ចិន-អាមេរិក

លោក​ អូបាម៉ា​ទទួល​​ដាឡៃឡាម៉ា​ដោយ​ធ្វើ​ជា​មិន​ដឹង​មិន​ឮ​ការ​ព្រមាន​ប្រាប់​របស់​ចិន​

ប្រមុខដឹកនាំពុទ្ធសាសនាទីបេនិរទេស  Dalaï Lama
ប្រមុខដឹកនាំពុទ្ធសាសនាទីបេនិរទេស Dalaï Lama Reuters/Yuri Gripas

ដោយ ​​មិន​​ខ្ចី​​រវល់​​នឹង​​ការ​​ព្រមាន​ប្រាប់​​របស់​​ចិន​​មិន​​ឲ្យ​​ទទួល​​ ជួប​​ប្រមុខ​​ដឹកនាំ​ពុទ្ធសាសនា​​ទីបេ​​មក​​ លោក​​ប្រធានាធិបតី​​អាមេរិកាំង​ អូបាម៉ា ​នៅ​​ថ្ងៃ​​សៅរ៍​​១៦​​កក្កដា​​ម្សិលមិញ​ បាន​​ជួប​​សន្ទនា​​ជា​មួយ​​សម្តេច​​ដាឡៃឡាម៉ា​​នៅ​​សេតវិមាន​​​អស់​​រយៈ​ពេល ​​៤៥​​នាទី ។​ នៅ​​ឯ​ទីក្រុង​​ប៉េកាំង​​​វិញ​ ភ្លាមៗ​​នោះ ​​អនុ​​រដ្ឋមន្ត្រី​​ក្រសួង​​ការបរទេស​​ចិន​ លោក​ Cui ​ Tiankai​ បាន​​កោះហៅ​​ លោក​ Robert Wang ​ ជា​​ភារធារី​​នៃ​​ស្ថានទូត​​អាមេរិកាំង​​ប្រចាំ​​ទីក្រុង​​ប៉េកាំង​ ដើម្បី​​ប្រគល់​​ជូន​​កំណត់​ហេតុ​​តវ៉ា​​ប្រឆាំង​​របស់​​ទីក្រុង​​ប៉េកាំង ​បន្ទាប់ពី​​មាន​​ជំនួប​​រវាង​​លោក​​អូបាម៉ា​​និង​​ដាឡៃឡាម៉ា​​មក។​

ផ្សាយពាណិជ្ជកម្ម

ដើម្បី​កុំ​ឲ្យ​ជំនួប​ប្រាស្រ័យ​រវាង​ប្រធានាធិបតី​អាមេរិកាំង​និង​សម្តេច​សង្ឃទីបេ មាន​លក្ខណៈ​ជា​ផ្លូវការ​ពេក​ដែល​រឹត​តែ​បញ្ឆេះ​កំហឹង​ក្រេវក្រោធ​ខ្លាំង​របស់​ទីក្រុង​ប៉េកាំង​ រដ្ឋការ​អាមេរិកាំង​បាន​សម្រេច​ជ្រើស​រើស​យក​ សាល​ផែនទី​មក​ធ្វើ​ជា​កន្លែង​ជួប​សន្ទនា​គ្នា។ សាល​ផែនទី​ដដែល​នេះ ក៏​ជា​ទីកន្លែង​ដែល​ប្រធានាធិបតី សហរដ្ឋអាមេរិក​ជំនាន់​មុន លោក​ Roosevelt អង្គុយ​សង្កេត​តាមដាន​មើល​យ៉ាង​សកម្ម ដំណើរប្រព្រឹត្ត​ទៅ​នៃ​ប្រតិបត្តិការ​យោធា​នៅ​​ជំនាន់​សង្គ្រាម​លោក​លើក​ទី​ពីរ។

នៅ​ឱកាស​ជំនួប​ប្រាស្រ័យ​គ្នា​រវាង​លោក​ប្រធានាធិបតី​អាមេរិក​និង​សម្តេច​សង្ឃ​ទីបេយោង​​តាម​សេតវិមាន លោក បារ៉ាក​អូបាម៉ា បាន​ថ្លែង​បញ្ជាក់​ជា​ច្រើន​លើក អំពី​ការ​គាំទ្រ​របស់​លោក ក្នុង​ការ​ថែរក្សា​ការពារ​សម្បត្តិ​វប្បធម៌​ទីបេ​និង​ការ​ការពារ​សិទ្ធិ​​មនុស្ស។ មិនតែ​ប៉ុណ្ណោះ លោក អូបាម៉ា  ក៏​បាន​អះអាង​បញ្ជាក់​ទៀត​ថា​ លោក​ជឿជាក់​ថា ​“រដ្ឋាភិបាល​ចិន នឹង​ត្រូវ​ចូល​រួម​ធ្វើ​កិច្ចចរចា​ជាមួយ​អ្នក​តំណាង​របស់​សម្តេច​ដាឡៃឡាម៉ា ដើម្បី​ដោះស្រាយ​រាល់​ការខ្វែង​គំនិត​គ្នា​រវាង​ភាគី​ចិន​និង​ទីបេ។

ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ទីបេ​នេះ ដែល​ទើប​នឹង​បា្ររព្ធ​ខួប​កំណើត​របស់​ខ្លួន​ក្នុង​ព្រះជន្មាយុ​៧៦​វស្សា បាន​ឆ្លៀត​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​ការ​រួមប្រជុំ​សាសនា​ដ៏​ធំ​មួយ នារយៈ​ពេល​មួយ​សប្តាហ៍ និង​ដែល​ត្រូវ​បាន​ចូល​រួម ពី​សំណាក់​ជនជាតិ​ទីបេ​ជា​ច្រើន​ពាន់​នាក់។ ប្រជាជន​ទីបេ​ដែល​មាន​ចេតនា​ចង់​ឲ្យ​រូប​លោក​អូបាម៉ា​តែ​ម្តង​ជា​អ្នក​ទទួល​ស្វាគម​ប្រមុខ​ដឹកនាំ​ពុទ្ធសាសនា​របស់​គេ។

ចំណែក​សហរដ្ឋអាមេរិក​វិញ ដោយ​ខ្លាច​មាន​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ខ្លាំង​ដល់​ទីក្រុង​ប៉េកាំង ក្នុង​ការ​ទទួល​ស្វាគម​សម្តេច​ដាឡៃឡាម៉ា​នៅ​លើ​ទឹកដី​របស់ខ្លួន​នោះ  ប្រធានាធិបតី​អាមេរិកាំង​នានា នៅ​តែ​មាន​ការ​រារែក​អល់អែក​ជា​និច្ច​លើកលែងតែ​លោក​ប្រធានាធិបតី George Bush​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅ​ពេល​ដែល​គេ​បាន​រៀបចំ​ទទួល​ប្រមុខ​ទីបេ​នេះ​វិញ នោះ​គេ​បាន​ធ្វើ​ដោយ​លក្ខណៈ​ស្ងាត់​ស្ងៀម​បំផុត​និង​ក៏​គ្មាន​កាម៉េរ៉ា​ថតរូប​របស់​អ្នកសារព័ត៌មាន​អ្វី​ដែរ និង​ក៏​មាន​លក្ខណៈ​ដូចគ្នា​នឹង​ការ​ទទួល​សម្តេច​ដាឡៃឡាម៉ា​នៅ​ថ្ងៃ​សៅរ៍​១៦​កក្កដា​ម្សិលមិញ​នេះដែរ។

នេះ គឺ​មកពី​រដ្ឋការ​​អាមេរិកាំង ប៉ុនប៉ង​ចៀសវាង​ការ​បង្កហេតុ​ជាមួយ​ប្រទេស​ចិន​នៅ​​មុន​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ហ៊ីលឡារី ក្លីនតុន​និង​លោក Joe Biden អនុប្រធានាធិបតី​អាមេរិក​​នៅ​ប្រទេស​ចិន នៅសប្តាហ៍ក្រោយនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI