អានតួអត្ថបទ

អាមេរិក៖ ចម្ងល់ជុំវិញអាថ៌កំបាំងនៃ​កញ្ចប់​គ្រាប់បែក​ច្នៃ ដែល​ផ្ញើរទៅ​មនុស្ស​សំខាន់ៗ​ជាច្រើន​នាក់

លោកAndrew Cuomoអភិបាលក្រុង​​ញូយ៉កធ្វើ​សន្និសីទ​កាសែត​នៅទីលាន Time Warner Center បន្ទាប់​ពីរក​ឃើញ​គ្រាប់បែក​នៅស្ថានីយ៍័CNN ថ្ងៃទី២៤តុលា ២០១៨
លោកAndrew Cuomoអភិបាលក្រុង​​ញូយ៉កធ្វើ​សន្និសីទ​កាសែត​នៅទីលាន Time Warner Center បន្ទាប់​ពីរក​ឃើញ​គ្រាប់បែក​នៅស្ថានីយ៍័CNN ថ្ងៃទី២៤តុលា ២០១៨ REUTERS/Kevin Coombs TPX
ដោយ៖ ម៉ម ពិសី
1 នាទី

នៅសហរដ្ឋអាមេរិក អាថ៌កំបាំងនៃកញ្ចប់ជាច្រើនកញ្ចប់ ផ្ទុកដោយគ្រាប់បែកច្នៃ ដែលផ្ញើរសំដៅទៅអ្នកនយោបាយ និងមនុស្សសំខាន់ជាច្រើននាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កំពុងធ្វើឲ្យFBI និង នគរបាលអាមេរិក ឈឺក្បាលយ៉ាងខ្លាំង។ ក្នុងចំណោមអាស័យដ្ឋាន ដែលទទួលបានកញ្ចប់គ្រាប់បែកទាំងនោះ មានជាអាថទិ៍ ផ្ទះលោកអូបាម៉ា ផ្ទះលោកស្រីហ៊ីឡារី គ្លីនតុន  ព្រមទាំងទីស្នាក់ការទូរទស្សន៍ CNN ជាដើម។ ជារួម អ្នកទទួលបានកញ្ចប់គ្រាប់បែកច្នៃទាំងនោះ សុទ្ធតែជាអ្នកនយោបាយ ឬមនុស្សសំខាន់ៗ ដែលមាននិន្នាការរិះគន់ ប្រឆាំងនឹងលោកដូណាល់ ត្រាំ។ FBI បានសន្យាធានា ថានឹងរកអត្តសញ្ញាណអ្នកផ្ញើរកញ្ចប់ទាំងនោះ ឲ្យឃើញ។

ផ្សាយពាណិជ្ជកម្ម

មកទល់ពេលនេះ មិនទាន់មានសញ្ញាណអ្វីទាំងអស់​ ទាក់ទិននឹងអ្នកផ្ញើរ និងវត្ថុបំណង នៃបញ្ញើរទាំងនេះ។ កញ្ចប់គ្រាប់បែកទីមួយត្រូវបានរកឃើញ កាលពីថ្ងៃពុធទី២៤តុលា នៅគេហដ្ឋាន លោក George Soros អ្នកជំនួញដ៏ល្បីម្នាក់ នៅញូយ៉ក។ បន្ទាប់មកទៀត កញ្ចប់គ្រាប់បែកច្នៃ ត្រូវបានរកឃើញជាបន្តបន្ទាប់ កាន់តែច្រើន មានដូចជាអាស័យដ្ឋានផ្ទះលោកអូបាម៉ា ផ្ទះលោកស្រីហ៊ីលឡារី គ្លីនតុន ផ្ទះលោក អេរិក ហូលឌឺ អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្ទះលោកស្រី ម៉ាកស៊ីន វ័រធឺ តំណាងរាស្ត្របក្សប្រជាធិបតេយ្យ និងស្ថានីយ៍ទូរទស្សន៍ CNN នៅក្នុងញូយ៉កជាដើម។

ហើយចុងក្រោយបង្អស់ អាស័យដ្ឋាននៅសង្កាត់ម៉ាន់ហាតាន់ របស់លោក Robert De Niro តារាភាពយន្តហូលីវូដដ៏ល្បីមួយរូប និងអាស័យដ្ឋាន​របស់លោក ​ចូ បៃដិន អតីតអនុប្រធានាធិបតី នៅរដ្ឋ ឌែឡាវ៉ា ក៏បានទទួលកញ្ចប់ផ្ទុកគ្រាប់បែកច្នៃនេះដែរ។

FBI បានឲ្យដឹងថា កញ្ចប់បញ្ញើរទាំងនោះ មានលក្ខណៈស្រដៀងគ្នា។ FBI និងនគរបាល បានពង្រីកការស៊ើបអង្កេត នៅទូទាំងរដ្ឋទាំងអស់ ដែលមានកញ្ចប់ទាំងនោះ ដោយមានការសហការ ពីប្រៃសណីយ៍របស់អាមេរិក។ ប៉ុន្តែបើតាមការលើកឡើងរបស់មន្ត្រីអាមេរិកខ្លះ បានឲ្យដឹងថា គ្រាប់បែកច្នៃខ្លះ ត្រូវគេដាក់ក្នុងកញ្ចប់ពណ៌លឿងផ្ញើរតាមប្រៃសណីយ៍ តែកញ្ចប់ខ្លះទៀត ត្រូវគេផ្ញើរតាមអ្នកចែកចាយបញ្ញើរឯកជន យកទៅផ្ទាល់ដល់អាស័យដ្ឋាន ឬយកទៅប្រគល់ឲ្យដល់ដៃតែម្តង។

FBI បានយកគ្រាប់បែកច្នៃទៅវិភាគ ក៏ប៉ុន្តែមិនទាន់ប្រាប់ពីលទ្ធផលនៅឡើយទេ។ ចំណែកបណ្តាញព័ត៌មានខ្លះ លើកឡើងថា កញ្ចប់ខ្លះបានផ្ញើរចេញពីរដ្ឋហ្វ្ល័ររីដា ដោយអះអាងថា សមត្ថកិច្ចកំទេចគ្រាប់ផ្ទុះក្នុងរដ្ឋនេះ បានទៅធ្វើអន្តាគមន៍ នៅទីតាំងប្រៃសណីយ៍ មួយកន្លែង។ លោក William Sweeney តំណាង FBI មិនបានបញ្ជាក់លើចំណុចនេះទេ តែលោកគ្រាន់តែអះអាងថា អាចនៅមានកញ្ចប់គ្រាប់បែក​ផ្សេងៗទៀត ដែលប្រាកដជាលេចចេញមក។

គួរកត់សំគាល់ថា ក្នុងចំណោមមនុស្ស ឬអាស័យដ្ឋាន ដែលទទួលបានកញ្ចប់គ្រាប់បែកនេះ សុទ្ធតែជាអ្នកដែលរិះគន់ ឬប្រឆាំងនឹងលោកដូណាល់ ត្រាំ។ បញ្ហានេះ វាកាន់តែបង្កបរិយាកាសកាន់តែអួរអាប់ ខណៈ​ដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិ កាន់តែខិតជិតមកដល់។

ដោយឡែក លោកដូណាល់ ត្រាំ បានអំពាវនាវកុំឲ្យប្រជាជនអាមេរិកបែកបាក់គ្នា។ ប៉ុន្តែលោកដូណាល់ ត្រាំ បានឆ្លៀតនិយាយវាយប្រហារ ហើយចោទទៅលើបណ្តាញព័ត៌មានអាមេរិកមួយចំនួន​ ថាជាអ្នកបង្អើរ បំផុសបំផុល ផ្សាយព័ត៌មានមិនពិត ឬលំអៀង ធ្វើឲ្យសង្គមកាន់តែច្របូកច្របល់។

ផ្ទុយទៅវិញ លោក John Brennan អតីតអគ្គនាយក CIA បានឆ្លើយបកទៅវិញថា៖ “សូមលោកដូណាល់ត្រាំ ឈប់បន្ទោសគេទៅ ត្រូវឆ្លុះកញ្ចក់មើលខ្លួនឯងឲ្យច្បាស់ ថាអ្នកណាជាអ្នកបង្កការច្របូកច្របល់ក្នុងសង្គម។ គឺលោកដូណាល់ ត្រាំខ្លួនឯង ដែលមានសម្តីជេរប្រមាថ ចោទប្រកាន់ កុហក បញ្ឆេះកំហឹង ពន្យុះអំពើហឹង្សា និងការបែកបាក់សង្គម”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ