរដ្ឋ​អាមេរិក។

កន្លង​មក​ កម្មវិធី​អន្តោប្រវេសន្ត​នេះ​តែង​បាន​ទទួល​ការ​រិះគន់​ជា​ហូរហែរ​ ​ចាប់​តាំង​ពី​សភា​អាមេរិក​ទាំង​ពីរ​ថ្នាក់​បាន​អនុម័ត​ដាក់​ឲ្យ​ដំណើរ​ការ​។​ ក្រុម​អ្នក​រិះគន់​បាន​សំដែង​ថា​ កម្មវិធី​នេះ​ងាយ​ស្រួល​ប្រឈម​នឹង​បណ្តាញ​ក្រុម​ទុច្ចរឹត​កុហក​បោក​ប្រាស់​។​ ហើយ​កម្មវិធី​នេះ​ក៏​ងាយ​អនុញ្ញាត​ឲ្យ​ជន​អន្តោប្រវេសន្ត​ ដែល​ពុំ​សូវ​បាន​រៀន​សូត្រ​ជ្រៅ​ជ្រះ​អាច​ចូល​មក​រស់​នៅ​លើ​ទឹកដី​អាមេរិក។​ ម៉្យាង​ទៀត​ ជន​ទាំង​នោះ​ក៏​គ្មាន​មនោសញ្ចេតនា​ស្រលាញ់​ចូល​ចិត្ត​អាមេរិក​ឡើយ។​

ជារឿយៗ​ ក្រុម​អ្នក​តំណាង​រាស្រ្ត​ និង​ក្រុម​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ មក​ពី​គណបក្ស​សាធារណរដ្ឋ​ ក៏​ដូច​ជា​គណបក្ស​ប្រជាធិបតេយ្យ​ ក៏​ធ្លាប់​​បាន​បង្ហាញ​ពី​បំណង​ចង់​ធ្វើ​កំណែទម្រង់​កម្មវិធី​អន្តោប្រវេសន្ត​នេះដែរ​។​ ប៉ុន្តែ ការ​ប៉ុន​ប៉ង​ធ្វើ​កំណែ​ទម្រង់​​តែង​ជួប​បរាជ័យ​ជា​និច្ច។​ កាល​ពីឆ្នាំ​២០១៣ កំណែ​ទម្រង់នេះ​​សឹង​តែ​ជិត​បាន​សំរេច​ទៅ​ហើយ។​ កាលនោះ​ គណបក្ស​ទាំង​ពីរ​បាន​ដាក់​សំណើ​រួម​គ្នា​ ដើម្បី​ធ្វើ​វិសោដនកម្ម​កម្មវិធី​ចាប់​ឆ្នោត​ផ្សង​សំណាង​នេះ។​ នៅ​ក្នុង​ដំណាក់​កាល​តំបូង​ សំណើ​នេះ​ត្រូវ​បាន​ព្រឹទ្ធិ​សភា​អាមេរិក​អនុម័ត​យ៉ាង​រលូន។​ ប៉ុន្តែ ចៃដន្យ​អាក្រក់​ សំណើ​នេះ​ត្រូវ​បាន​សភា​តំណាង​រាស្រ្ត​ទាត់​ចោល​ទាំង​ស្រុង។​ សម័យ​កាល​នោះ​ សភា​តំណាង​រាស្រ្ត​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​គណបក្ស​សាធារណរដ្ឋ ដែល​មាន​ចំនួន​តំណាង​រាស្រ្ត​ច្រើន​លើស​លុប។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ