អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោក​អូបាម៉ា ប្រធានាធិបតី Drones

សំឡេង ០៥:២៤
យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​ក្នុង​តំបន់​ភ្នំ​ក្នុង​ប្រទេស​ប៉ាគីស្ថាន
យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​ក្នុង​តំបន់​ភ្នំ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ©Reuters
ដោយ៖ ឈាង បុប្ផា
៣៨ នាទី

កាលពីពេល​ថ្មីៗនេះ ឯកសារ​សម្ងាត់​របស់​រដ្ឋាភិបាល​ប៉ាគីស្ថាន​បាន​ទម្លាក់​កំហុស ទៅលើ យន្តហោះ​គ្មាន​មនុស្ស​បើក Drones របស់​អាមេរិក ដែល​មិនត្រឹម​តែ​វាយប្រហារ​ទៅលើ​ក្រុមឧទ្ទាម​ប៉ុណ្ណោះទេ ប៉ុន្តែ បាន​សម្លាប់​ជនស៊ីវិល​អស់​ជាច្រើននាក់។ ក្នុង​រយៈពេល ៩ឆ្នាំ នៃ​ការវាយប្រហារ មនុស្ស​ម្នាក់ ក្នុង ចំណោម ៥នាក់ ដែល​យន្តហោះ Drones បាញ់​សម្លាប់​នោះ គឺជាជនស៊ីវិល​នៅប៉ាគីស្ថាន។ តួលេខ​ដែល​ផ្តល់ដោយ ទីក្រុង​អ៊ីស្លាម៉ាបាត និង​ដែល​ចុះផ្សាយ ដោយ​វិបសៃតិ៍​ព័ត៌មាន​អង់គ្លេស Bureau of Investigative Journalisme ខុស​ផ្ទុយស្រឡះ ពី​ការអះអាង​របស់​ទីក្រុង វ៉ាស៊ីនតោន​ដែលថា យន្តហោះគ្មាន​មនុស្សបើក បាន បង្កគ្រោះថ្នាក់​ដល់​ជីវិត​ជនស៊ីវិល តិចបំផុត។

ផ្សាយពាណិជ្ជកម្ម

 

ក្នុងពេល​ដែល លោក George W Bush ត្រូវជាប់​ឈ្មោះក្នុង ប្រវត្តិសាស្រ្ត ជា​ប្រធានាធិបតី​សង្រ្គាម ដោយសារ​លោក​បាន បង្កើត​សង្រ្គាម​ប្រឆាំង​នឹង​ពួកភេរវជន នៅ​អ៊ីរ៉ាក់ និង នៅអាហ្វហ្កានីស្ថាន នៅក្រោយ​ថ្ងៃ​ភេរវកម្ម ១១ កញ្ញា លោក​អូបាម៉ា​ត្រូវជាប់​ឈ្មោះ ជា​ប្រធានាធិបតី​Drones ឬ និយាយ​បែប ម្យ៉ាងទៀត គឺ​លោកអតីត​ប្រធានាធិបតីGeorge W Bush ចូលចិត្ត​ប្រើទ័ព​មនុស្ស​លើដី ចំណែក លោកអូបាម៉ា ចូលចិត្ត​ប្រើ​សង្រ្គាម​សម្ងាត់ ប្រើ​យន្តហោះ​គ្មានមនុស្ស​បើក Dronesដើម្បី​វាយប្រហារ លើក្រុម​ដែលជា​សត្រូវ​របស់​អាមេរិក ដោយមិន​ឲ្យ​ខាតជីវិត​ទាហាន អាមេរិកាំង ប៉ុន្តែ មាន​ប្រសិទ្ធិភាព។

ការប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក Drones មិនមែន​ជា​រឿង​ថ្មី​ទេ នៅក្នុង​ប្រវត្តិសាស្រ្ត​សង្រ្គាម។ អាមេរិក ជា​ប្រទេស​មហាអំណាច​ពិភពលោក​តែ​មួយ ដែល​មាន​យន្តហោះ​Drones បាន​ប្រើ​យន្តហោះ ប្រភេទ​នេះ នៅក្នុង​សង្រ្គាម នៅវៀតណាម។ ប៉ុន្តែ ទើបតែ​ចាប់តាំង​ពី​ឆ្នាំ ២០០១ ដែល​យន្តហោះDrones បញ្ជា តាំង​ពី​ទីក្រុង​វ៉ាស៊ីនតោន ត្រូវគេ​បំពាក់​អាវុធ ដើម្បី​ធ្វើ​ប្រតិបត្តិការ​វាយប្រហារ នៅក្នុង សមរភូមិ។

ក្នុង​អាណត្តិ​របស់ខ្លួន លោកGeorge W Bush និយម​ប្រើ​ទាហាន ប្រយុទ្ធ​លើ​ដី មិនសូវ​ប្រើ យន្តហោះ​Drones​ប៉ុន្មាន​ទេ។ ប៉ុន្តែ លោក​អូបាម៉ា​ដែល​ឡើង​កាន់​តំណែង បន្ត បាន​បង្កើន​ការប្រើប្រាស់ យន្តហោះDrones ដល់​ទៅ ៦ដង ច្រើន​ជាង​កាល​ក្នុង​អាណត្តិ របស់​ប្រធានាធិបតី​មុន។ ជាក់ស្តែង ក្នុងឆ្នាំ ២០០០ យន្តហោះDrones គ្មាន​មនុស្ស​បើក មាន​ចំនួន​តែ ៥០គ្រឿងទេ ប៉ុន្តែ ចំនួន​យន្តហោះDrones​បាន​កើន​ឡើង​ដល់ ៧៥០០ នៅក្នុងឆ្នាំ ២០១៣នេះ។

ដោយ​ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក លោក​អូបាម៉ា​បាន​ដឹកនាំ​សង្រ្គាម​សម្ងាត់​របស់​គាត់ យ៉ាង​ជោគជ័យ ក្នុង​ការប្រយុទ្ធ​ប្រឆាំង នឹង​ពួកភេរវជន ព្រោះថា យន្តហោះDrones អាច​ធ្វើដំណើរ ទៅដល់​តំបន់ភ្នំ ដែល​ក្រុមទាហាន​ថ្មើរជើង​មិនងាយ​នឹង​ចូល​ទៅដល់។ អាមេរិក​បាន​អះអាង​ថា បាន​កម្ទេច​ក្រុម​មនុស្ស ជាង​៥០នាក់ ដែល​សុទ្ធ​តែ​ជាអ្នកដឹកនាំ​ជាន់ខ្ពស់​របស់​បណ្តាញ​អាល់កៃដា និង​ក្រុមតាលីបង់។ ដោយសារ​តែ ចំនួន​មេដឹកនាំ​សំខាន់ៗ​របស់​ក្រុមភេរវជន ដែល​ជា ក្រុម​គោលដៅ​ដ៏​គ្រោះថ្នាក់​ត្រូវ​បាន​យន្តហោះ Drones​បាញ់​សម្លាប់ ទីក្រុង​វ៉ាស៊ីនតោន​បាន​សម្រេច​កាត់​បន្ថយ​ចំនួន វាយប្រហារ​ដោយ​យន្តហោះDrones ជាពិសេស នៅប៉ាគីស្ថាន ពី​ចំនួន ១២៨ លើក នៅឆ្នាំ ២០១០ គឺ​ប្រមាណ រាល់បី​ថ្ងៃម្តង មក​នៅ​ត្រឹម ៤៨ដង ប៉ុណ្ណោះ ក្នុងឆ្នាំ ២០១២។

គឺនៅ ប៉ាគីស្ថាន​នេះហើយ ដែល​ការវាយប្រហារ​របស់​យន្តហោះ Drones បាន​បង្ក ឲ្យ​មាន​ការរិះគន់ និង​ចម្រូងចម្រាស។ នៅក្នុង​សង្រ្គាម​អាហ្វហ្កានីស្ថាន គឺ​កងទ័ព​របស់​អាមេរិក​ដែល ប្រើប្រាស់ យន្តហោះ Drones ដើម្បី​វាយប្រហារ​លើ​ក្រុម​ឧទ្ទាម តាលីបង់ ប៉ុន្តែ នៅសង្រ្គាម​ក្រៅផ្លូវការ ដូចជា នៅ ប៉ាគីស្ថាន យេម៉ែន ឬ លីប៊ី ដែលអាមេរិក ចាត់ទុក​ថា ជា​សម្បុក​លាក់ខ្លួន​របស់​ក្រុមភេរវជន សត្រូវ​របស់អាមេរិក គឺ​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់ CIA ដែលប្រើ និង​បញ្ជា យន្តហោះDrones ផ្ទាល់​ដើម្បី​វាយប្រហារ។

រដ្ឋាភិបាល​ទីក្រុង​អ៊ីស្លាមម៉ាបាត បាន​ដើរ​តាម​ប្រទេស យេម៉ែន ដោយ​យល់ព្រម​ឲ្យ​អាមេរិក​បើក​ការវាយប្រហារ ទៅលើ​ក្រុម​តាលីបង់ ដែល​គេចខ្លួន​ពី​ប្រទេស​អាហ្វហ្កានីស្ថាន ទៅ សំងំ​លាក់ខ្លួន នៅក្នុង​ទឹកដី​ប៉ាគីស្ថាន។ ប៉ុន្តែ យ៉ាងណា​ក៏ដោយ នៅ​ប៉ាគីស្ថាន ប្រតិបត្តិការ​របស់​យន្តហោះDrones របស់​អាមេរិក មួយ​ចំនួន​ធ្វើឡើង ដោយ​មិនបាន​ជូន​ដំណឹង ឬ សុំ​ការអនុញ្ញាតិ​ពី​ប្រទេស​ម្ចាស់ផ្ទះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ គេចោទ​សួរ​ឡើង​ពី​អធិបតេយ្យភាព​របស់​ប៉ាគីស្ថាន។

ប្រតិបត្តិការ​របស់​យន្តហោះDrones ដែល​ពួកយោធា​ប្រើប្រាស់ ក្នុងសមរភូមិ ត្រូវគេ​ចាត់​ចូល​ជា​កិច្ចការ​សម្ងាត់​យោធា ប៉ុន្តែ នៅ​អាមេរិក ការដែល​ក្រុម​CIA​បាន​បើក​ប្រតិបត្តិការ ប្រើ​យន្តហោះ​Drones ដើម្បី​សម្លាប់​ក្រុមភេរជន នោះ គឺជា​រឿង​អាថ៌កំបាំង ដែល​លាក់​ពី​ភ្នែកច្រមុះ របស់​ប្រជាជន​អាមេរិកាំង គឺ​ដូច​ករណី​ការងារ របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក NSAដែល​បើក​ប្រតិបត្តិការ លួច​ស្តាប់​ទូរស័ព្ទ​របស់​ប្រជាជន​អាមេរិក។

កាលពីខែ​ឧសភា​កន្លងទៅ នៅ​ក្នុង​ពេលថ្លែង នៅ​សកលវិទ្យាល័យ​ការពារ​ជាតិ ក្នុង​ទីក្រុងវ៉ាស៊ីនតោន លោក អូបាម៉ា​បាន​ទទួលស្គាល់​ពី​ផលវិបាក និង​បញ្ហាចោទ ផ្លូវ​ច្បាប់ សីលធម៌ និង​ការទទួល​ខុសត្រូវ ឬ​ការបង្កើត​សត្រូវថ្មី​ដោយសារ​តែ​យន្តហោះDrones។ ប៉ុន្តែ លោក​នៅ​តែ​បញ្ជាក់​ពី​សារៈសំខាន់ និង​ប្រសិទ្ធិភាព​របស់​យន្តហោះ​គ្មាន​មនុស្ស​បើកDrones ដែល​បើ​តាម​លោកអូបាម៉ា​បាន​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស។

ជួយ​សង្រ្គោះ​ជីវិតមនុស្ស លោកអូបាម៉ា​ប្រហែល​ចង់សំដៅ​ជីវិត​របស់​ប្រជាជន​អាមេរិកាំង ដែល​បាន​ក្លាយ​ជា​គោលដៅ​វាយប្រហារ របស់​ក្រុមភេរវជន។ នៅក្នុង​បទបញ្ជា​ចេញ​ដោយ លោក​ប្រធានាធិបតី​ផ្ទាល់ គេអាចប្រើ​យន្តហោះDrones សម្លាប់​សត្រូវ នៅពេល​ណា​ដែល សត្រូវនោះ គឺ​ជាគ្រោះថ្នាក់ និង​គំរាមកំហែង​ខ្លាំង​ដល់​ជីវិត​ប្រជាជន​អាមេរិកាំង ហើយ​ដែល​គេ​មិនអាច​ចាប់ខ្លួន​បាន។ គេអាច​អន្តរាគម ប្រើ​យន្តហោះDrones ដែរ ក្នុង​ករណីដែល គ្មាន​រដ្ឋាភិបាល​ផ្សេង​ណា​ចាត់​វិធានការ ឬ​ចាត់ទុក​ក្រុម នោះថា ជា​ក្រុមភេរវជន។ ចំណុច​ចុងក្រោយ គឺ គេអាច​ប្រើ​Drones នៅពេល​ណា​ដែល គេ​មាន​ព័ត៌មាន​ច្បាស់ ថា ប្រតិបត្តិការ​របស់​Drones​នឹង​មិន​ប៉ះពាល់​ដល់​ជីវិត​របស់​ជនស៊ីវិល។

ម្យ៉ាងវិញ​ទៀត តាម​និយមន័យ​កំណត់​របស់​ទីក្រុង​វ៉ាស៊ីនតោន ជន​ដែលអាច​គំរាមកំហែង​ដល់ ប្រជាជន​អាមេរិកាំង គឺ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ របស់​ក្រុម​អាល់កៃដា ឬ​ក្រុម​ប្រដាប់​អាវុធ​ដែលមាន ទំនាក់ទំនង ជាមួយ​ក្រុមអាល់កៃដា។ កន្លងមក នៅប៉ាគីស្ថាន គេប្រើ​យន្តហោះ Drones​វាយប្រហារ ទៅលើ​ក្រុមមនុស្ស ដែល​គេ​វិភាគ និង​ចាត់ទុក​ថា ដំណើរផ្លាស់ទី ឬ ឥរិយាបទ​របស់ពួកគេ មាន​ជាប់ទាក់ទង​នឹង​ក្រុម​បណ្តាញ អាល់កៃដា។ ការកំណត់​សញ្ញាណ ទាំងនេះ​បាន​បង្ក ឲ្យ​មាន​ជនរងគ្រោះ​ជាស៊ីវិល​ជាច្រើននាក់ នៅ​ក្នុង​ការវាយប្រហារ​របស់​យន្តហោះ​Drones។

តាម​ការិយាល័យ​ស្រាវជ្រាវ​អង្កេត ព័ត៌មាន ដែល​ជា​អង្គការ​របស់​ប្រទេស​អង់គ្លេស យន្តហោះ Drones​អាមេរិក បាន​សម្លាប់​មនុស្សពី ជាង ២៥០០ នាក់ទៅ ៣៥០០នាក់ ដែល ក្នុងនោះ​មាន​ជនស៊ីវិល ពី៤០០ ទៅ ៨០០នាក់ ដោយរួម​ទាំង​កុមារ​ផងដែរ។ យន្តហោះ​Drones របស់​អាមេរិក មិនត្រឹម​សម្លាប់​ជនស៊ីវិល ប៉ុន្តែ បាន​វាយប្រហារ លើ​ក្រុម​មនុស្ស ដែលតាមពិត ទៅ​ជា​សត្រូវ របស់​ប្រទេស ប៉ាគីស្ថាន ឬ យេម៉ែន ប៉ុន្តែ មិនមែន​ជា​សត្រូវ​របស់​អាមេរិក ដូចជា​ការអះអាង​របស់​លោកប្រធានាធិបតី​អាមេរិកទេ។ ក្រុមប្រដាប់អាវុធ ដែលគេ​វាយតម្លៃ​ថា មាន​លក្ខណៈ​ជ្រុលនិយម ក៏ត្រូវ​យន្តហោះDrones​វាយប្រហារ​ដែរ។ លោកអូបាម៉ា​ដែល​ជាប់ឈ្មោះ ជា​ប្រធានាធិបតី​ស្អប់សង្រ្គាម ​កំពុង​បង្កើត​ក្រុមសត្រូវ កាន់តែ​ច្រើនហើយ ព្រោះថា ការវាយប្រហារ ខុសទិសដៅ សម្លាប់​ជនស្លូតត្រង់ ដោយសារ​តែប្រើ​យន្តហោះDrones​នេះ មាន​តែជំរុញ ឲ្យ​មនុស្ស ជាពិសេស ក្រុមអ៊ីស្លាម ស្អប់​អាមេរិក​កាន់តែ​ខ្លាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ