អាមេរិក-លីប៊ី

លោកអូបាម៉ា​ចង់​រឹតបន្តឹង​គំនាប​ទៅ​លើ​របប​កាដាហ្វី

លោក​អូបាម៉ា ប្រធានាធិបតី​អាមេរិក
លោក​អូបាម៉ា ប្រធានាធិបតី​អាមេរិក ©Reuters

លោក​ប្រធានាធិបតី​អាមេរិកាំង​ បារ៉ាក​ អូបាម៉ា​ខ្វល់​ខ្វាយ​ខ្លាំង​ណាស់​នឹង​សមត្ថភាព​របស់​លោក​កាដាហ្វី​ នៅ​ក្រាញ​កាន់​អំណាច​តទៅ​ទៀត​ ​ បាន​និយាយ​ប្តេជ្ញា​ចិត្ត​ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​១១មីនា​ ​ រឹត​បន្តឹង​គំនាប​ទៅ​លើ​របប​កាដាហ្វី​និង​បាន​ប្រកាស​ថា​ នឹង​តែង​តាំង​អ្នក​តំណាង​ម្នាក់​ឱ្យ​ទៅ​ជួប​ពួក​ឩទ្ទាម​។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ Jean-Louis POURTET ពីទីក្រុងវ៉ាស៊ីនតោន ប្រែសំរួល​ដោយ វីនស្តុន រតនា

លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ថ្លែង​ថា​រក្សា​ទុក​គ្រប់​តែ​ជម្រើស​ ប៉ុន្តែ​បាន​រំលឹក​ថា​ ស.រ.អា.នឹង​ប្រព្រឹត្ត​ ដោយ​ព្រម​ព្រៀង​គ្នា​ជាមួយ​សហគមន៍​អន្តរជាតិ​។​គាត់​បាន​យល់​ឃើញ​ថា​ វិធានការ​ចាត់​រហូត​មក​ទល់​ពេល​នេះ​ដូច​យ៉ាង​ ទណ្ឌកម្ម​សេដ្ឋកិច្ច​ ​ ការហាម​ប្រាម​មិន​ឱ្យ​លក់​អាវុធ​ទៅ​ឱ្យ​ប្រទេស​លីប៊ី​ ​ បាន​ផ្តល់​អានុភាព​របស់​វា​ ហើយ​បន្តិច​ម្តង​ៗ​គំនាប​រឹត​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​របប​កាដាហ្វី​។

ប៉ុន្តែ​ លោក​អូបាម៉ា​សំដែង​ការខ្វល់​ខ្វាយ​នឹង​កម្លាំង​អាវុធ​របស់​លោក​កាដាហ្វី​។​គាត់​បាន​ព្រមាន​ប្រាប់​ថា​ ពួក​អ្នក​ដែល​គាំទ្រ​លោក​កាដាហ្វី​នឹង​ត្រូវ​ផ្តន្ទាទោស​ពី​ឩក្រិដ្ឋ​កម្ម​ធ្វើ​ទៅ​លើ​មនុស្សជាតិ​។​ដោយ​ពុំ​ទៅ​ដល់​ទទួល​ស្គាល់​រដ្ឋាភិបាល​ពួក​ឩទ្ទាម​ដូច​ដែល​ប្រទេស​បារាំង​បាន​ធ្វើ​ ​ លោក​អូបាម៉ា​ប្រាថ្នា​ចង់​ភ្ជាប់​ទំនាក់​ទំនង​ឱ្យ​បាន​ជិតដិត​ជាមួយ​ពួក​អ្នក​បះបោរ​។

“​ លោក​ស្រី​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ Hillary​ Clinton​ នឹង​ជួប​សន្ទនា​ជាមួយ​ពួក​អ្នក​ប្រឆាំង​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។​យើង​បាន​សំរេច​ចិត្ត​តែង​តាំង​អ្នក​តំណាង​ម្នាក់​ដែល​នឹង​បំពេញ​បេសកកម្ម​ពិសេស​គឺ​និយាយ​ជាមួយ​ពួក​អ្នក​ប្រឆាំង​និង​កំណត់​របៀប​ដែល​យើង​អាច​នឹង​ជួយ​ពួក​គេ​ឱ្យ​បាន​ប្រសើរ​ជាង​មុន​។​ខ្ញុំ​ចង់​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​ ដើម្បី​ផល​ប្រយោជន៍​ស.រ.អា.​និង​សំខាន់​ជាង​នេះ​ទៅ​ទៀត​ ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន​លីប៊ី​ ​ លោក​កាដាហ្វី​ត្រូវ​តែ​ចាក​ចេញ​ទៅ​ “​ ។

លោក​បារ៉ាក​ អូបាម៉ា​បាន​ថ្លែង​ថា​ គេ​ក៏​ត្រូវ​តែ​រារាំង​ដែរ​កុំ​ឱ្យ​កើត​មាន​ជា​ថ្មី​ឡើង​វិញ​អ្វីៗ​ដែល​បាន​កើត​មាន​នៅ​តំបន់​Balkans​ឬ​Rwanda​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI