អាមេរិក

ការបោះឆ្នោតសភា​អាមេរិក​នៅពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​

ព្រឹទ្ធសភា​អាមេរិក​​​នៅទីក្រុង​ ​​Washington D.C..​​
ព្រឹទ្ធសភា​អាមេរិក​​​នៅទីក្រុង​ ​​Washington D.C..​​ ©​ DR/Wikipedia

ថ្ងៃអង្គារ​ទី២វិច្ឆិកា​ឆ្នាំ២០១០​ដែល​ជាថ្ងៃ​ត្រូវ​ធ្វើ​ការបោះឆ្នោត​ សភា​អាមេរិក​នៅ​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​បាន​ឈាន​មកដល់​ហើយ។​ បក្ស​ប្រជាធិបតេយ្យ​របស់​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​កំពុង​បារម្ភ​ យ៉ាងខ្លាំង​ខ្លាចក្រែង​បាត់បង់​អាសនៈ​ភាគច្រើន​ដែលខ្លួន​ធ្លាប់មាន​នៅ​ ក្នុងសភា​អាមេរិក។ 

ផ្សាយពាណិជ្ជកម្ម

បទវិភាគរបស់​ សៀក សារិន

បើយោងតាម​ការ​ស្ទាបស្ទង់​មតិ​នៅ​ពេលថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា​ ​ បក្ស​ប្រជាធិបតេយ្យ​របស់​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​អាច​ទទួល​បរាជ័យ​ បាត់បង់​អាសនៈ​ភាគច្រើន​របស់​ខ្លួន​នៅក្នុង​សភា​អាមេរិក។​ មូលហេតុ​គឺ​ប្រជាជន​អាមេរិក​វណ្ណៈ​មធ្យម​និង​វណ្ណៈ​ក្រីក្រ​ដែល​រំពឹង​សង្ឃឹម​យ៉ាង​ខ្លាំង​ទៅលើ​លោក​បារ៉ាក់​អូបាម៉ា​ ​ បាន​បាត់បង់​ទំនុកចិត្ត​និង​ក្តី​សង្ឃឹម​របស់​ខ្លួន​ ​ ដោយ​ស្ថានភាព​សេដ្ឋកិច្ច​អាមេរិកាំង​ចេះ​តែ​ធ្លាក់​ចុះ​ដុនដាប​ទៅៗ​ធ្វើ​ឲ្យ​ពួក​គេ​រក​ការងារ​ធ្វើ​ពុំបាន។

 
ហេតុ​ដូច្នោះ​ហើយ​ ​ បាន​ជា​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​បាន​ថ្លែង​ប្រកាស​ប្រាប់​ថា​ ​ នៅ​ពេល​ដែល​យើង​បាន​សន្យា​នា​ឱកាស​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​នៅឆ្នាំ២០០៨​ថា​ ធ្វើការ​កែប្រែ​ស្ថានភាព​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ហើយនិង​ស្ថានភាព​ការងារ​នៅ​សហរដ្ឋ​អាមេរិក​ក្រោយ​ពីមាន​មហាវិបត្តិសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពិភពលោក​ ​ ​ យើង​ពុំ​ដែលបាន​សន្យា​ថា​នឹង​សម្រេច​បាន​ក្នុង​រយៈពេល​១៨ខែ​ឯណា!!!​ ​ ដូច្នេះ​ បក្ស​ប្រជាធិបតេយ្យ​ត្រូវតែ​នាំគ្នា​ខិតខំ​ពន្យល់​ប្រជាជន​អាមេរិកាំង​កុំឲ្យ​ឆាប់​បាត់បង់​ក្តីសង្ឃឹម​ ​ ត្រូវតែ​នាំគ្នា​ខិតខំ​ប្រយុទ្ធ​តទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​ហើយ​ធ្វើឲ្យ​នយោបាយ​សេដ្ឋកិច្ច​និង​នយោបាយ​ការងារ​របស់​បក្ស​ប្រជាធិបតេយ្យ​​អាមេរិក​បាន​ទទួល​ជោគជ័យ​នៅទីបំផុត​ដូចពាក្យ​សន្យា។

បើ​ប្រសិនជា​ បក្ស​ប្រជាធិបតេយ្យ​របស់​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​ទទួល​បរាជ័យ​ បាត់បង់​អាសនៈ​ភាគច្រើន​នៅក្នុង​សភា​ ​ ហើយ​បក្ស​សាធារណរដ្ឋ​ក្តោបក្តាប់​កាន់កាប់​សភា​អាមេរិក​ទាំងពីរ​មែន​ ​ នោះ​បាន​សេចក្តីថា​ កម្មវិធី​នយោបាយ​សេដ្ឋកិច្ច​និង​កម្មវិធី​នយោបាយ​សង្គមកិច្ច​របស់​លោក​ប្រធានាធិបតី​ទី៤៤​នៃ​​សហរដ្ឋ​អាមេរិក​នឹង​ឈាន​ទៅរក​ការបិទ​បញ្ចប់​របស់ខ្លួន។​ ក៏​ដូចគ្នា​អ៊ីចឹងដែរ​ ​ សម្រាប់​ច្បាប់​ធ្វើការ​កែ​ទម្រង់​ទៅលើ​ការកាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័នពុល​និង​ការឡើង​កំដៅខ្លាំង​នៃ​អាកាសធាតុ។

ចំណែកឯ​ច្បាប់​ពាក់ព័ន្ធ​នឹង​កំណែ​ទម្រង់​ទៅលើ​ប្រព័ន្ធ​សុខាភិបាល​ដែល​បាន​ទទួល​ការអនុម័ត​កាលពី​ខែ​មីនា​កន្លងទៅ​ក៏​អាច​ជួប​នឹង​បញ្ហា​ផងដែរ។​ ដោយ​ហេតុថា​ ​ សមាជិក​សមាជិកា​នៃ​សភា​អ្នកតំណាង​និង​ព្រឹទ្ធសភា​ដែល​មក​ពី​បក្ស​សាធារណរដ្ឋ​ច្បាស់​ជា​រិះរក​ដាក់​ឧបសគ្គ​បន្ថែមទៀត​ទៅលើ​ច្បាប់​កំណែ​ទម្រង់​ទៅលើ​ប្រព័ន្ធ​សុខាភិបាល​ទាំងនោះ។

នៅក្នុង​វិស័យ​នយោបាយ​ក្រៅប្រទេស​របស់​សហរដ្ឋ​អាមេរិក​វិញ​ ​ សភា​អ្នកតំណាង​និង​ព្រឹទ្ធសភា​ដែល​មាន​សមាជិក​សមាជិកា​ភាគច្រើន​មក​ពី​បក្ស​សាធារណរដ្ឋ​ច្បាស់ជា​បង្ខំ​ឲ្យ​រដ្ឋបាល​អាមេរិក​របស់​លោក​បារ៉ាក់​អូបាម៉ា​រក្សា​គោលជំហរ​រឹងមាំ​ជាមួយ​ប្រទេស​អៀរ៉ង់​និង​ប្រទេស​ចិន។​ ជាមួយ​ប្រទេស​រុស្ស៊ី​ក៏​ពុំខុស​គ្នា​ប៉ុន្មាន​ឡើយ។

ពាក់ព័ន្ធ​នឹង​ប្រទេស​អាហ្វហ្កានិស្តង់​វិញ​ ​ ពួក​សាធារណរដ្ឋ​ក៏​ច្បាស់​ជា​បង្ខំ​ឲ្យ​ លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​ពន្យារពេល​ធ្វើការ​ដកទ័ព​អាមេរិកាំង​ចេញពី​ប្រទេស​អាហ្វហ្កានិស្តង់​ដែល​គ្រោង​ធ្វើ​នៅ​ខែ​កក្កដា​ឆ្នាំ២០១១​ខាងមុខនេះ។

បើ​ប្រសិន​ជា​លោក​បារ៉ាក់​អូបាម៉ា​ទទួល​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​សភា​អាមេរិក​នៅ​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​នៅ​ថ្ងៃអង្គារ​ទី២វិច្ឆិកា​ឆ្នាំ២០១០​នេះ​ ​ លោក​បារ៉ាក់​អូបាម៉ា​ក៏​អាច​នៅ​មាន​ក្តី​សង្ឃឹម​ដែរ​ ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅឆ្នាំ២០១២​ខាងមុខនេះ។​ ដោយហេតុថា​ ​ ប្រវត្តិសាស្ត្រ​នយោបាយ​អាមេរិកាំង​ធ្លាប់បាន​បង្ហាញ​ឲ្យ​ឃើញ​រួចហើយ​ នូវ​យុទ្ធសាស្ត្រ​របស់​លោក​អតីត​ប្រធានាធិបតី​អាមេរិក​Harry Truman កាលនៅ​ចុងឆ្នាំ១៩៤០​ដែល​បាន​បន្ត​ធ្វើ​សំណើ​កំណែទម្រង់​សំខាន់ៗ​ ​ ទោះបីជា​ដឹងថា​ សំណើ​ទាំងនោះ​នឹង​ត្រូវ​ទទួល​បរាជ័យ​ដោយ​មាន​ការ​ជំទាស់​ពី​សំណាក់​បក្សប្រឆាំង​ក៏ដោយ។​ ហើយ​នៅ​ទីបំផុត​ លោក​អតីត​ប្រធានាធិបតី​អាមេរិក​Harry Truman​បាន​លេស​ធ្វើការ​វាយប្រហារ​ទៅលើ​បក្សប្រឆាំងថា​ ​ ស្ថានភាព​ប្រទេស​ជាតិ​ធ្លាក់​ចុះ​ក៏​ពីព្រោះតែ​បក្ស​សាធារណរដ្ឋ​ដែល​ជា​បក្ស​ប្រឆាំង​គិតតែ​ពី​ប្រឆាំង​ទាំង​ទទឹងទិស។

យុទ្ធសាស្រ្ត​មួយទៀត​គឺ​ជា​យុទ្ធសាស្ត្រ​របស់​ លោក​អតីត​ប្រធានាធិបតី​Bill Clinton ដែល​បាន​ចាញ់ឆ្នោត​នៅ​ពាក់​កណ្តាល​អាណត្តិ​ប្រធានាធិបតី​នៅឆ្នាំ១៩៩៤​ ​ ហើយ​ដែល​បាន​ងាកមក​អនុវត្ត​នយោបាយ​កាត់បន្ថយ​មហិច្ឆតា​របស់ខ្លួន​ដោយ​យល់ព្រម​ធ្វើ​សហការ​គ្រប់គ្រង​ប្រទេស​ជាមួយ​ពួក​សាធារណរដ្ឋ​ដែល​មាន​និន្នាការ​ ពុំ​ជ្រុលនិយម។​ ហើយនៅ​ទីបំផុត​ លោក​Bill Clinton​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ម្តង​ទៀត​នៅឆ្នាំ១៩៩៦។

ដូច្នេះ​ ​ លោក​បារ៉ាក់​អូបាម៉ា​ដែល​បច្ចុប្បន្ន​នេះ​នៅមាន​អ្នក​គាំទ្រ​ដល់ទៅ​៤៧%​ចង់ឲ្យ​លោក​ដាក់​បេក្ខភាព​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក​ម្តងទៀត​នៅឆ្នាំ២០១២​ ​ អាច​នៅ​មាន​ក្តី​សង្ឃឹម​ច្រើន​នៅឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI