សុខភាពរបស់លោកNelson Mandela កាន់តែធ្លាក់ចុះដុនដាប
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅអាហ្វ្រិកខាងត្បូង ដំណឹងស្តីពីសុខភាពរបស់លោកNelson Mandela បានធ្លាក់ចុះជាបន្តបន្ទាប់។ កាលពីល្ងាចថ្ងៃពុធទី ២៧ ខែមិថុនា ឆ្នាំ ២០១៣ អ្នកស្និទ្ធនឹងគ្រួសាររបស់លោកMandela បានប្រាប់អ្នកសារព័ត៌មានថា លោក Nelson Mandela ដែលមានជម្ងឺរលាកសួតធ្ងន់ធ្ងរ ត្រូវគេដាក់ឲ្យដកដង្ហើម ដោយមានជំនួយពីម៉ាស៊ីនបញ្ចូលខ្យល់អុកស៊ីសែន នៅមន្ទីរពេទ្យ។
ជាផ្លូវការលោកNelson Mandela នៅមានជីវិត ប៉ុន្តែ គ្រាន់តែបាត់បង់ស្មារតី ហើយការដកដង្ហើមរបស់គាត់គឺធ្វើឡើងដោយមានជំនួយពីម៉ាស៊ីនអុកស៊ីសែន។ ក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ សុខភាពរបស់វីរបុរសអាហ្រ្វិកខាងត្បូងមិនបានល្អប្រសើរឡើងឡើយ គឺមានតែធ្លាក់ចុះដុនដាប។
កាលពីយប់ថ្ងៃពុធ បន្ទាប់ពីបានចូលទៅសួរសុខទុក្ខលោក Nelson Mandela លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង Jacop Zuma បានសម្រេចលុបចោលទស្សនកិច្ច របស់លោក នៅប្រទេសMozambique ដែលត្រូវធ្វើ នៅថ្ងៃព្រហស្បតិ៍។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់វិមានប្រធានាធិបតី អាហ្វ្រិកខាងត្បូង។
ដំណឹងនេះបានធ្វើឲ្យប្រជាជនអាហ្វ្រិកខាងត្បូងរឹតតែបារម្ភ និងកើតទុក្ខ ព្រោះថា មើលទៅ ដង្ហើមចុងក្រោយរបស់ Nelson Mandela ដែលជា បិតាឯករាជ្យ ដ៏គួរឲ្យគោរពរបស់ប្រជាជនអាហ្វ្រិកខាងត្បូង ទំនងជាមិនអាចនៅវែងតទៅទៀតទេ។
នៅថ្ងៃនេះ បរិយាកាសស្ងប់ស្ងាត់ កំពុងគ្របដណ្តប់ពេញផ្ទៃប្រទេស។ នៅមុខមន្ទីរពេទ្យ ដែលលោក Nelson Mandela កំពុងទទួលការព្យាបាល ប្រជាជនអាហ្វ្រិកខាងត្បូង ក្នុងទឹកមុខក្រៀមក្រំ បាននាំគ្នា ទៅច្រៀង បន់ស្រន់ សុំឲ្យលោកឆាប់ជាសះស្បើយ។ ចំណែកប្រជាជនអាហ្វ្រិកខាងត្បូងមួយចំនួនទៀត ត្រៀមរួចហើយ ដើម្បីកាន់មរណៈទុក្ខលោក Mandela៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ