ប្រទេសកាណាដាដកខ្លួនចេញពីពិធីសារក្យូតូ
ក្រោយពីសន្និសីទនៃទីក្រុង Durban ស្ដីពីបញ្ហាអាកាសធាតុ ប្រទេសកាណាដាដកខ្លួនចេញពីពិធីសារក្យូតូ។ បើយោងតាមរដ្ឋមន្ត្រីកាណាដានៃក្រសួងបរិស្ថាន កិច្ចព្រមព្រៀងនៃពិធីសារក្យូតូគ្មានប្រសិទ្ធិភាពឡើយ ដោយហេតុគ្មានវត្តមានរបស់ប្រទេសដែលបំពុលបរិយាកាសពិភពផែនដីខ្លាំងជាងគេមានដូចជាប្រទេសចិននិងសហរដ្ឋអាមេរិកជាដើម។ បក្សប្រឆាំងនិងអ្នកការពារបរិស្ថានបន្ទោសអ្នកដឹកនាំប្រទេសកាណាដាបច្ចុប្បន្នថា គ្មានសកម្មភាពប្រឆាំងទល់នឹងការឡើងបរិមាណនៃឧស្ម័នផ្ទះកញ្ចក់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មានលេចឮពាក្យចចាមអារ៉ាមពីសំណាក់អ្នកឯកទេសខាងអាកាសធាតុជាច្រើនសប្តាហ៍មកហើយថា ប្រទេសកាណាដានឹងដកខ្លួនចេញពីពិធីសារក្យូតូ។
សម្រាប់អ្នកអភិរក្សនិយមកាណាដាដែលនៅកាន់អំណាចសព្វថ្ងៃនេះ ការបោះបង់ចោលពិធីសារក្យូតូនឹងអនុញ្ញាតឲ្យប្រទេសកាណាដាសំចៃបានប្រាក់ប្រមាណ១៤ពាន់លានដុលា្លរឬត្រូវជា១ ៦០០ដុល្លារសម្រាប់គ្រួសារកាណាដានីមួយៗ។ ១៤ពាន់លានដុលា្លរដែលជាប្រាក់ពិន័យទៅលើប្រទេសកាណាដាដែលពុំគោរពកិច្ចព្រមព្រៀងនៃពិធីសារក្យូតូ។
បើយោងតាមក្រសួងបរិស្ថាន ប្រទេសកាណាដាគ្មានលទ្ធភាពនឹងធ្វើការកាត់បន្ថយការឡើងកម្តៅខ្លាំងនៃឧស្ម័នផ្ទះកញ្ចក់ដូចការសន្យារបស់អ្នកដឹកនាំកាណាដាសេរីនិយមនៅពេលមុនបានឡើយ។ ដោយហេតុថា នាពេលបច្ចុប្បន្ននេះប្រទេសកាណាដាបានធ្វើឲ្យមានការកើនឡើងនៃកម្តៅឧស្ម័នផ្ទះកញ្ចក់ប្រមាណ៣០%ប្រៀបផ្ទឹមទៅនឹងកម្រិតឆ្នាំ១៩៩០ ដែលខុសផ្ទុយពីការត្រូវកាត់បន្ថយ៦%នៃកម្រិតឆ្នាំ១៩៩០។
គួររំលឹកថា ការដកខ្លួនថយចេញពីពិធីសារក្យូតូមុនកាលបរិច្ឆេទខែធ្នូឆ្នាំ២០១២ ប្រទេសកាណាដានឹងរួចខ្លួនពីការបង់ពិន័យប្រមាណ១៤ពាន់លានដុល្លារ។ ប៉ុន្តែទាំងនេះបានត្រូវអ្នកឯកទេសខាងច្បាប់បរិស្ថានថ្លែងថា ជាការគន់គូរពុំត្រឹមត្រូវ។ ដោយហេតុថា នៅវគ្គទីពីរនៃការប្រយុទ្ធទល់នឹងការកើនឡើងនៃបរិមាណឧស្ម័នផ្ទះកញ្ចក់នឹងមានភាពធូរស្រាលជាងវគ្គមុន។
សូមបញ្ជាក់ថា អ្នកដឹកនាំអភិរក្សនិយមកាណាដាបច្ចុប្បន្នបដិសេធពុំយល់ព្រមគោរពតាមវិធានច្បាប់រួមដើម្បីកាត់បន្ថយឧស្ម័នការបូនិក។ ដូចសហរដ្ឋអាមេរិកដែលជាប្រទេសជិតខាងដែរ ប្រទេសកាណាដាចង់ឲ្យមានការសម្របសម្រួលជាមួយឧស្សាហករពាក់ព័ន្ធនឹងការកាត់បន្ថយការកើនឡើងនៃកម្តៅឧស្ម័នផ្ទះកញ្ចក់។ កាណាដាពុំយល់ព្រមឲ្យគេដាក់វិធានច្បាប់តឹងរ៉ឹងទៅលើការប្រកបអាជីវកម្មនៅវាលខ្សាច់ប្រេងកាតដែលឋិតនៅប៉ែកខាងលិចនៃប្រទេសកាណាដាឡើយ។ គួរបញ្ជាក់ថា ការប្រកបអាជីវកម្មនៅវាលខ្សាច់ប្រេងកាតនេះហើយដែលបានធ្វើឲ្យមានការកើនឡើងខ្លាំងជាងគេនៃកម្តៅឧស្ម័នផ្ទះកញ្ចក់នៅប្រទេសកាណាដា។
“អសកម្មភាព” របស់រដ្ឋាភិបាលកាណាដាក្នុងការប្រយុទួ្ធទល់នឹងការកើនឡើងនៃកម្តៅឧស្ម័នផ្ទះកញ្ចក់ បានបណ្តាលឲ្យអ្នកការពារបរិស្ថានងាកទៅរកខេត្ត Québec ដែលជាអ្នកមានទំនោរការពារពិធីសារក្យូតូជាងអ្នកអភិរក្សនិយមកាណាដា។ ហើយអ្នកការពារបរិស្ថានបានជំរុញឲ្យរដ្ឋាភិបាល ខេត្ត Québec ធ្វើការប្រឆាំងនឹង “អសកម្មភាព” របស់រដ្ឋាភិបាលកណ្តាលកាណាដាក្នុងការប្រយុទ្ធទល់នឹងការកើនឡើងបរិមាណនៃឧស្ម័នផ្ទះកញ្ចក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ