អាមេរិក ចោទចិន ថាប្រើបណ្តាញ LinkedIn ដើម្បីធ្វើចារកិច្ច
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តំណាងភ្នាក់ងារស៊ើបការណ៍សំងាត់របស់អាមេរិក បានលើកឡើងថា រដ្ឋាភិបាលចិន បានបន្លំចូលមកធ្វើចារកិច្ច ស៊ើបយកដំណឹង និងបូមយកចំណេះដឹងបច្ចេកវិទ្យា របស់អាមេរិក តាមរយៈបណ្តាញ LinkedIn។ ភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក បានដាស់តឿន ក្រុមហ៊ុនLinkedIn ថាត្រូវចាត់វិធានការ លប់ចោលនូវរាល់គណនីក្លែងក្លាយ ដែលចិនបានបង្កើតឡើង ដើម្បីទប់ស្កាត់ សកម្មភាពដែលចិនចង់ បោកប្រាស់ អូសទាញយកអ្នកជំនាញរបស់អាមេរិក។
លោក William Evanina តំណាងភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក បានលើកឡើងថា អ្នកជំនាញការចិន បានបន្លំខ្លួនបង្កើតគណនីក្លែងក្លាយ នៅលើបណ្តាញ LinkedIn ដើម្បីជាមធ្យោបាយ ចូលទៅអូសទាញ បោកប្រាស់ជនជាតិអាមេរិកណា ដែលអាចផ្តល់ដំណឹងសំងាត់ ទាក់ទងនឹងរដ្ឋាភិបាល ឬសេដ្ឋកិច្ចពាណិជ្ជកម្មអាមេរិក។ តែយ៉ាងណា តំណាងស៊ើបការណ៍សំងាត់អាមេរិករូបនេះ មិនបានបញ្ជាក់ទេ អំពីចំនួននៃគណនីក្លែងក្លាយ ដែលចិនបានបង្កើត ក៏ដូចជាជនជាតិអាមេរិក ដែលបានជាប់អន្ទាក់ចិននោះ។
មន្ត្រីអាមេរិកដដែល បាននិយាយដាស់តឿនថា ក្រុមហ៊ុន LinkedIn គួរតែយកគម្រូតាមក្រុមហ៊ុន Facebook និង Twitter ក្នុងការចាត់វិធានការលប់ចោល នូវគណនីក្លែងក្លាយទាំងឡាយណា ដែលចិនបានបង្កើតឡើង។ ដោយឡែក ភាគីចិន តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសខ្លួន បានច្រានចោលការចោទប្រកាន់ទាំងអស់នេះ ហើយអះអាងថា វាគឺជាចេតនាបង្កាច់បង្ខូច មានបំណងអ្វីផ្សេង ពីសំណាក់រដ្ឋាភិបាលអាមេរិក។
សូមបញ្ជាក់ថា បណ្តាញLinkedIn គឺជាបណ្តាញសង្គមមួយ ដ៏មានប្រជាប្រិយភាព របស់ក្រុមហ៊ុន Microsoft។ លក្ខណៈពិសេស នៃបណ្តាញនេះ គឺវាជាបណ្តាញការងារ វិជ្ជាជីវៈ ដោយអ្នកប្រើប្រាស់ ត្រូវដាក់បង្ហាញ និងចែករំលែក នូវប្រវត្តិរូបសង្ខេប សញ្ញាប័ត្រជំនាញ ព្រមទាំងបទពិសោធន៍ការងារ នៅលើបណ្តាញនេះ។ LinkedIn ក៏ត្រូវបានគេប្រើប្រាស់ ដើម្បីរកការងារធ្វើ ឬក៏ដើម្បីស្វែងរក ជ្រើសរើសបុគ្គលិកជំនាញ។ បច្ចុប្បន្ន LinkedIn មានអ្នកប្រើប្រាស់ ប្រមាណជា៥៧៥លាននាក់ ទូទាំងពិភពលោក។ ក្នុងចំណោមនោះ គ្រាន់តែជនជាតិអាមេរិក មានដល់ទៅ១៥០លាននាក់។
លោក Paul Rockwell មន្ត្រីទទួលបន្ទុកផ្នែកសន្តិសុខ របស់បណ្តាញLinkedIn បានអះអាងថា ក្រុមហ៊ុន មិនមែនអង្គុយរងចាំ ទាល់តែរដ្ឋាភិបាលអាមេរិក ដាស់តឿន ទើបបានស្រវ៉េស្រវ៉ាចាត់វិធានការនោះទេ។ កន្លងមក កាលពីខែសីហាថ្មីៗនេះ បណ្តាញLinkedIn បានលប់ចោលគណនីក្លែងក្លាយប្រមាណ៤០គណនីរួចទៅហើយ។ តែយ៉ាងណា លោកមិនបានបញ្ជាក់ទេ ថាជាគណនីនោះមានប្រភពនៅចិន ឬអត់ទេ។
គួរបញ្ជាក់ដែរថា មន្ត្រីជំនាញផ្នែកស៊ើបការណ៍សំងាត់អាមេរិក ធ្លាប់បានលើកឡើងជារើយៗ ថារុស្ស៊ី និងអ៊ីរ៉ង់ បាននិងកំពុងប្រើគ្រប់ វិធីដើម្បីបូមយកព័ត៌មានសំងាត់នានាស្តីពីអាមេរិក។ ក៏ប៉ុន្តែ អ្វីដែលចិនកំពុងធ្វើ គឺវាគួរឲ្យព្រួយបារម្ភណាស់ ព្រោះចិនធ្វើ ក្នុងទ្រង់ទ្រង់ធំ។ វិស័យដែលចិន ចង់បានដឹងពីអាមេរិក មានដូចជាក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា បច្ចេកវិទ្យានុយក្លេអ៊ែរ បច្ចេកវិទ្យាNanotechnologie និងវិទ្យាសាស្ត្រសុខាភិបាល ជាដើម។ បើយោងតាម FBI សកម្មភាពចារកិច្ចរបស់ចិន មកលើអាមេរិក គឺផ្តោតសំខាន់ប្រមាណ៧០%ទៅលើវិស័យឯកជន ហើយមានភាគតិចណាស់ដែលផ្តោតលើវិស័យនយោបាយ រដ្ឋបាល។
ដោយឡែក កាលពីខែធ្នូ ចុងឆ្នាំ២០១៧ រដ្ឋាភិបាលអាល្លឺម៉ង់ បានជូនដំណឹង ដាស់តឿន ឲ្យមានការប្រុងប្រយ័ត្ន ដោយសារតែមន្ត្រីជំនាញរបស់រដ្ឋាភិបាលចិន អាចបាននឹងកំពុង ប្រមូលយកព័ត៌មាននានា ទាក់ទងនឹងអ្នកនយោបាយ ឬមន្ត្រីអ្នកទទួលខុសត្រូវជនជាតិអាល្លឺម៉ង់ នៅលើបណ្តាញ LinkedIn នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ