អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោកអូបាម៉ា៖​អាមេរិកាំង​ស្បែកខ្មៅ​មិន​បាន​ទទួល​ភាព​ស្មើគ្នា​នៅ​ចំពោះ​មុខ​តុលាការ

សំឡេង ០៧:០៦
នៅក្នុង​សុន្ទរកថា ទាក់ទង​នឹង​ការរើសអើង​លើ​ប្រជាជន​ស្បែកខ្មៅ លោកអូបាម៉ា​បាន​ថ្លែង កាល​ពីថ្ងៃ​សុក្រ​ទី ១៩​កក្កដា ថា លោកធ្លាប់​ត្រូវ​អ្នករក្សា​សន្តិសុខ​ផ្សារ​តាមមើល​ពីក្រោយ នៅមុន​ពេល​ក្លាយ​ជា​សមាជិកព្រឹទ្ធសភា
នៅក្នុង​សុន្ទរកថា ទាក់ទង​នឹង​ការរើសអើង​លើ​ប្រជាជន​ស្បែកខ្មៅ លោកអូបាម៉ា​បាន​ថ្លែង កាល​ពីថ្ងៃ​សុក្រ​ទី ១៩​កក្កដា ថា លោកធ្លាប់​ត្រូវ​អ្នករក្សា​សន្តិសុខ​ផ្សារ​តាមមើល​ពីក្រោយ នៅមុន​ពេល​ក្លាយ​ជា​សមាជិកព្រឹទ្ធសភា ©REUTERS/Larry Downing
ដោយ៖ ឈាង បុប្ផា
៤១ នាទី

កាលពីថ្ងៃសៅរ៍​ទី ២០ កក្កដា ២០១៣ សហគមន៍​អាមេរិកាំង​ដើមកំណើត​អាហ្រ្វិក​បាន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​នៅ​ក្នុង​ទីក្រុង​ជាង​១០០​ ក្នុង​ទូទាំង​សហរដ្ឋអាមេរិក។ បាតុកម្ម​ដើម្បី​សំដែង​ការមិនពេញចិត្ត និង​ប្រឆាំង​នឹង​សាលក្រម​របស់​តុលាការ។ កាលពី​ថ្ងៃ​១០​មុននេះ (ថ្ងៃសុក្រ​ទី ១២​កក្កដា​២០១៣) ​តុលាការ​អាមេរិក​បាន​សម្រេច​ដោះលែង​ឃាតករ​ម្នាក់ ដែល​ជាប់ចោទ​បាញ់សម្លាប់​យុវជន​ស្បែកខ្មៅTrayvon Martin។ 

ផ្សាយពាណិជ្ជកម្ម

ក្នុង​ទសវត្សរ៍ ឆ្នាំ ១៩៦០ Martin Luther king គ្រូគង្វាល​អាមេរិកាំង​ស្បែកខ្មៅ ធ្វើការ​តស៊ូ​មតិ​ដើម្បី​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ស្បែកខ្មៅ​មាន​សិទ្ធិសេរីភាព​ដូច​ប្រជាជន​ស្បែកស។ កាលណោះ​លោក​បាន​ទទួលការគាំទ្រ​ពី​លោកប្រធានាធិបតី​ John F. Kennedy ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការបែងចែក តាម​ពូជសាសន៍ ពណ៌សំបុរស្បែក នៅ​ទឹកដី​អាមេរិក។ លោក​ Matin Luther King បាន​និយាយ​ពាក្យ​មួយ​ឃ្លា ដែល​ធ្វើ​ឲ្យ​លោកល្បី​ឈ្មោះ​ក្នុង​ពិភពលោក គឺ I have a dream ​“ខ្ញុំ​មាន​ក្តី​ស្រមៃ​ចង់បាន”។ លោក​ត្រូវ​បាន​ជនជាតិ​អាមេរិកាំង​ស្បែកស​ដែល​ប្រឆាំង​នឹង​យុទ្ធនាការ​របស់គាត់ បាញ់សម្លាប់​នៅ​ឆ្នាំ ១៩៦៨។

 
៥០​ឆ្នាំ​ក្រោយ នៅ​ទឹកដី​អាមេរិកដដែល យុវជន​ស្បែកខ្មៅ​Trayvon Martin ត្រូវ​អ្នករក្សា​សន្តិសុខ​តាមភូមិ ស្បែកស​ម្នាក់​បាញ់សម្លាប់ ដែរ។ យុវជន​ Trayvon Martin​មិន​បាន​ធ្វើ​សកម្មភាព​ការពារ​ប្រយោជន៍​ដូច​លោក​ Martin Luther king​ទេ ប៉ុន្តែ មរណភាព​របស់​យុវជន​ស្បែកខ្មៅ ដោយស្នាដៃ​របស់​មនុស្ស​ស្បែកស បាន​ធ្វើ​ឲ្យ​សហគមន៍​អាមេរិកាំង​ដើមកំណើត​អាហ្រ្វិក​នឹកឃើញ​រឿងដើម គឺការរើសអើង​ពូជសាសន៍ ដែល​នៅតែ​ដិត​ជាប់ជ្រៅ​ក្នុង​សណ្តានចិត្ត​ប្រជាជន​អាមេរិកាំង។

សំណុំរឿង​បាញ់សម្លាប់​យុវជន​ស្បែកខ្មៅ Trayvon Martin បាន​កេះ​ដំបៅ​ដែល​មិនទាន់ជា ឲ្យ​ឡើង​ជា​ខ្ទុះ​ឡើងវិញ យ៉ាងដូច្នេះដែរ។ ចាប់តាំង​ពី​មាន​សាលក្រម​របស់​តុលាការ​ដែល​សម្រេច​ឲ្យ​ អ្នកបាញ់សម្លាប់​យុវជន​ស្បែកខ្មៅ បាន​រួចទោស បាតុកម្ម និង​មតិសាធារណៈ​ប្រឆាំង​បាន​កើតមាន​ជាបន្តបន្ទាប់។ នៅមួយ​ថ្ងៃ​មុន​បាតុកម្ម​ជាលើកទីពីរ​ប្រឆាំង​នឹង​សាលក្រម​របស់​តុលាការ កាលពី​ថ្ងៃ​សៅរ៍​ម្សិលម៉្ងៃ លោកប្រធានាធិបតី​អាមេរិកាំង​បារ៉ាក់ អូបាម៉ា ដែល​ជា​ប្រធានាធិបតី​ស្បែកខ្មៅ​ទីមួយ ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក បាន​ចេញមុខ​មក​ ដំពន្លិច​ដែក​គោល ពីរឿង​ដែល​ប្រជាជន​អាមេរិកាំង​ស្បែកខ្មៅ​តែងតែ​ត្រូវ​គេ​រើសអើង ក្នុង​សង្គមអាមេរិក។ ក្នុង​សុន្ទរកថា ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ច្រើន ជាង​ផ្លូវការ លោកអូបាម៉ា បាន​និយាយ​ថា លោក​យល់​ណាស់​ពី​កំហឹង និង​អារម្មណ៍​របស់​សហគមន៍​ប្រជាជន​អាមេរិកាំង​ស្បែកខ្មៅ។
សំឡេង

ប្រវត្តិសាស្រ្ត​ដែល​លោកអូបាម៉ា​ចង់សំដៅ គឺ​ប្រជាជន​ស្បែកខ្មៅ​ធ្លាប់​រងគ្រោះ​ដោយ​របប​ទាសភាព ដែល​នៅទីបំផុត ត្រូវ​គេ​លុបបំបាត់ កាលពី​ជាង​១៥០ឆ្នាំមុន។ ចំណែក​ការបែងចែក រើសអើង​ពូជសាសន៍​ស្បែកស និង​ស្បែកខ្មៅ ទើបតែ​ផុតរលត់​ពីក្នុង​សង្គម​អាមេរិក កាលពី​ជាង ៥០​ឆ្នាំ​មុននេះ​ប៉ុណ្ណោះ។
 

បាតុកម្ម​របស់​ប្រជាជន​អាមេរិកាំ​ងស្បែកខ្មៅ​ដើម្បី​ទាមទារ​យុត្តិធម៌​ឲ្យ​Trayvon Martin
បាតុកម្ម​របស់​ប្រជាជន​អាមេរិកាំ​ងស្បែកខ្មៅ​ដើម្បី​ទាមទារ​យុត្តិធម៌​ឲ្យ​Trayvon Martin REUTERS/David McNew

សម្រាប់​លោក​អូបាម៉ា មាន​ប្រជាជន​អាមេរិកាំង​ស្បែកខ្មៅ​តិចណាស់​ដែល​គ្មាន​​បទពិសោធន៍​ជួប​រឿង​ប្រកាន់​ពណ៌សំបុរ នៅ​អាមេរិក។ បើតាម​លោកអូបាម៉ា តើ​មាន​ប្រជាជន​អាមេរិកាំង​ស្បែកខ្មៅ​ប៉ុន្មាននាក់ ដែល​មិនត្រូវ​បាន​ពួកសន្តិសុខ​​តាមដាន​មើល នៅពេល​ពួកគេ​ដើរទិញ​ឥវ៉ាន់ ក្នុង​ហាងទំនិញ។ តើ​ប្រជាជន​អាមេរិកាំង​ស្បែកខ្មៅ​ប៉ុន្មាននាក់ ដែល​បាន​លឺ​សំឡេងគេ​បិទ​គន្លឹះឡាន នៅពេល​ពួកគេ​ដើរកាត់​ឡាន​ទាំងនោះ? ឧទាហរណ៍​ចុងក្រោយ គឺ​នៅពេល​មនុស្ស​ស្បែកខ្មៅ​ដើរឡើង​ជណ្តើរ​យន្ត ស្រ្តី​ម្នាក់​ប្រញាប់​ប្រញាល់​បិទ​កាបូប​លុយ​របស់ខ្លួន និង​កាន់ក្តាប់​យ៉ាង​ប្រយ័ត្ន​បំផុត។ ក្នុង​បទពិសោធន៍​ផ្ទាល់ខ្លួន គឺមុន​នឹង​ជាប់ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា លោកអូបាម៉ា ធ្លាប់​បាន​ជួប​ករណី​ពីរ​ខាងលើ គឺ​ធ្លាប់​ត្រូវ​សន្តិសុខ​ផ្សារ​តាមមើល​ពីក្រោយ ឬ​ធ្លាប់​លឺ​គេ​បិទគន្លឹះឡាន នៅពេល​ដើរកាត់។

នៅក្នុង​បរិបទ​បច្ចុប្បន្ននេះ លោកប្រធានាធិបតី​អាមេរិក​ចង់​ឲ្យ​ប្រជាជន​អាមេរិកាំង​ផ្លាស់ប្តូរ​ផ្នត់​គំនិត គឺ​លុបបំបាត់​ជញ្ជាំង​អរូបីយ​រវាង​ប្រជាជន​ស្បែកស និង​ស្បែកខ្មៅ​នេះ​ចេញ។ នៅក្រោយ​សវនាការ ស្តី្រចៅក្រម​ទាំង​៦រូប​បាន​អះអាង​ថា គេមិន​បាន​ពឹងផ្អែក​លើ​ចំណុច​​ប្រកាន់​ពូជសាសន៍ ដើម្បី​ពិចារណា​លើ​សំណុំរឿង​បាញ់សម្លាប់​យុវជន​ Trayvon Martinទេ។ ជាក់ស្តែង អ្នកបាញ់សម្លាប់​យុវជន​ Trayvon Martin​មិនមែន​ជាជនជាតិ​អាមេរិកាំង​ស្បែកស​ទេ តែ​គេ​ជា​ជនជាតិ​អាមេរិកាំង​ដើមកំណើត​ពេរ៉ូ។ មួយវិញទៀត ស្ត្រី​ចៅក្រមទាំង​៦នាក់ សុទ្ធតែ​បាន​យល់​ថា  អ្នករក្សា​សន្តិសុខ​រូបនោះ បាន​បាញ់សម្លាប់ យុវជន​ Trayvon Martin ដើម្បី​ស្វ័យការពារ​ខ្លួន ហើយ​ដែល​ស្រប​តាម​ច្បាប់​របស់​រដ្ឋ​Floride​ដែល​មាន​ឈ្មោះថា Stand your ground។

ច្បាប់​នេះ​អនុញ្ញាត​ឲ្យ​ជនណា​ក៏ដោយ ដែល​ទទួល​រង​នូវ​ការវាយប្រហារ ឬ​ក៏​យល់​ថា មាន​ការគំរាមកំហែង​ដល់​អាយុជីវិត​​ដល់​ខ្លួន អាច​ប្រើ​កម្លាំង​តបតវិញ​ភ្លាមៗ ដោយ​មិនចាំបាច់​ព្យាយាម​រត់គេច​ទេ ហើយ​មធ្យោបាយ​តបត​នោះ​អាច​ប្រើ​បាន បើទោះបី​ជា​វា​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ក៏ដោយ។

ក្នុងករណី​បាញ់​សម្លាប់​​យុវជន​ Trayvon Martin ជនដៃដល់ Zimmerman បាន​និយាយ​ថា ខ្លួនគេ​ត្រូវ​យុវជន​ Trayvon Martin​វាយខ្ទប់ទៅនឹងដី ហើយ​គេ​ចាំបាច់​ត្រូវ​ប្រើអាវុធ ព្រោះ​គេគិតថា យុវជន​ Trayvon Martin អាច​សម្លាប់​រូបគេ។

ការនិយាយ​ការពារខ្លួន​របស់​Zimmerman ជារឿងមួយ ប៉ុន្តែ អ្វីដែល​សំខាន់ គឺ​ការសម្រេច​របស់​ស្ត្រី ចៅក្រម​ស្បែកស ដែល​ហាក់​មាន​និន្នាការ​ទៅ​រក​Zimmerman។ ការពារ​បុព្វហេតុ​របស់​ជនដៃដល់​សម្លាប់​យុវជន​ស្បែកខ្មៅ​ Trayvon Martin ព្រោះសម្រាប់​ស្ត្រី​អាមេរិកាំង​ទាំងនោះ Zimmerman បាន​ជ្រុលដៃ​សម្លាប់​យុវជន​ Trayvon Martin ក៏ព្រោះតែ​មាន​ឆន្ទះ​ចង់​ការពារ​ភូមិផង​របង ដែល​ធ្លាប់រងគ្រោះ​ដោយអំពើឆក់ប្លន់ និង​ឧក្រិដ្ឋកម្ម។

អំណះអំណាង​របស់​ស្រ្តីចៅក្រម​រឹត​តែ​ធ្វើ​ឲ្យ​សហគមន៍​អាមេរិកាំង​ស្បែកខ្មៅ​មាន​កំហឹង​កាន់តែខ្លាំង ព្រោះថា ប្រជាជន​ស្បែកខ្មៅ ជាទូទៅ ត្រូវ​គេ​វាយតម្លៃ ពី​សំបកក្រៅ​រួច​ហើយថា ជា​មនុស្ស​ជនពាល។ ជាក់ស្តែង យុវជន​Trayvon Martin ត្រូវ​Zimmerman តាម​ពីក្រោយ រហូត​ដល់​ប្រតាយប្រតប់​គ្នា ក៏ព្រោះ​តែ​យុវជន​Trayvon Martin ជា​យុវជនស្បែកខ្មៅ ស្លៀកពាក់​រយីករយៀក ពាក់មួក ដែល​នេះ​ត្រូវ​គេ​វាយតម្លៃថា ជា​មុខសញ្ញា​របស់​ជនខិលខូច។

លោក​អូបាម៉ា​វិញ មិន​បាន​និយាយ​រិះគន់​លើ​ការសម្រេច​របស់​តុលាការ​ទេ ប៉ុន្តែ លោក​បាន​ពន្លយ​ឲ្យ​ដឹងថា ក្នុងករណី​ដែល​យុវជន​ Trayvon Martin​ជាស្បែកស នោះ​លទ្ធផល​សាលក្រម​ប្រាកដ​ជា​ខុសពីនេះ។ បើតាម​លោកអូបាម៉ា ប្រជាជន​អាមេរិកាំង​ស្បែកខ្មៅ ដឹងច្បាស់ណាស់​ថា ពួកគេ​មិន​បាន​ទទួល​សិទ្ធិស្មើភាពគ្នា នៅក្នុង​ច្បាប់​ព្រហ្មទណ្ឌ​អាមេរិក។

ដូច្នេះ ដើម្បី​បន្ថយកំហឹង​របស់​សហគមន៍​អាមេរិកាំង​ស្បែកខ្មៅ លោកប្រធានាធិបតី​អាមេរិក​បាន​បញ្ជាក់​ថា លោក​គ្រោង​នឹង​ពិនិត្យ​ឡើងវិញ​លើ​ច្បាប់​ប្រើអាវុធ​ដើម្បីការពារ​ខ្លួន ដូចជា​ច្បាប់​Stand your Ground នៅរដ្ឋ​Floride នេះ។
ជាមួយគ្នានេះ​ដែរ លោក​បាន​អំពាវនាវ​​ឲ្យ​ប្រជាជន​អាមេរិកាំង​គិត​ឡើងវិញ​ពី​បញ្ហារើសអើង​ពូជសាសន៍ ​ដ៏រសើប​មួយនេះ គឺ​ដើម្បី​កសាង​សង្គម​អាមេរិក​មួយ​ដែល​មាន​សន្តិភាព​ខាងផ្លូវចិត្ត។

បើទោះជា​លោកអូបាម៉ា​វាយតម្លៃ​ថា គេ​មិនងាយ​នឹង​លុបបំបាត់​ការរើសអើង​ពូជសាសន៍​នៅ​ទឹកដី​អាមេរិក ប៉ុន្តែ លោក​អូបាម៉ា​បង្ហាញ​ផងដែរ ពី​ក្តីសង្ឃឹម​ដែល​ថា ការប្រកាន់​រើសអើង​ពូជសាសន៍​នឹង​អាច​ថយចុះ ជាងមុន ព្រោះថា មនុស្ស​ជំនាន់ក្រោយ ដូចជា​កូនស្រី​ទាំងពីរ​របស់លោកផ្ទាល់ នឹង​នាំ​មកនូវ​ការផ្លាស់ប្តូរ​ឥរិយាបទ​ក្នុង​ការរិះគិត​ក្នុង​សង្គមអាមេរិក ដែល​សំបូរ​ទៅដោយ​ប្រជាជន​ចម្រុះជាតិសាសន៍ គឺ​មិនមែន​តែ​ប្រជាជន​ស្បែកស​មួយ​នោះទេ។ លោកអូបាម៉ា​ជាឧទាហរណ៍​ជាក់ស្តែង ព្រោះ​គាត់​ជាប្រធានាធិបតី​អាមេរិកាំង​ទីមួយ ដែល​មាន​ស្បែកខ្មៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ