លោកដូណាល់ ត្រាំ ប្រកាសបើកបញ្ជាការដ្ឋានអវកាស “Spacecom”
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសបើកបញ្ជាការដ្ឋានអវកាស កាលពីថ្ងៃព្រហស្បតិ៍ទី២៩សីហា។ កម្មវត្ថុនៃបញ្ជាការដ្ឋានអវកាសនេះ គឺដើម្បីធ្វើយ៉ាងណា ការពារផលប្រយោជន៍របស់អាមេរិកនៅលើអវកាស ហើយធានាឲ្យបាន អំពីការនាំមុខដាច់គេរបស់អាមេរិក នៅក្នុងវិស័យនេះ។ ចិន និងរុស្ស៊ី ត្រូវបានអាមេរិក ចាត់ទុកថាជាគូប្រជែងដ៏គ្រោះថ្នាក់បំផុត ក្នុងវិស័យនេះ។
លោកដូណាល់ត្រាំ បានប្រកាសថា៖ នេះគឺជាឱកាសជាប្រវត្តិសាស្ត្រ ដែលវិស័យអវកាស ត្រូវបានចាត់បញ្ចូលទៅក្នុងបេះដូងនៃសន្តិសុខជាតិ និងការការពារជាតិអាមេរិក។ លោកបន្តទៀតថា៖ បញ្ជាការដ្ឋានអវកាស ដែលមានឈ្មោះថា « Spacecom » នេះ នឹងធានាការពារភាពនាំមុខផ្តាច់គេ និងអំណាចរបស់អាមេរិក នៅលើអវកាស ឲ្យនៅស្ថិតស្ថេរ មិនឲ្យប្រទេសណាផ្សេង មកប្រជែងដណ្តើមបានជាដាច់ខាត។ Spacecom នឹងការពារមិនឲ្យសត្រូវ អាចបំផ្លាញផ្កាយរណបរបស់អាមេរិក ព្រោះផ្កាយរណបទាំងនោះគឺជាកម្លាំងយុទ្ធសាស្ត្ររបស់អាមេរិក មិនថាសម្រាប់ការប្រយុទ្ធនៅលើដី ឬសម្រាប់ជីវភាពរស់នៅតាមបែបសម័យទំនើបរបស់អាមេរិក។ នេះ គឺជាសម្តីរបស់លោកដូណាល់ ត្រាំ។
គួរបញ្ជាក់ថា Spacecom នឹងក្លាយជាបញ្ជាការដ្ឋានកងទ័ពទី១១ នៃមន្ទីរបញ្ចកោណ។ បញ្ជាការដ្ឋានទី១១នេះ នឹងមានបេសកកម្មជាច្រើន ដូចជា ការពារ និងផ្តល់សមត្ថភាពរឹងមាំ ទៅលើសមរភូមិប្រយុទ្ធនៅលើអាកាស ព្រមទាំងធ្វើការបង្វឹកហាត់អ្នកជំនាញប្រយុទ្ធនៅអវកាស ថែមទៀតផង។ លោក John Raymond ដែលនឹងក្លាយជាអ្នកដឹកនាំ Spacecom នេះ បានលើកឡើងថា ក្នុងវិស័យអវកាស គឺអាមេរិកនាំមុខគេ។ តែយ៉ាងយ៉ាងណា គម្លាតនៃការនាំមុខដាច់គេនេះ កាន់តែរួញទៅ ដោយសារតែចិន និងរុស្ស៊ី កំពុងតែរំកិលខ្លួនកាន់តែខ្លាំងក្នុងវិស័យនេះ។ ដូច្នេះ អាមេរិក ត្រូវតែប្រឹងទៅមុខឲ្យរហ័ស ហើយរកវិធីការពារខ្លួន ក្នុងករណីមានការវាយប្រហារ មកលើប្រព័ន្ធផ្កាយរណបរបស់អាមេរិក។
ដោយឡែក លោក Steve Kitay អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលបន្ទុកកិច្ចការអវកាស បានអះអាងថា Spacecom មិនមានតួនាទីស្រាវជ្រាវ ភពផ្សេងៗ ក្នុងដែនអវកាសទេ។ បេសកកម្មរបស់វាគឺ ប្រើប្រាស់វិស័យអវកាសដើម្បីការពារផលប្រយោជន៍អាមេរិកនៅលើផែនដី។ លោកបញ្ជាក់ថា Spacecom នឹងធ្វើការសហការផ្នែកទិន្ន័យស៊ើបការសំងាត់ នៅក្នុងក្រុមផ្នែក៥ “Five Eyes” ដែលមានការចូលរួម ពីអូស្ត្រាលី នូវែលសេឡង់ អង់គ្លេស និងកាណាដា។ Spacecom ក៏នឹងសហការជាមួយក្រុមជំនាញអវកាសអាល្លឺម៉ង់ និងបារាំងដែរ។
គួរកត់សំគាល់ថា ជាមួយនឹងការបង្កើតបញ្ជាការដ្ឋានអវកាសនេះ ក្រុមអ្នកជំនាញនៃក្រសួងការពារជាតិអាមេរិក មិនបានលាក់ទេ ថាកម្មវត្ថុរបស់វាគឺដើម្បីទប់ទល់ជាមួយនឹងការគំរាម ពីសំណាក់ចិន និងរុស្ស៊ី នៅក្នុងវិស័យនេះ។ ក្នុងនោះដែរ លោកប្រធានាធិបតីអាមេរិក បានអះអាងថា លោកនឹងសម្រេចបង្កើតឲ្យមានកងកម្លាំងទ័ពអវកាស ដែលនឹងក្លាយជាកងទ័ពផ្នែកទី៦នៃកងទ័ពអាមេរិក។ តែយ៉ាងណាគម្រោងនេះ មានសង្ឃឹមតិចណាស់ថាអាចឆ្លងការយល់ព្រមពីសភាអាមេរិក ដោយសារតែមានការលើកឡើងថា វាចំណាយប្រាក់ច្រើន ហើយគ្មានប្រយោជន៍៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ