អាមេរិក-​ប៉ាឡេស្ទីន

លោក អូបាម៉ា​ ​នឹង​ប្រកាស​ជួយតំបន់ហ្កាហ្សា

លោក ប្រធានាធិបតី​អាមេរិក Barack Obama និង​ប្រធានអាជ្ញាធរ​ប៉ាឡេស្ទីន Mahmoud Abbas នៅ​សេតវិមាន ថ្ងៃ​ទី​ ២៨ ឧសភា ២០០៩
លោក ប្រធានាធិបតី​អាមេរិក Barack Obama និង​ប្រធានអាជ្ញាធរ​ប៉ាឡេស្ទីន Mahmoud Abbas នៅ​សេតវិមាន ថ្ងៃ​ទី​ ២៨ ឧសភា ២០០៩ © Reuters

នៅ​ថ្ងៃ​ពុធ​ទី ៩ មិថុនា ​នេះ លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា នឹង​ទទួល​ជួប​ប្រធាន​រដ្ឋ​អំណាច​ប៉ាឡេស្ទីន​ នៅ​សេតវិមាន។ ក្នុង​ឱកាស​ជំនួប​ទ្វេ​ភាគី​នេះ លោក​ អូបាម៉ា នឹង​ប្រកាស​ផ្តល់​ជំនួយ​​អាមេរិក​ដល់​តំបន់​ហ្កាហ្សា ដើម្បី​ជា​កិច្ច​បន្ធូរ​បន្ថយ​សម្ពាធ​​តាន​តឹង​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអ៊ែល ដោយ​ហេតុ​តែ​អ៊ីស្រាអ៊ែល​បាន​វាយ​ប្រហារ​នាវា​ដឹក​ជំនួយ​មនុស្សធម៌​ សម្រាប់​តំបន់​ហ្កាហ្សា។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ អៀង សុខម៉ិញ

ដើម្បី​កុំ​ឲ្យ​ការ​ខិត​ខំ​ប្រឹង​ប្រែង​រក​សន្តិភាព​​ឲ្យ​តំបន់​ដើមបូព៌ា របស់​សហរដ្ឋ​អាមេរិក ជួប​នឹង​បរាជ័យ​ លោក​ប្រធានាធិបតី​ អូបាម៉ា បាន​និង​កំពុង​តែ​រិះ​​រក​មធ្យោបាយ​​ បន្ធូរ​សម្ពាធ​តាន​តឹង​ ដែល​កើត​មាន​ឡើង​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

ម្យ៉ាង​លោក ​អូបាម៉ា ត្រូវ​ធានា និង​ផ្តល់​ទំនុក​ចិត្ត​ដល់​លោក ម៉ាមូត អាបាស (Mahmoud Abbas) ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន ថា​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​គំនាប​លើ​សម្ព័ន្ធ​មិត្ត​អ៊ីស្រាអែល​ ឲ្យ​បន្ទន់​លក្ខខណ្ឌ​នៃ​ការ​​បិទ​ខ្ទប់​តំបន់​ហ្កាហ្សា ដោយ​អនុញ្ញាត​ឲ្យ​ហ្កាហ្សា​បាន​ទទួល​ជំនួយ​មនុស្ស​ធម៌​ ​ច្រើន​ជាង​ពេល​បច្ចុប្បន្ន។ តែ​ម្យ៉ាង​មួយ​ទៀត រដ្ឋការ​​លោក​ អូបាម៉ា ក៏​ត្រូវ​​មាន​ឥរិយាបថ​​​ប្រយ័ត្ន​ប្រយែងខ្លាំង​ ដើម្បី​កុំ​ឲ្យ​ប៉ះ​ទង្គិច​ដល់​​អ៊ីស្រាអែល ដែល​អាច​នឹង​​ធ្វើ​ឲ្យ​ទំនាក់ទំនង​អាមេរិក​-​អ៊ីស្រាអែល​ល្អក់កករ​ជា​ថ្មី។

បើ​យោង​តាម​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​របស់​​រដ្ឋការ​លោក​ អូបាម៉ា អាមេរិក​មិន​គាំទ្រ​ការ​បិទ​ខ្ទប់​តំបន់​ហ្កាហ្សា ​ពី​សំណាក់​អ៊ីស្រាអែល​ ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពី​ចលនា​ហាម៉ាស​ ក្តោប​ក្តាប់​តំបន់​ហ្កាហ្សា នា​ឆ្នាំ​២០០៧​ទេ។​ ដូច្នេះ​តាម​រយៈការ​សុំ​ស្នើ​ផ្តល់​ជំនួយ​ យ៉ាង​ហោច​ណាស់ លោក ​អូបាម៉ា នឹង​មិន​ធ្វើ​ឲ្យ​លោក​ មាមូត​ អាបាស ខក​ចិត្ត​ ត្រឡប់​ទៅ​វិញ​ដោយ​បាត​ដៃ​ទទេដែរ។ ប៉ុន្តែ​ប្រភេទ​ និង​បរិមាណ​នៃ​ជំនួយ​ ​មិន​ត្រូវ​បាន​គេ​លម្អិត​​នៅ​ឡើយ​ទេ។

ប្រមុខ​ដឹក​នាំ​ទាំង​ពីរ​​ក៏​នឹង​ពិភាក្សាផង​ដែរ​ លើ​​​វិធានការ​ផ្សេងៗ​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ជីវិត​របស់​ប្រជាជន​​នៅ​តំបន់​ហ្កាហ្សា​បាន​ប្រសើរ​​ឡើង ដូចជា​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​គម្រោង​យុទ្ធសាស្ត្រ​យូរ​អង្វែង សម្រាប់​តំបន់​ដើម​បូព៌ា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI