ស៊ីរីកន្លងបន្ទាត់ក្រហម អាមេរិកផ្តល់ជំនួយយោធាដល់ពួកឧទ្ទាម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រសួងស៊ើបការណ៍សម្ងាត់អាមេរិក មានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា រដ្ឋាភិបាលស៊ីរី បានប្រើអាវុធគីមី។ នេះជាសេចក្តីប្រកាសរបស់អ្នកនាំពាក្យសេតវិមាន នៅល្ងាចថ្ងៃព្រហស្បតិ៍ទី ១៣មិថុនា។ របបក្រុងដាម៉ាសប្រើអាវុធគីមី ដែលទំនងជាសម្លាប់ជីវិតមនុស្សប្រមាណពី ១០០ទៅ១៥០នាក់ ជាការរំលោភបំរាមរបស់អាមេរិក ដូច្នេះជំហររបស់វ៉ាស៊ីនតោនក៏ប្តូរទៅតាមនោះដែរ គឺអាមេរិក នឹងបង្កើនជំនួយយោធា ដល់ក្រុមឧទ្ទាម។
រដ្ឋាភិបាលស៊ីរី របស់លោក បាស្ហារ អាល់អាសាទ បានឆ្លងគំនូសក្រហមហាមឃាត់ ដោយហ៊ានប្រើអាវុធគីមី ក្នុងសង្គ្រាមជាមួយពួកឧទ្ទាមប៉ះបោរ។ ជាការប្រើប្រាស់ក្នុងបរិមាណតិចតួចទេ ប៉ុន្តែជាច្រើនលើកច្រើនសា។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យសេតវិមាន នៅក្នុងសន្និសីទកាសែត នាទីក្រុងវ៉ាស៊ីនតោន ល្ងាចមិញ។
អាមេរិកមិនខ្ជាក់សំដីទេ ! ជាមួយនឹងការជូនដំណឹងរកឃើញភស្តុតាងនៃការប្រើអាវុធគីមីនៅស៊ីរី អាមេរិកបានប្រកាសភ្លាមបង្កើនជំនួយយោធា ដល់ពួកឧទ្ទាម ប៉ុន្តែពុំទាន់មានការសម្រេច បង្កើតតំបន់ហោះហើរហាមឃាត់ ឬ ប្រភេទនៃជំនួយយោធាឱ្យបានច្បាស់លាស់នៅឡើយទេ។ សមាជិកសភាអាមេរិកនៃគណបក្សសាធារណរដ្ឋ ជាច្រើនបានថែមទាំងទាមទារឱ្យរដ្ឋាភិបាលអាមេរិក ផ្តល់អន្តរាគមន៍យោធា ក្នុងទ្រង់ទ្រាយធំ។ រីឯអ្នកការទូតមួយចំនួនធំវិញ បានស្នើសុំឱ្យមានការវាយប្រហារតាមផ្លូវអាកាស យ៉ាងហោចណាស់ទៅលើមូលដ្ឋានយោធាទ័ពអាកាសរបស់លោក បាស្ហារ អាល់អាសាទ។
ប៉ុន្តែរុស្ស៊ី សម្ព័ន្ធមិត្តរបស់ដាម៉ាស បានច្រានចោលការចោទប្រកាន់របស់អាមេរិកនេះ ដោយយល់ថាជាភស្តុតាងភូតកុហក។ ប្រឈមមុខនឹងស្ថានការណ៍បែបនេះ អូតង់បានស្នើសុំទៅកាន់អាជ្ញាធរស៊ីរី ឱ្យបើកផ្លូវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីធ្វើអង្កេតផ្ទាល់លើសមរភូមិ ជុំវិញការប្រើប្រាស់អាវុធគីមីនេះ។
សូមបញ្ជាក់ថាអាមេរិកមានការសង្ស័យចំពោះបំរើបំរាស់អាវុធគីមីស៊ីរី យូរពេលមក ហើយ តែទើបប្រកាសទទួលស្គាល់ជាលើកមួយ នៅថ្ងៃម្សិលមិញ ៩ថ្ងៃក្រោយការអះអាងរបស់បារាំង និងអង់គ្លេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ