ភេរវនិយម

បិន ឡាដិនស្លាប់៖ ​តំបន់​ដើមបូព៌ា​សង្ឃឹមថា​រូបភាព​នៃ​សាសនា​អ៊ីស្លាម​អាចកាត់ផ្តាច់​ខ្លួន​ចេញ​ពីភេរវនិយម​

មេដឹកនាំ​​ចលនា​​ភេរវនិយម​​អាល់កៃដា​​ បិន ឡាដិន​​ ​
មេដឹកនាំ​​ចលនា​​ភេរវនិយម​​អាល់កៃដា​​ បិន ឡាដិន​​ ​ ©​ REUTERS/Mohsin Raza

ក្រោយពី​មរណភាព​របស់​មេដឹកនាំ​ចលនា​ភេរវនិយម​អាល់កៃដា​ បិន ឡាដិន​ ​ រដ្ឋាភិបាល​និង​ប្រជាជន​នៃ​តំបន់​ដើមបូព៌ា​បាន​សម្ដែង​បង្ហាញ​ឲ្យ​ឃើញនូវ​ការ​ធូរចិត្ត​របស់​ពួកគេ។​ ហើយ​គេ​សង្ឃឹមថា​ រូបភាព​នៃ​សាសនា​អ៊ីស្លាម​អាច​កាត់​ផ្តាច់​ខ្លួន​ចេញពី​ភេរវនិយម។

ផ្សាយពាណិជ្ជកម្ម

ការប្រកាស​ឲ្យ​ដឹង​ដោយ​សហរដ្ឋ​អាមេរិក​ស្ដីពី​ការ​បាញ់​សម្លាប់​មេដឹកនាំ​ចលនា​ភេរវនិយម​អាល់កៃដា​ បិន ឡាដិន​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ប្លែកៗគ្នា។​ អ្នក​ខ្លះ​មាន​ការ​សោក​ស្ដាយ​ ​ អ្នក​ខ្លះទៀត​បាន​សម្ដែង​ឲ្យ​ឃើញ​នូវ​ការ​ធូរចិត្ត​របស់​ពួកគេ។​ ដោយហេតុថា​ ប្រទេស​របស់​ពួកគេ​ក៏​បាន​ទទួលរង​អំពើ​ហិង្សា​ពី​ចលនា​ភេរវនិយម​អាល់កៃដា​របស់​ បិន ឡាដិន​ផងដែរ​ ​ ហើយ​ពួកគេ​សង្ឃឹមថា​ អន្តរាគមន៍​យោធា​របស់​ប្រទេស​លោក​ខាងលិច​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ពេល​ខាងមុខ។​ ប្រជាជន​ភាគ​ច្រើន​នៃ​តំបន់​ដើមបូព៌ា​ក៏​សង្ឃឹម​ផងទៀត​ថា​ ​​ រូបភាព​នៃ​សាសនា​អ៊ីស្លាម​អាច​កាត់​ផ្តាច់​ខ្លួន​ចេញពី​រូបភាព​ភេរវនិយម​របស់​អាល់កៃដា។

 
ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​ដែលជា​ប្រទេស​ដើម​កំណើត​របស់​មេដឹកនាំ​ចលនា​ភេរវនិយម​អាល់កៃដា​ អ៊ូសាម៉ា បិន ឡាដិន​ បាន​សម្ដែង​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​ថា​ ​ “​ប្រជាជន​នៃ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​បាន​ទទួល​រងគ្រោះដោយឧក្រិដ្ឋកម្ម​របស់​ចលនា​ភេរវនិយម​អាល់កៃដា​យ៉ាង​សែន​ឈឺចាប់​ ​ ហើយ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​សង្ឃឹមថា​ ​ មរណភាព​របស់​បិន ឡាដិន​នឹង​អនុញ្ញាត​ឲ្យ​ការខិតខំ​របស់​អន្តរជាតិ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​អំពើ​ភេរវកម្ម​សម្រេច​បាន​ជោគជ័យ​ ​ ហើយ​មនោគមវិជ្ជា​ដ៏​ហិង្សា​របស់​បិន​ ឡាដិន​ក៏​វិនាស​ហិនហោច​តាម​នោះដែរ”។

ប្រទេស​យេម៉ែន​ដែល​តាំងពី​ឆ្នាំ២០០៩​បាន​ក្លាយ​ទៅជា​មូលដ្ឋាន​របស់​ពួក​អាល់កៃដា​ដែល​ដកខ្លួន​ចេញពី​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​ ​ រដ្ឋអំណាច​បាន​ថ្លែង​និង​សង្ឃឹម​ថា​ ​ “​មរណភាព​របស់​បិន​ ឡាដិន​អាចជា​ជំហាន​ឈាន​ទៅរក​អវសានភាព​នៃ​ទង្វើ​ភេរវនិយម”។

ចំណែកឯប្រទេស​អេហ្ស៊ីប​ដែល​ជា​ដែនដី​ដំបូង​គេ​បង្អស់​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៩៧០​ក្នុង​ការ​ជួយ​បណ្តុះ​បណ្តាល​យុទ្ធជន​អាល់កៃដា​ដែល​ក្នុងនោះ​មាន​រូប​លោក​Ayman Al-Zawahiri​ដែល​បច្ចុប្បន្ននេះ​ជា​មេដឹកនាំ​ទីពីរ​របស់​ចលនា​​ភេរវនិយម​អាល់កៃដា​ ​ ចលនា​ភាតរបុត្រ​អ៊ីស្លាម​Les Frères Musulmans នៅ​អេហ្ស៊ីប​បាន​ថ្កោលទោស​អំពើ​ហិង្សា​និង​ឧក្រិដ្ឋកម្ម​របស់​ពួក​អាល់កៃដា​ ​ ហើយ​ចលនា​ភាតរបុត្រ​អ៊ីស្លាម​Les Frères Musulmans​បាន​ប្រកាស​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​លោកខាងលិច​ឈប់​ចងភ្ជាប់​រូបភាព​របស់​សាសនា​អ៊ីស្លាម​ទៅនឹង​ក្រុម​ភេរវនិយម​អាល់កៃដា​ទៀត។​ Les Frères Musulmans​បាន​ថ្លែង​បញ្ជាក់​ទៀតថា​ ​ “​ការប្រយុទ្ធ​ប្រឆាំង​នឹង​វត្តមាន​នៃ​យោធា​បរទេស​គឺ​ជា​សិទ្ធិ​មួយ​ដ៏​ស្របច្បាប់”។

ហើយ​ចលនា​ភាតរបុត្រ​អ៊ីស្លាម​Les Frères Musulmans​បាន​អំពាវនាវ​ឲ្យ​សហរដ្ឋ​អាមេរិក​ ​ សហភាព​អឺរ៉ុប​ ​ និង​បក្សសម្ព័ន្ធ​អូតង់​បិទ​បញ្ចប់​វត្តមាន​របស់​ខ្លួន​នៅ​ប្រទេស​អៀរ៉ាក់​និង​នៅ​ប្រទេស​អាហ្វហ្កានិស្តង់​ ​ ហើយ​ឲ្យ​ទទួល​ស្គាល់​សិទ្ធិ​ដ៏​ស្រប​ច្បាប់​របស់​ប្រជាជន​ប៉ាលេស្ទីន។

នៅឯដែនដី​ប៉ាលេស្ទីន​ឯណោះ​ ​ អ្នកនាំពាក្យ​នៃ​រដ្ឋអំណាច​ប៉ាលេស្ទីន​បាន​ថ្លែង​ឲ្យ​ដឹងថា​ ​ “​មរណភាព​​របស់​បិន​ ឡាដិន​គឺ​ជា​ការមួយ​ដ៏​ល្អ​ប្រពៃ​សម្រាប់​សន្តិភាព​ពិភពលោក”។​ ទាំងនេះ​ខុស​ផ្ទុយ​ពី​ប្រតិកម្ម​របស់​នាយក​រដ្ឋ​មន្ត្រី​ប៉ាលេស្ទីន​ហាម៉ាស​ លោក ​ហានីយេហ៍​នៅ​តំបន់​ហ្កាហ្សា​ដែល​បាន​ថ្កោលទោស​សហរដ្ឋ​អាមេរិក​ថា​បាន​ធ្វើឃាត​ទៅលើ​បិន​ ឡាដិន​ដែល​ជា​យុទ្ធជន​បម្រើ​សាសនា​អ៊ីស្លាម។

រីឯ​សាធារណរដ្ឋ​អ៊ីស្លាម​អៀរ៉ង់​ដែល​មាន​ប្រជាជន​ភាគច្រើន​ជាអ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​Chiites ​ដែល​បាន​ត្រូវ​មេដឹកនាំ​អាល់កៃដា​នៅ​អៀរ៉ាក់​ឈ្មោះ​Abou Moussab Al-Zarkaoui ចាត់​ទុក​ជា​ផ្ទាំង​ស៊ីប្លឹ៍​ដ៏​សំខាន់​ ​ បាន​បញ្ចេញ​ប្រតិកម្ម​របស់​ខ្លួន​តាមរយៈ​អ្នក​នាំ​ពាក្យ​​នៃ​ក្រសួង​ការបរទេស​ថា​ ​ “​មរណភាព​របស់​បិន​ ឡាដិន​ពិតជា​កត្តា​ដ៏​វិជ្ជមាន​សម្រាប់​ជួយ​ឲ្យ​​មាន​ស្ថិរភាព​និង​សន្តិភាព​ពិភពលោក​ ​ ហើយ​ទាំង​សហរដ្ឋ​អាមេរិក​ ​ ទាំង​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ខ្លួន​គ្មាន​សិទ្ធិ​អ្វីទៀត​នឹង​បន្ត​មាន​វត្តមាន​របស់​ខ្លួន​នៅ​តំបន់​ដើមបូព៌ា​ទៀតឡើយ"៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI