អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដូណាល់ត្រាំ​ រិះគន់​លោកស្រី​មែរគែល ​សរសើរ​ពូទីន ​និង​អបអរ​ Brexit

សំឡេង ០៨:២៤
លោក ​ប្រធានាធិបតី​​អាមេរិក ​Donald Trump
លោក ​ប្រធានាធិបតី​​អាមេរិក ​Donald Trump REUTERS/Mike Segar/File Photo
ដោយ៖ ម៉ម ពិសី
៥៤ នាទី

នៅ​៥ថ្ងៃ​មុន​ចូល​កាន់​តំណែង​ផ្លូវការ ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ លោក​ដូណាល់ ត្រាំ ​បាន​ផ្តល់​បទសម្ភាសន៍​មួយ​ដល់​សារព័ត៌មាន​បរទេស​ពីរ​ព្រមគ្នា។ ក្នុង​បទសម្ភាសន៍ ​ដែល​ត្រូវ​បាន​ចុះផ្សាយ​យ៉ាង​គគ្រឹក​គគ្រេង ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​ ១៦​មករា​នេះ ​លោក​ដូណាល់ ត្រាំ​បាន​លើក​ឡើង​ជា​ច្រើន​ចំណុច​ ទាក់​ទិន​ទៅ​នឹង​នយោបាយ​ការបរទេស​របស់​លោក។ លោក​បាន​និយាយ​ថា ​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប ​ គឺ​ជា​រឿង​មួយ​ល្អ​ណាស់។ បន្ថែម​ពី​នេះ ​លោក​បាន​រិះគន់​ដោយ​ចំហរ ​ទៅ​លើ​លោកស្រី​មែរគែល ​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ​តែ​ទន្ទឺម​គ្នា​នេះ លោក​ដូណាល់ ត្រាំ ​បាន​បន្ត​អួត​សរសើរ​ពី​លោក​ប្រធានាធិបតី​ពូទីន ​ហើយ​ថា​សហរដ្ឋ​អាមេរិក ​នឹង​ចាប់ដៃ​ជាមួយ​រុស្ស៊ី។

ផ្សាយពាណិជ្ជកម្ម

“អង់គ្លេស​ដើរចេញ​ពី​សហភាព​អឺរ៉ុប ​គឺជា​រឿង​មួយ​ល្អ​ណាស់!”

លោក​ដូណាល់ ត្រាំ ​បាន​ផ្តល់​បទ​សម្ភាសន៍ ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៥ មករា ​ទៅឲ្យ​និពន្ធ​នាយក​នៃ​សារព័ត៌មានធំៗ​ពីរ​របស់​អឺរ៉ុប ​ ​គឺ​សារព័ត៌មាន​ Bild ​របស់​អាល្លឺម៉ង់ ​និង​សារព័ត៌មាន​ Times  ​របស់​អង់គ្លេស។ បទ​សម្ភាសន៍ ​បាន​ធ្វើឡើង​ប្រមាណ​ជា​៥០នាទី​ នៅ​ក្នុង​អាគារ​Trump Tower ​នៅ​ទីក្រុង​ញូយ៉ក។ អ្នក​សារព័ត៌មាន​ទាំង​ពីរនាក់ ​បាន​ចោទ​សួរ​សំណួរ ​ដើម្បី​ចង់​ដឹង​ពី​យោបល់ ​និង​ទស្សនវិស័យ​របស់​លោក ​ដូណាល់ ត្រាំ ​ទាក់ទង​នឹង​ប្រទេស​គេ​រៀងៗ​ខ្លួន។ ជា​រួម​គឺ​ដូច​ទាក់ទង​នឹង​សហភាព​អឺរ៉ុប​អញ្ចឹង ​ព្រោះ​អាល្លឺម៉ង់​ និង​អង់គ្លេស ​សុទ្ធតែ​ជា​ប្រទេស​ធំ​​នៅ​សហភាព​អឺរ៉ុប​ ហើយ​កន្លង​មក​នេះ ​មាន​រឿង​ជា​ច្រើន ​ ដែល​បាន​កើតឡើង​ទាក់​ទង​នឹង​ប្រទេស​ទាំងពីរ។

ជា​បឋម ​ អង់គ្លេស។ រឿង​ធំ​បំផុត​ដែល​បាន​កើតឡើង ​គឺ​ការ​ចាកចេញ​ពី​សហភាព​អឺរ៉ុប ​របស់​អង់គ្លេស។ ទាក់ទិន​នឹង​ចំណុច​នេះ ​លោក​ត្រាំ ​បាន​និយាយ​ថា ​ អង់គ្លេស​ដើរ​ចេញ​ពី​អឺរ៉ុប ​គឺ​ជា​រឿង​មួយ​ល្អណាស់។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​លោកត្រាំ ​បាន​និយាយ​ថា ​ប្រទេស​សមាជិក​អឺរ៉ុប​ ផ្សេង​ទៀត​នឹង​នាំគ្នា​ដើរ​ចេញ​ពី​សហភាព​​អឺរ៉ុប​ម្តងមួយៗ។

សម្តី​នេះ ​ គឺ​វា​ផ្ទុយ​ស្រលះ​ពី​ការ​យល់ឃើញ​របស់​រដ្ឋាភិបាល​លោក​អូបាម៉ា ​ នឹង​ថ្នាក់​ដឹកនាំ​នៅ​អឺរ៉ុប​ផ្សេង​ទៀត។ លោក​អូបាម៉ា ​យល់​ថា​ ការ​ដើរចេញ​របស់​អង់គ្លេស ​គឺ​ជា​ការ​ធ្វើ​ឲ្យ​បែក​បាក់​សាមគ្គី ​នៃ​មហា​គ្រួសារ​អឺរ៉ុប ​ ហើយ​វា​បង្ហាញ​ពី​ចរន្ត​នយោបាយ​ បែប​យក​រួចខ្លួន​ គេ​ដោយ​គេ ​យើង​ដោយ​យើង ​របស់​អង់គ្លេស។

គឺ​នយោបាយ​ សក់​អ្នក​ណា ​ក្បាល​អ្នក​ហ្នឹង​នេះហើយ​ ដែល​លោក​ត្រាំ​ពេញចិត្ត។ ក្នុង​រឿង​អង់គ្លេស​ចេញ​ពី​អឺរ៉ុប​នេះ ​លោក​ត្រាំ​ពន្យល់​ថា ​មក​ពី​ប្រជាជន​អង់គ្លេស ​មិន​ចង់​ឃើញ​ប្រជាជន​ផ្សេង ​​ចូល​មក​រញ៉េរញ៉ៃ​ ក្នុង​ស្រុក​គេ។ អញ្ចឹង ​គេ​ត្រូវ​សម្រេច​បិទ​ទ្វា​អញ្ចឹង​ហើយ។ លោកត្រាំ ​ ក៏​បាន​បន្ត​ទៀត​ថា ​លោក​ពេញចិត្ត​លោកស្រី​តេរ៉ាសា ម៉េ​ ណាស់។ ហើយ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ​លោក​នឹង​ជួប​លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស ​ដើម្បី​ជជែកគ្នា​ អំពី​គម្រោង​ធ្វើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​ទ្វេរភាគី ​ នៅ​ពេល​ណា​ ដែល​អង់គ្លេស ​ចេញ​ពី​សហភាព​អឺរ៉ុប​ រួចរាល់។

“លោកស្រី មែរគែល ​ធ្វើ​រឿង​ខុស​ធ្ងន់​ណាស់ !”
កន្លង​មក​លោកស្រី ​ អង់ហ្គេឡា ​មែរគែល ​ ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ​បាន​ព្យាយាម​អូសទាញ​កុំ​ឲ្យ​អង់គ្លេស ​ដើរចេញ​ពី​សហភាព​អឺរ៉ុប។​ សម្តី​ដែល​មាន​ខ្លឹមសារ​អបអរ​របស់​លោក​ដូណាល់ ត្រាំ ​ទៅ​លើ​ការ​បែកបាក់​របស់​សហភាព​អឺរ៉ុប​នេះ ​ គឺ​បង្ហាញ​យ៉ាងច្បាស់ ​ ពី​គោល​គំនិត​ផ្ទុយគ្នា ​រវាង​លោកត្រាំ ​ និង​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់។

វា​មិនមែន​ផ្ទុយ​ធម្មតា​ទេ ​តែ​លោក​ដូណាល់ ត្រាំ ​ បាន​ទាំង​រិះគន់ ​លោក​អង់ហ្គេឡា មែរគែល ​ ដោយ​ចំហរ​តែម្តង ​នៅក្នុង​បទ​សម្ភាសន៍​នេះ។ លោកត្រាំ ​រិះគន់​លោកស្រី​មែរគែល ​ ​លើ​ពីរ​ចំណុច​ធំៗ។ ទីមួយ ​គឺ​រឿង​គ្រប់គ្រង​សហភាព​អឺរ៉ុប។ លោកត្រាំ​លើក​ឡើង​ថា ​ សហភាព​អឺរ៉ុប​រាល់​ថ្ងៃ​នេះ ​ គ្រាន់តែ​ជាង​អាយ៉ង ​ជា​ឧបករណ៍​របស់​អាល្លឺម៉ង់​ តែ​ប៉ុណ្ណោះ។ “អ្វីៗ​ក៏​អាល្លឺម៉ង់ ​ជា​អ្នក​សម្រេច​ដែរ”។ ត្រង់​កន្លែង​នេះ ​ លោក​ត្រាំបាន​និយាយបក​ទៅ​រឿង​អង់គ្លេស​ថា ​ព្រោះតែ​អញ្ចឹង​ហើយ ​ បាន​ជា​ប្រជាជន​អង់គ្លេស ​នាំគ្នា​បោះឆ្នោត​ដក​ប្រទេស​គេ​ចេញ​ពី​សហភាព​អឺរ៉ុប​ ព្រោះគេ​មិន​ចង់​នៅ​ក្រោម​ឃ្លៀក​អាល្លឺម៉ង់។

លោក​ត្រាំ ​បាន​រិះគន់ ​ លោកស្រី​អង់ហ្គេឡា មែគែល ​មួយ​ចំណុច​ទៀត ​ ត្រង់​នយោបាយ​អន្តោប្រវេសន៍​របស់​លោកស្រី។ យើងនៅ​ចាំ​ថា ​កាល​ពី​ខែ​ កញ្ញា​ ឆ្នាំ​២០១៥​ លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ បាន​ធ្វើ​គំរូ​មួយ​សម្រាប់​ប្រទេស​ដ៏ទៃ ​ដោយ​បាន​សម្រេច​បើក​ទ្វារ​ព្រំដែន ​ ទទួល​យក​ជន​ភៀសខ្លួន​ រាប់​ម៉ឺននាក់ ​ ដែល​រត់​គេច​ពី​សង្រ្គាម ​ភាគ​ច្រើន​មក​ពី​ស៊ីរី ​និង​អ៊ីរ៉ាក់។

លោកត្រាំ ​យល់ថា ​លោកស្រី​មែរគែល ​ធ្វើ​នេះ​ខុស​ធ្ងន់​ណាស់ ​ ដោយ​លោក​បាន​ពន្យល់​ថា ​គ្មាន​នរណា​ម្នាក់​ចង់​ឲ្យ​ជនជាតិ​ផ្សេង ​ ដែល​យើង​មិន​ស្គាល់ ​មិន​ដឹង​ថា​ល្អអាក្រក់ ​ ចូល​សម្រុក​មក​នៅ​ស្រួលៗ​នោះ​​ទេ។ លោកត្រាំ ​បាន​ទាំង​លើកឡើង​ដោយ​ប្រយោល​ថា ​ភេរវកម្ម​នៅ​អាល្លឺម៉ង់​ថ្មីៗ​នេះ ​ គឺ​ដោយសារ​តែ​ជន​ភៀស​ខ្លួន​នេះ​ឯង​ជា​អ្នក​បង្ក​ឡើង។

លោក ត្រាំ​ថា ​វិធី​ដែល​ល្អ ​ដើម្បី​ចាត់ចែង​រឿង​ជន​ភៀសខ្លួន ​គឺ​ត្រូវ​បង្កើត​តំបន់​សុវត្ថិភាព​ពិសេស​នៅ​ស៊ីរី​ ហើយ​ឲ្យ​ប្រទេស​ពួក​មហាសេដ្ឋី​អារ៉ាប់ ​ជា​អ្នក​ផ្តល់​ប្រាក់​ចាត់ចែង។ ប្រទេស​សមាជិក​អឺរ៉ុប​មិន​អាច​ទទួល​រ៉ាបរង​ជនភៀសខ្លួន​បាន​ទេ ​ព្រោះ​ពួក​គេ​ មាន​បញ្ហា​ផ្សេង ​ត្រូវ​ដោះស្រាយ​ច្រើន​ណាស់​ទៅ​ហើយ។

ក៏ប៉ុន្តែ​យើង​សួរ​បក​ទៅវិញ​ថា ​បើ​យើង​ជា​លោកស្រី​មែរគែល ​ហើយ​ឃើញ​មនុស្ស​រាប់សែន​នាក់ ​មាន​ក្មេង​មាន​ចាស់ ​ ស្ថិត​ក្នុង​អាកាសធាតុ​ត្រជាក់ ​ធ្វើ​ដំណើរ​ដើរ​ឆ្លង​ព្រៃ ​ជិះទូក​ឆ្លង​សមុទ្រ ​ដើម្បី​គេចចេញ​ពី​សង្រ្គាម ​ទំរាំ​មក​ដល់​មាត់​ទ្វារ​ផ្ទះ​យើង ​តើ​យើង​ដាច់​ចិត្ត​ បន្ត​មិន​យក​ភ្នែក​មើល​ឬ?  ចំណែក​រឿង ​ បង្កើត​តំបន់​សុវត្ថិភាព​ពិសេស ​ចរចា​ធ្វើ​បទ​ឈប់បាញ់​ ទាំង​អស់​នេះ ​ គេ​ព្យាយាម​គ្រប់​មធ្យោបាយ​ហើយ ​ តែ​​រុស្ស៊ី​ទេ ​ដែល​ជា​អ្នក​រារាំង​រាល់​លើក។

"អង្គការ ​OTAN ​ជា​ស្ថាប័ន ​ដែល​ហួស​សម័យ​ !"
លោកត្រាំ ​និង​លោក​ពូទីន ​ ឈ្មោះ​ទាំងពីរ​នេះ​ សក្តិសម​នឹង​គ្នា​ណាស់។ លោកត្រាំ​មិន​ដែល​រិះគន់​ប្រធានាធិបតី​ពូទីន​ទេ។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​គាត់​តែងតែ​អួត​សរសើរ​ពី​លោក​ពូទីន​ទៀត​ផង។ ចំណុច​នេះ ​ វា​បង្ហាញ​កាន់តែ​ច្បាស់ ​ អំពី​ទស្សនវិស័យ​នយោបាយ​ការបទេស​ របស់​រដ្ឋាភិបាល​អាមេរិក​ថ្មី ​ ដែល​ខិត​ទៅ​រក​រុស្ស៊ី។ ពោលគឺ​​វាផ្ទុយ​ស្រលះ​ ពី​លោក​អូបាម៉ា ​ដែល​បាន​ប្រកាន់​ជំហរ​ច្បាស់លាស់ ​ ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ​ចំពោះ​ទង្វើ​បំពាន​របស់​រុស្ស៊ី​កន្លង​មក។ ជាក់ស្តែង​ក្នុង​សំណុំរឿង​អ៊ុយក្រែន ​សំណុំ​រឿង​ស៊ីរី​​ និង​ចុងក្រោយ​គេ​នេះ​ ​​គឺ​សំណុំ​រឿង​ចារកិច្ច​រុស្ស៊ី ​ចូល​មក​លួច​ទិន្ន័យ​ព័ត៌មានវិទ្យា​របស់​បក្ស​ប្រជាធិបតេយ្យ។

លោកត្រាំ ​បាន​ប្រាប់​ទៅ​អ្នក​កាសែត​ថា ​ លោក​ចង់​ធ្វើ​កិច្ច​ព្រមព្រៀង​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​រុស្ស៊ី ​ហើយជា​ថ្នូរ​ រដ្ឋា​ភិបាល​លោក ​ នឹង​ដក​ទណ្ឌកម្ម​ពី​រុស្ស៊ី​ចេញ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ទាក់ទិន​នឹង​ទំនាក់​ទំនង​ អាមេរិក​ រុស្ស៊ី​ដែរ​ លោក​ត្រាំ ​បាន​លើក​ឡើង​ពី​អង្គការ​អូតង់។ លោក​ចាត់ទុក​ថា​ អង្គការ​អូតង់ ​ជា​អង្គការ​ដែល​ហួស​សម័យ​ទៅ​ហើយ ​ព្រោះ​អង្គការ​នេះ ​បង្កើត​ឡើង​ ដើម្បី​ទប់ទល់​ជាមួយ​រុស្ស៊ី។ ក៏ប៉ុន្តែ​លោក​យល់​ថា អ្វី​ដែល​គ្រោះថ្នាក់​រាល់​ថ្ងៃ​នេះ ​មិនមែន​រុស្ស៊ីទេ​ តែ​គឺ​អំពើ​ភេរវកម្ម។

ទាក់ទិន​នឹង​អង្គការ​អូតង់​ដដែល ​ លោក​ត្រាំ​បាន​អះអាង​ជា​ថ្មី​ថា​ លោក​ចង់​ឲ្យ​ប្រទេស​សមាជិក​ផ្តល់​លុយឲ្យ​បាន​ច្រើន ​ មិនមែន​អាមេរិក​សឹង​តែ​ម្នាក់​ឯង ​ដែល​ត្រូវ​ទទួល​រ៉ាប់រង​នោះ​ទេ។ មិន​អញ្ចឹង​ទេ ​ អាមេរិក​ នឹង​ដក​ខ្លួន​ចេញ​ពី​អូតង់។

ត្រង់​ចំនុច​នេះ​ វា​បាន​ធ្វើ​ឲ្យ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ នៅ​តំបន់​បាល់ទិក (Lettonie Lituanie Estonie Pologne) ​មាន​ការ​ព្រួយបារម្ភ។ ព្រោះ​បច្ចុប្បន្ន​នេះ​ ប្រទេស​តូចៗ​ ដែល​នៅ​ជាប់​រុស្ស៊ី ​ក្នុង​តំបន់​នោះ ​មាន​ការ​ព្រួយ​បារម្ភណាស់ ​ខ្លាច​វាសនា​ប្រទេស​ខ្លួន ​ ក្លាយ​ជា​ចំណី​របស់​រុស្ស៊ី​ ដូច​អ៊ុយក្រែន។

ទំលាប់​មិនកែ​របស់​លោកត្រាំ៖ ​និយាយ​ឲ្យ​តែ​បាន​និយាយ ​មិន​ខ្វល់​ពី​ផល​វិបាក
តាមការ​រំពឹងទុក ​ បទ​សម្ភាសន៍​របស់​លោកត្រាំ ​ប្រាកដ​ជា​រង​នូវ​ប្រតិកម្ម​ធ្ងន់ៗ ​ ពី​សំណាក់ ​ថ្នាក់​ដឹក​នាំ​សហភាព​អឺរ៉ុប ​ជាក់ជា​មិនខាន។ យ៉ាង​ណាមិញ ​ការ​ធ្វើ​សន្និសិទ​កាសែត ​ ជា​លក្ខណៈ​ឯកជន ​ មុន​ពេល​ចូល​កាន់​ដំណែង ​ ហើយ​និយាយ​ឆៅៗ ​ដោយ​គ្មាន​សិល្បៈ​ការទូត​បែបនេះ ​គឺ​វា​ពិត​ជា​មិន​សក្តិសម​ទាល់តែ​សោះ ​សម្រាប់​ប្រធានាធិបតី​ប្រទេស​មហា​អំណាច ​មួយ​ទាំង​មូល។

យើង​គ្រប់គ្នា​ស្គាល់​លោក​ត្រាំ ​ហើយ ។ លោកត្រាំ ​គាត់​ចូលចិត្ត​ធ្វើ​អញ្ចឹង។ ឆ្លង​កាត់​ការ​វិភាគ ​សម្តី​គាត់ ​គឺ​ មាន​ន័យ​ថា ​លោក​ត្រាំ ​ជា​មនុស្ស​ប្រកាន់​ពូជសាសន៍ ​ជា​មនុស្ស​ដែល​មិន​មាន​ចិត្ត​ឱប​ក្រសោប​ប្រមូល​ផ្តុំគ្នា​ទេ​ តែជា​មនុស្ស​ដែល​ចាំ​តែ​បំពង​សម្លេង ​ទម្លាក់​កំហុស​ទៅ​លើ​ជន​បរទេស ​រឺ​មនុស្ស​ណា ​ដែល​មិន​មាន​ដើម​កំណើត​ដូច​ខ្លួន។ លោក​ត្រាំ​ចង់​ឃើញ​ប្រទេស​នីមួយៗ ​បិទទ្វារ​នៅ​តែ​រៀងៗ​ខ្លួន។

សម្តី​លោកត្រាំ​ក្នុង​បទ​សម្ភាសន៍ ​បង្ហាញ​ផងដែរ ​ពីភាព​រញ៉េរញ៉ៃ ​ត្រឡប់​ត្រឡិន ​ក្នុង​គំនិត ​និង​ការ​យល់​ឃើញ​របស់​គាត់។ សម្តី​គាត់​មាន​ន័យ​បែប​ប្រកាន់​ពូជសាសន៍ ​មិនចង់​ឲ្យ​មនុស្សជាតិ ​រួមរស់​ជាមួយ​គ្នា​ជា​គ្រួសារ​តែមួយ​ តែ​ផ្ទុយ​ទៅវិញ ​ គាត់ ​អួត​ថា​ ឪពុក​គាត់​ជា​ជនជាតិ​អាល្លឺម៉ង់​ ឯម្តាយ​គាត់​វិញ​ជា​ជនជាតិ​អេកូស ​ភាគ​ខាងជើង​អង់គ្លេស។ ពោល​គឺ​គាត់​ខ្លួនឯង ​ក៏​ជា​កូន​កាត់​សាសន៍​ដល់​ទៅ​ពីរ។ សរុប​ទៅ ​គាត់​ខ្លួនឯង​ ហាក់​ដូច​ជា​មិន​យល់ ​ មិន​ស្គាល់​ពី​ប្រភព​របស់​ខ្លួនឯង​ផង ​ បែរ​ជា​អំពាវនាវ​ឲ្យ​មនុស្ស​ស្អប់​គ្នា ​ស្អប់​ជាតិសាសន៍​ដ៏ទៃ​ទៅវិញ។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​ក្នុង​បទ​សម្ភាសន៍​ លោក​ត្រាំ​បាន​លាយឡំ​គ្នា​ ឆ្លៀតអួតសរសើរ​ពីរឿង​ផ្ទាល់ខ្លួន ​ ពី​អារម្មណ៍​ផ្ទាល់ខ្លួន​របស់​លោក​ ជាមួយ​នឹង​កិច្ចការ​សហប្រតិបត្តិការ​អន្តរជាតិ​ ក្នុង​នាម​ជា​ប្រធានាធិបតី​អាមេរិក។

មាន​ចំណុច​មួយទៀត ​ ដែល​គួរលើក​ឡើង ​ ​គឺ​សូម្បីតែ​អ្នក​សារព័ត៌មាន​ ដែលទៅ​សំភាសន៍​ ​ ក៏​មាន​ការ​ចំលែក​ក្នុង​ចិត្ត​ដែរ​ ព្រោះ​ថា​លោកត្រាំ ​និយាយ​ផាំងៗ ​ ឆៅៗ ​មិន​ខ្វល់​ពី​តួនាទី ​ និង​ផលវិបាក​នៃ​សម្តី​របស់​គាត់ ​ក្នុង​នាម​ជា​ប្រធានាធិបតី​ទេ។ លោកKai Diekmann អ្នក​កាសែត​អាល្លឺម៉ង់ ​ដែល​សម្ភាសន៍​លោកត្រាំ ​បាន​បញ្ជាក់​ថា ​គេ​បាន​បកប្រែ​សម្តី​លោកត្រាំ ​ជា​ភាសា​អាល្លឺម៉ង់​ ហើយ​ចុះផ្សាយ​តែ​ម្តង ​ ដោយ​ពុំមាន​ឆ្លងកាត់​ការ​ត្រួត​ពិនិត្យ ​ពី​ទីប្រឹក្សា​របស់​លោកត្រាំ​ទេ។ លោកត្រាំ ​ហាក់​ដូច​ជា​មិនខ្វល់ ​ពី​ផលវិបាក​នៃ​សំដី​គាត់​ឡើយ។ ជាការពិត ​បើ​យើង​ក្រលេក​មើល​លើ​ទំព័រ Twitters ​ វិញ ​គឺ​លោកត្រាំ​តែងតែ ​ធ្វើ​អញ្ចឹង​មែន។ ចង់​ចង់​ថាអី​ក៏​ថា​ភ្លាម ​ ដោយ​គ្មាន​ពិចារណា​ ពី​ផលវិបាក​ឡើយ​។ ក្នុង​នាម​ជា​ប្រធានាធិបតី​អាមេរិក​ ចំណុច​នេះ ​ ​គឺ​វាគ្រោះថ្នាក់​ណាស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ