អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

គ្រួសារ​ជីវភាព​មធ្យម​ត្រូវ​គេ​បោះបង់​ទុក​កន្លៀត​ជញ្ជាំង

សំឡេង ០៥:៣៩
ប្រធានាធិបតី​អាមេរិក និយាយ​ទៅកាន់​ប្រជាជន​អាមេរិកាំង​ដែល​មាន​ជីវភាព​មធ្យម នៅរដ្ឋ​អាយអូវ៉ា កាលពីឆ្នាំ ២០១២
ប្រធានាធិបតី​អាមេរិក និយាយ​ទៅកាន់​ប្រជាជន​អាមេរិកាំង​ដែល​មាន​ជីវភាព​មធ្យម នៅរដ្ឋ​អាយអូវ៉ា កាលពីឆ្នាំ ២០១២ REUTERS/Jason Reed
ដោយ៖ ឈាង បុប្ផា
៣៧ នាទី

ដំណឹងល្អ​សម្រាប់រដ្ឋាភិបាល​អាមេរិកាំង។ ហួសលើស​ពីការព្យាករណ៍​ទុក ស្ថាប័ន​សេដ្ឋកិច្ច​អាមេរិក​បាន​បង្ហាញថា ចំនួន​ការងារ​ថ្មី​សម្រាប់​ខែ​មិថុនា បាន​កើនឡើង​ដល់​ ជាង ១សែន ៩ម៉ឺន ៥ពាន់នាក់។ តួលេខ​នេះ​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​ក្នុង​ទីក្រុង​ញូវយ៉ក​បាន​ឡើង នៅ​ចុងសប្តាហ៍​មុននេះ។ លុយ​ដុល្លារ បាន​ឡើង​ថ្លៃ បើប្រៀបធៀប​នឹង​លុយអឺរ៉ូ។ តើ​ការងារ​ បង្កើត​ថ្មី​កើន​ឡើង​ចំនួន​ច្រើន អាច​ជា​ដំណឹង​ល្អ​សម្រាប់​ប្រជាជន​អាមេរិកាំង ជាពិសេស អ្នកមកពី​គ្រួសារ​ជីវភាព​មធ្យម​ដែរឬទេ? 

ផ្សាយពាណិជ្ជកម្ម

 

អ្នកសេដ្ឋកិច្ច​វិទូ​អាមេរិក​បាន​វាយតម្លៃថា ប្រសិន​បើ​ការងារ​បង្កើត​ថ្មី កើនឡើង​ក្នុង​ចំនួន​មួយ​ថេរ នោះ គឺ​ចំនួន​អ្នកអត់ការងារ​ធ្វើ​នៅ​អាមេរិក នឹង​ថយចុះ​មួយ​ភាគរយ គឺ​ពី ៧,៦ភាគរយ មក​ត្រឹម៦,៥ភាគរយ នៅ​ចុង ឆ្នាំ ២០១៤។ ចាប់តាំងពី​ងើប​ក្រោក​ចេញពី​វិបត្តិ កំណើន​សេដ្ឋកិច្ច​របស់​អាមេរិក​បាន​ចាប់​កើន​ឡើង​ដោយយឺត ឬ​សឹង​តែថេរ​ក្នុង​កម្រិត ២,៤​ភាគរយ។

តាម​ធម្មតា បើ​សេដ្ឋកិច្ច​កើនឡើង មិនជួបវិបត្តិ ប្រជាជន​អាមេរិក​គួរតែ​ទទួល​បាន​ផលប្រយោជន៍ ផ្លែផ្កា​ពី​កំណើនសេដ្ឋកិច្ច ប៉ុន្តែ ផ្ទុយទៅវិញ គេ​ឃើញ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ កាន់តែធំ​រីកធំ​ឡើងៗ ក្នុង​ចំណោម​ប្រជាជន​អាមេរិកាំង។ អ្នកដែល​មាន​ជីវភាព​មធ្យម នៅ​អាមេរិក​បាន​ថយ​ទាំង​ចំនួន និង​ទ្រព្យ​សម្បត្តិ។

តាមនិយមន័យ​របស់​អាមេរិក គ្រួសារ​មាន​ជីវភាព​មធ្យម គឺ​ជាគ្រួសារ​ដែល​មាន​សមាជិក​៣នាក់ និង​ដែល​រកបាន​ប្រាក់ចំណូល ចន្លោះពី ៣ម៉ឺន ៩ពាន់ ដល់ ១១ម៉ឺន ៨ពាន់​ដុល្លារ។ តាម​និយមន័យនេះ ប្រជាជន​អាមេរិកាំង បច្ចុប្បន្ន ប្រមាណ ៥១​ភាគរយ រស់នៅក្នុង​កម្រិត​ជីវភាព​មធ្យម។ ចំនួន​នេះ​បាន​ថយចុះ ១០ភាគរយ បើប្រៀបធៀប​នឹង​ឆ្នាំ ១៩៧០។ ចំនួន អ្នកមាន​ជីវភាព​មធ្យមថយចុះ ព្រោះថា ពួកគេ​មួយចំនួន​បាន​ជាប់បំណុល​គេ និង​ធ្លាក់​ខ្លួនក្រ បន្ទាប់ពី​បាត់បង់​ការងារ និង​ដោយសារ​ជីវភាព​រស់នៅ ​កាន់តែ​មាន​តម្លៃថ្លៃ។

កាលពី​ឆ្នាំ ១៩៧០ គ្រួសារ​ជីវភាព​មធ្យម តំណាង​ឲ្យ​ប្រាក់ចំណូល​ជាតិ ៦២ ភាគរយ ហើយ​អ្នកមាន​តំណាង​ឲ្យ​តែ ២៤ភាគរយ​ប៉ុណ្ណោះ។ ប៉ុន្តែ នៅ​ឆ្នាំ ២០១០ ប្រាក់ចំណូល​របស់​អ្នកមានជីវភាព​មធ្យម បាន​ធ្លាក់ចុះ ដោយ​មក​នៅ​ត្រឹម ៤៥ភាគរយ។

ក្នុងពេល​ដែល​ប្រទេស​ជួប​​វិបត្តិ អ្នកមាន​កាន់តែ​មាន​ខ្លាំង ព្រោះ​គេ​ភាគច្រើន​វិនិយោគទៅក្នុង​ទីផ្សារ​ភាគហ៊ុន ដែល​អាច​ធ្វើ​ឲ្យ​គេ​រកប្រាក់​បានឆាប់រហ័យ ចំណែក​គ្រួសារ​ជីវភាព​មធ្យម វិញ បាន​ដាក់លុយ​ច្រើន​ទៅក្នុង​អចលនទ្រព្យ ដែល​ពេលនេះ​កំពុង​ជួប​វិបត្តិ មិន​ងាយ​នឹង​ងើបឡើងវិញ។

ប្រជាជន​អាមេរិកាំង ពេញវ័យ ៥១ភាគរយ​ត្រូវ​គេ​ចាត់ចូល​ជាអ្នកមាន​ជីវភាព​មធ្យម។ ក្នុង​អំឡុង​ពេល​បោះឆ្នោត ក្រុមនេះ​ត្រូវ​បាន​គណបក្ស​នយោបាយ​ខិតខំ​យកចិត្ត ដើម្បី​ផលប្រយោជន៍​សន្លឹកឆ្នោត។ គ្រួសារ​ជីវភាព​មធ្យម​ភាគច្រើន​បាន​ផ្តល់​សំឡេង​របស់គេ​ទៅ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​បារ៉ាក់ អូបាម៉ា ដែល​បាន​សន្យា​ធ្វើ​កំណែទម្រង់​លើ​ផ្នែក​សេវា​សុខភាព ការអប់រំ។ ក្នុងពេល​ដែល​រដ្ឋាភិបាល​សន្យា​បង្កើត​ការងារ និង​សេដ្ឋកិច្ច​ហាក់​កំរើក ងើបស្ទុះឡើងវិញ ប្រជាជន​អាមេរិកាំង​ជីវភាព​មធ្យម នៅតែ​ធ្លាក់​ខ្លួន​រងគ្រោះ ដោយសារ​បាត់បង់​ការងារធ្វើ និង​ដោយសារ​តម្រូវការ​សម្រាប់​រស់ កាន់តែ​មាន​តម្លៃថ្លៃ។ តម្រូវការ​ចាំបាច់​របស់​ពួកគេ​ដូចជា​ម្ហូប ខោអាវ និង​ឡាន​សម្រាប់​ធ្វើ​ដំណើរ មាន​លក្ខណៈ​ល្អប្រសើរ​ជាងមុន ប៉ុន្តែ ប្រជាជន​អាមេរិកាំង​ក្នុង​ជីវភាព​ធុនមធ្យម​បាន​កាត់បន្ថយ​ចំណាយ​របស់​ខ្លួន​ទៅលើ​សំភារៈ​ចាំបាច់ ​ដើម្បី​យក​ទៅ​ទប់ទល់​នឹង​ថ្លៃ​សេវា​សុខភាព​និង​អប់រំ ដែល​ចេះ​តែ​កើនឡើង និង​ដែល​ជា​បន្ទុក​កាន់តែ​ធ្ងន់​របស់​គ្រួសារ​ដែល​មាន​ជីវភាព​មធ្យម។

តាម​អ្នកជំនាញ​ខ្លះ ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយនេះ កម្រិត​ជីវភាព​របស់​គ្រួសារ​ធុនមធ្យម មិន​ងាយ​នឹង​ងើប​ឡើងខ្ពស់​វិញទេ បើទោះ នៅក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​មួយណាក៏ដោយ។ នោះ ក៏ដោយសារ​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា សកលភាវូបនីយកម្ម។

នៅអាមេរិកលោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​សន្យា​នាំត្រលប់​ចូលមក​អាមេរិក នូវ​ការងារ​រោងចក្រ ដែល​នឹង​ជួយ​ស្រោចស្រង់​គ្រួសារ​ជីវភាព​មធ្យម​អាមេរិកាំង។ អាមេរិក​បាន​បាត់បង់​ប្រមាណ ៥លាន​ការងារ​រោងចក្រ នៅ​ចន្លោះ​ឆ្នាំ ២០០០ និង​ឆ្នាំ ២០១០ ពោល​គឺ​ប្រមាណ​មួយភាគបី​នៃការងារ​រោងចក្រ​ផលិតនៅអាមេរិក។ ប៉ុន្តែ ឥលូវនេះ គេ​កំពុង​មើលឃើញ​សញ្ញា​វិលត្រលប់​របស់​រោងចក្រ​ឧស្សាហកម្ម មក​ក្នុង​ទឹកដី​អាមេរិក។

ថ្មីៗ​នេះ​មាន​ក្រុមហ៊ុន​ចិន បាន​ចូល​មកបើក​រោងចក្រ​ផលិត​កុំព្យូទ័រ ម៉ាក Lenovo បាន​បើក​រោងចក្រ​នៅ​រដ្ឋ​ការូលីន​ខាងជើង។ ក្រុមហ៊ុន​Apple និង​ក្រុមហ៊ុន​Motorola​ដែល​ធ្លាប់​មាន​រោងចក្រ​នៅ​បរទេស ដូចជា​ចិន​ជាដើម ក៏​បាន​ប្រកាស​ពី​ផែនការ​បង្កើត​រោងចក្រ​របស់ខ្លួន នៅក្នុង​ទឹកដី​អាមេរិកដែរ។ អ្នកទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​ទាំងនោះ​អះអាង​ពី​ការវិលត្រលប់​របស់​ក្រុមហ៊ុន​រោងចក្រ ទៅក្នុង​ទឹកដី​អាមេរិក។ បើតាម​អ្នកជំនួញទាំងនោះ ចំនួន​ការងារ​ធ្វើ​បាន​កើនឡើង នៅក្នុង​ប្រទេស​ចិន ក្នុងពេល​ដែលនៅ​អាមេរិក ចំនួន​ការងារ​ចេះ​តែ​ថយចុះ។ តម្លៃពលកម្ម​ការងារ​នៅ​បរទេស​នៅតែ​ថោក​ជាង នៅ​អាមេរិក ប៉ុន្តែ អ្នកទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​ចិន Lenovo បញ្ជាក់​ពី​ទិសដៅ​របស់គេ​ដែល​ចង់​​ខិតឲ្យ​ជិត​ទៅរក​អតិថិជន អាមេរិកាំង។

សំណួរ​សួរថា តើ​ក្រុមហ៊ុន​ចិន​អាច​សង្រ្គោះ​ប្រជាជន​ជីវភាព​មធ្យម​របស់​អាមេរិកាំង​បានដែរឬទេ? ប្រាកដណាស់ថា ប្រជាជន​អាមេរិកាំង​ដែល​ទិញ​កុំព្យូទ័រ Lenovo អាច​មាន​មោទនភាព ព្រោះ​គេ​ទិញ​ផលិត​របស់​ក្រុមហ៊ុន​ចិន​មែន ប៉ុន្តែ វាត្រូវ​គេ​ផលិត​ក្នុង​ទឹកដី​អាមេរិក។

អ្នកទទួលខុសត្រូវ​ក្រុមហ៊ុន​ Lenovo​មាន​មោទនភាព​ដែរ​ដែល​បាន​ត្រលប់​មក​បង្កើត​ការងារ​ធ្វើ​សម្រាប់​ជនជាតិ​អាមេរិកាំង គឺ​ដូចជា​ជួយ​សង្រ្គោះ​គ្រួសារ​ធុនមធ្យម​អាមេរិកាំង។ ប៉ុន្តែ បើ​យើង​មើល​ទៅលើ​ស្ថានភាព​ជាក់ស្តែង ក្រុមហ៊ុន​នេះ​ផ្តល់​ការងារ​តែ ជាង ១០០​កន្លែង។ ហើយ​ការងារ​លើកនេះ គឺ​ខុសពី​លើកមុនៗ។ អ្នកបម្រើការងារ​រោងចក្រ​អាមេរិកាំង​លែង​ចូលរួម​ក្នុង​សង្វាក់​ផលិតកម្ម​១០០​ភាគរយ​របស់​ក្រុមហ៊ុន ដូចពេលមុនៗ​ទៀតហើយ។ បុគ្គលិក​រោងចក្រ​ Lenovo គ្រាន់​តែ​មាន​តួនាទី​ចាប់ផ្គុំ​គ្រឿង ដើម្បី​ដំឡើង ជា​កុំព្យួទ័រមួយ ព្រោះថា គ្រឿង​សម្រាប់​ដំឡើង ត្រូវ​គេ​ផលិត​រួចហើយ នៅ​ក្នុង​ប្រទេស​ចិន។

មួយវិញទៀត មាន​មូលហេតុ​មួយចំនួន ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​រោងចក្រ​រារែក មិន​ទាន់​ត្រលប់​ចូល​មក​អាមេរិកវិញ។ ​រោងចក្រ​មួយ​ចំនួន​ដែល​ត្រលប់មក​អាមេរិកវិញ អាច​ផ្តល់​ការងារ​ត្រឹម​ធុន​មធ្យម មិនសូវ​ទាមទារ​សញ្ញាប័ត្រ​ខ្ពស់ ឬ​ជំនាញខ្ពស់ ហើយ​ការងារ​ភាគច្រើន គឺ​ជា​ការងារ​បណ្តោះអាសន្ន មួយរយៈពេល​ខ្លី និង​ធ្វើ​ត្រឹម​ពាក់​កណ្តាល​ពេល មិន​ពេញមួយថ្ងៃ។ ស្រ្តី អាមេរិកាំង និង​ពលករ​អន្តោរប្រវេសន៍ ដែល​មិន​សូវ​មាន​ជំនាញខ្ពស់ ជា​ទិសដៅ​របស់​ក្រុមហ៊ុន​រោងចក្រ​ទាំងនេះ ព្រោះម្យ៉ាង​ការងារ​របស់​ពួកគេ​មិន​សូវ​មាន​តម្លៃថ្លៃខ្ពស់ ដូច​វិស្វករ ឬ​កម្មករ​ដែល ជំនាញ​ជាន់ខ្ពស់​ដែរ។

នៅអាមេរិក គ្រួសារមាន​ជីវភាព​មធ្យម​មិន​ប្រាកដ​ថា មាន​ចំណេះ​ដឹង និង​គ្មានជំនាញទេ ដូច្នេះ​ការវិលត្រលប់​របស់​រោងចក្រ​ចូល​ក្នុង​ទឹកដី​អាមេរិក ពិតជា​មិនអាច​ជួយ​កម្រិត​ជីវភាព​របស់​គ្រួសារ​ធុនមធ្យមអាមេរិកាំង​បានឡើយ។ ដូច្នេះ គេ​មិន​ចាំបាច់ឆ្ងល់ឡើយ ដែល​ឃើញថា គ្រួសារ​ធុនមធ្យម​អាមេរិកាំង​បាន​ធ្លាក់​កម្រិត​ជីវភាព​របស់ខ្លួន គឺ​ធ្លាក់ចេញ​ពី​ប្រភេទ ធុនមធ្យម មកក្នុង​ប្រភេទ​ជីវភាពក្រីក្រវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ