ប្រេស៊ីល

ប្រធានាធិបតី​ប្រេស៊ីល​ថ្លែង​សារ ដើម្បី​រំងាប់​កំហឹង​បាតុករ

លោកស្រី​ប្រធានាធិបតី​ប្រេស៊ីល Dilma Rousseff រូបថត​ថ្ងៃទី​៥​មិថុនា ២០១៣
លោកស្រី​ប្រធានាធិបតី​ប្រេស៊ីល Dilma Rousseff រូបថត​ថ្ងៃទី​៥​មិថុនា ២០១៣ Reuters / Marcelino

នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី​២១​មិថុនា​ ​លោកស្រី​ប្រធានាធិបតី​ប្រេស៊ីល ឌីលម៉ា រ៉ូសេហ្វ (Dilma Rousseff) ចេញ​មុខ​ថ្លែង​សារ​ជាតិ​ទៅ​កាន់​ពលរដ្ឋ​ប្រេស៊ីល​។ លោក​ស្រី​ប្រធានាធិបតី​បាន​ប្រកាស​ទទួល​ដឹង​ឮ​ការទាមទារ​របស់​ពលរដ្ឋ​ និង​បាន​បង្ហាញកញ្ចប់​គម្រោង​ផែនការ​សំរាប់​កែ​លម្អ​វិស័យ​សេវាសាធារណៈ​ ឱ្យ​បាន​ប្រសើរ​ឡើង ដោយ​សង្ឃឹម​ថា​អាច​រំងាប់​​កំហឹង​​បាតុករ​បាន។

ផ្សាយពាណិជ្ជកម្ម

ក្នុង​ទឹក​មុខ​ខ្វាយខ្វល់ លោកស្រី​ប្រធានាធិបតី ឌីលម៉ា រ៉ូសេហ្វ បាន​ថ្លែង​សារ​​ទៅ​កាន់​ប្រជាជាតិ ​តាម​កញ្ចក់​ទូរទស្សន៍​ និង​វិទ្យុ​ ពេញ​ផ្ទៃ​ប្រទេស​​ រយៈ​ពេល​១០​នាទី ថា​លោកស្រី​បាន​ឮ​សម្រែក​ទាមទារ​របស់​ពលរដ្ឋ​ ប្រមាណ​ជាង​១​លាន​ពីរ​សែន​នាក់​ដែល​នាំ​គ្នា​ចុះ​ថ្នល់ម្សិលមិញ​ !

 
“បាតុកម្ម​ជា​សិទ្ធិ​និង​ជា​សេរីភាព​ ក្នុង​ការ​បញ្ចេញ​មតិ ឬ​ដើម្បីការ​ប្តូរផ្លាស់​ប៉ុន្តែ​ត្រូវ​ធ្វើ​សន្តិវិធី និង​មាន​សណ្តាប់ធ្នាប់ ហើយ​ខ្ញុំ​ក៏​មិន​អារ​កាត់​ក្តី​ជាមួយ​នឹង​អំពើ​ហិង្សា​ និង​បះបោរ​ដែរ។ អ្វីៗ​ត្រូវប្រព្រឹត្ត​ដោយ​សន្តិភាព តាម​លទ្ធិប្រជាធិបតេយ្យ ! យើង​ត្រូវ​បន្ត​ស្ថាបនា​ រួម​គ្នា​ប្រទេស​ដ៏ធំនេះ ដែល​ជា​ប្រទេស​របស់​យើង​ទាំងអស់គ្នា!”

ដើម្បី​ឱ្យកែ​លម្អ​​វិស័យ​អប់រំ សុខាភិបាល មធ្យោបាយ​ធ្វើ​ដំនើរ​សាធារណៈ​ បាន​ប្រសើរ​ឡើង ​ លោកស្រី​ប្រធានាធិបតី​​ ​បាន​បង្ហាញ​វិធានការ​បី​សំខាន់ៗ ៖ ចំណូល​បាន​មក​ពី​​ការ​លក់​ប្រេង ត្រូវ​​ផ្តល់​ទាំង​ស្រុង​ទៅ​វិស័យ​អប់រំ បង្កើត​ផែនការជាតិ សំរាប់​ការធ្វើ​ដំណើរ​ក្នុង​ក្រុង និង​​ទាក់ទាញ​​​ក្រុមគ្រូពេទ្យ​​បរទេស​ ក្នុង​បរិមាណ​ដ៏​សន្ធឹក​សន្ធាប់ ឱ្យ​ម​កធ្វើ​ការ​នៅ​ប្រេស៊ីល ដើម្បី​បំពេញ​កង្វះ​ ​ក្នុងប្រព័ន្ធ​​សុខាភិបាល។

ទាក់ទង​នឹង​អំពើ​ពុក​រលួយ​វិញ លោកស្រី​ប្រធានាធិបតី​បា​ន​សន្យា​ប្រយុទ្ធ​​ប្រឆាំង​រាល់​លួច​បន្លំ​បង្វិល​លុយ​ និ​ង​កោះ​ប្រជុំ​អភិបាល​ក្រុង​ធំៗ​ទាំង​អស់​ នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ចាប់​ផ្តើម​ការងារ​ឱ្យ​មាន​ប្រសិទ្ធិភាព។ ឯ​ការ​វិនិយោគស្តាត​សំរាប់​កីឡា​បាល់ទាត់​ពិភពលោក​ ​​ដែល​ជា​មូលហេតុ​មួយ​នៃ​ការ​ផ្ទុះបាតុកម្ម លោកស្រី​ប្រធានាធិបតី​បាន​ពន្យល់​បំភ្លឺ​ថា រាល់​ថវិកា​ដែល​បាន​ចំណាយ​ទៅ នឹង​ត្រូវ​សង​មក​វិញ​ដោយ​ក្រុមហ៊ុន​និង​រដ្ឋាភិបាល​​នៃ​ប្រទេស​ដែល​បាន​ចំណេញ​ពី​កីឡានេះ។

ក្រុម​អ្នក​ឆ្លៀត​ឱកាស​ប្រើ​អំពើ​ហិង្សា​នឹង​មិន​ទទួល​បាន​ការ​អនុគ្រោះ​ឡើយ។​ ប៉ុន្តែ​លោកស្រី ឌីលម៉ា រ៉ូសេហ្វ​ មិន​បានលើក​ឡើង​ទេ​អំពី​អាកប្បកិរិយា​របស់ប៉ូលិស និង​​កង​កម្លាំង​សន្តិសុខ ដែល​ពេល​ខ្លះ​បាន​ប្រើ​​អំណាច​យ៉ាង​ហិង្សា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ អំពើ​ហិង្សា​ដែល​បាន​បណ្តាល​ឱ្យ​បាតុករ​ពីរ​នាក់​ស្លាប់។ ក្នុង​ពេល​ដែល​លោកស្រី​ប្រធានាធិបតី​កំពុង​ថ្លែង​សារ​ជាតិ​នេះ ចលនា​បាតុកម្ម​មិន​បាន​ស្ងប់ស្ងាត់​ទេ ថ្វី​បើ​មាន​គ្នា​តិច​ជាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ប៉ុន្តែ​ការប្រមូល​ផ្តុំ​នៅ​តែ​មាន​លក្ខណៈ​ធំធេង​ដដែល​នៅតាមក្រុង​ជាង​៣០​របស់​ប្រេស៊ីល៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI