អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​លួច​ស្តាប់​យកការណ៍​ពី​អាមេរិកឡាទីន

សកម្មជន​ការពារ​សិទ្ធិមនុស្ស​ទាមទារ​ឲ្យ​ឈប់​មាន​ការលួចស្តាប់​យកការណ៍​លើ​ជីវិត​ឯកជន​
សកម្មជន​ការពារ​សិទ្ធិមនុស្ស​ទាមទារ​ឲ្យ​ឈប់​មាន​ការលួចស្តាប់​យកការណ៍​លើ​ជីវិត​ឯកជន​ ©reuters
ដោយ៖ ឈាង បុប្ផា
៣១ នាទី

រឿងអាស្រូវ​ទាក់ទង​នឹង​ការទម្លាយ​ឯកសារ​សម្ងាត់ ដោយ​អតីត​បុគ្គលិក​របស់​ទីភ្នាក់ងារ​CIA នៅ​មិនទាន់​ចប់​ខ្សែភាគ នៅឡើយទេ។ បន្ទាប់ពី​​អឺរ៉ុប ដែល​សម្ព័ន្ធមិត្ត​របស់​អាមេរិក សំដែង​ការមិនពេញចិត្ត​ពីរឿង​ដែល​អាមេរិក​លួចស្តាប់ និង​យកការណ៍​តាមទូរស័ព្ទ ឥលូវ​ដល់​វេន ក្រុម​ប្រទេស​នៅ​អាមេរិកឡាទីន ដែល​ស្រុះ​គ្នា នៅ​សប្តាហ៍នេះ ទាមទារ​ឲ្យ​អាមេរិក​បកស្រាយ​ពីការចោទប្រកាន់​ដែល​ថា អាមេរិក​បាន​លួច​ស្តាប់​យកព័ត៌មាន​ពី អាមេរិកឡាទីន។

ផ្សាយពាណិជ្ជកម្ម

 

គ្មាន​ប្រទេស​ណាមួយ នៅ​អាមេរិកឡាទីន​ដែលរួចផុត​ពី​សំណាញ់ លួច​ការតាមដាន​យក​ការណ៍​របស់​ទីភ្នាក់ងារ​សន្តិសុខ​អាមេរិកាំង។ តាម​ឯកសារ​របស់​យុវជន​Snowden ដែល​កាសែត​ប្រេស៊ីល បាន​ចុះផ្សាយ​កាលពី​ដើម​សប្តាហ៍នេះ មាន​ប្រទេស​បួន ដែល​ជាគោលដៅ​សំខាន់ ក្នុង​សកម្មភាព​តាមដាន​លបយកការណ៍​របស់​អាមេរិក។ ប្រទេស​ទាំងនោះ មាន​កូឡំប៊ី ប្រេស៊ីល ម៉ិកស៊ិក និង​វ៉េណេស៊ុយអេឡា។ ប្រទេស​ឈីលី ពេរូ អេក្វាទ័រ នីការ៉ាហ្កា និង​អាហ្សង់ទីន​​ជាដើម ក៏​ត្រូវ​រងគ្រោះ​ក្នុង​រឿង​លួច​ស្តាប់​ទូរស័ព្ទ​របស់​អាមេរិកដែរ។

និយាយ​ឲ្យ​ចំ អាមេរិក​លបស្តាប់​ទាំង​ប្រទេស​ សត្រូវ​របស់ខ្លួនផង និង​ សម្ព័ន្ធមិត្ត ផង។ កូឡុំប៊ី និង​ម៉ិកស៊ីក​ជា​សម្ព័ន្ធមិត្ត យោធា​របស់​អាមេរិក ចំណែក​ប្រេស៊ីល​ជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក។ វ៉េណេស៊ុយអេឡា​ជាសត្រូវ ដែល​តែងតែ​រិះគន់​ចោទ​អាមេរិក​ថា ចង់​រំលោភឈ្លានពាន​ទឹកដីខ្លួន។

ព័ត៌មាន​ដែល​ទីភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក ប្រមូល ពី​អាមេរិកឡាទីន ខុសប្លែក​ពីគ្នា​ទៅតាម​កត្តានយោបាយ​​របស់​ប្រទេស​នីមួយៗ។ ទៅលើ​ប្រទេស​វេណេស៊ុយអេឡា ដែល​មិន​ចុះសម្រុង​ជាមួយ​អាមេរិក ទីភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក​ផ្តោត​លើ​វិស័យ​យោធា និង​ឧស្សាហកម្ម​​ផលិតប្រេង​របស់​ប្រទេស​នេះ។

ក្នុង​ករណី​ម៉ិកស៊ីក អាមេរិក​តាមដាន​ លប​យកការណ៍​លើ​ផ្នែកយោធា ទំនាក់ទំនង ក្រៅ​ប្រទេស ពាណិជ្ជកម្ម​ក្រៅប្រទេស និង​វិស័យ ថាមពល។ នៅ​កូឡុំប៊ី អាមេរិក​តាមដាន​មើល​លើ​វិស័យ​យោធា ព្រោះ​ថា អាមរិក​សហការ​ជាមួយ​ប្រទេស​នេះ ដើម្បី​ប្រយុទ្ធប្រឆាំង​រួមគ្នានឹង​ ការជួញដូរ​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម ដែល​មាន​ប្រភព​ចេញពី​កូឡុំប៊ី និង​ហូរចូល​ទៅ​ក្នុង​ទឹកដី​អាមេរិក។ ត្រូវ​ដឹងថា ចាប់តាំងពី​ឆ្នាំ ២០០០ អាមេរិក​បាន​ផ្តល់​ជំនួយ​យោធា​ប្រមាណ ៨​ពាន់​លាន​ដុល្លារ ទៅ​ឲ្យ​កូឡុំប៊ី ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ចលនា​ឧទ្ទាម​Farc នៅ​កូឡុំប៊ី និង​ក្រុមជួញដូរ​ថ្នាំញៀន

មួយវិញទៀត បើ​តាម​ឯកសារ​ដែល​ Snowden​បាន​លួច​ផ្តល់​ឲ្យ​អ្នកកាសែត ប្រេស៊ីល​ដែល​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ជាងគេ ក្នុង​ចំណោម​ប្រទេស​នៅ​អាមេរិកឡាទីន គឺ​ជាគោលដៅ​សំខាន់​ជាងគេ ​របស់​ទីភ្នាក់ងារ​សន្តិសុខអាមេរិកាំង។ ទីភ្នាក់ងារ​សន្តិសុខ​អាមេរិក ​តាមដាន​ស្តាប់​យកព័ត៌មាន​ពី​ប្រេស៊ីល មិនមែន​ក្នុង​គោលដៅ​យោធា​ទេ ប៉ុន្តែ ក្នុង​គោលដៅ​ពាណិជ្ជកម្ម។ អាមេរិក​​ចង់​ដឹង​ពី​នយោបាយ​ដោះដូរ​ពាណិជ្ជកម្ម ​ដែល​ប្រេស៊ីល​បាន​ធ្វើ​ជាមួយ​ប្រទេស​ដទៃទៀត។ ​ប្រេស៊ីល​ត្រូវ​ស្ថិតនៅក្នុង​លេខរៀង​ក្បែរ​ចិន រុស្ស៊ី ប៉ាគីស្ថាន ដែល​ជា​មុខសញ្ញា​តាមដាន​យកការណ៍​ពី​អាមេរិក។

បើតាម​កាសែត​ប្រេស៊ីល ទីភ្នាក់ងារ​អាមេរិកាំង​អាច​ចូលលួច​ស្តាប់​ខ្សែទូរស័ព្ទ ឬ​ចូល​មើល​សារអេឡិចត្រូនិក​របស់​ប្រជាជន​នៅ​ប្រេស៊ីល ដោយសារ​តែ​មានការបើកផ្លូវ​ពី​ក្រុមហ៊ុន​អ៊ិនធ័រណេត​ឯកជន ប្រេស៊ីល ឬ​បរទេស ដែល​បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក។ តាមពិតទៅ អាមេរិក​មិន​មែន​ត្រឹម​លួច​ស្តាប់ ប្រមូល​ព័ត៌មាន​ពី​ប្រជាជន និង​រដ្ឋាភិបាល​ប្រេស៊ីល​ប៉ុណ្ណោះទេ ប៉ុន្តែ អាមេរិក​បាន​ប្រើ​ទិន្នន័យ​ក្នុង​ប្រទេស​ប្រេស៊ីល​ដើម្បី​ធ្វើ​ជា​ឈ្នាន់ អាច​ចូល​ទៅ​យក​ព័ត៌មាន​ពី​ប្រទេស​ដទៃទៀត ដែល​អាមេរិក​ពិបាក​នឹង​លួច​ចូល​យកបាន ប៉ុន្តែ ទិន្នន័យ ដែល​គេ​ពិបាកយកនោះ អាមេរិក​អាច​រកវា​ឃើញ​ក្នុង​ប្រទេស​ប្រេស៊ីល។

ប្រទេស​ប្រេស៊ីល​ជា​ជម្រក​នៃ​ក្រុមហ៊ុនបរទេស​ផ្នែក​​សារទូរគមនាគម​បរទេស ដ៏ធំ​ជាងគេ​ក្នុងពិភពលោក។ ក្រុមហ៊ុន​បរទេស​ជាច្រើន បាន​ទៅបង្កើត​ទីតាំង នៅ​ប្រេស៊ីល ដើម្បី​ស្តុក​ទុក​នូវ​ទិន្នន័យ រាប់ពាន់​លាន។ បើតាម អាមេរិក​បាន​លួចចូល​យក​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្កាយរណប ដែល​មាន​ទីតាំង​នៅ​ប្រេស៊ីល។ ដូច្នេះ បើ​និយាយ​ឲ្យ​ស្រួលស្តាប់ បើសិន​អាមេរិក​ចង់​ដឹង​ពី​ព័ត៌មាន​របស់​ចិន រុស្ស៊ី ឬ​សមាជិក​ប្រទេស​អាមេរិកឡាទីន ដទៃ​ទៀត ដែល​ជា​គូសត្រូវ​របស់​អាមេរិកនោះ អាមេរិក​មិនចាំ​បាច់​លប​ចូល ទៅ​លួច​ដោយ​ផ្ទាល់​ពីក្នុង​ប្រទេស​ទាំងនោះទេ។ ធ្វើដូច្នេះ កុំ​ឲ្យ​ម្ចាស់​គេ​ដឹងខ្លួន។

បើទោះ​ជា​ប្រទេស​មួយចំនួន ជាប់ចំណង​ជាមួយ​អាមេរិក ដោយសារ​រឿងជំនួយ ដូចជា​ប្រទេស​កូឡុំប៊ី ឬ​ពេរ៉ូ ហើយ​ប្រេស៊ីល​ធ្លាប់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក ប៉ុន្តែ ប្រទេស​ទាំង​បី​ខាងលើ​បាន​ចូលរួម​ជាមួយ​ប្រទេស​នៅ​អាមេរិកឡាទីន​ផ្សេងទៀត ដូច​ជា​អាហ្សង់ទីន ម៉ិកស៊ិក ដើម្បី​ទាមទារ​ឲ្យ​អាមេរិក​បកស្រាយ​ព័ត៌មាន​លើ​ឯកសារសម្ងាត់​ដែល​យុវជន​snowden បាន​ទម្លាយ​ប្រាប់​អ្នកកាសែត។

ប្រទេស​អាមេរិកឡាទីន​ទាំងអស់ សុទ្ធ​តែ​បង្ហាញ​ពី​ការសប្បាយ​ចិត្ត និង​ប្រឆាំង​រាល់ទម្រង់​ចារកិច្ច​ទៅលើ​អាមេរិកឡាទីន។ ប្រធានាធិបតី​ប្រេស៊ីល លោកស្រី ឌីលម៉ា រូសែវ​បាន​បញ្ជា​ឲ្យគេ​បង្កើត​គណកម្មការ​ស៊ើបអង្កេត​មួយ បន្ទាប់ពី​ការចុះផ្សាយ​របស់​កាសែត។ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំទីក្រុង​Brasilia ក៏ត្រូវ​បាន​ក្រសួងការបរទេស​កោះហៅ​ឲ្យ​ទៅ​ចូល​ឆ្លើយ​បំភ្លឺ។ រដ្ឋមន្រ្តីកាបរទេស​ប្រេស៊ីល បាន​ដកស្រង់​សំដី​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក ដែល​ថា ការចុះព័ត៌មាន​របស់​កាសែត គឺ ខុសពីការពិត ហើយ​ការចរចា​ផ្នែកការទូត​នឹង​ធ្វើ​ឡើង​រវាង​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ។

ជាមួយ​គ្នានេះផងដែរ រដ្ឋាភិបាល​ប្រេស៊ីល​បាន​ប្រកាសផងដែរ ថា នឹង​ដាក់ពាក្យ​ប្តឹង​ទៅ​អង្គការ​សហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស ដើម្បី​ឲ្យ​ពិនិត្យ​មើលឡើងវិញ ទៅលើ​សន្ធិសញ្ញា ស្តីពី​ការទំនាក់ទំនង ពោល គឺ​ដើម្បី​ពង្រឹង​ឲ្យ​គេ​គោរព​ភាពសម្ងាត់ ក្នុង​ការដោះដូរ​ព័ត៌មាន។

ប្រទេស​អាហ្សង់ទីន​វិញ មាន​ជំហរ​ដាច់ខាត​ជាងគេ និង​ចាត់ទុក ការលួច​យកស្តាប់​ទូរស័ព្ទ​របស់​អាមេរិក​ថា ជា​ការរំលោក​ដែនដី​អធិបតេយ្យ​ទៅលើ​អាមេរិកឡាទីន។ នៅតាម​វិទ្យុរដ្ឋ រដ្ឋមន្រ្តី​ការបរទេស​អាហ្សង់ទីន​បាន​ទាមទារ​ឲ្យ​មានការដាក់ពិន័យ ប្រសិន​បើ​គេរកឃើញថា អាមេរិក​ពិតជា​បាន​លួចស្តាប់​យកការណ៍​ពី​អាមេរិកឡាទីនមែន។

លោកស្រី ប្រធានាធិបត​អាហ្សង់ទីន​វិញ បាន​អំពាវនាវ​ដល់​សមាជិកសមាគម​ពាណិជ្ជកម្ម​អាមេរិកឡាទីន ដែល​ត្រូវ​ជួបប្រជុំគ្នា នៅថ្ងៃ​សុក្រនេះ នៅ​ប្រទេស​អ៊ុយរ៉ាហ្កាយ ឲ្យ​ចេញ​សេចក្តី​ថ្លែងការណ៍​តឹងរ៉ឹងមួយ ដើម្បី​ទាមទារ​ចម្លើយ​ពី​អាមេរិក។
សេចក្តី​អំពាវនាវ​របស់​ប្រធានាធិបតី​អាហ្សង់ទីន គឺ​ដូចជា​កម្លាំង​ចលករ​ដែល​អាច​រុញ​ឲ្យ​ប្រទេស​អាមេរិកឡាទីន​កាន់តែ​ស្អប់ និង​រិះគន់​អាមេរិក​កាន់តែខ្លាំង។

រហូតមក មាន​ប្រទេស​វេណេស៊ុយអេឡា បូលីវី និង​អេក្វាទ័រ ដែល​ជា​សត្រូវ​នឹង​អាមេរិក និង​ចង់​ផ្ចាញ់​អាមេរិក ទើប​ប្រកាស​ផ្តល់​សិទ្ធិជ្រកកោន​នយោបាយ​ដល់​យុវជន​ snowden ដែល​រដ្ឋាភិបាល​អាមេរិក កំពុង​តាមរកចាប់ខ្លួន ពី​បទឧក្រិដ្ឋ​បញ្ចេញ​ឯកសារ​សម្ងាត់​ជាតិ។ ប្រទេស​ទាំងបី​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​សមាជិក​សមាគម​ពាណិជ្ជកម្ម​អាមេរិកឡាទីន នៅថ្ងៃនេះ។ ដូច្នេះ យើង​នឹង​រង់ចាំមើល​ជាបន្តទៀត ថា តើ​អាមេរិកឡាទីន នឹង​ចេញ​សេចក្តី​ប្រកាស​យ៉ាងណា ប្រឆាំង​នឹង​ការលួច​អាមេរិក នៅក្រោយ​កិច្ចប្រជុំ​នៅថ្ងៃនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ