ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Fidel Castro​អតីត​ប្រធានាធិបតី​គុយបា​រំលឹក​ដឹង​គុណ​លោក​គីម អ៊ីលស៊ុង

សំឡេង ០៤:៣០
អ្នកជំនាញ​ប៉ាណាម៉ា​កំពុង​សិក្សា​ពិនិត្យ​មើល​យន្តហោះ​ចម្បាំង​គុយបា​ដែល​លាក់​ក្នុង​កប៉ាល់​ដឹកស្ក​រ​របស់​កូរ៉េខាងជើង
អ្នកជំនាញ​ប៉ាណាម៉ា​កំពុង​សិក្សា​ពិនិត្យ​មើល​យន្តហោះ​ចម្បាំង​គុយបា​ដែល​លាក់​ក្នុង​កប៉ាល់​ដឹកស្ក​រ​របស់​កូរ៉េខាងជើង ©REUTERS/Carlos Jasso

ប្រទេស​​កុម្មុយនិស្ត​​​កូរ៉េខាងជើង និង​គុយបា​បាន​រត់រក និង​ជួយ​គ្នា​ទៅវិញ ទៅមក ទោះ​ក្នុង​សម័យកាលណា​​ក៏ដោយ។ បន្ទាប់ពី​បែកការណ៍ រឿង​ដឹក​អាវុធ​ក្នុង​កប៉ាល់​កូរ៉េខាងជើង ដែល​រដ្ឋាភិបាល​ប៉ាណាម៉ា ចាប់​បាន​កាលពី​ខែ​កក្កដាមុន គុយបា​បាន​និយាយ​ការពារ​មិត្ត​ចាស់​របស់ខ្លួនដោយ​អះអាង​ថា អាវុធទាំងនោះ​ជា​របស់គុយបា ដែល​ត្រូវ​បញ្ជូន​ទៅ​ជួសជុល​នៅ​កូរ៉េខាងជើង។ កាលពី​ចុងសប្តាហ៍មុន​នេះទៀត ​លោក​អតីត​ប្រធានាធិបតី​គុយបា Fidel Castro​ទើប​ចេញមុខ លើក​សរសើរ​ដឹងគុណ លោក​ប្រធានាធិបតី កូរ៉េខាងជើង គីម អ៊ីលស៊ុង។

ផ្សាយពាណិជ្ជកម្ម

 

រដ្ឋាភិបាល​គុយបា​បាន​តម​សំដី មិន​សូវ​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ទាក់ទង​នឹង​កប៉ាល់​ដឹកអាវុធ របស់​កូរ៉េខាងជើង ដែល​កំពុង​ត្រូវ​រដ្ឋាភិបាល​ប្រទេស​ប៉ាណាម៉ា​ចាប់ឃាត់ទុកនោះទេ។ ប៉ុន្តែ នៅក្នុង​ឱកាស​ប្រារព្ធ​ខួប​កំណើត​​ ៨៧​ឆ្នាំ​របស់​ខ្លួន លោក​ Fidel Castro អតីត​ប្រធានាធិបតី​គុយបា​ បែរ​ជា​មិន​ខ្វះ​សំដី​​លើកសរសើរ​ ដឹងគុណ​កូរ៉េខាងជើង​ទៅវិញ​។ លោក​​ Fidel Castro បាន​ដកខ្លួន​ចេញ​ពី​នយោបាយ នៅឆ្នាំ ២០០៦ដោយសារ​បញ្ហា​សុខភាព។ លោក​បាន​​ប្រគល់​តំណែង​ឲ្យ​ប្អូនប្រុស គឺ​លោកRaul Castro ឡើង​ធ្វើ​ជា​ប្រធានាធិបតីគុយបា​បន្ត​ពីលោក។ ប៉ុន្តែ យ៉ាងណា​ក៏ដោយ អតីតប្រធានាធិបតី​គុយបា​ ត្រូវ​បាន​គេ​មើលឃើញ​ថា ​វីរជន​តស៊ូ​បដិវត្តន៍​របស់​គុយបា និង​នៅ​តែមនុស្ស​មាន​​ឥទ្ធិពល​លើ​​រដ្ឋាភិបាល​គុយបា។

នៅក្នុង​បទសម្ភាសន៍​មួយ​កាសែត​ក្នុងស្រុក កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍មុន លោក​​​ Fidel Castro បាន​និយាយ​ថា នៅក្នុង​ទសវត្សរ៍ ឆ្នាំ ១៩៨០ នៅក្នុង​ពេល​ដែល​មេដឹកនាំ​សូវៀត គឺ​លោក​Yuri Andropov​ព្រមាន​ថា ទុក​ឲ្យ​គុយបាដោះស្រាយ​ដោយខ្លួន ក្នុង​ករណី​អាមេរិក​វាយប្រហារ​លើ​គុយបានោះ គឺ​មាន​តែ​​លោក​ប្រធានាធិបតី​កូរ៉េខាងជើង គីម អ៊ីលស៊ុងទេ ដែល​ចេញ​មុខ​ជួយ​គុយបា។ នៅជំនាន់នោះ លោក​គីម អ៊ីលស៊ុង​បាន​ផ្តល់​អាវុធ​AK​ មួយ​សែន​ដើម​ និង​គ្រឿងផ្ទុះ​ផ្សេងទៀតដល់​គុយបា ដោយ​មិន​គិតថ្លៃ​អ្វី​ទាំងអស់។ លោក​គីម អ៊ីលស៊ុង​គឺ​ជា​អ្នកតស៊ូ និង​ទាហាន​ដែល​គេ​ត្រូវ​យក​គំរូតាម។ នេះ​បើតាម​ប្រសាសន៍​របស់​លោក​​​ Fidel Castro។

គេ​មិន​បាន​ដឹងថា តើ​លោក​​​ Fidel Castro ដែល​​រំលឹក​និយាយ​ពី​ទំនាក់ទំនង​ចាស់​កូរ៉េខាងជើង និង​គុយបា ចង់​សំដៅ​ទៅ​ហេតុការណ៍​ចាប់​កប៉ាល់​កូរ៉េខាងជើង​ដែល​មាន​ដឹក​អាវុធ​​ចេញ​ពី​គុយបា ដែរឬ ក៏យ៉ាងណាទេ។ ប៉ុន្តែ លោក​​​ Fidel Castro បាន បង្ហើប​រឿងចាស់ បន្ទាប់ពី​ក្រុមអ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ​បាន​ចុះ​ទៅ​ស្រាវជ្រាវ​លើ​អាវុធ ដែល​ដឹកចេញ​ពី​គុយបា និង​ដែល​គេ​លាក់នៅក្រោម​បាវស្ករ របស់កប៉ាល់​កូរ៉េខាងជើង។

កាលពី​ខែ​កក្កដា កន្លងទៅ រដ្ឋាភិបាល​ប៉ាណាម៉ា​បាន​ចាប់​កប៉ាល់​កូរ៉េខាងជើង បន្ទាប់​ពី​ចាប់​ឆែកឆេរ​ឃើញ​ ​អាវុធគ្រឿងផ្ទុះ គ្រាប់មីស៊ីល និង​យន្តហោះចម្បាំងសម័យ​សហភាព​សូវៀត ដែលគេ​លាក់​​​នៅក្រោម​បាវ​ស្ករ រាប់​ពាន់​តោន។ គុយបា បាន​អះអាងថា អាវុធ​ទាំងនោះ ជា​របស់​ខ្លួន និង​ដែល​ត្រូវ​យក​ទៅ​ជួសជុល​នៅ​កូរ៉េខាងជើង។ ការអះអាងរបស់​គុយបា ​ពិបាក​នឹង​ឲ្យ​គេ​ជឿ​បន្តិច ជាពិសេស នៅក្នុង​កាលៈទេសៈ​​បច្ចុប្បន្ន​ ដែល​កូរ៉េខាងជើង កាន់តែ​ឯកោ​ និង​ពិបាក​រកទិញ​អាវុធ​ពី​បរទេស​ ដោយសារ​តែ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ ដែល​បាន​ហាម​អស់រយៈពេល ៧​ឆ្នាំ មកហើយ មិន​ឲ្យ​គេ​ដឹកអាវុធ​ចេញ ឬ​ចូល​ទឹកដី​កូរ៉េខាងជើង។

មួយវិញទៀត លោក​អតីត​ប្រធានាធិបតី​​​ Fidel Castro ទើប​នឹង​បញ្ជាក់​ពី​​ឧបការគុណ​របស់​កូរ៉េខាងជើង ដែល​ធ្លាប់​បាន​ផ្តល់​អាវុធ​ដល់​គុយបា នៅក្នុង​ពេល​គុយបា​ជួប​ការខ្វះខាត។ ដូច្នេះ ទំនាក់ទំនង​ល្អូកល្អើន និង​ជំនួយ​យោធា រវាង​គុយបា និង​កូរ៉េខាងជើង គឺ​ជា​រឿង​ដែល​មិន​អាច​លាក់​បំបាំង​ពី​ភ្នែក​គេបាន។ គេអាចថា ប្រទេស​កុម្មុយនិស្ត​ទាំងពីរ​នៅ​បន្ត​ជួយ​គ្នា​ទៅវិញ ទៅមក ព្រោះ​ពួកគេ​មាន​សត្រូវ​រួម​តែមួយ គឺ​​ប្រទេស​លោកខាងលិច ជាពិសេស​អាមេរិក។

សត្រូវ​របស់​អាមេរិក គឺត្រូវ​ប្រឈមមុខ​នឹង​​កណ្តាប់ដៃដែក​របស់​រដ្ឋាភិបាល​ប៉ាណាម៉ា ដែល​ជា​សម្ព័ន្ធមិត្ត របស់​អាមេរិក ដែល​នៅ​​គ្រប់គ្រង​ដោយ​ប្រយោល​លើ​ព្រែកជីក​ប៉ាណាម៉ា។ កាលពី​ថ្ងៃ​អង្គារ រដ្ឋាភិបាល​ប៉ាណាម៉ា បាន​បដិសេធ រុញច្រាន​ចោល​ការចរចា​នានា​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង។ នៅក្នុង​សំបុត្រ​មួយ ផ្ញើ​ជូន​ទៅ​រដ្ឋាភិបាល​ប៉ាណាម៉ា របប​កុម្មុយនិស្ត​កូរ៉េខាងជើងបាន​សុំ​សហការ​ក្នុង​នាម​ជាមិត្ត ដើម្បី​ដោះស្រាយ​ឧប្បត្តិហេតុ​ ចាប់កប៉ាល់​កូរ៉េខាជើង។

រដ្ឋាភិបាល​ប៉ាណាម៉ា បាន​បិទផ្លូវ​ចរចា ដោយ​អះអាង​ថា សំណុំរឿង​នេះ​បាន​ធ្លាក់​ទៅក្នុង​ដៃ​របស់​អង្គការ​សហប្រជាជាតិដែល​ត្រូវ​ត្រួតពិនិត្យ​​ថា តើ​អាវុធ​ដែល​ដឹកចេញ​ពី​គុយបា ទៅ​កូរ៉េខាងជើង បាន​រំលោភ​លើ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ដែរ​ឬ​ទេ។ ក្រុម​អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ​បាន​ចុះ​ទៅដល់​ប៉ាណាម៉ា កាលពី​ថ្ងៃ​ចន្ទ​ ដើម​សប្តាហ៍មុន។

តាម​មន្រ្តី​​រដ្ឋាភិបាល​ប៉ាណាម៉ា កម្មករ​កប៉ាល់​កូរ៉េខាងជើងដែល​កំពុង​ជាប់ឃុំ​នៅ​អតីត​មូលដ្ឋាន​ទ័ព​អាមេរិក នៅប៉ាណាម៉ា នឹង​ត្រូវ​គេ​ដោះលែង បញ្ជូន​ទៅ​ឲ្យ​កូរ៉េខាងជើង​វិញ​ ក្នុងរយៈ​​ពេល​មួយ​ខែទៀត។ ​អាជ្ញាធរ​ប៉ាណាម៉ា​ទំនង​ចង់​​ឃាត់​ខ្លួន បន្ត ដើម្បី ទុកពេលឲ្យ​ក្រុមអ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ បាន​​​ជួប​សម្ភាសន៍​កម្មករ​ដើរទូក​កូរ៉េខាងជើង ទាំង​៣៥​នាក់ ដើម្បី​ស្វែងយល់​ពី​ដំណើរដើមទង ស្តីពី​អាវុធ​ដែល​គេ​លាក់​នៅក្រោម​បាវស្ករ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI