អានតួអត្ថបទ
សហរដ្ឋអាមេរិក

ចៅក្រម​អាមេរិក សម្រេច​ព្យួរក្រិត្យ​ច្បាប់​ដែល​ហាមឃាត់​ប្រជាជន ប្រទេស​អ៊ីស្លាម​៧ មិន​ឲ្យ​ចូល​អាមេរិក

បាតុកម្ម​នៅញូយ៉ក ថ្ងៃទី​២៩​មករា ប្រឆាំង ​នឹងក្រិត្យច្បាប់​របស់​លោកត្រាំ ដែលហាម​ប្រជាជន​​ប្រទេស​​អ៊ីស្លាម​​៧ប្រទេស​ មិនឲ្យ​ចូល​​សហរដ្ឋអាមេរិក
បាតុកម្ម​នៅញូយ៉ក ថ្ងៃទី​២៩​មករា ប្រឆាំង ​នឹងក្រិត្យច្បាប់​របស់​លោកត្រាំ ដែលហាម​ប្រជាជន​​ប្រទេស​​អ៊ីស្លាម​​៧ប្រទេស​ មិនឲ្យ​ចូល​​សហរដ្ឋអាមេរិក REUTERS/Stephanie Keith
ដោយ៖ ម៉ម ពិសី
១៨ នាទី

ចៅក្រម​សហព័ន្ធ​មួយរូប​នៅ​សហរដ្ឋ​អាមេរិក ​បាន​សម្រេច ​ព្យូរ​ការ​អនុវត្ត​ក្រិត្យច្បាប់​របស់​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ ​ដែល​មាន​ខ្លឹមសារ​សំដៅ​ហាម​ឃាត់​ប្រជាជន​ប្រទេស​អ៊ីស្លាម​៧ប្រទេស ​មិន​ឲ្យ​ចូល​សហរដ្ឋ​អាមេរិក​រយៈពេល​៣ខែ។ នេះគឺ​ជា​ការ​ចេញមុខ​តទល់​លើក​ដំបូង ​ទៅ​លើ​ក្រិត្យ​ច្បាប់​ដ៏​ចំរូងចំរាស​នេះ ​ពី​សំណាក់​ស្ថាប័ន​យុត្តិធម៌​អាមេរិក។ ពាក្យ​បណ្តឹង​ស្រដៀង​គ្នា​នេះ ​ ត្រូវ​បាន​ដាក់​ទៅ​តុលាការ​នៅតាម​បណ្តា​រដ្ឋ​ផ្សេងទៀត ​ ដោយ​សុទ្ធតែ​លើក​ឡើង​ថា​ ក្រិត្យ​ច្បាប់​របស់​ប្រធានាធិបតី​ត្រាំ ​គឺ​រំលោភ​ទៅ​នឹងរដ្ឋ​ធម្មនុញ្ញ​សហរដ្ឋ​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

អំណាច​តុលាការ ​ទល់នឹង​អំណាច​នីតិប្រតិបត្តិ។​ ក្រិត្យ​ច្បាប់​ប្រធានាធិបតី​របស់​លោកត្រាំ ​ដែល​បានហាម​ឃាត់​រយៈពេល​៣ខែ ​ មិនឲ្យ​ធ្វើ​ដំណើរ​ចូល​សហរដ្ឋ​អាមេរិក​ ទៅលើ​ប្រជាជន​មក​ពី​ប្រទេស​អ៊ីស្លាម​ចំនួន​៧ប្រទេស ​(ស៊ីរី​  ​អ៊ីរ៉ាក់​  អ៊ីរ៉ង់​​ ស៊ូដង់  ​សូម៉ាលី  ​លីប៊ី  ​​យេម៉ែន) ​បាន​​បង្ក​ឲ្យ​មាន​ការ​រិះគន់​ មិន​ថា​តែ​នៅក្នុង​សហរដ្ឋ​អាមេរិក​ទេ ​តែ​ទូទាំង​ពិភពលោក។ ទើបតែ​នៅ​ថ្ងៃ​សុក្រ​ទី​ ៣​កុម្ភៈ​ លោក​ចៅក្រម​សហព័ន្ធ​មួយរូប ​ឈ្មោះ ​James Robart​ បាន​ចេញ​សាលក្រម​ សម្រេច​ឲ្យ​ព្យួរ​ការ​អនុវត្ត​ក្រិត្យ​ច្បាប់​នេះ។

 
សេចក្តី​សម្រេច​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នៃ​រដ្ឋ​Washington ​និង​រដ្ឋ​ Minnesota ​បាន​រួមគ្នា ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​សហព័ន្ធ។ សម្រាប់​មន្ត្រី​តំណាង​ស្ថាប័ន​យុត្តិធម៌​ទាំង​ពីរ​ ​ក្រិត្យច្បាប់​របស់​លោក​ត្រាំ ​គឺ​វា​ផ្ទុយ​នឹង​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក​ ព្រោះ​វា​មាន​ខ្លឹមសារ​បង្កើត​ការ​រើសអើង​ទៅ​លើ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ ដោយ​ឥត​ប្រកែកបាន។

ខាង​សេតវិមាន​បាន​បញ្ជាក់​ថា ​គេ​បាន​ទទួល​ដំណឹង​ពី​សេចក្តី​សម្រេច​របស់​ចៅក្រម​នៅ​រដ្ឋ​Seattle​ ហើយ ​ ហើយ​គេ​កំពុង​ពិចារណា​ពី​ផល​ប៉ះពាល់ ​ជាមួយ​នឹង​មន្ត្រី​ជំនាញ​សន្តិសុខ​ជាតិ។ ដោយ​មិន​បង្អង់រងចាំ ​ខាង​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​នៅ​ព្រលាន​យន្តហោះ​អាមេរិក ​បាន​ទទួល​បញ្ជា ​ឲ្យបើក​ទទួល​ប្រជា​ជន​ប្រទេស​ទាំង៧​ឡើងវិញ ​បើ​សិន​ជន​នោះ​មាន​ទិដ្ឋាការ​ចូល​អាមេរិក ​ដោយ​ត្រឹមត្រូវ។ ក្រុមហ៊ុន​អាកាសចរណ៍ ​ក៏​ត្រូវបាន​គេ​ផ្តល់​ដំណឹង ​ឲ្យដឹក​អ្នក​ដំណើរ​ពី​ប្រទេស​ទាំង​នោះ ​ជា​ធម្មតា​វិញ​ដែរ ​នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ទទួល​បន្ទុក​អន្តោប្រវេសន៍​និង​គយ ​ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters។

សូម​បញ្ជាក់ថា​ ក្រិត្យ​ប្រធានាធិបតី​ដែល​បាន​ហាម​ឃាត់​ប្រជាជន​មក​ពី​ប្រទេស​ទាំង​៧​ខាង​លើ ​មិន​ឲ្យ​ចូលសហរដ្ឋ​អាមេរិក​ បាន​បង្ក​ភាព​ចលាចល​ជាច្រើន ​នៅ​តាម​ព្រលាន​យន្តហោះ។ អ្នក​ដំណើរ​បើ​ទោះបី​ជា​មាន​ទិដ្ឋាការ​ត្រឹមត្រូវ ​មិន​ថា​សិស្ស ​និស្សិត ​សិល្បករ ​បុគ្គលិក​បំពេញ​ការងារ​ ត្រូវ​បាន​គេ​ហាម​មិន​ឲ្យ​ធ្វើ​ដំណើរ ​រឺ​ក៏​មក​ដល់​ទឹកដី​អាមេរិក​ហើយ ​ក៏ត្រូវ​គេ​ឃាត់​ខ្លួន​ទុក។ យោង​តាម​តួលេខ​ផ្សាយ​ដោយ​សារព័ត៌មាន​អាមេរិក​ យ៉ាងហោច​ណាស់​មនុស្ស​១សែន​នាក់ ​ដែល​បាន​ទទួល​ទិដ្ឋាការ​ហើយ ​តែត្រូវ​បាន​គេ​ហាម​ឃាត់​មិន​ឲ្យ​ចូល​សហរដ្ឋ​អាមេរិក។ តែ​ខាង​សេតវិមាន​ បាន​បង្ហាញ​តួលេខ​តែ​៦ម៉ឺន​នាក់​ប៉ុណ្ណោះ។

សេចក្តី​សម្រេច​ព្យួរ​ការ​អនុវត្ត​ក្រិត្យច្បាប់​នេះ ​ គឺ​ជា​ជោគជ័យ​បណ្តោះ​អាសន្ន ​ដែល​ស្ថាប័ន​យុត្តិធម៌​អាមេរិក ​ហ៊ាន​ចេញ​មុខ​តទល់ទៅ​នឹង​រដ្ឋាភិបាល​ថ្មី​របស់​លោកត្រាំ។ មេធាវី ​និង​ចៅក្រម​ជាច្រើន​បាន​សំដែង​ការ​អបអរ​ ចំពោះ​សេចក្តី​សម្រេច​របស់​លោក​ចៅ​ក្រម​សហព័ន្ធ ​ដែល​ពួក​គេ​បាន​អះអាង​ថា ​គឺ​ជា​ជោគជ័យ​នៃ​នីតិរដ្ឋ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ