សហរដ្ឋអាមេរិក

បាញ់រះ​ក្នុង​វិហារ​កាតូលិក ​នៅ​តិចសាស់ ​ស្លាប់​២៦​នាក់

វិហារកាតូលិក​ ​នៅ​ភូមិ​ Sutherland Springs ​ដែលជាទី​កើត​ហេតុ​​បាញ់​រះ​ ថ្ងៃ​ទី​៥​ វិច្ឆិកា​​ ២០១៧
វិហារកាតូលិក​ ​នៅ​ភូមិ​ Sutherland Springs ​ដែលជាទី​កើត​ហេតុ​​បាញ់​រះ​ ថ្ងៃ​ទី​៥​ វិច្ឆិកា​​ ២០១៧ MAX MASSEY/ KSAT 12/via REUTERS

មានហេតុការណ៍បាញ់រះជាថ្មីមួយទៀត បានកើតឡើងនៅសហរដ្ឋអាមេរិក ក្នុងវិហារកាតូលិកមួយ នៅរដ្ឋតិចសាស់។ ជនដៃដល់ បានចូលទៅបាញ់រះ សម្លាប់មនុស្ស យ៉ាងហោចណាស់ ២៦នាក់ និង ជាង២០នាក់រងរបួស។ ករណីបាញ់រះ ដ៏រន្ធត់បែបនេះ សហរដ្ឋអាមេរិក តែងតែជួបប្រទះជាញឹកញាប់ ដោយមានមតិខ្លះ បានលើកឡើងថា​ វាដល់ពេលហើយ ដែលសហរដ្ឋអាមេរិក ត្រូវពិចារណា សើររើច្បាប់ ដែលអនុញ្ញាត ឲ្យមនុស្សអាចកាន់អាវុធ បានដោយសេរី។

ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍ បានកើតឡើង នៅវេលាព្រឹក ថ្ងៃអាទិត្យ ម៉ោង១១ និង២០នាទី ក្នុងពេលដែលប្រជាជនអ្នកកាន់សាសនាគ្រិះ ក្នុងភូមិ Sutherland Springs កំពុងតែធ្វើពិធីបួងសួងសូត្រធម៌ថ្ងៃអាទិត្យ តាមទំនៀមកាតូលិក ក្នុងវិហារ First Baptist Church។ ជនដៃដល់ ជាភេទប្រុស អាយុ ២៦ឆ្នាំ ស្លៀកពាក់ខ្មៅ បានចូលមកបាញ់រះសម្លាប់មនុស្សក្នុងវិហារ។ ជនដៃដល់បានបន្តបាញ់ រហូតទាល់តែមានបុរសម្នាក់ ស្ទុះទៅប្រវ៉ាយប្រតប់ ​ដណ្តើមយកកាំភ្លើងបាន។ ជនដៃដល់បានរត់គេចខ្លួន  ហើយក្រោយមកគេបានរកឃើញជននោះ ដេកស្លាប់នៅក្នុងរថយន្តខ្លួន។ តែគេមិនទាន់អាចដឹងថា ជននោះបានសម្លាប់ខ្លួន ឬស្លាប់ដោយគេបាញ់ត្រូវ។

យោងតាមមន្ត្រីនគរបាលរដ្ឋតិចសាស់ មានមនុស្សយ៉ាងហោចណាស់​២៦នាក់បានស្លាប់ និងរបួសជាង២០នាក់។ រហូតមកទល់ពេលនេះ គេនៅមិនទាន់អាចសន្និដ្ឋានបានទេ អំពីគោលបំណងពិតប្រាកដរបស់ជនដៃដល់​ នៅពីក្រោយអំពើបាញ់រះ ដ៏កាចសាហាវនេះ។ បើយោងតាមបណ្តាញព័ត៌មានជាច្រើន បានផ្សាយថា ជនដៃដល់​ជាអតីតទាហាន ក្នុងកងទ័ពអាកាស ហើយត្រូវតុលាការយោធាផ្តន្ទាទោស និងបានបណ្តេញចេញពីជួរកងទ័ព។

គួរកត់សម្គាល់ថា ហេតុការណ៍បាញ់រះបែបនេះ កើតមានជាញឹកញាប់នៅសហរដ្ឋអាមេរិក​ ដោយសារតែប្រជាជនមានសិទ្ធិកាន់កាប់អាវុធ។ ហេតុការណ៍បាញ់រះ នៅLas Vegas កាលពីថ្ងៃទី១ តុលា ដែលបានផ្តាច់​ជីវិតមនុស្ស៥៨នាក់ នៅក្តៅៗនៅឡើយ ឥឡូវត្រូវបន្ថែមនឹងករណីថ្មីមួយនេះទៀត។ ក្រុមសកម្មជន ក៏ដូចជាអ្នកនយោបាយ ដែលប្រឆាំងនឹងសិទ្ធិកាន់អាវុធ បានអំពាវនាវ ថាដល់ពេលហើយ ដែលត្រូវតែជជែកពិភាក្សា ធ្វើកំណែទម្រង់ច្បាប់អនុញ្ញាតឲ្យកាន់អាវុធនេះ។ ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក មានមនុស្សស្លាប់ដោយគ្រាប់កាំភ្លើងចំនួន ៣៣០០០នាក់​ ដែលក្នុងនោះ២២០០០នាក់ ជាករណីសម្លាប់ខ្លួន។

ពីទីក្រុងតូក្យូ លោកដូណាល់ ត្រាំ បានថ្លែងសារក្រៀមក្រំរំលែកទុក្ខ ដល់ជនរងគ្រោះ។ ក៏ប៉ុន្តែ ដូចសព្វមួយដង លោក ដូណាល់ ត្រាំ បានមិនចៀសវៀង មិនហ៊ាននិយាយទៅដល់ បញ្ហាចរាចរណ៍អាវុធ និងសិទ្ធកាន់អាវុធ ទេ។​ ផ្ទុយទៅវិញ លោកដូណាល់ ត្រាំ បានលើកឡើងថា ការបាញ់រះនេះ គឺមកពីជនដៃដល់ មានបញ្ហាផ្លូវចិត្តប៉ុណ្ណោះ មិនមែន មកពីជននេះ មានសិទ្ធិកាន់អាវុធឡើយ។ គេពុំមានអ្វីភ្ញាក់ផ្អើលនឹងសំដីរបស់លោក ដូណាល់ ត្រាំ ទេ ព្រោះគេដឹងយ៉ាងច្បាស់ថា រដ្ឋាភិបាលលោកដូណាល់ ត្រាំ ទទួលសំពាធ ពីក្រុមហ៊ុនផលិតអាវុធធំៗរបស់អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI