សម្តេចប៉ាបលូកដៃចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក
ចុះផ្សាយនៅថ្ងៃ៖
សម្តេចប៉ាប ហ្រ្វង់ស័រ ប្រមុខសាសនាគ្រឹស្ត បានលូកដៃចូលទៅក្នុងការឃោសនាបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិក ដោយបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ទី១៨ កុម្ភៈថា លោក ដូណាល់ ទ្រុមភ៍ មិនមែនជាអ្នកកាន់សាសនាគ្រឹស្តទេ។ ប្រសាសន៍នេះ ត្រូវបានបេក្ខភាពឈរឈ្មោះប្រធានាធិបតីរូបនេះ មានប្រតិកម្មភ្លាមៗ ដោយបានចោទសម្តេចប៉ាបថាជាសម្តេចសង្ឃ មិនត្រូវមកធ្វើនយោបាយទេ។
មនុស្សម្នាក់ ដែលមានចិត្តចង់កសាងជញ្ជាំង ដើម្បីខណ្ឌចែកមនុស្ស ជាជាងការកសាងស្ពានដើម្បីចម្លងមនុស្ស គឺមនុស្សម្នាក់នោះមិនមែនជាអ្នកកាន់សាសនាគ្រឹស្តទេ។ នេះគឺជាប្រសាសន៍ របស់សម្តេចប៉ាប ហ្រ្វង់ស័រ ប្រមុខសង្ឃសាសនាគ្រឹស្ត ដែលបានថ្លែងទៅកាន់អ្នកកាសែត នៅលើយន្តហោះ ដែលបានដឹកព្រះអង្គត្រឡប់ពីប្រទេសមិកស៊ិកកូ។ សម្តីនេះ ត្រូវបានគេដឹងយ៉ាងច្បាស់ ថាសម្តេចសង្ឃ ប្រាថ្នាសំដៅទៅដល់ លោក ដូណាល់ ទ្រុមភ៍ បេក្ខភាពឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណៈរដ្ឋ។
លោកមហាសេដ្ឋី ដែលជាបេក្ខភាពប្រធានាធិបតីរូបនេះ ធ្លាប់បានថ្លែងឃោសនាថា បើសិនជាលោកជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក លោកនឹងបញ្ជាឲ្យសាងសង់ជញ្ជាំងថ្ម ដើម្បីខណ្ឌចែកព្រំដែន រវាងសហរដ្ឋអាមេរិក និងប្រទេសមិកស៊ិកកូ ដើម្បីទប់ស្កាត់កុំឲ្យជនអន្តោប្រវេសន៍ នាំគ្នាសម្រុកមករស់នៅក្នុងសហរដ្ឋអាមេរិក។ ភ្លាមៗ បន្ទាប់ពីប្រសាសន៍របស់សម្តេចប៉ាប ត្រូវបានគេផ្សព្វផ្សាយ លោក ដូណាល់ ទ្រុមភ៍ បានមានប្រតិកម្ម នៅតាមកញ្ចក់ទូរទស្សន៍ ដោយរិះគន់សម្តេចប៉ាប ថាជាប្រមុខសង្ឃដែលធ្វើនយោបាយ។ លោកមហាសេដ្ឋីសក់ពណ៌ទង់ដែង បន្ថែមថា សម្តេចប៉ាប ហ្រ្វង់ស័រ និយាយ ទាំងគ្មានយល់ ពីបញ្ហាប្រឈមរបស់សហរដ្ឋអាមេរិកទេ។
យ៉ាងណាមិញ សម្តេចប៉ាបហ្វ្រង់ស័រ បានបញ្ជាក់បកទៅវិញថា ព្រះអង្គមិនបានទៅលូកដៃលូកជើងក្នុងកិច្ចការបោះឆ្នោតរបស់សហរដ្ឋអាមេរិកទេ។ មនុស្សគ្រប់គ្នាមានសិទ្ធិបោះ រឺមិនបោះរៀងៗខ្លួន។ សម្រាប់ព្រះអង្គ ព្រះអង្គគ្រាន់តែបានបញ្ចេញយោបល ក្នុងនាមជាសម្តេចសង្ឃសាសនា។ ឆ្លើយតបទៅនឹងសម្តីចោទថាព្រះអង្គជាសង្ឃធ្វើនយោបាយ សម្តេចប៉ាប បានឆ្លើយបែបចំអកថា អ្នកប្រាជ្ញអារីស្តូត ធ្លាប់បាននិយាយថា មនុស្សលោកគ្រប់រូប គឺជាសត្វដែលធ្វើនយោបាយ ដូច្នេះ ព្រះអង្គសប្បាយចិត្តណាស់ ព្រោះមានន័យថាព្រះអង្គក៏ជាមនុស្សលោកម្នាក់ដែរ។
យ៉ាងណាក៏ដោយ នេះជារឿងកំរណាស់ ដែលប្រមុខសង្ឃសាសនាគ្រឹស្ត ថ្លែងដោយចំៗ រិះគន់ទៅលើបេក្ខភាពឈរឈ្មោះបោះឆ្នោត។ ក៏ប៉ុន្តែបើគេក្រលេកមើលទៅលើសកម្មភាពរបស់សម្តេចប៉ាប ហ្វ្រង់ស័រកន្លងមក គេគ្មានអ្វីភ្ញាក់ផ្អើលទេ ដោយសារតែសម្តេចប៉ាប ធ្លាប់បានថ្លែងសន្ទរកថាម្តងហើយម្តងទៀត ដោយថ្លែងពីទុក្ខលំបាករបស់ជនភៀសខ្លួន ជនអន្តោប្រវេសន៍ ដែលត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែង ភូមិស្រុក ដោយសារតែកត្តាជីវភាព និងគម្លាតរវាងអ្នកមាននិងអ្នកក្រ។
យ៉ាងណាមិញ ប្រសាសន៍សម្តេចប៉ាប ដែលថាលោក ដូណាល់ ទ្រុមភ៍ មិនមែនជាអ្នកកាន់សាសនាគ្រឹស្ត គឺពិតជាអាចប៉ះពាល់ ដល់ប្រជាប្រិយភាពរបស់បេក្ខជនឈរឈ្មោះរូបនេះ ដោយសារសម្លេងឆ្នោតរបស់អ្នកកាន់សាសនាគ្រឹស្តិនៅសហរដ្ឋអាមេរិក គឺមានភាគច្រើនលើសលប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ