អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ដូណាល់ ត្រាំ ​​ប្តឹងឧទ្ធរណ៍ ​ប្រឆាំង​សាលដីកា​ដែល​សម្រេច​ព្យួរ​ក្រឹត្យច្បាប់​ស្តីពី​ជន​អន្តោប្រវេសន៍​អ៊ីស្លាម

សំឡេង ០៦:៤៤
លោកចៅក្រម​ James Robart នៃតុលាការ​សហព័ន្ធ​ក្រុង​ Seattle រដ្ឋ Washington
លោកចៅក្រម​ James Robart នៃតុលាការ​សហព័ន្ធ​ក្រុង​ Seattle រដ្ឋ Washington
ដោយ៖ ម៉ម ពិសី

មួយថ្ងៃ ​ក្រោយ​ពេល​ដែល​លោក​ចៅក្រម ​នៃ​តុលាការ​សហព័ន្ធ​ក្រុង​Seattle ​ រដ្ឋ​Washington ​បាន​ចេញ​ដីកា​ព្យួរ​ការ​អនុវត្ត​ក្រឹត្យ​ប្រធានាធិបតី ​ស្តីពី​ការ​ហាមឃាត់​មិន​ឲ្យ​ប្រជាជន​មក​ពី​ប្រទេស​អ៊ីស្លាម​៧​ប្រទេស ​ធ្វើ​ដំណើរ​ចូល​សហរដ្ឋ​អាមេរិក​នោះ ​នៅថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ​សេតវិមាន ​បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍ ​ទល់​នឹង​សាលដីកា​នេះ។ លោក​ដូណាល់ ត្រាំ ​បាន​សន្យា​ថា​លោក​ នឹង​យក​ជ័យ​ជំនះ​ឲ្យ​បាន​ ដើម្បី​ហាមឃាត់​មិន​ឲ្យ​ពួក​ភេរវកម្ម​ ចូល​ទឹកដី​អាមេរិក។ ដោយឡែក​បាតុកម្ម ​ប្រឆាំង​នឹង​ក្រឹត្យ​ប្រធានាធិបតី​នេះ ​ត្រូវ​បាន​រៀបចំ​ឡើង​មិន​ថា​នៅ​សហរដ្ឋ​អាមេរិក​ទេ ​សូម្បីតែ​នៅ​តាម​ទីក្រុង​ធំៗ​នៅ​អឺរ៉ុប​ ក៏​មាន​មនុស្ស​រាប់ពាន់​នាក់ ​ចូល​រួម​ដែរ។ ក្រឹត្យ​ច្បាប់​ ដែល​ក្រុម​បាតុករ​បរិហារថា​ មាន​ខ្លឹមសារ​រើសអើង​ និង​ស្អប់ខ្ពើម​អ្នក​កាន់​សាសនា​អ៊ីស្លាម។

ផ្សាយពាណិជ្ជកម្ម

អំណាច​តុលាការ ​ទល់​នឹង​រដ្ឋាភិបាល​

អំណាច​នីតិប្រតិបត្តិ​ និង​អំណាច​តុលាការ​កំពុង​តែ​ប្រឈម​មុខ​ដាក់​គ្នា​ហើយ។ ហើយ​អ្វីៗ​នៅ​ពេល​នេះ ​ គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​ប៉ុណ្ណោះ។ កុំភ្លេច​ថា​លោក​ដូណាល់ ត្រាំ ​ទើប​តែ​ចូល​កាន់​ដំណែង​មិន​ទាន់​បាន​១ខែ​ស្រួលបួល​ផង​ តែ​ភាព​តានតឹង​នៃ​ស្ថាប័ន​កំពូល​ទាំង​ពីរ​ របស់​អាមេរិក​ បាន​ចាប់​ផ្តើម​មាន​ទៅ​ហើយ។

ក្រឹត្យ​ច្បាប់​ដែល​បង្ក​បញ្ហា ​និង​បង្កើត​ជា​ការ​តវ៉ា ​សឹងតែ​គ្រប់​ទីកន្លែង​ មិន​ថា​នៅ​អាមេរិក​ និង​នៅ​បរទេស​នោះ ​ត្រូវ​បាន​លោក​ចៅក្រម​សហព័ន្ធ​ម្នាក់​ឈ្មោះ ​James Robart ​ដែល​ជា​ចៅក្រម​នៃ​តុលាការ​សហព័ន្ធ​រដ្ឋ​វ៉ាស៊ីនតោន ​បាន​សម្រេច​ព្យួរការ​អនុវត្ត​វា​បណ្តោះ​អាសន្ន ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ ដើម្បី​ទុក​ពេល​វេលា​ជំនំជំរះ​ លើ​ខ្លឹមសារ​របស់​វា។

ដើម​ដំបូង​គឺ​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នៃ​រដ្ឋ​វ៉ាស៊ីនតោន​ គឺ​លោក​ Bob Ferguson​ ដែល​ជា​អ្នក​ដាក់​ពាក្យ​ប្តឹង។​ ក្នុង​បណ្តឹង​ លោក​បាន​លើកឡើង​ថា​ ក្រឹត្យ​ច្បាប់​របស់​លោកត្រាំ ​ដែល​សំដៅ​ហាមឃាត់​មិនឲ្យ​ប្រជា​ជន​មក​ពី​ប្រទេស​អ៊ីស្លាម៧​ប្រទេស ​ធ្វើ​ដំណើរ​ចូល​សហរដ្ឋ​អាមេរិក​នោះ​ ​គឺ​​វា​មាន​ខ្លឹមសារ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ ​សហរដ្ឋ​អាមេរិក។

ប្រតិកម្ម​របស់​លោក​ប្រធានាធិបតីត្រាំ​ ទល់​នឹង​សាលដីការ​របស់​ចៅក្រម ​James Robart ​គឺ​លោក​ដូណាល់ត្រាំ​បាន​សរសេរ​តាម​ទំព័រ​Twitter ​ដូច​សព្វ​មួយដង​ ដោយ​បាន​ប្រើ​ពាក្យ ​និង​ឃ្លា​បែប​វាយ​ប្រហារ​ចំៗ ​តែម្តង។ លោកត្រាំ​បាន​សរសេរ​ថា ​“ម្សៀល​ចៅក្រម​នេះ​មិន​ដឹង​មក​ពី​ណាទេ​ មក​សម្រេច​បំផ្លាញ​ការ​អនុវត្ត​​ច្បាប់​របស់​រដ្ឋាភិបាល”។ លោកត្រាំ​បន្ត​ថា ​“វាគឺ​សេចក្តី​សម្រេច ​ដ៏​ល្ងីល្ងើ  ​ហើយ​ត្រូវ​តែ​ត្រូវ​បាន​រំលាយ​ចោល​ជា​បន្ទាន់”

បន្ទាប់​មកទៀត ​ លោក​ត្រាំ​សរសេរ​ថែម​ទៀត​ថា ​ “ចៅក្រម​ម្នាក់នេះ ​មក​សម្រេច​បើក​ចំហរ​ទ្វារ​អាមេរិក ​ធ្វើឲ្យ​ពួក​ភេរវកម្ម​និង​ពួក​មនុស្ស​ដែល​ស្អប់​អាមេរិក ​ ចូលដី​អាមេរិក​បាន​ដោយ​សេរី។ ពពួក​មនុស្ស​អាក្រក់​ទាំងអស់​នេះ ​ កំពុង​សប្បាយ​ចិត្ត​ណាស់”។ ហើយ​បន្ទាប់​ពី​សេតវិមាន ​បាន​ប្រកាស​ថា​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍ ​នៅ​ថ្ងៃសៅរ៍ ​ លោក​ដូណាល់ ត្រាំ ​ក៏​បាន​បន្ថែម​មួយ​ឃ្លាទៀត​ ថា “យើង​នឹង​ឈ្នះ!”

 
តាមពិត​ទៅ​តុលាការ​សហព័ន្ធ​នៃ​រដ្ឋ​វ៉ាស៊ីនតោន ​នៅមិន​ទាន់​ជំនំជំរះ​លើ​ខ្លឹមសារ​នៃ​ក្រឹត្យ​ច្បាប់​នេះ ​ ថា​វា​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ ​នៅឡើយ​ទេ។ លោក​ចៅក្រម ​James Robart ​គ្រាន់​តែ​ព្យួរ​ការ​អនុវត្ត​ក្រឹត្យនេះ ​ជា​បណ្តោះ​អាសន្ន​សិន ​ក្នុង​កំឡុង​ពេល​ជំនំជំរះ។ ឥឡូវ​សំណុំ​រឿង​នេះ ​ ត្រូវ​បាន​រដ្ឋាភិបាល​លោកត្រាំ ​ដាក់​ពាក្យ​ប្តឹង​ឡើង​ទៅ​ឧទ្ធរណ៍ ​ហើយ​បើ​ក្នុង​ករណី​ភាគី​ណាមួយ​នៅតែ​មិន​សុខចិត្ត ​ សំណុំ​រឿងនេះ ​នឹង​ត្រូវ​ឡើង​ទៅ​តុលាការ​កំពូល​នៃ​សហរដ្ឋ​អាមេរិក។

ក្រឹត្យច្បាប់ ​ផ្ទុយនឹង​រដ្ឋធម្មនុញ្ញ​រឺទេ?
សំណួរដែល​ចោទ​សួរ ​គឺថា ​តើ​ក្រឹត្យច្បាប់ ​ដែល​ដូណាល់ ត្រាំ​បាន​ចុះ​ហត្ថលេខា ​កាល​ពី​ថ្ងៃទី​២៧​មករា​ កន្លង​ទៅនេះ ​ វា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក ​មែន​រឺ​ក៏​អត់? នេះគឺ​ចំណោទ!​ យោង​តាម​ដើម​បណ្តឹង ​គឺ​ក្រឹត្យច្បាប់​នេះ ​ វាផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ ​ព្រោះ​វា​មាន​ខ្លឹមសារ​រើសអើង​ប្រកាន់​ពូជសាសន៍​ និង​សាសនា។ ​ ក្រឹត្យនេះ​សំដៅ​ហាមឃាត់​មិន​ឲ្យ​ចូល​សហរដ្ឋ​អាមេរិក​ នូវ​ប្រជាជន​មក​ពី​ប្រទេស​៧ ​ មាន​ស៊ីរី ​អ៊ីរ៉ាក់​ អ៊ីរ៉ង់ ​លីប៊ី ​សូម៉ាលី ​ស៊ូដង់ ​និង​យេមែន ​ដែល​សុទ្ធ​ជា​ប្រទេស​អ៊ីស្លាម។

ក៏ប៉ុន្តែ ​សម្រាប់​សេតវិមាន​ ​គេ​បាន​អះអាង​ថា ​នៅ​ក្នុង​ក្រឹត្យ​ច្បាប់​នេះ ​ គេ​មិន​មាន​សរសេរ​ពាក្យ ​“សាសនាអ៊ីស្លាម” ​សូម្បី​តែ​មួយម៉ាត់។ ការ​ហាមឃាត់ ​គឺ​គេ​សំដៅទៅ​លើ​ប្រទេស ​មិនមែន​សំដៅទៅ​លើ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទេ។ យ៉ាងណាមិញ​ មាន​ចៅក្រម​សហព័ន្ធ​នៅ​រដ្ឋ​ម៉ាសាជូសេត​ ម្នាក់ ​ក៏បាន​សម្រេច​ដែរ​ ថាក្រឹត្យ​នេះ ​មិន​មាន​ខ្លឹមសារ​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញទេ  ​ព្រោះគេ​មិន​មាន​សរសេរ​ពាក្យ​សាសនា​អ៊ីស្លាម​ទេ។

ក៏ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ​សម្រាប់​អ្នក​តវ៉ា ​បើទោះបី​ជា​លោក​ដូណាល់ ត្រាំ​បាន​ជ្រើសរើស​យក​វិធី​ការពារ​ខ្លួន​ ដោយ​មិន​បាន​សរសេរ​ពាក្យ​សាសនា​អ៊ីស្លាម ​នៅ​ក្នុង​ក្រឹត្យ​នេះក៏​ដោយ ​ក៏​ប៉ុន្តែ ​មាន​តែ​មនុស្ស​ល្ងង់​ទេ​ទើប​មិន​យល់ថា​ ក្រឹត្យ​នេះ​សំដៅ​លើអ្នក​កាន់​សាសនា​អ៊ីស្លាម។ ប្រទេស​ទាំង៧​ ដែល​ជាប់​បំរាម​ គឺ​សុទ្ធ​តែ​ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម។

មួយវិញ​ទៀត ​លោកត្រាំ​ខ្លួន​ឯង​នេះ​តែម្តង​ ដែល​ធ្លាប់​ស្រែក​ក្តែងៗ​ ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ ​ថា​ចង់​ហាមឃាត់​កុំឲ្យ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ ចូល​សហរដ្ឋ​អាមេរិក។ ហើយជាង​នេះ​ទៅ​ទៀត ​ក្រោយ​ពេល​ធ្វើក្រឹត្យ​នេះហើយ ​ លោក​ត្រាំ​បាន​និយាយ​ថា ​គាត់​កំពុង​ពិចារណា ​ចង់​បើក​ឲ្យ​ប្រជាជន​ដែល​កាន់​សាសនា​គ្រិស្ត ​មក​ពី​ប្រទេស​ទាំង​៧​ដែល​ជាប់​បំរាម​ អាច​ចូល​អាមេរិក​បាន។ អញ្ចឹង​មាន​ន័យ​ថា ​ស្មារតី​ គោល​គំនិត​ចំបង​របស់​លោកត្រាំ ​គឺ​សំដៅ​ហាមឃាត់​អ្នក​កាន់​សាសនា​អ៊ីស្លាម​តែ​ប៉ុណ្ណោះ។ ហើយ​ហេតុផល​ទាំងនេះ ​ អាច​នឹង​ត្រូវ​បាន​ចៅក្រម​នៃ​តុលាការ​សហព័ន្ធ​យក​ទៅ​ពិចារណា ​ដើម្បី​ជំនំជំរះ​លើ​សំណុំរឿង​នេះ។

ព្រំដែន​ចាប់​បើក ​ ក្រុមហ៊ុន​អាកាសចរណ៍​ចាប់​ដឹក​អ្នក​ដំណើរ​តាម​ធម្មតាវិញ៖
តាម​ធម្មតា​ សេចក្តី​សម្រេច​ព្យួរ​ការ​អនុវត្ត​ក្រឹត្យ ​របស់​ចៅក្រុម​សហព័ន្ធ ​ គឺ​មាន​ប្រសិទ្ធិភាព​ភ្លាមៗ។ អាជ្ញាធរ ​មន្ត្រី​នគរបាល​ច្រកព្រំដែន ​ជា​ពិសេស​តាម​ច្រក​ព្រលាន​យន្តហោះ ​និង​ក្រុមហ៊ុន​អាកាចរណ៍​តែម្តង​ កំពុង​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល ​មិន​ដឹង​ត្រូវ​អនុវត្ត​តាម​អ្នក​ណាទេ។

តែយ៉ាងណា ​បើ​តាម​ព័ត៌មាន​ចុងក្រោយ​ដែល​ទទួល​បាន ​ ពី​អ្នក​នាំពាក្យ​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​របស់​អាមេរិក​បាន​បញ្ជាក់​ថា ​អាជ្ញាធរ​ទាំងអស់ ​ត្រូវផ្អាក​ មិន​ត្រូវ​អនុវត្ត​ក្រឹត្យ​ច្បាប់​នេះ​ ក្នុង​កំឡុង​ពេល​នេះ។ ដូច្នេះ​មាន​ន័យថា ​ចាប់តាំង​ពី​ថ្ងៃ​ព្រឹក​ថ្ងៃ​សៅរ៍​មក​ មន្ត្រី​នគរបាល​អន្តោប្រវេសន៍ ​បាន​ទទួល​បញ្ជា ​ឲ្យ​បើក​ផ្លូវ​ ឲ្យ​ប្រជាជន​ដែល​មក​ពី​ប្រទេស​ទាំង​៧​ខាង​លើ​ អាច​ចូល​សហរដ្ឋអាមេរិក​បាន​ ឲ្យតែ​អ្នក​នោះ​មាន​ទិដ្ឋាការ​ត្រឹមត្រូវ។

ចំណែក​ខាង​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ចំនួន​ធំ ​ ដូចជា​ Airfrance ​Qatar airways ​Lufthansa ​ជាដើម​ បាន​ប្រកាស​ថា ​គេ​បាន​បើក​ទទួល​ដឹក​អ្នក​ដំណើរ​ ដែល​មក​ពី​ប្រទេស​ទាំង​៧​ខាងលើ ​ចូល​អាមេរិក​វិញ​ហើយ​។ តែ​ស្ថានភាព​នេះ ​ក៏​ជា​ស្ថានភាព​បណ្តោះ​អាសន្ន​ដែរ ​ព្រោះវា​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​របស់​ចៅក្រម​នៅ​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​បន្ត​ទៀត។ ដូច្នេះ​ហើយ ​បាន​ជា​មាន​​ភាព​ជ្រួលច្របល់​ ម្នាក់ៗ​នាំគ្នា​ប្រញ៉េប​ប្រញ៉ាប់​ធ្វើ​ដំណើរ ​ទាន់​ពេល​គេ​បើក​ទ្វារ។

តាមពិត​ទៅ​ភាព​ស្មុគស្មាញ​រញ៉េរញ៉ៃ ​មាន​តាំងតែ​ពី​ក្រឹត្យ​នេះ​បាន​ដាក់​ចុះ​ឲ្យ​អនុវត្ត​ភ្លាម​ម្លេះ។ ភាព​ស្រពេចស្រពិល ​គឺ​ទាក់ទិននឹង​ អ្នក​ដំណើរ​ដែល​មាន​បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​នៅ​សហរដ្ឋ​អាមេរិក​ស្រាប់​ ព្រមទាំង​មនុស្ស​មួយ​ចំនួន​ដែល​មាន​សញ្ជាតិ​ពីរ។ បន្ទាប់​ពី​ស្ទាក់​ស្ទើរ​ចុះឡើង​ សេតវិមាន ​បាន​សម្រេច​ប្តូរ​ចិត្ត ​លើកលែង​មិន​អនុវត្ត​ទៅ​លើ​ករណី ​អ្នក​ដែល​មាន​បណ្ណ​ស្នាក់​អចិន្ត្រៃយ៍​​ និង​អ្នក​មាន​សញ្ជាតិ​ពីរ​ទេ។

យើង​សង្កេត​ឃើញថា ​ ក្រុម​ការងារ​របស់​លោកត្រាំ ​មិនបាន​គិតគូរ​វែងឆ្ងាយ​ ពី​បញ្ហា​ផ្លូវច្បាប់ ​រឺ​ពី​ផល​វិបាក​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​ទេ ​គឺ​ធ្វើ​ក្រឹត្យ​នេះ​ឲ្យ​តែ​បានៗ ​តែ​ប៉ុណ្ណោះ។ ឥឡូវ​ពេលនេះ ​បញ្ហា​កាន់​តែ​រីកធំ ​ក្លាយ​ជា​ជម្លោះ​ផ្លូវច្បាប់ ​ជាមួយ​ប្រព័ន្ធ​តុលាការ។ បើសិន​ជា​លោកត្រាំ ​ចាញ់​ក្នុង​សំណុំ​រឿង​នេះ ​ មាន​ន័យ​ថា​ វា​គឺ​ជា​បរាជ័យ​និង​ភាព​អម៉ាស​ លើកទី​មួយ​របស់​លោក។ តែ​យ៉ាងណា ​លោក​ដូណាល់ ​ត្រាំ​​ត្រូវបាន​គេ​ស្គាល់​ថា ​ជា​មនុស្ស​មិន​ចេះ​ចុះចាញ់​ទេ ​បើ​គេ​ដាក់​គាត់​១ដៃ ​គាត់​ដាក់​គេ​វិញ​១០​ដៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ