អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដូណាល់ត្រាំ ​សម្រេច​ផ្អាក​កម្មវិធី​ទទួល​ជន​ភៀសខ្លួន​មក​ពី​ប្រទេស​អ៊ីស្លាម

លោក Donald Trump ពេលកំពុងចុះ​ហត្ថលេខា​​លើ​​ក្រិត្យ​​ច្បាប់ ​ដោយ​​មាន​​លោក​ James Mattis ​រដ្ឋមន្ត្រី​​ក្រសួង​​ការពារជាតិ​​ឈរក្បែរ​(ស្តាំ)
លោក Donald Trump ពេលកំពុងចុះ​ហត្ថលេខា​​លើ​​ក្រិត្យ​​ច្បាប់ ​ដោយ​​មាន​​លោក​ James Mattis ​រដ្ឋមន្ត្រី​​ក្រសួង​​ការពារជាតិ​​ឈរក្បែរ​(ស្តាំ) REUTERS/Carlos Barria
ដោយ៖ ម៉ម ពិសី
៣៧ នាទី

មួយ​សប្តាហ៍​កន្លង​ផុត​ទៅ ​ លោក​ដូណាល់ ត្រាំ ​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក ​បាន​សម្រេច​ធ្វើ​ក្រិត្យ​ច្បាប់ ​ជាច្រើន ​ដែល​បង្ក​ភាព​ច្របូកច្របល់។ ចុងក្រោយ​គេ​នេះ ​ ​នៅ​ថ្ងៃ​សុក្រទី​ ២៧​មករា ​ លោក​ដូណាល់ត្រាំ ​បាន​សម្រេច​បិទទ្វារ​សហរដ្ឋ​អាមេរិក ​ផ្អាក​ឈប់​ទទួល​ជនភៀសខ្លួន​មួយ​រយៈ ​ទៅលើ​ប្រទេស​មួយ​ចំនួន​ ដែល​ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម។ លោក​ដូណាល់ ត្រាំ ​អះអាង​ថា​ វិធានការ​នេះ ​គឺ​ដើម្បី​ការពារ​សហរដ្ឋ​អាមេរិក ​កុំឲ្យ​ពួក​ភេរវជន​អ៊ីស្លាម​ ធ្វើ​ដំណើរ​ចូល។ ភ្នាក់ងារ​អង្គការ​សិទ្ធិ​មនុស្ស ​បាន​ថ្កោល​ទោស​វិធានការ​បែប​រើសអើង​ប្រកាន់​ពូជសាសន៍​ និង​អមនុស្សធម៌​របស់​លោក​ដូណាល់ ត្រាំ ​ដែល​បង្ហាញ​ថា ​លោក​មិន​ខ្វល់​ពី​អាយុជីវិត​របស់​ជនភៀសខ្លួន ​ដែល​រត់​គេច​ពី​សង្រ្គាម​ទេ។

ផ្សាយពាណិជ្ជកម្ម

ហាម​ប្រជាជន​អ៊ីស្លាម​មក​ពី​៧ប្រទេស​ មិនឲ្យ​ចូល​សហរដ្ឋ​អាមេរិក៖

វិធានការ​ទីមួយ ​ គឺលោក​ដូណាល់ត្រាំ​ សម្រេច​ផ្អាក​រយៈពេល​៣ខែ ​មិន​ទទួល​ជន​អន្តោប្រវេសន៍ ​មក​ពី​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ចំនួន​៧ប្រទេស ​ គឺ​ប្រទេស​ ស៊ីរី ​អ៊ីរ៉ាក់ ​អ៊ីរ៉ង់ ​លីប៊ី ​សូម៉ាលី ​ស៊ូដង់ ​និង​យេមែន។ មាន​ន័យថា ​ប្រជាជន​ដែល​កាន់​លិខិត​ឆ្លងដែន​ប្រទេស​ទាំង​៧នេះ​ មិន​អាច​ធ្វើ​ដំណើរ​ចូល​សហរដ្ឋ​អាមេរិក​ទេ ​លើកលែង​តែ​អ្នក​ដែល​កាន់​លិខិត​ឆ្លងដែន​ផ្លូវការ ​ឬ​ក៏មនុស្ស​ដែល​ជា​បុគ្គលិក​របស់​អង្គការ​អន្តរជាតិ។

វិធានការ​ទីពីរ​ គឺ​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ ​នឹង​ផ្អាក​កម្មវិធី​ទទួល​ជនភៀសខ្លួន​ដែល​រត់គេច​ពី​ប្រទេស​មាន​សង្រ្គាម​ ទោះ​មក​ពី​ប្រទេស​ណា​ក៏ដោយ ​ ក្នុង​រយៈពេល​៤ខែ។ លើក​លែង​តែ​ជនភៀសខ្លួន​មក​ពី​ប្រទេស​ស៊ីរី ​ គឺ​សហរដ្ឋ​អាមេរិក​ ផ្អាក​ឈប់​ទទួល​រហូត ​ រហូត​ទាល់តែ​មាន​បទ​បញ្ជា​ថ្មី​ណាមួយ​ផ្សេងទៀត។ កម្មវិធី​ទទួល​ជនភៀសខ្លួន​រត់​គេច​ពី​សង្រ្គាម​នេះ ​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​នៅ​ឆ្នាំ​១៩៨០ ​ ហើយ​គឺ​ជា​គោល​នយោបាយ​មួយ​ល្អណាស់ ​ក្នុង​ការ​ជួយ​សង្រ្គោះ​ស្រោចស្រង់​ប្រជាជន​ ដែល​គ្នា​រត់​គេច​ពី​សង្រ្គាម។ តួយ៉ាង ​ជនភៀសខ្លួន​ខ្មែរ​យើង ​ដែល​រត់​គេច​ពី​របប​ខ្មែរក្រហម ​គឺ​ត្រូវ​បាន​ទទួល​យក​ទៅ​ស្នាក់នៅ​ ក្នុង​សហរដ្ឋ​អាមេរិក​ តាម​រយៈ​កម្មវិធី​នេះឯង។ ចាប់តាំង​ពី​អនុវត្ត​មក​ កម្មវិធី​ទទួល​យក​ជនភៀសខ្លួន​ដោយ​សង្រ្គាម​នេះ​ ធ្លាប់​ត្រូវ​បាន​ព្យួរ​ម្តងគត់​ រយៈពេល​៣ខែ ​ ក្រោយ​ហេតុការណ៍​ភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា ​ឆ្នាំ​២០០១។

ទាក់ទិន​ទៅនឹង​ជនភៀសខ្លួន​មក​ពី​ប្រទេស​ស៊ីរី ​លោក​ដូណាល់ ត្រាំ ​ធ្លាប់​បាន​ប្រកាស​ថា ​លោក​ចង់​បង្កើត​តំបន់​សុវត្ថិភាព​ពិសេស​មួយ​ នៅ​ស៊ីរី ​រឺ​ក៏​នៅ​ក្បែរ​ស៊ីរី ​ដើម្បី​ទទួល​យក​ជន​ភៀសខ្លួន។ ក៏​ប៉ុន្តែ​ក្នុង​ខ្លឹមសារ​ក្រិត្យច្បាប់​ដែល​គាត់​បាន​ចុះ​ហត្ថលេខា​ គេ​មិនឃើញ​មាន​អ្វី​និយាយ​ពី​ចំណុច​នេះ​ទេ។

សូមរំលឹក​ដែរ​ថា​ នៅ​ឆ្នាំ​២០១៦ ​កន្លង​ទៅ​រដ្ឋាភិបាល​លោក​អូបាម៉ា ​បាន​ទទួល​ជនភៀសខ្លួន​ដោយ​សង្រ្គាម ​ប្រមាណ​ជា​ជាង​៨ម៉ឺន​នាក់ ​ដែល​ក្នុង​នោះ​មាន​ជាង​១ម៉ឺន​នាក់​មក​ពី​ស៊ីរី។ លោក​អូបាម៉ា ​មាន​បំណង​តំឡើង​ឲ្យ​ដល់​១១​ម៉ឺន​នាក់​ តែ​រដ្ឋាភិបាល​ថ្មី​របស់​លោក​ត្រាំ ​ បាន​បន្ថយ​ថា​នឹង​ទទួល​យក​ជន​ភៀសខ្លួន​ដោយ​សង្រ្គាម ​មិន​ឲ្យ​លើស​ពី​៥ម៉ឺន​នាក់​ទេ ​សម្រាប់​ឆ្នាំ​២០១៧​នេះ។

វិធានការ​អមនុស្សធម៌​ រើសអើង​ និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ៖
ជារួម​ វិធានការ​ទាំង​នេះ ​ គឺ​ជា​វិធានការ​បែប​រើសអើង​បំផុត។ អ្នក​ដែល​ត្រូវ​ទទួល​រង​ផល​ប៉ះពាល់ ​ដោយ​ការ​បិទ​ផ្អាក​នេះ​ គឺ​មិនមែន​មាន​តែ​ជន​ភៀសខ្លួន​ដែល​រត់​គេច​ពី​សង្រ្គាម​ទេ ​ តែ​សូម្បី​តែ​ជន​អន្តោប្រវេសន៍​ធម្មតា ​ក៏​នឹង​ត្រូវ​ជួប​ការ​លំបាក​ដែរ។ ផល​ប៉ះពាល់​ទីមួយ ​គឺមាន​ន័យ​ថា ​ជនភៀសខ្លួន ​ដែល​គ្នា​រត់​គេច​ពី​សង្រ្គាម ​ នឹង​ត្រូវ​នៅ​កកកុញ ​ នៅ​តាម​តំបន់​ដែល​គ្មាន​សុវត្ថិភាព។ មាន​ន័យ​ថា​អាយុ​ជីវិត​ពួក​គេ ​និង​អាច​ជួប​គ្រោះថ្នាក់។

ឧទាហរណ៍ ​ជនភៀស​ខ្លួន​ខ្លះ ​ដែល​សមាជិក​គ្រួសារ ​មួយ​ផ្នែក​បាន​មក​ដល់​សហរដ្ឋ​អាមេរិក​ហើយ ​តែនៅ​មួយ​មួយ​ផ្នែកទៀត ​ នៅ​មិន​ទាន់​បាន​មក​ដល់​សហរដ្ឋ​អាមេរិក។ អញ្ចឹង ​មាន​ន័យ​ថា ​ពួក​គេ​នឹង​ត្រូវ​បែក​គ្នា ​ ដោយសារ​វិធានការ​ថ្មី​នេះ។ ករណី​មួយ​ទៀត ​សម្រាប់​ជនជាតិ​អ៊ីរ៉ាក់​ ​ដែល​ធ្លាប់​បំរើ​ការងារ​ឲ្យ​កងទ័ព​អាមេរិក ​ ប្រាកដ​ជា​ជួប​នឹង​ការ​លំបាក ​ព្រោះ​ពួកគេ​មិន​អាច​មក​សុំសិទ្ធិ​ជ្រកកោន​នៅ​សហរដ្ឋ​អាមេរិក​បាន​ទេ។ ចំណែក​នៅ​ក្នុង​ស្រុក ​ពួកគេ​នឹង​រង​ការ​ធ្វើទុក្ខ​បុកម្នេញ​ពីពួក ​ជីហាត​អ៊ីស្លាម។

ទាំងនេះ ​គឺ​ជា​ផលលំបាក ​ដែល​មាន​ទៅលើ​ជន​ភៀសខ្លួន ​តែ​ ប្រជាជន​សាមញ្ញ​ផ្សេង​ទៀត ​ដែល​មាន​ដើម​កំណើត​មក​ពី​ប្រទេស​កាន់​សាសនា​អ៊ីស្លាម ​ទាំង​៧​ខាង​លើ ​ក៏មិន​អាច​ធ្វើ​ដំណើរ​ចូល​សហរដ្ឋ​អាមេរិក​ដែរ។ ពោលគឺ​ទោះ​អ្នក​នោះ​ ត្រូវ​ធ្វើ​ដំណើរ​មក​បន្ត​ការសិក្សា ​ មក​លេង​បង​ប្អូន​ ឬ​មួយ​មក​ទទួល​ការ​ព្យាបាល​ជំងឺ​នៅ​សហរដ្ឋ​អាមេរិក​ជាដើម។ ហើយ​សូម្បី​តែ​អ្នក​ដែល​មាន​ ប័ណ្ណ​ស្នាក់នៅ ​ដែល​យើង​ហៅ​ថា​ Green Card ​រួច​ហើយ​ក៏ដោយ ​ក៏​គេមិន​ឲ្យ​ធ្វើ​ដំណើរ​ចូល​សហរដ្ឋ​អាមេរិក​ដែរ។

ការហាម​ឃាត់ ​មិន​ឲ្យ​ប្រជាជន​មក​ពី​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ ចូល​សហរដ្ឋ​អាមេរិក​បែប​នេះ ​ គឺ​ជា​វិធានការ​បែប​រើសអើង​ខ្លាំងណាស់។ យ៉ាងណា​មិញ​ ទាក់ទង​នឹង​ជន​ភៀសខ្លួន​មក​ពី​ស៊ីរី ​លោក​ដូណាល់​ត្រាំ ​ថែម​ទាំង​បាន​ព្រលយ​ពាក្យ​ថា ​ លោក​នឹង​ផ្តល់​អាទិភាព​ ទទួល​យក​តែ​ជនភៀសខ្លួន​ណា ​ដែល​មិន​កាន់​សាសនា​អ៊ីស្លាម។ គឺ​គាត់​ចង់​សំដៅ​ដល់​ប្រជាជន​ស៊ីរី ​មួយ​ចំនួន​តូច​ដែល​កាន់​សាសនា​គ្រិស្ត។ វិធានការ​រុញ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ចេញ ​យកតែ​អ្នក​កាន់​សាសនា​គ្រិស្ត​នេះ ​ត្រូវ​បាន​លោក​Stephen Legomsky ​មន្ត្រី​ជំនាញ​ផ្នែក​ច្បាប់​ និង​សិទ្ធិ​ជនភៀសខ្លួន ​ដែល​ធ្លាប់​ធ្វើការ​ឲ្យ​រដ្ឋាភិបាល​លោក​អូបាម៉ា ​មាន​ប្រសាសន៍​ថា ​ ជា​វិធានការ​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក។ ដូច្នេះ​មាន​ន័យ​ថា ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នានា ​នឹង​មិន​បង្អង់​ ដើម្បី​ប្តឹង​ចោទ​លោក​ដូណាល់ ត្រាំ​ទេ។
 
ដូណាល់ ត្រាំ៖ ​មិនឲ្យ​អ្នកកាន់​សាសនា​អ៊ីស្លាម​ចូល ​គឺ​ដើម្បី​ការពារ​សហរដ្ឋ​អាមេរិក ​ពី​អំពើ​ភេរវកម្ម
បណ្តាញ​ព័ត៌មាន​ទូទាំង​ពិភពលោក ​គេ​បាន​សរសេរ​រិះគន់ ​ថាក្នុង​នាម​ប្រធានាធិបតី​មហា​អំណាច​កំពូល​នៃ​ពិភពលោក ​ គួរណា ​តែ​ធ្វើ​គំរូ​ល្អ​ឲ្យ​ប្រទេស​ដទៃ ​ តែ​លោក​ដូណាល់ ត្រាំ ​បែរ​ជា​ធ្វើ​រឿង​មិន​សមហេតុ​ផល​ ធ្វើឲ្យ​សហរដ្ឋ​អាមេរិក​អព្វឱន​កិត្តិយស។ សហរដ្ឋ​អាមេរិក​គឺជា​ទឹកដី​នៃ​ជន​អន្តោប្រវេសន៍ ​តាំង​តែ​ពីដំបូង​មក​ ​តែ​ពេល​នេះ ​លោកត្រាំ ​កំពុង​លប់​ដាន​ប្រវត្តិសាស្ត្រ​នេះ។

ហាម​ឃាត់​មិនឲ្យ​ប្រជាជន​អ៊ីស្លាម​ចូល​អាមេរិក ​ ដោយ​លើក​ឡើង​ថា ​ដើម្បី​កុំ​ឲ្យ​ពួក​ភេរវកម្ម​អ៊ីស្លាម​ចូល ​ អញ្ចឹង​គឺ​មាន​ន័យ​ថា ​លោក​ដូណាល់ ត្រាំ ​ចង់​បាន​ន័យ​ថា ​ឲ្យតែ​ជនជាតិ​អ៊ីស្លាម ​សុទ្ធតែ​ពួក​ភេរវកម្ម​ទាំង​អស់។ ជា​ការពិត​ វា​មាន​ពួក​ជ្រុល​និយម​អ៊ីស្លាម ​ ដែល​វា​មាន​បណ្តាញ​គ្នា​វា ​តែ​ប្រជាជន​ស្លូតត្រង់​ដែល​គ្នា​វេច​សំពាយ ​រត់គេច​ពី​សង្រ្គាម  ​គ្នា​គ្មាន​បំណង​អ្វី​ក្រៅតែ​ពី​សុំ​កន្លែង​សុខ​សន្តិភាព​នោះ​ទេ។

លោក ដូណាល់ ត្រាំ ​គាត់​ប្រហែល​មិន​បាន​ដឹង​ទេ ​ថា​ភេរវកម្ម​នៅ​អាមេរិក​កន្លង​មក ​ គឺ​ភាគច្រើន​ បង្ក​ឡើង​ដោយ​ពួក​ជ្រុល​និយម​ ដែល​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ស្រាប់ ​ មិនមែន​អ្នក​ដែល​ទៅ​ពី​ស៊ីរី ​រឺ​ពី​អ៊ីរ៉ាក់​ទេ។​ ហើយមួយ​ទៀត​ ការ​បាញ់រះ ​សម្លាប់​មនុស្ស​ដែល​កើត​មាន​ឡើង​ ជា​ញឹក​ញាប់​នៅ​សហរដ្ឋ​អាមេរិក​ មិនមែន​អ្នក​កាន់​សាសនា​អ៊ីស្លាម​បង្ក​ឡើង​ទេ ​ ​តែ​គឺ​កូន​ចៅ​ពួក​ជនជាតិ​អាមេរិក​ខ្លួនឯង​នឹង ​ ដែល​មាន​កាំភ្លើង​ប្រើ​ពេញៗ​ដៃ ​បាញ់​បោះ​ដោយ​សេរី។ នេះ​ទើប​ជា​បញ្ហា​សន្តិសុខ​ចំបង ​ដែល​លោក​ត្រាំ​ គួរ​គិតគូ ​ មិនមែន​មក​លាបពណ៌ ​លើ​អ្នក​កាន់​សាសនា​អ៊ីស្លាម ​ទាំង​អស់​អញ្ចឹង​ទេ។

ត្រលប់​មក​និយាយ​ពី​ផែនការ​ប្រយុទ្ធ​នឹង​អំពើ​ភេរវកម្ម​វិញ ​ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ ទី២៧​មករា ​ដែរ​លោក​ដូណាល់ ត្រាំ ​បាន​ទៅ​មន្ទីរ​បញ្ចកោណ ​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មេទ័ព​អាមេរិក​ធំៗ ​ស្តីពី​សង្រ្គាម ​ប្រឆាំង​​នឹង​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​នៅ​អ៊ីរ៉ាក់ ​និង​ស៊ីរី។ កន្លង​មក​ គាត់​តែងតែ​រិះគន់​កងទ័ព​អាមេរិក​ថា ​ធ្វើការ​ស៊ើកៗ ​វាយ​មិន​ឈ្នះ​ពួក​ជីហាត​អ៊ីស្លាម​សោះ។ សម្រាប់​ពេលនេះ​ នៅ​អ៊ីរ៉ាក់​ មាន​ទាហាន​កុម្មង់ដូរ​ពិសេស​របស់​អាមេរិក​ ប្រហែល​៥ពាន់​នាក់ ​ហើយ​នៅ​ស៊ីរី​ មាន​តែ​៥រយ​នាក់​ទេ។ កងទ័ព​អាមេរិក​ ធ្វើ​ប្រតិបត្តិការ​ដោយ​ប្រយោល ​ តាម​រយៈ​ការ​ទម្លាក់​គ្រាប់បែក ​លើ​មូលដ្ឋាន​របស់​ពួក​ជីហាត។

យើង​មិនទាន់​ដឹង​ថា ​លោកត្រាំ​ នឹង​សម្រេច​យ៉ាង​ណាទេ។ តើ​លោកត្រាំ ​នឹង​សម្រេច​បញ្ជូន​ទ័ព​ថ្មើរជើង​ ទៅ​អ៊ីរ៉ាក់ ​និង​ស៊ីរី ​ បន្ថែម​ទៀត ឬ​យ៉ាងណា? អ្នក​នាំពាក្យ​សេតវិមាន​របស់​លោកត្រាំ ​ក៏​ធ្លាប់​បាន​ប្រាប់​ដែរ​ថា ​កងទ័ព​អាមេរិក ​អាច​នឹង​ធ្វើ​បេសកកម្ម​រួម​ ជាមួយ​កងទ័ព​រុស្ស៊ី។ បើ ​បញ្ជូន​ទ័ព​ទៅ​ថែម ​ មាន​ន័យ​ថា​កងទ័ព​អាមេរិក ​ក៏​ត្រូវ​ត្រៀមខ្លួន​បាត់បង់​ជីវិត​មនុស្ស​បន្ថែម​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ