វ៉េណេស៊ុយអេឡា៖ ប្រធានាធិបតីម៉ាឌុយរ៉ូ គំរាមឲ្យកងទ័ព ត្រូវតែស្មោះត្រង់នឹងលោក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បន្ទាប់ពីបានរៀបចំបង្កើតសភាធម្មនុញ្ញ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញថ្មី ទៅតាមការចង់បានរបស់ខ្លួននោះ លោកម៉ាឌុយរ៉ូ ប្រធានាធិបតីវ៉េណេស៊ុយអេឡា ទើបបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនៅចំពោះមុខកងទ័ពជាតិថា ក្នុងកាលៈទេសៈនេះ កងទ័ពត្រូវតែស្មោះស្ម័គ្រនឹងលោក មិនត្រូវបែបបាក់គ្នាឡើយ។ លោកម៉ាឌុយរ៉ូ ក៏បានលើកឡើង អំពីគំរោងឈ្លានពាន របស់កងទ័ពអាមេរិក ដែលចង់មកផ្តួលរំលំរដ្ឋាភិបាលវ៉េណេស៊ុយអេឡា។
ថ្លែងនៅចំពោះមុខ មេទ័ពធំៗរាប់រាយនាក់ លោកម៉ាឌុយរ៉ូ ប្រធានាធិបតីវ៉េណេស៊ុយអេឡា បាននិយាយថា៖ "ស្ថិតក្នុងកាលៈទេសៈបែបនេះ គ្រប់គ្នាត្រូវតែចាប់ដៃគ្នា ដើម្បីការពារប្រទេស។ ពេលនេះ មិនមែនជាពេល ដែលត្រូវបែកបាក់គ្នាទេ។ បើនរណាម្នាក់ ដែលមិនមានចិត្តស្មោះត្រង់ ត្រូវតែដើរចេញពីជួរកងទ័ពជាបន្ទាន់ "។
លោកម៉ាឌុយរ៉ូ បានឆ្លៀតឱកាសនោះ លើកឡើងអំពីការគំរាម របស់លោកប្រធានាធិបតីដូណាល់ ត្រាំ កាលពី ២សប្តាហ៍មុន ដែលថា កងទ័ពអាមេរិក អាចនឹងធ្វើប្រតិបត្តិការ ផ្តួលរំលំរបបផ្តាច់ការរបស់វ៉េណេស៊ុយអេឡា។ លោកបន្ថែមថា អាមេរិក មានគម្រោងបិទច្រកចេញចូលតាមសមុទ្រ មិនឲ្យវ៉េណេស៊ុយអេឡា នាំប្រេងយកទៅលក់ ទៀតផង។ ក្នុងន័យនេះ លោកម៉ាឌុយរ៉ូ បានបំផុសបំផុលកងទ័ព ឲ្យមានកំហឹងជាតិនិយម ចាប់ដៃសាមគ្គីគ្នានៅពីក្រោយខ្លួន ដើម្បីតតាំងនឹងនយោបាយចក្រព័ត្រឈ្លានពាន របស់សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថាអស់រយៈពេល២ឆ្នាំមកហើយ ដែលវ៉េណេស៊ុយអេឡា បានធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ច យ៉ាងធ្ងន់ធ្ងរ។ ប្រជាជនរាប់សែននាក់ បានធ្វើបាតុកម្មជាប្រចាំអស់រយៈពេល៤ខែមកនេះ ដើម្បីទាមទារឲ្យលោកម៉ាឌុយរ៉ូ ចុះចេញពីតំណែង។ ការបង្ក្រាបបាតុកម្ម ដោយប្រើកំលាំងទាហាន បានបណ្តាលឲ្យមានមនុស្សស្លាប់១២៥នាក់ ក្នុងរយៈពេល៤ខែនេះ។
មិនត្រឹមតែមិនបានចុះចាញ់ នឹងការតវ៉ារបស់ប្រជាជន លោកប្រធានាធិបតីម៉ាឌុយរ៉ូ បានរំលាយរដ្ឋសភា ហើយបានរៀបចំបង្កើតសភាធម្មនុញ្ញមួយ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញថ្មី ទៅតាមការចង់បានរបស់ខ្លួន។ សកម្មភាពឈានទៅរក ការដឹកនាំ ដោយអំណាចផ្តាច់ការនេះ ត្រូវបានសហគមអន្តរជាតិ រិះគន់លោកម៉ាឌុយរ៉ូ នឹងបក្សពួកជាខ្លាំង។
កន្លងមកកងទ័ពវ៉េណេស៊ុយអេឡា តែងតែនៅពីក្រោយ គាំទ្រលោកម៉ាឌុយរ៉ូជានិច្ច។ តែប្រឈមមុខនឹងការរិះគន់ជាច្រើន ព្រមទាំងមានការអំពាវនាវ ពីក្រុមគណបក្សប្រឆាំងផងនោះ មានពាក្យចចាមអារ៉ាមខ្លះ លើកឡើងថា កងទ័ពកំពុងតែបែកបាក់ផ្ទៃក្នុង។ ជាមួយនឹងការគំរាម ឲ្យកងទ័ព ត្រូវតែស្មោះនឹងខ្លួន នាពេលនេះ លោកម៉ាឌុយរ៉ូ ចង់លេងសន្លឹកបៀរចុងក្រោយ តាមរយៈការបំផុសគំនិតជាតិនិយម ឲ្យកងទ័ពស្អប់អាមេរិក ហើយនិងតាមរយៈការបោសសម្អាតមេទាហាន ដែលមានគំនិតចង់ប្រឆាំងនឹងខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ