សហរដ្ឋ​អាមេរិក

នាយក​ថ្មី​នៃ​ក្រសួង​ស៊ើប​ការណ៍​សម្ងាត់​អាមេរិកាំង

លោក James R. Clapper អនាគត​នាយក​នៃ​ក្រសួង​ស៊ើបការណ៍​​សម្ងាត់​អាមេរិកាំង
លោក James R. Clapper អនាគត​នាយក​នៃ​ក្រសួង​ស៊ើបការណ៍​​សម្ងាត់​អាមេរិកាំង Reuters/Departement de la Defense

លោក​ James​ Clapper​ ជា​អតីត​ឩត្តមសេនីយ​នៃ​កងទ័ព​អាកាស​នឹង​ត្រូវ​តែង​តាំង​ នៅ​ថ្ងៃ​សៅរ៍​៥មិថុនា​នេះ​ជា​នាយក​ថ្មី​នៃ​ក្រសួង​ស៊ើប​ការណ៍​សម្ងាត់​ អាមេរិកាំង។ជា​មុខ​តំណែង​មួយ​ដ៏​ពិបាក​ដែល​ត្រូវ​បាន​កាន់​កាប់​ដោយ​នាយក​ ៤រូប​ជា​បន្ត​បន្ទាប់​គ្នា​ ក្នុង​រយៈ​ពេល​៥​ឆ្នាំ។ លោក​James​ Clapper​ ត្រូវ​បន្ត​តំណែង​ពី​លោក​ Dennis​ Blair​ ដែល​បាន​សុំ​លា​ឈប់​ពី​មុខ​តំណែង​ខ្លួន​ នៅ​ខែ​ឩសភា។  

ផ្សាយពាណិជ្ជកម្ម

សេចក្តី​ប្រែ​សម្រួល​របស់ វីនស្តុន រតនា

លោក​Barack​ Obama​ បាន​ជ្រើស​រើស​ប្រគល់​នាយកដ្ឋាន​នៃ​ក្រសួង​ស៊ើប​ការណ៍​សម្ងាត់​អាមេរិកាំង​ទៅ​ឱ្យ​ជន​ជិតដិត​នឹង​មជ្ឈដ្ឋាន​រដ្ឋអំណាច។ ជា​ឩត្តមសេនីយ​នៃ​កងទ័ព​អាកាស​ចូល​និវត្តន៍ លោក​James​ Clapper​ ប្រមាណ​ជា​ដប់​ឆ្នាំ​មក​ហើយ​បាន​កាន់​កាប់​មុខ​ងារ​ផ្សេងៗ​ជា​អ្នក​ដឹកនាំ​ក្រសួង​ស៊ើប​ការណ៍​សម្ងាត់​យោធា​អាមេរិកាំង។

 
ដូច្នេះ​ គាត់​នឹង​មាន​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ការត្រួត​ពិនិត្យ​មើល​លើ​១៦​អង្គការ​ផ្សេងៗ ដែល​រួម​ផ្សំ​ជា​ក្រសួង​ស៊ើបការណ៍​​សម្ងាត់​អាមេរិកាំង និង​ធ្វើ​ជា​គូ​សន្ទនា​ដ៏​ចំបង​ម្នាក់ របស់​លោក​ បារ៉ាក់ អូបាម៉ា ស្តី​ពី​បញ្ហា​សន្តិសុខ។

គឺ​ជា​មុខ​តំណែង​មួយ​ដ៏​ពិបាក​ស្មុគស្មាញ ប្រកប​ដោយ​ទ្រង់​ទ្រាយ​រូប​សណ្ឋាន ច្រើន​តែ​កំណត់​ពុំ​សូវ​ច្បាស់លាស់។ ជាមុខងារ​មួយ​ដែលត្រូវ​បាន​លោក George Bush បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៥ បន្ទាប់​ពី​ការ​ធ្វើ​អង្កេត​នានា បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ភាព​ច្របូក​ច្របល់​នៃ​សេវា​ចារកិច្ច​ច្បាស់​ជា​បាន​ជួយ​យ៉ាង​ច្រើន​ដល់​ព្រឹត្តិការណ៍​ថ្ងៃ​ទី ១១​កញ្ញា ២០០១។

លោក James​ Clapper​គឺ​ជា​នាយក​ទី​បួន​ក្នុង​រយៈ​ពេល​៥​ឆ្នាំ។ ព្រឹត្តិការណ៍​នាពេល​ថ្មីៗ ដូច​យ៉ាង​អំពើ​ភេរវកម្ម​ខក​ខាន​មិន​បាន​សម្រេច​ នៅ​ក្នុង​យន្ត​ហោះ​មួយ​គ្រឿង​នៅ​ពេល​បុណ្យ​ណូអែល ឬ​ក៏​អំពើ​ភេរវកម្ម​ខក​ខាន​ពុំ​បាន​សម្រេច​នៅ​Times Square​នៅ​ញូយ៉ក​នៅថ្ងៃ​ទី ១​ឧសភា ជា​ភស្តុតាង​បង្ហាញ​ថា​ក្រសួង​ស៊ើប​ការណ៍​សម្ងាត់​អាមេរិកាំង​នៅ​តែ​មាន​ការ​ពិបាក​ខ្លាំង​ណាស់​ ក្នុង​ការសម្រប​សម្រួល​គ្នា។

ការ​តែង​តាំង​លោក James​ Clapper ​ត្រូវ​តែ​ទទួល​ការ​បញ្ជាក់​អះអាង​ពី​ព្រឹទ្ធ​សភា ដែល​នឹង​ប្រាកដ​ជា​ពុំ​មែន​ជា​ការ​កំសាន្ត​រីករាយ​ឡើយ ដ្បិត​សមាជិក​ព្រឹទ្ធសភា​ភាគ​ច្រើន​បាន​ឲ្យ​ដឹង​រួច​ជា​ស្រេច​ទៅ​ហើយ​ថា គេ​នឹង​ជំទាស់​ចំពោះ​ការ​ជ្រើសរើស​ទាហាន​ម្នាក់​ឲ្យ​កាន់​មុខ​តំណែង​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI