អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​នឹង​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​ឲ្យ​អេហ្ស៊ីប

យន្តហោះ​ចម្បាំង​ធុន F 16
យន្តហោះ​ចម្បាំង​ធុន F 16
ដោយ៖ ឈាង បុប្ផា
២៣ នាទី

វិបត្តិ​នៅ​អេហ្ស៊ីប​កាន់តែ​ធ្លាក់ចុះ​ដុនដាប ដោយ​អន្តរាគមន៍​របស់​កងទ័ព​ទៅលើ​ក្រុមបាតុករ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ជាង ៥០​នាក់ និង​របួស​ជិត ៥០០​នាក់ កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ។ យោងតាម​​មន្រ្តី​យោធា​អាមេរិក អាមេរិក​នឹង​បញ្ជូន​យន្តហោះ​ចម្បាំង​៤គ្រឿង ទៅ​ឲ្យ​អេហ្ស៊ីប នៅ​ខែ​សីហា ខាងមុខ។

ផ្សាយពាណិជ្ជកម្ម

 

អាមេរិក​បាន​សម្រេច​បញ្ជូន​យន្តហោះ​តាំងពី​យូរមកហើយ គ្រាន់តែ ការបញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​ឲ្យ​អេហ្ស៊ីប ត្រូវ​ធ្វើ​នៅពេលនេះ គឺ​វា​ចំជួន​ពេល​ដែល​វិបត្តិ​កំពុង​ផ្ទុះឡើង នៅ​អេហ្ស៊ីប​នេះ​តែម្តង។  គម្រោង​ផ្តល់​យន្តហោះ របស់​អាមេរិក​ទៅ​ឲ្យ​កងទ័ព​អេហ្ស៊ីប ជា​ផ្នែក​មួយ​នៃ​ផែនការ​ផ្តល់​ជំនួយ​របស់​អាមេរិក​ទៅ​ឲ្យ​​អេហ្ស៊ីប ដែល​ក្នុង​មួយឆ្នាំៗ អាមេរិក​ផ្តល់​ប្រាក់ជំនួយ ប្រមាណ​១ពាន់ ៥​រយលាន​ដុល្លារ​ដល់​ប្រទេស​អេហ្ស៊ីប។ ជំនួយ​របស់​អាមេរិក​ផ្តោតសំខាន់ ទៅលើ​កងទ័ព ដែល​ទទួលបាន​ដល់​ទៅ ១ពាន់ ៣​រយលាន​ដុល្លារ ក្នុង​ពេល​ដែល​ជំនួយអាមេរិក​សម្រាប់​សេដ្ឋកិច្ច​អេហ្ស៊ីប​មាន​ប្រមាណ​តែ ២៥០​លាន​ដុល្លារ​តែប៉ុណ្ណោះ។

ក្នុង​កញ្ចប់​ ផ្តល់​ជំនួយ​យោធា សម្រាប់​អេហ្ស៊ីប អាមេរិក​សន្យា​ផ្តល់​យន្តហោះ​ចម្បាំង ២០គ្រឿង ដល់​ប្រទេសនេះ។ យន្តហោះ ៨គ្រឿង ត្រូវ​គេ​បញ្ជូន​រួចហើយ ទៅ​អេហ្ស៊ីប។ តាមគម្រោង លើកនេះ យន្តហោះ​៤​គ្រឿង​ត្រូវ​បញ្ជូន ទៅដល់​ទីក្រុង​គែរ នៅ​ខែ​សីហា។ បន្ទាប់មក​យន្តហោះ ចម្បាំង ៨​គ្រឿង​ទៀត នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​អេហ្ស៊ីប​នៅ​ចុងឆ្នាំ ២០១៣នេះ។

ទីក្រុង​វ៉ាស៊ីនតោន និយាយ​ថា គេ​ត្រូវការ​ពេលវេលា ដើម្បី​វាយតម្លៃ​ថា តើ​អ្វី​ដែល​កើតឡើង​នៅ​អេហ្ស៊ីប គឺ ជា​រដ្ឋប្រហារ។ តាំងពី​ដំបូងទីមក រដ្ឋាភិបាល​អាមេរិក​​ទើសទាល់​មែនទែន ពី​អ្វី​ដែល​កំពុង​កើតឡើង នៅ​អេហ្ស៊ីប ព្រោះថា បើ​តាម​ច្បាប់ របស់​អាមេរិក ដែល​បង្កើត​ឡើង នៅ​ឆ្នាំ ១៩៨០ រដ្ឋាភិបាល​អាមេរិក​ត្រូវ​ផ្តាច់​ជំនួយ​ដល់​រដ្ឋាភិបាល​ណា ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់។

សមាជិក​ព្រឹទ្ធសភា មក​ពី​គណបក្ស​សាធារណរដ្ឋ​ដែល​ចាត់ទុក​ថា មាន​រដ្ឋប្រហារ នៅ​អេហ្ស៊ីប កំពុង​ទាមទារ​ឲ្យ​ផ្អាក​ជំនួយ​ទៅ​រដ្ឋាភិបាល​បណ្តោះអាសន្ន នៅ​អេហ្ស៊ីប។ ប្រសិន​បើ​ក្រុម​សាធារណរដ្ឋ​ទាមទារ​បាន​សម្រេច នោះ អាមេរិក​នឹង​ត្រូវ​ផ្អាក​ជំនួយ នៅសល់ ដែល​អាមេរិក​មិន​ទាន់​បាន​ផ្តល់​ទៅ​ឲ្យ​អេហ្ស៊ីប សម្រាប់​ឆ្នាំ ២០១៣។ អ្វី​ដែល​ធ្ងន់ធ្ងរ គឺ​ជំនួយ​សម្រាប់​សេដ្ឋកិច្ច។ ប្រសិន​បើ​អាមេរិក​ផ្អឹប​ជំនួយ​មែន គឺ​ប្រជាជន​អេហ្ស៊ីប ដែល​ជា​ជន​រងគ្រោះ ព្រោះថា ជំនួយ​ សម្រាប់​សេដ្ឋកិច្ច​អេហ្ស៊ីប សឹង​ទាំងអស់ ប្រមាណ​២៥០​លាន​អាមេរិក​មិន​ទាន់​បញ្ជូន​ទៅ បន្តិចណានៅឡើយទេ។ មួយវិញទៀត អាមេរិកនៅ​មិនទាន់​បញ្ជូន​ជំនួយ ដែល​នៅសល់​មួយភាគបី នៃ​ជំនួយ​សរុប​ទៅ​ឲ្យ​កងទ័ព។

ម្យ៉ាងវិញទៀត នៅ​ចុងខែ​កក្កដា ក្រុមព្រឹទ្ធសភា​អាមេរិក​កំពុង​ចង់​ពិចារណា​ទៅលើ​វិធានការពន្ធដា​របស់​លោក​អូបាម៉ា​សម្រាប់​ឆ្នាំ ២០១៤ ដែល​ក្នុង​នោះ លោក​អូបាម៉ា បាន​សម្រេច​ផ្តល់​ជំនួយ ១ពាន់ ៥​រយ​លាន​ដុល្លារ ដល់​អេហ្ស៊ីប សម្រាប់​ឆ្នាំ ២០១៤។ តាម​សមាជិក​ព្រឹទ្ធសភា អ្វីៗ គឺ​អាស្រ័យ​លើ​ជំហរ​របស់​លោកអូបាម៉ា។

ចាប់តាំងពី​ព្រឹត្តិការណ៍​ទម្លាក់​ប្រធានាធិបតីអេហ្ស៊ីប​ស្របច្បាប់​ចេញពី​តំណែង  លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា មិន​បាន​រិះគន់​ ទៅលើ​សកម្មភាព របស់​កងទ័ព​អេហ្ស៊ីប​ទេ។ ប្រមុខដឹកនាំ​អាមេរិក​តមសំដី មិន​ទាន់​និយាយ​ពាក្យ​ថា រដ្ឋប្រហារ​របស់​កងទ័ព​អេហ្ស៊ីប ដែល​ជា​ដៃគូ​សំខាន់​របស់​អាមេរិក។ កាលណោះ លោក​គ្រាន់តែ​បាន​ត្រឹម​អំពាវនាវ​ឲ្យ​កងទ័ព​ឆាប់ រៀបចំ​រដ្ឋាភិបាល និង​ឈប់​បង្រ្កាប​លើ​អ្នកប្រឆាំង។ ប៉ុន្តែ  ដោយសារ​តែ​ស្ថានការណ៍​ចេះ​តែ​​ធ្លាក់​ធ្ងន់ធ្ងរ នៅ​អេហ្ស៊ីប លោក​ប្រធានាធិបតី​អាមេរិក ទើប​បាន​បញ្ជា​ឲ្យ​គេ​សើរើ ពិនិត្យ​មើល​ឡើងវិញ កម្មវិធី​ផ្តល់​ជំនួយ របស់​អាមេរិក ទៅ​ឲ្យ​រដ្ឋាភិបាល​អេហ្ស៊ីប។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងការពារជាតិ​អាមេរិក។

ហេតុអ្វី បាន​ជាអាមេរិក​ត្រូវ​ខ្វល់ ការពារ​កងទ័ព​អេហ្ស៊ីប?
អេហ្ស៊ីប ជាពិសេស គឺ​កងទ័ព​អេហ្ស៊ីប​តែម្តង គឺ​ជា​សម្ព័ន្ធមិត្ត​សំខាន់​ជាងគេ​របស់​អាមេរិក នៅ​តំបន់​ដើមបូព៌ា។ នៅ​តំបន់​ដើមបូព៌ា គឺ​មាន​តែ​អេហ្ស៊ីប និង​ហ្សកដានី​ទេ ដែល​បាន​ចុះ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​អ៊ីស្រាអែល ដែល​ជា​សម្ព័នមិត្ត​របស់​អាមេរិក។ បន្ទាប់ពី​អ៊ីស្រាអែល ប្រទេស​អេហ្ស៊ីប​ជា​ប្រទេស​ទីពីរ ដែល​បាន​ទទួល​ជំនួយ​សន្ធឹកសន្ធាប់ពី​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុងក្រោយនេះ។ ជំនួយ​អាមេរិក ទៅ​ឲ្យ​អេហ្ស៊ីប​ទាក់ទង​នឹង​ស្ថិរភាព​នយោបាយ នៅ​តំបន់​ដើមបូព៌ា។ ប្រសិន​បើ​គេ​ដកជំនួយ​ពី​អេហ្ស៊ីប នោះ សន្តិភាព រវាង​ប្រទេស​អារ៉ាប់ ជាមួយ​អ៊ីស្រាអែល នៅ​ដើមបូព៌ា នឹង​ត្រូវ​រង្គោះរង្គើ​ជាមិនខាន។

កងទ័ព​អេហ្ស៊ីប​ដែល​ចុះ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​អ៊ីស្រាអែល។ អាមេរិក​មិន​សូវ​ជា​គាំទ្រ​រដ្ឋាភិបាល មក​ពីក្រុម​អ៊ីស្លាម​និយម​ប៉ុន្មាន​ទេ ព្រោះថា រដ្ឋាភិបាល​ទាំងនេះ​ប្រាកដជា​លែង​គោរព​សន្ធិសញ្ញា​ជាមួយ​អាមេរិក ហើយ​ងាក​ទៅរក​ក្រុមអ៊ីស្លាម ដែល​ជា​សត្រូវ​របស់​អាមេរិក ដូចជា​អ៊ីរ៉ង់ ឬ​ពួកហាម៉ាស​របស់​ចលនា​ប៉ាឡេស្ទីន​ជាដើម។

មួយ​វិញទៀត រដ្ឋាភិបាល​អាមេរិក​ដែល មិន​ទាន់​ដាក់សម្ពាធ ឬ​រិះគន់​សកម្មភាព​រដ្ឋប្រហារ​របស់​កងទ័ព អេហ្ស៊ីប ព្រោះ​ចេះ​តែ​ពន្យា​ពេល មិន​ចង់​ផ្តាច់ជំនួយ​ដល់​កងទ័ព​អេហ្ស៊ីប។ គឺ​កងទ័ព​អេហ្ស៊ីប​ដែល​រក្សា​ធានា​សន្តិសុខ ដល់​ដំណើរចរ​ដឹកប្រេង តាម​ព្រែកជែក សុយអេ ដែល​ជា​ច្រក​ដឹកប្រេង​ដ៏សំខាន់​មួយ របស់​អាមេរិក ចេញ​ពី​តំបន់​ដើមបូព៌ា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ