សុន្ទរកថារបស់លោកអូបាម៉ាស្តីពីភូមិភាគដើមបូព៌ា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប៉ុន្មានម៉ោងទៀតខាងមុខនេះ លោកប្រធានាធិបតីអាមេរិក នឹងថ្លែងសុន្ទរកថាមួយស្តីពី ស្ថានភាពនៅដើមបូព៌ា។ ប្រាំខែក្រោយពីការផ្តើមឡើងនៃបដិវត្តន៍នៅក្នុងពិភពអារ៉ាប់ លោកអូបាម៉ានឹងលាតត្រដាងឲ្យឃើញនូវជំហររបស់សហរដ្ឋអាមេរិកនៅចំពោះមុខបរិបទភូមិសាស្រ្តនយោបាយថ្មីនៃភូមិភាគដើមបូព៌ា។ តើហេតុអ្វីបានជាសុន្ទរកថារបស់លោកអូបាម៉ានៅថ្ងៃពុធទី១៨ឧសភានេះ ជាព្រឹត្តិការណ៍មួយសំខាន់ ?
នៅចំពោះមុខបដិវត្តន៍ដែលប្រព្រឹត្តទៅបន្តបន្ទាប់គ្នានៅក្នុងបណ្តាប្រទេសនៃពិភពអារ៉ាប់ សហរដ្ឋអាមេរិកគ្មានជំហរនិងយុទ្ធសាស្រ្តច្បាស់ទេមកទល់ពេលនេះ។ ក្នុងករណីប្រទេសលីប៊ីទីក្រុងវ៉ាស៊ីនតោនគ្រាន់តែបានទាមទារឲ្យKadhafiចាកចេញពីតំណែង។ ទាក់ទងនឹងប្រទេសស៊ីរីវិញ សេតវិមានបានទទូចឲ្យBachar al-Assad បន្ទន់ជំហរនិងចេះស្តាប់សម្លេងនិងសេចក្តីត្រូវការរបស់ប្រជារាស្រ្ត។ ស្តីពីប្រទេសបារ៉ែនវិញ ទីក្រុងវ៉ាស៊ីនតោនគ្រាន់តែបានអំពាវនាវឲ្យព្រះចៅHamad ben Issa Al-Khalifa គោរព“សិទ្ធិសកល”របស់ពលរដ្ឋ។
ទាំងនេះបានន័យថា មកទល់ពេលនេះ ជំហររបស់លោក អូបាម៉ាមិនមែនមានតែមួយទេ និងថាវាតែងតែបត់បែនទៅតាមស្ថានភាពធ្ងន់ឬស្រាលនៃបដិវត្តន៍នីមួយៗដែលប៉ះពាល់ខ្លាំងឬតិចទៅលើផលប្រយោជន៍អាមេរិកនៅក្នុងតំបន់។
ម្ល៉ោះហើយបានជាក្រុមអ្នកសង្កេតការណ៍រង់ចាំស្តាប់សុន្ទរកថារបស់ប្រធានាធិបតីអាមេរិកនៅប៉ុន្មានម៉ោងទៀតខាងមុខនេះ។ តាមមើលទៅ លោកអូបាម៉ានឹងច្បាស់ជាលាតត្រដាងឲ្យឃើញនូវយុទ្រសាស្រ្តថ្មីមួយរបស់លោកនៅចំពោះមុខការប្រែប្រួលយ៉ាងលឿនរហ័សនៃស្ថានភាពយោបាយនៅក្នុងភូមិភាគដើមបូព៌ា។
តើអាមេរិកអាចនឹងជួយបណ្តាប្រទេសនៅក្នុងតំបន់តាមមធ្យោបាយណា? តើអាមេរិកអាចពង្រឹងគ្រឹះប្រជាធិបតេយ្យនៅក្នុងតំបន់តាមរបៀបណា? តើការស្លាប់របស់Ben Ladenមានន័យយ៉ាងណាសម្រាប់ពិភពអារ៉ាប់ ? ទាំងនេះ សុទ្ធសឹងជាសំណួរដែលលោកអូបាម៉ាត្រូវឆ្លើយតាមរយៈសុន្ទរកថារបស់លោកនៅថ្ងៃនេះពីព្រោះចង់ឬមិនចង់ការប្រែប្រួលស៊ីជម្រៅនៅក្នុងភូមិភាគដើមបូព៌ាជាឱកាសមួយសម្រាប់ឲ្យអាមេរិកសើរើមើលឡើងវិញទិសដៅនយោបាយរបស់ខ្លួននៅក្នុងតំបន់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ