អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាមេរិក​មាន​ប្រជាជន​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ ៤៦​លាន ៥​សែន​នាក់

សំឡេង ០៤:៣៣
ប្រជាជន​អាមេរិក​ទទួល​អាហារ​​ពី​វិហារ​សាសនា​នៅ​ទីក្រុង​Los angeles រដ្ឋ​កាលីហ្វនី
ប្រជាជន​អាមេរិក​ទទួល​អាហារ​​ពី​វិហារ​សាសនា​នៅ​ទីក្រុង​Los angeles រដ្ឋ​កាលីហ្វនី Getty Images/ Kevork Djansezian
ដោយ៖ ឈាង បុប្ផា
២៧ នាទី

នៅប៉ុន្មាន​ថ្ងៃ​មុន​បោះឆ្នោត​ថវិកាជាតិ​សម្រាប់​ឆ្នាំ ២០១៤ ដែល​នឹង​ត្រូវ​ធ្វើឡើង នៅ​ខែ​តុលា គណបក្ស​សាធារណរដ្ឋ​ដែល​មាន​សំឡេង​ភាគច្រើន នៅ​រដ្ឋសភា បាន​ដើរនយោបាយ​ដាក់សម្ពាធ​ជាថ្មី ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោកអូបាម៉ា​កាត់បន្ថយ​ចំណាយ​សាធារណៈ។ លើកនេះ ក្រៅតែ​ពី​ លុបចោល ច្បាប់ថវិកា​សុខភាព​របស់​លោកអូបាម៉ា បក្សសាធារណរដ្ឋ​បាន​ទាមទារ​​ផងដែរ ឲ្យ​គេ​កាត់បន្ថយ​ចំណាយ​ទៅលើ​ការផ្តល់​ជំនួយ​ជា​ស្បៀងអាហារ នៅ​អាមេរិក។ បើសិន​ជា​បក្ស​សាធារណរដ្ឋ​ទាមទារ​បាន​ជ័យជំនះ នោះ គឺ​ប្រជាជន​អាមេរិក​ក្រីក្រ​ដែល​នឹង​រងគ្រោះ​ខ្លាំង​នៅលើកនេះ ដោយសារ​អ្នកនយោបាយ។

ផ្សាយពាណិជ្ជកម្ម

នៅ​អាមេរិក ក្នុង​មួយឆ្នាំៗ រដ្ឋាភិបាល​ចំណាយ​ថវិកា​ប្រមាណ ៨០ពាន់​លាន​លើ​កម្មវិធី​ចែក​​ស្បៀង​អាហា។ កម្មវិធី​នេះ​កំពុង​ជួយ​ដោះទ័ល​របស់​ប្រជាជន​អាមេរិក​រាប់លាន​នាក់ និង​ជួយ​ទិញ​ផលិតផលរបស់​កសិករ​អាមេរិកាំង​ដែលបាន​​ផលិត​លើស​តម្រូវការ។ ប៉ុន្តែ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍មុន រដ្ឋសភា​អាមេរិក បាន​បោះឆ្នោត​អត្ថបទ​ច្បាប់​មួយ ដែល​សំដៅ​កាត់បន្ថយ​ថវិកា ប្រមាណ​៤០ពាន់​លាន​ដុល្លារ ទៅលើ​កម្មវិធី​ផ្តល់​ស្បៀង​អាហារ សម្រាប់​រយៈពេល​១០​ឆ្នាំ។

 
សម្រាប់​ក្រុមសាធារណរដ្ឋ​ដែល​ជាអ្នកជំរុញ​ឲ្យ​សភា​អនុម័ត​ច្បាប់ កម្មវិធី​ចែកបណ្ណា​អាហារ​មាន​តម្លៃ​ថ្លៃ និង​ធ្វើ​ឲ្យ​រដ្ឋ​ចាយវាយ​លុយ​ច្រើនពេក។ អត្រាថយចុះ​អ្នកអត់​ការងារ បន្ទាប់​ពីសេដ្ឋកិច្ច​អាមេរិក​ងើបឡើង ក៏ជា​ហេតុផល​មួយ​ដែល​បក្ស​សាធារណរដ្ឋ​យកទៅប្រើ​ដើម្បី​ជំរុញ​ឲ្យ​គេ​កាត់បន្ថយ​ថវិកា​លើ​កម្មវិធី​ផ្តល់ស្បៀង។ ក្នុង​អត្ថបទ​ច្បាប់​ដែល​​សភា​បាន​អនុម័ត អំណើះតទៅ ប្រជាជន​អាមេរិកាំង​មាន​សិទ្ធិ​បាន​ទទួលបណ្ណអាហារ​ក្នុង​រយៈពេល ៣ខែ។ ក្នុង​ពេលនោះ ពួកគេ​ទាំង​នោះ​ដែល​មាន​​អាយុ​ពី​១៨ ដល់​៥០​ឆ្នាំ ត្រូវ​​រក​ការងារ​ធ្វើ ឬ​ចុះឈ្មោះ​រៀន​វគ្គបណ្តុះបណ្តាល​ណាមួយ ដែល​នឹង​អាច​ឲ្យ​គេ​រកការងារ បាន នៅ​ពេល​បន្ទាប់មក។ ច្បាប់​របស់​ក្រុម​សាធារណរដ្ឋ​តម្រូវ​ផងដែរ ឲ្យ​គេ​កាត់ជំនួយ​ជាស្បៀង​អាហារ​ដល់​អ្នកឈ្នះ​ឆ្នោត។

ជារួម ក្រុម​សាធារណរដ្ឋ​អះអាងថា គេ​ចង់​សើរើ​រៀបចំ​កម្មវិធី​ស្បៀង​នេះ​ឡើងវិញ ដោយ​លុប​បំបាត់​ចោល​ការលួចបន្លំ និង​ចង់​ឲ្យ​ប្រជាជន​អាមេរិក​ឆាប់​ត្រលប់​ទៅ​រក​ការងារ​ធ្វើ។ ប៉ុន្តែ សម្រាប់​ក្រុមប្រជាធិបតេយ្យ​ដែល​ជាគណបក្ស​កាន់​អំណាច វា​ឆាប់ពេក​ដែល​គេ​កាត់របប​អាហារ​របស់​ប្រជាជន។ ដោយចាត់ទុក​ថា​ច្បាប់​នេះ​ធ្វើ​ឡើង​ដោយ​មនុស្ស​គ្មាន​បេះដូង ក្រុមប្រជាធិបតេយ្យ​ដែល​មាន​សំឡេង​ភាគច្រើន នៅ​ព្រឹទ្ធសភា​បាន​ព្រមាន​រួចហើយ ថា នឹង​បោះឆ្នោត​ប្រឆាំង​មិន​ឲ្យ​ច្បាប់​នេះ​ចេញរួច។

តាមអ្នកវិភាគខ្លះ គេ​មិនអាច​ធានា​ថា បក្ស​កាន់អំណាច​អាច​ធានា​ការសន្យា​របស់ខ្លួន​បានទេ ពោល​គឺ​ទាំង​ព្រឹទ្ធសភា និង​លោកប្រធានាធិបតី អូបាម៉ា​អាច​នឹងចរចា ធ្វើ​សម្បទាន ដើម្បី​ឲ្យ​គណបក្ស​សាធារណរដ្ឋ​យល់ព្រម​បោះឆ្នោត ច្បាប់​ដំឡើង​ចំនួន​ប្រាក់បំណុល ដែល​ជា​បញ្ហា​ប្រឈមមុខ​សំខាន់​របស់ រដ្ឋអាមេរិក នៅ​ចុងឆ្នាំនេះ។

ដូច្នេះ បើសិន​ជា​ច្បាប់​ស្នើ​ដោយ​បក្ស​ប្រឆាំង ហើយ​អាច​ត្រូវ​បោះឆ្នោត​អនុម័ត ដោយ ព្រឹទ្ធសភា នោះ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​ក្រោយ ប្រជាជន​អាមេរិក​ប្រមាណ ៤​លាននាក់​នឹង​បាត់បង់​សិទ្ធិ លែង​បាន​ទទួល​ប័ណ្ណបើក​អាហារ​ពី​រដ្ឋ​អាមេរិកាំង។ នេះ​គឺ​មិនខុសអ្វី​ពី​រុញច្រាន​អ្នកទ័ល​ឲ្យ​ធ្លាក់​ទៅក្នុង​ស្ថានភាព​ក្រីក្រ​កាន់តែខ្លាំងទេ។

ការអនុម័ត​ច្បាប់​របស់​រដ្ឋ​សភា អាមេរិក ធ្វើឡើង នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មជ្ឈមណ្ឌល​ជំរឿន​របស់​រដ្ឋ ទើប​បង្ហាញ​របាយការណ៍​ស្តី​ពី​ភាពក្រីក្រ​នៅ​អាមេរិក។ តាមរបាយការណ៍ នៅ​អាមេរិក នៅឆ្នាំ ២០១២ ប្រជាជន​រស់នៅ​ក្រោម​ខ្សែបន្ទាត់​ក្រីក្រ​មាន​ចំនួន​១៥​ភាគរយ គឺ​ប្រមាណ ៤៦​លាន ៥សែន​នាក់ គឺ​កើនឡើង ៣សែន​នាក់បន្ថែម​ទៀត បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១១។ ក្នុង​ចំណោម​ប្រជាជន​ក្រីក្រ មាន​១៦លាន ១សែន​នាក់ជា​កុមារ និង​មនុស្ស​ជិត​៤​លាន​នាក់ ជាមនុស្ស​ចាស់ អាយុ​ច្រើន​ជាង ៦៩​ឆ្នាំ។ តាមស្ថិតិ​ខាងលើ ​ប្រជាជន​អាមេរិកាំង​រស់ក្រោម​ខ្សែបន្ទាត់ក្រីក្រ មាន​ចំនួន​ថេ មិនចុះ មិន​ឡើង  ក្នុង​រយៈពេល​៦​ឆ្នាំ​ចុងក្រោយនេះ នេះ​បើ​ទោះបី​ជា​កំណើន​សេដ្ឋកិច្ច​របស់​អាមេរិក​បានងើប​ឡើងវិញ​ចាប់តាំង​ពី​ឆ្នាំ ២០០៩ ក៏ដោយ។

តាម​អ្នកសេដ្ឋកិច្ច​វិទូ ចាប់តាំង​ពី​វិបត្តិ​សេដ្ឋកិច្ច​អាមេរិក ឆ្នាំ ២០០៨ មនុស្ស​កាន់តែច្រើន​បាន​បាត់បង់​ការងារ​ធ្វើ ឬ​ធ្វើ​ការងារ​ដែល​បាន​ទទួល​ប្រាក់កំរៃ​តិចជាងមុន។ គម្លាត​ធំ​រវាង​អ្នកមាន និង​អ្នកក្រ ការបាត់បង់​ការងារ​ធ្វើ និង​ប្រាក់ខែ​នៅថេ ឬ​តិចជាងមុន នៅ​តាម​រោងចក្រ​ឧស្សាហកម្ម នៅពេល​តម្លៃ​ទំនិញ និង​ចំណាយ​ប្រចាំ​ថ្ងៃ​កាន់តែ​កើនឡើង ជាមូលហេតុ​ជំរុញ​​ប្រជាជន​ដែល​ធ្លាប់​មាន​ជីវភាព​មធ្យម​ធ្លាក់​ចូល​ក្នុង​ក្រុមមនុស្ស​ក្រីក្រ។ នៅ​អាមេរិក​គ្រួសារ​ដែល​មាន​គ្នា​បួននាក់ និង​រក​ប្រាក់ចំណូល​បាន​២៣​៤៩២​ដុល្លារ ក្នុង​មួយ​ឆ្នាំ ក្នុង​មួយ​ឆ្នាំ ត្រូវ​ចាត់ទុក​ថា ជាអ្នកក្រ។

តាម​ក្រសួង​កសិកម្ម កាលពី​ឆ្នាំ ២០១១ ប្រជាជន​អាមេរិកាំង​ប្រមាណ​៤៦​លាន​នាក់ អាច​ចិញ្ចឹម​ជីវិត​បាន​ដោយសារ​មាន​ប័ណ្ណ​បើក​អាហារ។ ដូច្នេះ គេមិន​ពិបាក​យល់ទេ​ថា ការលុប​ចោល​កម្មវិធី​ប័ណ្ណ​ចែកអាហារ ដែល​ស្នើឡើង​ដោយ​គណបក្ស​សាធារណរដ្ឋ ប្រាកដ​ជា​នឹង​នឹង​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិកាំង​កាន់តែ​ធ្លាក់​ខ្លួន​ក្រខ្លាំង​ងើប​លែងរួច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ