បង់ក្លាដែស

បង់ក្លាដែស ច្រានចោស​ការ​ប្រកាស​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​​​ពីសំណាក់​សហរដ្ឋអាមេរិក

កម្មការនី​​រោងចក្រ​បង់ក្លាដែស នៅទីក្រុង Dhaka (រូបភាពឯកសារ)
កម្មការនី​​រោងចក្រ​បង់ក្លាដែស នៅទីក្រុង Dhaka (រូបភាពឯកសារ) REUTERS/Andrew Biraj

សហរដ្ឋ​អាមេរិក ​បាន​សម្រេច​លុប​ចោល​ការ​អនុគ្រោះ​ពាណិជ្ជកម្ម ដល់​បង់ក្លាដែស​ទាក់ទង​នឹង​ការ​នាំ​ចេញ​​សម្លៀកបំពាក់ ក្នុង​ហេតុ​ផល​ថា ប្រទេស​នេះ​មិន​បាន​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ។ ការ​សម្រេច​នេះ ធ្វើ​ឡើង ក្រោយ​បន្ទាប់​ពី មាន​សោកនាដកម្ម​ជា​ច្រើន​លើក​ច្រើនសា នៅ​ក្នុង​វិស័យ​កាត់ដេរ​បង់ក្លាដែស ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​និង​របួស​រាប់ពាន់​នាក់។

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​បង់ក្លាដែស បាន​ឆ្លើយ​តប​ថា ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​នេះ កំពុង​តែ​ធ្វើ​ឱ្យ​មាន​ការ​ប៉ះទង្គិច​យ៉ាង​ខ្លាំង​ដល់​ជីវភាព​កម្មករ​រោង​ចក្រ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ចេញ​ដោយ ក្រសួង​ការបរទេស​បង់ក្លាដែស បន្ទាប់​ពី​អាមេមេរិក​បាន​ប្រកាស​ព្យួរ​ការ​អនុគ្រោះ​ពាណិជ្ជកកម្ម ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា GSP​សម្រាប់​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍។ ហើយ​ទណ្ឌកម្ម​ទាំង​នេះ មាន​ដូច​ជា​ការ​តម្រូវ​ឱ្យ ក្រុមហ៊ុន នាំ​ចេញ​សំលៀកបំពាក់​ សំខាន់ៗ ពី​ប្រទេស​បង់ក្លាដេស ទៅ​ទីផ្សារ​អាមេរិក​បង់​ពន្ធគយ​ជា​ដើម។

 
នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​ដដែល​បាន​បញ្ជាក់​ថា នេះ​ជា​ទណ្ឌកម្ម​ដែល​អាមេរិកដាក់ ក្នុង​ពេល​ដែល​រដ្ឋាភិបាល​បង់ក្លាដែស កំពុង​តែ​ចាត់​វិធាន​ការ​ជាក់​លាក់ និង​តម្លាភាព ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ក្នុង​រោងចក្រ​វាយនភណ្ឌ ក៏​ដូច​ជា​ការ​ការពារ​សិទ្ធិការងារ​របស់​កម្មករ​ផង​ដែរ។

គួរ​​បញ្ជាក់​ថា បន្ទាប់​ពី​មាន​សោកនាដកម្ម​ស្រុត​ដី រោងចក្រ​វាយនភណ្ឌ នៅ​ប្រទេស​បង់ក្លាដែស​កាល​ខែ​មេសា​កន្លង​ទៅ បាន​ធ្វើ​ឱ្យ​មនុស្ស​ប្រមាណ​ជាង ១​២០០នាក់​បានស្លាប់ និង​រាប់ពាន់​អ្នក​ទៀត​រង​របួស។ ពេល​នោះ​ថ្នាក់​ដឹក​នាំ​កំពូល អាមេរិក បារ៉ាក់ អូបាម៉ា បាន​សម្រេច​ចិត្ត​ដាក់​សម្ពាធ លើ​ប្រទេស​មួយ​នេះ ដោយ​ឱ្យ គិតគួរ​ដល់​សុវត្ថិភាព​កម្មករ​ក្នុង​វិស័យ​កាត់ដេរ។ ដោយ​លោក បាន​បញ្ជាក់​ថា កន្លង​មក​បង់ក្លាដែស​មិន​បាន​ខិតខំ​ប្រឹងប្រែង លើ​ការងារ​នេះ​ទេ។

តំណាង​ក្រុម​ពាណិជ្ជកម្ម​ក្រៅ​ស្រុក​របស់​សហរដ្ឋ​អាមេរិក បាន​បន្ថែម​លើ​នេះ​ដែរ​ថា វា​វិធានការ​មួយ​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ន័យ​ជម្រុញ​ឱ្យ​បង់ក្លាដែស យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ និង​បទដ្ឋាន​សុវត្ថិភាព​ការងារ​របស់​ពួក​គាត់។​

នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​អាមេរិក​បាន យក​ចិត្ត​ទុក​ដាក់​យ៉ាងខ្លាំង ដោយ​ធ្វើ​ការ​ជាប់លាប់​ជា​មួយ​រដ្ឋាភិបាល​បង់ក្លាដែស ចង់​ឱ្យ​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​មួយ​នេះ សម្រេច​បាន​នូវ​បទដ្ឋាន​សុវត្ថិភាព​ការងារ​កម្មករ​មួយ​ត្រឹមត្រូវ។

សូមរម្លឹក​ថា​បង់ក្លាសដែស ជា​ប្រទេស​ដែល​នាំ​ចេញ សំលៀកបំពាក់​ច្រើន​ជាង​គេ​ទី២ នៅ​ក្នុង​ពិភព​លោក។ ហើយ​ក្នុង​នោះ​មាន​រោង​ចក្រ​ប្រមាណ​ជាង​៤ ពាន់​ប្រាំរយ​កំពុង​តែ​ផ្គត់ផ្គង់​សំលៀក​បំពាក់​ម៉ាក់​ល្បីៗ ជា​ច្រើន​ដូច​ជា Walmart, Carrefour និង​H&M ជាដើម៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI