អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អតីត​មន្ត្រី​ជំនីត​របស់​លោក​ដូណាល់ ត្រាំ ​ត្រូវ​ជាប់​​ចោទ​​​ជា​ផ្លូវការ ក្នុង​​សំណុំរឿង​​ឃុបឃិត​ជាមួយ​រុស្ស៊ី

សំឡេង ០៦:៤៥
លោក Robert Mueller អតីត​ប្រធាន​FBI និង​បច្ចុប្បន្ន​​ជា​​រដ្ឋអាជ្ញា​​ទទួល​បន្ទុក​​ស៊ើប​អង្កេត សំណុំរឿង​រុស្ស៊ី
លោក Robert Mueller អតីត​ប្រធាន​FBI និង​បច្ចុប្បន្ន​​ជា​​រដ្ឋអាជ្ញា​​ទទួល​បន្ទុក​​ស៊ើប​អង្កេត សំណុំរឿង​រុស្ស៊ី REUTERS/Jonathan Ernst
ដោយ៖ ម៉ម ពិសី
៣៧ នាទី

យើងគ្រប់គ្នា ប្រហែលជានៅចាំមិនភ្លេចទេ អំពីសំណុំរឿងអាស្រូវ ស្តីពីការលូកដៃចូលរបស់រុស្ស៊ី មកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កន្លងទៅ។ ក្រុមការងាររបស់លោកដូណាល់ ត្រាំ ត្រូវបានគេសង្ស័យថា បានឃុបឃិតជាមួយមន្ត្រីជំនាញរបស់រុស្ស៊ី​ ក្នុងការប្រើមធ្យោបាយផ្សេង ដើម្បីយកឈ្នះលើលោកស្រីហ៊ីឡារី គ្លីនតុន។ ការស៊ើបអង្កេតក្នុងសំណុំរឿងនេះ កំពុងតែដំណើរការយ៉ាងសំងាត់។ ហើយបើតាមការប្រកាសផ្សាយ របស់បណ្តាញព័ត៌មានអាមេរិកជាច្រើន  បានឲ្យដឹងថា នៅថ្ងៃចន្ទ ទី៣០តុលានេះ  លោករដ្ឋអាជ្ញាអាមេរិក​ និងធ្វើការប្រកាស ពីលទ្ធផលស៊ើបអង្កេត ហើយនឹងអាច ឈានទៅធ្វើការចោទប្រកាន់ លើមនុស្សមួយចំនួនទៀតផង ទាក់ទងនឹងសំណុំរឿងរុស្ស៊ីនេះ។

ផ្សាយពាណិជ្ជកម្ម

សំណុំរឿងនេះ  មានលក្ខណៈស្មុគស្មាញ និងប្រទាក់ក្រឡាខ្លាំងណាស់។ ជារួម គឺគេបានសង្ស័យ ថាក្រុមការងារ ឬមនុស្សស្និទស្នាលនឹងលោកដូណាល់ ត្រាំ បានទាក់ទងដោយសម្ងាត់ ជាមួយ​មន្ត្រី​រុស្ស៊ី ឬក៏អ្នកដែលធ្វើការឲ្យរុស្ស៊ី ដើម្បីទំលាយព័ត៌មាន  ឬក៏បំផុសបំផុលព័ត៌មានមិនពិតផ្សេងៗ នៅ​តាមបណ្តាញសង្គម ដើម្បីធ្វើយ៉ាងណា ឲ្យបេក្ខភាពរបស់លោកស្រី គ្លីនតុន ត្រូវបាត់ប្រជាប្រិយភាព ហើយឈានទៅចាញ់ឆ្នោត។

យោងតាមរបាយការណ៍របស់ FBI គេសន្និដ្ឋានថា​ រុស្ស៊ីបានប្រើប្រាស់ អ្នកជំនាញព័ត៌មានវិទ្យា ឲ្យចូលទៅលួចទិន្ន័យរបស់គណបក្សប្រជាធិបតេយ្យ  ឬក៏បានប៉ុនប៉ង ចូលទៅលួចទិន្ន័យនៃកម្មវិធីគ្រប់គ្រងការបោះឆ្នោតជាដើម។ ប៉ុន្តែអ្វីដែលនៅខ្វះ គឺភស្តុតាង ដែលសំអាងអំពីការឃុបឃិតគ្នា រវាង ក្រុមការងារលោកត្រាំ និងបក្សពួក​រុស្ស៊ី។

ដានគួរឲ្យសង្ស័យជាច្រើន

តែមានដាន ជាច្រើន ដែលគេកំពុងស៊ើបអង្កេត។ ជាក់ស្តែង កាសែត New York Times បានចុះផ្សាយកាលពីខែកក្កដា ថាកូនប្រុសច្បងរបស់លោកដូណាល់ ត្រាំ បានទៅជួបនិងស្ត្រីមេធាវី ជនជាតិរុស៊្សីម្នាក់ ឈ្មោះ Natalia Veselnitskaya កាលពីខែមិថុនា ឆ្នាំ២០១៦ ដើម្បីប្រគល់ឲ្យស្រ្តីមេធាវីរូបនោះ នូវ ព័ត៌មានសំងាត់ផ្សេងៗ ទាក់ទិននឹងលោកស្រី ហ៊ីឡារី គ្លីនតុន។ ស្រ្តីមេធាវីជនជាតិរុស្ស៊ីរូបនោះ អះអាងថាខ្លួនជាមេធាវីឯកជនទេ មិនមានអ្វីពាក់ព័ន្ធនឹងរដ្ឋាភិបាលរុស្ស៊ីឡើយ។ ក៏ប៉ុន្តែ បើតាមការស៊ើបអង្កេត ស្ត្រីមេធាវីរូបនេះ ធ្លាប់មានទំនាក់ទំនងស្និទណាស់ ជាមួយអ្នកដឹកនាំរុស្ស៊ី។

ដានទីពីរ គឺទាក់ទិននឹងឯកសារដែល Wikileaks បានទំលាយ។ ឯកសារទាំងនោះតាមពិតទៅ មិនមានអ្វីជារឿងអាស្រូវធំដំទេ តែគេបានទំលាយវា​ ម្តងបន្តិចៗ ធ្វើយ៉ាងម៉េចឲ្យរឿងរ៉ាវ ព័ត៌មានមិនល្អ របស់លោកស្រីគ្លីនតុន នៅមានជាប្រចាំ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ ហើយបើតាមទូរទស្សន៍ CNN បានផ្សាយថា ក្រុមហ៊ុនព័ត៌មានវិទ្យា ឈ្មោះ Cambridge Analytica បានទាក់ទងទៅ Wikileaks ដើម្បីរៀបចំសំណុំទិន្ន័យទាំងនោះយកផ្សព្វផ្សាយ  ជួយឲ្យលោកដូណាល់ ត្រាំ មានប្រៀបជាងលោកស្រីគ្លីនតុន។ ក្រុមហ៊ុន Cambridge Analytica​​ គឺជាកម្មសិទ្ធិរបស់មហាសេដ្ឋីឈ្មោះ Mercer ហើយដែលជាមិត្តស្និទ្ធស្នាលនិង លោក Stephen Banon។ លោក Stephen Banonនេះឯង ដែលជាប្រធានក្រុមការងារឃោសនាបោះឆ្នោត របស់លោកដូណាល់ ត្រាំ។

ដានផ្សេងៗទៀត ដែលធ្វើឲ្យគេសង្ស័យ​ គឺមន្ត្រីធំៗស្និទនឹងលោកដូណាល់ ត្រាំ ធ្លាប់បានទៅជួបដោយសំងាត់ ជាមួយនឹងអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំក្រុងវ៉ាស៊ីនតោន។ មួយវិញទៀត លោក Jared  Kushner កូនប្រសារលោកដូណាល់ ត្រាំ បានស្កាត់ទៅជួប និងប្រធានធនាគារុស្ស៊ី Vnesheconombank កាលពីខែធ្នូឆ្ឆ្នាំ​២០១៦។ ធនាគាររុស្ស៊ីនេះ ជាធនាគារ ដែលរដ្ឋបាលអាមេរិក បានដាក់ទណ្ឌកម្ម មិនឲ្យរកស៊ីទេ។ ការដែលកូនប្រសារលោកត្រាំទៅជួបប្រធានធនាគារ គឺបានធ្វើឲ្យគេសង្ស័យខ្លាំងណាស់។

លោកដូណាល់ ត្រាំ អាចមិនជាប់ឈ្មោះ ក្នុងចំណោមជនសង្ស័យ

បើតាមសំដី របស់លោក Christ Christie អភិបាលរដ្ឋ New Jersey មកពីបក្សសាធារណៈរដ្ឋ បានលើកឡើងថា លោកដូណាល់ ត្រាំ ខ្លួនឯង មិនជាប់ឈ្មោះក្នុងការចោទប្រកាន់ទេ ព្រោះថា បើរដ្ឋអាជ្ញាមានបំណងចោទប្រកាន់នរណាម្នាក់ នោះរដ្ឋអាជ្ញាត្រូវទាក់ទង ជាញឹកញាប់ជាមួយនឹង មេធាវីការពារជននោះ។ តែកន្លងមក មេធាវីរបស់លោកដូណាល់ ត្រាំ មិនត្រូវបានគេទាក់ទងទេ។

រហូតមកទល់ពេលនេះ ​ការស៊ើបអង្កេតដឹកនាំដោយ លោក Robert Mueller គឺធ្វើទៅដោយសំងាត់បំផុត។​ លោក រដ្ឋអាជ្ញារូបនេះ​មិនដែលចេញមុខ មកនិយាយអ្វីជាសាធារណៈទេ។ តែបើតាមប្រភពព័ត៌មានពី CNN បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាវិនិច្ឆ័យនៃរដ្ឋអាជ្ញា បានសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការ ទៅលើមនុស្សមួយចំនួនហើយ។ នៅថ្ងៃនេះ បន្ទាប់ប្រកាសឲ្យដឹងជាសាធារណៈ ក្រុមសមត្ថកិច្ច អាចនឹងឈានទៅដល់ការចាប់ខ្លួន អ្នកជាប់ពាក់ព័ន្ធនេះ យ៉ាងហោចណាស់ ក៏ម្នាក់ដែរ។

មនុស្ស២នាក់ អាចជាប់ចោទជាផ្លូវការ

បើតាមប្រភពព័ត៌មានដដែល បង្ហាញថា មានមនុស្សយ៉ាងហោចណាស់ ២នាក់ ទីមួយ គឺលោក Paul Manafortអតីតប្រធានក្រុមការងារឃោសនាបោះឆ្នោត របស់លោកដូណាល់​ ត្រាំ ដែលអាចជាប់សង្ស័យ ថាបានធ្វើសកម្មភាព ដោយលាក់កំបាំង ក្នុងការផ្តល់ប្រឹក្សាឲ្យអតីតមេដឹកនាំអ៊ុយក្រែន ដែលស្និទនឹងរុស្ស៊ី ហើយក៏ធ្លាប់បានជួបនឹងមន្ត្រីធំរបស់រុស្ស៊ីទៀតផង។ អ្នកទីពីរ គឺ លោក Mychael Flynn អតីតទីប្រឹក្សាពិសេសផ្នែកសន្តិសុខរបស់លោកដូណាល់ ត្រាំ ក៏អាចជាប់ក្នុងការចោទប្រកាន់ដែរ។ លោក Mychael Flynn នេះត្រូវគេសង្ស័យថាបានធ្វើសកម្មភាពផ្តល់ប្រឹក្សាឲ្យរដ្ឋាភិបាលតួកគី នឹងបានធ្វើជួប ដោយសំងាត់ ជាមួយមន្ត្រីរុស្ស៊ីជាច្រើននាក់ដែរ។

យ៉ាងណាក៏ដោយ មានសមាជិកសភា និងព្រឹទ្ធសភាអាមេរិកជាច្រើននាក់ ដែលជឿថា នេះគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ ព្រោះគេស្គាល់ចរិករបស់លោករដ្ឋអាជ្ញា Robert Mueller ច្បាស់ណាស់ ថាជាមនុស្សម៉ឺងម៉ាត់  មិនចុះចាញ់ ហើយនឹងប្រឹងប្រែង រើកកាយរឿងរ៉ាងនេះមកឲ្យអស់ ទោះជារឿងរ៉ាងតាំងពីយូរយាណាស់ក៏ដោយ ឲ្យតែមានជាប់ពាក់ព័ន្ធ។

យុទ្ធសាស្ត្រវាយបករបស់បក្សសាធារណៈរដ្ឋ

ជាផ្លូវការ ទាំងលោក ដូណាល់ ត្រាំ ទាំងក្រុមគណបក្សសាធារណៈរដ្ឋ សុទ្ធតែបានច្រានចោល ការសង្ស័យទាំងអស់នេះ។​ ដូចសព្វមួយដង លោកដូណាល់ ត្រាំ បានសរសេរលើទំព័រTwitter ចោទលោកស្រីគ្លីនតុន ថាជាមនុស្សកំសាក ចាញ់ឆ្នោតហើយ នៅមិនសុខចិត្ត បែរជានិយាយបង្កាចបង្ខូច ធ្វើឲ្យ​លេចឮរឿងរ៉ាវនេះ​ ទៅជារឿងអាស្រូវធំបែបនេះ។

មិនត្រឹមតែប៉ុណ្ណោះ គណបក្សសាធារណៈរដ្ឋ បានប្រើយុទ្ធសាស្ត្រវាយបក​ ទៅលើលោកស្រីហ៊ីឡារី គ្លីនតុនវិញ កាន់តែខ្លាំង។ ជាក់ស្តែង កាលពីថ្ងៃទី ២៤ តុលានេះ គណបក្សសាធារណៈរដ្ឋ បានប្រើប្រាស់ កណកម្មការសភា ចោទប្រកាន់ទៅលើលោកស្រីគ្លីនតុន  ក្នុងសំណុំរឿង២។ ទីមួយគឺ សំណុំរឿងប្រើប្រាស់ សារអ៊ីមែល លើប្រព័ន្ធឯកជន របស់លោកស្រីគ្លីនតុន។ គណបក្សសាធារណៈរដ្ឋចោទថា ជាទង្វើខ្វះការទទួលខុសត្រូវ របស់លោកស្រីគ្លីនតុន។

ឯចំណែកសំណុំរឿងទីពីរ គឺគេបានចោទថា កាលពីឆ្នាំ២០១០ ក្នុងពេលលោកស្រី គ្លីនតុន នៅជារដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រីបានជួយធ្វើអន្តរាគមន៍ លក់ភាគហ៊ុន២០% របស់ក្រុមហ៊ុនកាណាដា ដែលរកស៊ីកកាយរ៉ែអ៊ុយរ៉ានីញ៉ូម នៅអាមេរិក។ លោកដូណាល់ ត្រាំ ក៏ធ្លាប់បានចោទលោកស្រីគ្លី​នតុនដែរ កាលពីពេលឃោសនា ថា មូលនិធិគ្លីនតុន របស់ប្តីប្រពន្ធគ្លីនតុន បានទទួលប្រាក់សំណូកពីរុស្ស៊ី ក្នុងការទិញលក់នេះ។ តែយ៉ាងណា ក្រុមលោកដូណាល់ ត្រាំ មិនដែលបង្ហាញភត្តុតាង ណាមួយឲ្យច្បាស់ទេ។

ក្រៅពីនេះ គណបក្សសាធារណៈរដ្ឋ ក៏បានចោទប្រកាន់ថា ក្រុមការងាររបស់លោកស្រីគ្លីនតុន បានជួលអ្នកស៊ើបការសំងាត់ ដើម្បីរើកកាយ រឿងរ៉ាងផ្ទាល់ខ្លួនរបស់លោកដូណាល់ ត្រាំ កាលពីក្នុងកំឡុងពេលឃោសនាបោះឆ្នោតដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ