ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារ៉ាក់ អូបាម៉ា ​សន្យា​វាយបក​ទៅ​រុស្ស៊ី​វិញ ​ដែល​បាន​ចូល​លួច​ទិន្ន័យ​ព័ត៌មាន​វិទ្យា

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកអូបាម៉ា ​បាន​ចេញ​មុខ​ប្រកាស​ និង​ចោទ​ដោយ​ត្រង់ៗ​ ​ថា​ប្រធានាធិបតី​រុស្ស៊ី ​ ពូទីន ​ដែល​ជា​អ្នក​នៅពី​ក្រោយ​សកម្មភាព​​លួច​ទិន្ន័យ​ព័ត៌មានវិទ្យា។ សម្រាប់​សហរដ្ឋ​អាមេរិក​ នេះ ​គឺ​ជា​រឿង​មិន​អាច​ទទួល​យក​បាន​ទេ ​ ដែល​ប្រទេស​ផ្សេង ​មក​ចូល​លួច​ទិន្ន័យ ​ក្នុង​ន័យ​បំផ្លាញ ​រឺ​ធ្វើ​ឲ្យ​ប្រែ​ប្រួល​លទ្ធផល ​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។ លោក​បាន​ប្រកាស​ថា ​អាមេរិក ​និង​វាយ​បក​ទៅវិញ ​ទៅ​លើ​រុស្ស៊ី។ លោក​អូបាម៉ា ​ធ្វើការ​ប្រកាស​នេះ ​នៅក្នុង​ឱកាស​សន្និសីទ​កាសែត​ប្រចាំ​ឆ្នាំ​របស់​លោក ​នៅ​សេតវិមាន ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ ទី​១៦ ធ្នូហើយ​សន្និសីទ​នេះ ​ក៏​ជា​លើក​ចុង​ក្រោយ​សម្រាប់​លោក​ដែរ។

លោក​អូបាម៉ា ក្នុង​ពេល​​​ធ្វើ​សន្និសីទកាសែត ថ្ងៃ​ទី​៦ ធ្នូ​២០១៦
លោក​អូបាម៉ា ក្នុង​ពេល​​​ធ្វើ​សន្និសីទកាសែត ថ្ងៃ​ទី​៦ ធ្នូ​២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​ចាប់​ផ្តើម ​តាំងតែ​ពី​ពេល​ឃោសនា​បោះឆ្នោត ​តែងតាំង​បេក្ខជន​ប្រធានាធិបតី​តំណាង​គណបក្ស​ទាំងពីរ ​ របស់​អាមេរិក​ម្លេះ។ នៅ​រវាង​ខែ ​មិថុនា ​ក្រុមហ៊ុន​ Crowdstrike ​ដែល​ជា​ក្រុមហ៊ុន​ផលិត​កម្មវិធី​ធានា​សន្តិសុខ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​របស់​អាមេរិក​មួយ បាន​រាយ​ការណ៍​ថា ​ម៉ាស៊ីន​កុំព្យូរទ័រ​របស់​មន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ ​​ត្រូវ​បាន​ក្រុម​ចោរ​ព័ត៌មាន​វិទ្យា​ពីរ​ក្រុម​ ចូល​ទៅ​លុកលុយ។ ក្រុម​ចោរ​ទាំង​ពីរ​នោះ ​ឈ្មោះថា​ Fancy Bear​ និង ​ Cosy Bear​ ដែលត្រូវ​បាន​ CIA ​ និង FBI តាម​ដាន​ដឹង​ថា ​មាន​ប្រភព​នៅ​រុស្ស៊ី។

 
ទិន្ន័យ​ព័ត៌មាន​វិទ្យាដែល​លួច​បាន​ ត្រូវ​បាន​យក​ទៅ​ចែកចាយ​បន្ត​ដល់ ​គេហទំព័រ​ Wikileaks ​ក្នុង​គោល​បំណង​បំផុស​រឿង​អាស្រូវ ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​និង ​បេក្ខជន​លោកស្រី​ហ៊ីឡារី គ្លីនតុន ​បាត់​ប្រជា​ប្រិយភាព។ ការបែក​ធ្លាយ​ឯកសារ​សម្ងាត់​ទាំង​អស់​នេះ ​បាន​បង្ខំ​ឲ្យ​លោកស្រី​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ ​លាលែង​ពី​តំណែង។ បន្ទាប់​មក​ទៀត​ កុំព្យូទ័រ​របស់​លោក​ John Podesta​ ប្រធាន​ក្រុម​ការងារ​ឃោសនា​បោះឆ្នោត​របស់​លោកស្រី​គ្លីនតុន ​ក៏ត្រូវ​ចោរ​ចូល​ទៅ​លុក​លុយ​ដែរ។

នៅថ្ងៃ​ទី ​១២ធ្នូ ​ ព្រឹទ្ធសភា​អាមេរិក​ ព្រមទាំង​លោក​អូបាម៉ា ​បាន​ប្រកាស​អំពី​ការ​ចាប់ផ្តើម​ស៊ើបអង្កេត​ស៊ី​ជំរៅ ​ស្តីពី​ប្រភព​ពិតប្រាកដ ​ ហើយ​រកមុខ​អ្នក​ដែល​បញ្ជា​វា។ ដូច្នេះនេះ​មិនមែន​ជា​រឿង​លេង​សើច ​រឺ​ចោទ​ប្រកាន់​ឲ្យតែ​រួច​ពី​មាត់​ទេ។ ស្ថាប័ន​កំពូល​របស់​អាមេរិក​ទាំង​អស់ ​មាន​ការ​បារម្ភ ​ហើយ​ជាង​នេះ​ទៅ​ទៀត​ វាគឺ​ជា​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ ដែល​ជា​អ្នក​រងគ្រោះ។

អូបាម៉ា ​ដាក់​បន្ទុក​ពូទីន ​ហើយ​ក្រឿន​រំលឹក​ដូណាល់ត្រាំ ​ឲ្យ​ប្រុង​ប្រយ័ត្ន៖
លោកអូបាម៉ា ​លើក​ឡើង​ថា ​នៅ​រុស្ស៊ី ​រឿងអ្វី​ក៏​ដោយ​ ក៏​ត្រូវ​ឆ្លង​កាត់​លោក​ពូទីន​ដែរ។​ ដូច្នេះ​ គ្មាន​នរណា​ជឿទេ​ ថា​លោក​ពូទីន​ មិន​ដឹង​រឿង​នេះ។ នៅក្នុង​ប្រសាសន៍​លោក​អូបាម៉ា ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​​ ទី​១៦ធ្នូ ​ គឺ​មាន​ចំណុច​ធំ​ពីរ​ ដែល​យើង​គួរ​កត់​សំគាល់ ​ទាក់ទិន​នឹង​សំណុំរឿង​ចោរ​ព័ត៌មានវិទ្យា ​ដែល​បាន​ចូល​មក​លួច​ទិន្ន័យ​នេះ។ ចំណុច​ទីមួយ ​ គឺ​លោក​អូបាម៉ា ​ក៏ដូច​ជា​រដ្ឋាភិបាល​អាមេរិក ​ បាន​ចោទ​រដ្ឋាភិបាល​រុស្ស៊ី ​និង​លោក​ប្រធានាធិបតី​ពូទីន​ ផ្ទាល់​តែ​ម្តង ​ថា​ជា​អ្នក​នៅ​ពីក្រោយ​សកម្មភាព​លួច​ទិន្ន័យ​នេះ។ ហើយ​ចំណុច​ទីពីរ ​ ​គឺ​លោក​អូបាម៉ា ​បាន​ប្រកាស​ថា​សហរដ្ឋ​អាមេរិក ​ត្រូវតែ​ធ្វើ​អ្វី​ម្យ៉ាង ​ដើម្បី​វាយបក​ទៅ​លើ​រុស្ស៊ី​វិញ។

លោក​អូបាម៉ា ​បាន​ទាំង​បន្ថែម​ទៀត​ថា ​រុស្ស៊ី​ ​ជា​ប្រទេស​តូច ​និង​ទន់ខ្សោយ​ជាង​អាមេរិក​ តែ​បើ​យើង​ភ្លេច​ខ្លួន ​ ប្រទេស​នេះ ​ អាច​នឹង​ធ្វើ​ទុក្ខ​យើង​បាន។ ដូច្នេះ ​ លោក​អូបាម៉ា ​បាន​ផ្ញើរសារ​ទៅ​កាន់​រដ្ឋាភិបាល​អាមេរិក​ថ្មី ​ដែល​នឹង​ដឹកនាំ​ដោយ​លោក​ ដូណាល់ត្រាំ ​ថា​ត្រូវ​ប្រកាន់​ជំហរ​ឲ្យ​រឹងមាំ ​និង​សម​ហេតុផល ​ មិន​ត្រូវ​ចាញ់​ប្រៀប​រុស្ស៊ី​ទេ។ លោក​អូបាម៉ា ​លើក​ឡើង​បែប​ដាស់​តឿន​លោក​ដូណាល់ ត្រាំ​ថា ​ កុំ​ភ្លេច​ថា​យើង​ជា​អ្នក​ណា ​អ្វី​ទៅ​ជា​តំលៃ​របស់​សហរដ្ឋ​អាមេរិក ​ហើយអ្វី​ទៅ​ជា​របប​ដឹកនាំ​របស់​រុស្ស៊ី។ សហរដ្ឋ​អាមេរិក​ មិន​អាច​ទៅ​ចុះ​ញ៉ម ​ជាមួយ​ប្រទេស​មួយ​ ដែលធ្វើ​បាប​គណបក្ស​ប្រឆាំង​ រឺ​ចាប់​អ្នក​កាសែត​ដាក់​គុក​ បាន​ទេ។ តម្លៃ​ប្រជាធិបតេយ្យ​អាមេរិក ​ត្រូវតែ​ធំ​ជាង​របប​ផ្តាច់ការ​របស់​ពូទីន។

អាមេរិក ​វាយ​បក​វិញ ដោយវិធីណា?
ត្រង់ចំណុច​វាយ​ប្រហារ​បក​ទៅ​វិញ​នេះ ​គឺ​លោក​អូបាម៉ា ​មិន​បាន​រ៉ាយរ៉ាប់អ្វី​ឲ្យ​ល្អិនល្អន់​ទេ។ លោក​អូបាម៉ា ​គ្រាន់​តែ​បាន​បញ្ជាក់​ថា ​ សហរដ្ឋ​អាមេរិក ​ត្រូវផ្ញើរ​សារ​ឲ្យ​ច្បាស់​លាស់ ​ទៅ​ខាង​រុស្ស៊ី​ ស្តីពី​បញ្ហា​នេះ។ ពាក្យថា​វាយ​បក​ទៅ​វិញ​នេះ ​បើ​យើង​ស្តាប់​មួយ​ភ្លែត​ហាក់​ដូច​ជា​ការ​ធ្វើ​សង្រ្គាម​ព័ត៌មានវិទ្យា​អញ្ចឹង។ តែវា​អាច​មាន​ន័យ​ទូលាយ​ជាង​នេះ។

វិធានការ​ពីរ ​ដែល​លោក​អូបាម៉ា ​បាន​លើកឡើង ​ទីមួយ ​គឺ​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ ​ស្តីអំពី​ការពិត​នៃ​ទង្វើ​មិន​ត្រឹមត្រូវ ​របស់​រដ្ឋាភិបាល​រុស្ស៊ី​ ជុំវិញ​បញ្ហា​នេះ។ ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ ​ក៏​ជា​ការ​វាយ​បក​មួយ​ដែរ ​ព្រោះវា​នឹង​ញ៉ាំង​ឲ្យ​មតិ​សាធារណៈ​ស្វែងយ​ល់​ពី​ការ​ពិត​ដោយ​ខ្លួន​ឯង ​ ហើយ​ពិចារណា​អំពី​គោល​នយោបាយ​របស់​រុស្ស៊ី ​ក្រោមការ​ដឹកនាំ​របស់​ពូទីន។ ការ​វាយបក​មួយ​ទៀត ​ដែល​មាន​លក្ខណៈ​ជា​សង្រ្គាម​ព័ត៌មានវិទ្យា​នោះ ​ គឺ​ជា​ការ​វាយបក ​ដែល​មាន​តែ​ខាង​រុស្ស៊ី​ប៉ុណ្ណោះ​ដែល​ដឹង។ គឺ​ដឹង​នៅ​ពេល​ណា ​ខ្លួន​ត្រូវ​របួស។ ចំណុច​នេះ ​គឺ​លោក​អូបាម៉ា ​មិន​និយាយ​ច្រើន ​ព្រោះ​វា​ជា​កិច្ចការ​សម្ងាត់។

លោក​អូបាម៉ា ​បាន​រំលឹក​ទៀត​ថា ​ កាល​ពី​ក្នុង​ពេល​ប្រជុំ​G20 ​នៅប្រទេស​ចិន ​ក្នុង​ខែ​កញ្ញា ​រូប​លោក​បាន​និយាយ​ដោយ​ផ្ទាល់​មាត់​ ទៅ​កាន់​លោក​ពូទីន​ថា​ ត្រូវ​តែ​បញ្ឈប់​សកម្មភាព​ចូល​លួច​ទិន្ន័យ​នេះ ​ជា​បន្ទាន់។ អ្វីដែល​គេ​បារម្ភ​ក្នុង​អំឡុង​ពេល​នោះ ​ គឺ​គេ​ខ្លាច​ក្រែង ​ភ្នាក់ងារ​រុស្ស៊ី​ចូល​ទៅធ្វើ​ឲ្យ​ខូច​ ​រឺ​បង្ក​​បញ្ហា​ ដល់​ប្រព័ន្ធ​រាប់​សន្លឹក​ឆ្នោត។ ក៏​ប៉ុន្តែ​ក្រោយពេល​ដែល​លោក​អូបាម៉ា ​បាន​និយាយ​ទៅ​លោក​ពូទីន​ គេ​ឃើញ​ថា ​ក្រុម​ភ្នាក់ងារ​របស់​រុស្ស៊ី ​ មិន​បាន​ធ្វើ​សកម្មភាព​អ្វី​នៅ​ថ្ងៃ​បោះឆ្នោត​ទេ។​ តែ​យ៉ាង​ណា ​ឯកសារ​នានា​ដែល​បាន​បែកធ្លាយ​រួច​ទៅ​ហើយ ​បាន​បន្ត​បំពុល​បរិយាកាស​បោះឆ្នោត។

លោកស្រី​គ្លីនតុន ​ចាត់ទុក​ថា​បរាជ័យ​របស់​លោកស្រី ​គឺ​មួយ​ផ្នែក​ដោយ​សារ​លោក​ពូទីន៖
រហូត​មក​ទល់​ពេល​នេះ ​ លោកស្រី​គ្លីនតុន​ ដែល​ជា​បេក្ខជន​ចាញ់ឆ្នោត ​ រឺ​ដែល​យើង​អាច​ថា​បាន​គឺជា​ជន​រង​គ្រោះ ​នៃ​ការ​ចូល​មក​លួច​ទិន្ន័យ​ព័ត៌មានវិទ្យា​នេះ ​ មិនដែល​បាន​មាន​ប្រតិកម្ម​អ្វី​ទេ ​ គឺ​ទើប​តែ​កាលពី​ថ្ងៃ​សុក្រ​ទី​១៦ធ្នូ​នេះ ​ដែល​លោក​ស្រី​បាន​និយាយ​បច្ចេញ​យោបល​ជា​លើក​ទីមួយ។ វា​គឺ​ជា​ការ​ប្រុង​ប្រយ័ត្ន​ ព្រោះ​លោកស្រី​រងចាំ​ឲ្យ​មាន​របាយការណ៍​ច្បាស់លាស់។ ​តែ​យ៉ាងណា ​រឿង​សើររើ​លទ្ធផល​បោះឆ្នោត ​គឺ​គេ​មិន​ដែល​លើក​ឡើង​ទេ។ លោកស្រី​គ្លីនតុន​ បាន​ប្រកាស​ទទួល​ស្គាល់​លទ្ធផល ​តាំងតែ​ពី​តំបូង​ម្លេះ។

ថ្ងៃ​សុក្រទី​១៦ធ្នូ ​ លោកស្រី​គ្លីនតុន ​ បាន​និយាយ​ទៅ​កាន់​អ្នក​កាសែត ​របស់ ​New York Times ​ថា ​បរាជ័យ​របស់​លោកស្រី ​គឺមួយ​ផ្នែក ​ដោយសារ​តែ​ពូទីន។ លោកស្រី​គ្លីនតុន ​លើកឡើង​ថា ​លោកស្រី​ដឹង​យ៉ាង​ច្បាស់​ថា ​ពូទីន​ ស្អប់​រូប​លោក​ស្រី​ណាស់។ អ្នកវិភាគ ​និង​អ្នក​កាសែត​អន្តរជាតិ​នានាក៏​​ដឹង​ដែរ ពី​បញ្ហា​នេះ។ គឺ​នៅ​ឆ្នាំ​២០១១​ ដែល​មាន​បាតុកម្ម​ប្រឆាំង​និង​លោក​ពូទីន​ ដែល​ខាង​បក្ស​ពួក​របស់​ពូទីន ​បាន​ចោទ​ប្រកាន់​ថា ​គឺ​លោកស្រី​គ្លីនតុន ​ ដែល​ជា​អ្នក​នៅ​ពីក្រោយ​ចលនា​បាតុកម្ម​នេះ។

កាល​ជំនាន់​នោះ ​លោកស្រី​គ្លីនតុន​ ​ជា​រដ្ឋមន្ត្រី​ការបរទេស។ ក្នុង​ជំនាន់​នោះ​ដែរ ​ បុគ្គលិក​ស្ថានទូត​អាមេរិក ​ប្រចាំការ​​នៅ​រុស្ស៊ី​ ត្រូវ​បាន​ក្រុម​នគរបាល​សម្ងាត់​រុស្ស៊ី​ធ្វើ​បាប​ខ្លាំង​ណាស់ ​មាន​ដូច​ជា​ការ​ចូលទៅ​វាយ​បំផ្លាញ ​និង​គំរាម​កំហែង​ដល់​ផ្ទះ ​រឺ​លប​តាម​ដាន​សកម្មភាព​ជាដើម។ ទាំងអស់​នេះគឺ​ជា​ការពិត។ ដូច្នេះ​ហើយ​ បាន​ជា​ហេតុផល​ដែល​ថា ​ភ្នាក់ងារ​រុស្ស៊ី​មក​លួច​ទិន្ន័យ​ព័ត៌មាន​វិទ្យា ​ដើម្បី​បំផ្លាញ​បេក្ខភាព​ប្រធានាធិបតី​របស់​លោកស្រី​គ្លីនតុន ​គឺ​ជា​រឿង​មួយ​ដែល​គេ​ជឿ​ថា​ អាច​ទៅ​រួច។

ប្រពៃណី​ និង​ជំនាញ​ឈ្លប​ស៊ើបការណ៍​របស់​បណ្តាញ ​KGB​ សូវៀត៖
យើង​សួរថា​ អាមេរិក​ប៉ុន្នឹង​ដែរ ​មាន​អ្នក​ជំនាញ​ព័ត៌មាន​វិទ្យា​ខ្លាំង​ដែរ​ ហេតុអ្វី​បណ្តោយ​ឲ្យ​រុស្ស៊ី​ចូល​មកលួច​បាន? យើង​កុំភ្លេច​ថា ​តាំងពី​ដើម​មក​ រុស្ស៊ី​មាន​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ច្រើន​ណាស់។ អ្នក​ចេះ​មាន​ច្រើន​ដូចគ្នា ​ក៏​ប៉ុន្តែ ​អ្នក​ចេះ​របស់​រុស្ស៊ី​ ​ត្រូវ​គេ​យក​ទៅ​ប្រើ​ ដើម្បី​ឲ្យ​ធ្វើ​រឿង​មិន​ល្អ។ រុស្ស៊ី​កាល​ជំនាន់​សូវៀត​ មាន​ប្រវត្តិ​និង​ប្រពៃណី ​ដើរឈ្លប ​លួច​តាម​ដាន​គេឯង​ ក្លាំងក្លា​ណាស់។ បណ្តាញ​សំងាត់​របស់​រុស្ស៊ី ​មានសមត្ថភាព​ខ្ពស់ៗ​ណាស់។ ពូទីន​ ខ្លួនឯង ​ក៏​ជា​អតីត​គេញ​សម្ងាត់​ របស់KGB ​ដែរ។

ជាងនេះ​ទៅទៀត ​ វា​មិនមែន​ជា​លើក​ទីមួយ​ទេ ​ដែល​រុស្ស៊ី ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា ​ទៅ​វាយ​បំផ្លាញ​ប្រទេស​មួយ​ទាំង​មូល​តែ​ម្តង។ ជាក់​ស្តែង​ឆ្នាំ​២០០៧ ​ប្រទេស​អេស្តូនី ​ដែល​ឈ្លោះ​ជា​មួយ​រុស្ស៊ី​ជំនាន់​ នោះ ​ត្រូវ​បាន​ចោរ​ព័ត៌មាន​វិទ្យា​ក្រោម​បញ្ជា​របស់​រុស្ស៊ី​ ចូល​ទៅ​បំផ្លាញ​គេហទំព័រ​អ៊ីនធើនែត ​របស់​ស្ថាប័ន​ធំៗ​ ហើយ​បំផ្លាញ​បណ្តាញ​ទូរស័ព្ទ​បន្ទាន់ ​មិន​ឲ្យ​ដំណើរការ​ដល់​ទៅ​ជាង​១ម៉ោង​ ឯណោះ ​ទូទាំង​ប្រទេស។ អ៊ុយក្រែន ​និង​ហ្សកហ្ស៊ី ​ក៏​សុទ្ធ​តែ​ធ្លាប់​រងគ្រោះ ​ដោយ​ទង្វើ​ស្រដៀង​គ្នា​នេះ​ របស់​រុស្ស៊ី​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត