ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រជាជន​អាមេរិកាំង​បែកបាក់​គ្នា ក្នុង​រឿង​Obamacare

សំឡេង ០៥:៣១
វិបសៃតិ៍​ដែល​ប្រជាជន​អាមេរិកាំង​អាច​ទិញ​ប័ណ្ណ​ធានារ៉ាប់រង​សុខភាព​
វិបសៃតិ៍​ដែល​ប្រជាជន​អាមេរិកាំង​អាច​ទិញ​ប័ណ្ណ​ធានារ៉ាប់រង​សុខភាព​ (Capture d'écran)

នៅ​អាមេរិក សេវាសាធារណៈ​ជាប់គាំង​ជិត​មួយ​សប្តាហ៍​មក​ហើយ។ មនុស្ស​ជិត​មួយ​លាន​នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ឈប់​សម្រាក​ពី​ការងារ និង​គ្មាន​បាន​ទទួល​បា្រក់​ខែ បន្ទាប់​ពី​បក្ស​សាធារណរដ្ឋ នៅ​រដ្ឋសភា​បដិសេធ​មិន​បោះឆ្នោត​ថវិកា ដោយសារ​​លោក​ប្រធានាធិបតី​អាមេរិក​មិន​ព្រម​លុប​ចោល ឬ​ពន្យារពេល​អនុវត្ត​ច្បាប់​ធានារ៉ាប់រ៉ង​សុខភាព​ Obamacare។ មនុស្ស​ជិត​មួយ​លាន​គ្មាន​ការងារ​ធ្វើ​ដោយសារ​តែ​ច្បាប់​Obamacare ប៉ុន្តែ ចាប់​តាំង​ពី​ថ្ងៃ​អង្គារ​ទី ១ តុលា ដើម​សប្តាហ៍​មុន មនុស្ស​ជាង ១០​លាន​នាក់ បាន​ចូល​មើល​វិបសៃតិ៍ (តែក្នុង​រដ្ឋ​ញូវយ៉ក) ដើម្បី​ចង់​ដឹងថា តើ​ពួកគេ​អាច​ទទួល​ប្រយោជន៍​ពី​សេវា​ធានា​រ៉ាប់រ៉ង​សុខភាព​របស់​លោកអូបាម៉ា​ដែរឬទេ។

ផ្សាយពាណិជ្ជកម្ម

 

កំណែទម្រង់​ច្បាប់​លើ​សេវា​ធានា​រ៉ាប់រង​សុខភាព​មាន​ទិសដៅ​បី។ ទិសដៅ​ចំបង​​របស់​Obamacare គឺ​គ្រប់​ពលរដ្ឋ​អាមេរិកាំង​ត្រូវ​មាន​ប័ណ្ណ​ធានា​រ៉ាប់រង​សុខភាព ជា​ចាំបាច់ ដោយ​មិន​ថា ពួកគេ​ជា អ្នកក្រ ឬ​អ្នកមានទេ។ បច្ចុប្បន្ននេះ មាន​តែ​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​លុយច្រើន ឬ​អ្នក​ដែលមាន​ការងារ​ល្អ​ទេ ដែល​អាច​ទ្រាំទ្រ​បង់ថ្លៃ​សេវា​ធានា​រ៉ាប់រង​សុខភាព ដែល​លក់​ដោយ​ក្រុមហ៊ុន​ឯកជន និង​មាន​តម្លៃ ថ្លៃ​កប់ពពក។

ជាមួយ​នឹង​កំណែទម្រង់​ច្បាប់​សុខភាព រដ្ឋាភិបាល​លោកអូបាម៉ា​អាច​សម្រេច​ទិសដៅ​ទីមួយ​ដោយ​លំបាក ព្រោះ​ថា មនុស្ស​ជិត​៥០​លាន​នាក់​នឹង​ត្រូវ​គ្រប​ដណ្តប់​ដោយ​ច្បាប់​នេះ។ ជារួម ពលរដ្ឋ​អាមេរិកាំង​មាន​ពេលវេលា​ចុះឈ្មោះ​ស្វែងរក​ទិញ​ប័ណ្ណ​ធានា​រ៉ាប់រង​សុខភាព រហូត​ដល់​ចុងឆ្នាំ ២០១៣ ហើយ​គេ​រំពឹង​ថា ចាប់​តាំង​ពី​ខែ​មីនា ឆ្នាំ ២០១៤​ទៅ នៅពេល​កិច្ចសន្យា​ចាប់ផ្តើម​មាន​សុពលភាព នឹង​មាន​ពលរដ្ឋ​អាមេរិកាំង​ថ្មី ៣២​លាន​នាក់ ដែល​នឹង​ទទួល​បាន​សេវា​ធានា​រ៉ាប់រង​សុខភាព។

ជាក់ស្តែង ពួកគេ​នឹង​មាន​សិទ្ធិ​ទៅ​ពិគ្រោះ​ជម្ងឺ និង​ទទួលការព្យាបាល វះកាត់ ដោយ​មិន​បារម្ភ​ថា ពួកគេ​នឹង​ត្រូវ​ចំណាយ​លុយ​បន្ថែមទេ។ តាម​លោកអូបាម៉ា ច្បាប់​សុខភាព​របស់​លោក​បាន​បោះជំហាន​ទៅមុខ និង​គ្មាន​អ្វី​មក​រារាំង។ តាម​លោកប្រធានាធិបតី អាមេរិក រហូតមក មនុស្ស​រាប់​សែន​នាក់​ស្លាប់​ក្នុង​មួយឆ្នាំៗ នៅ​អាមេរិក ដោយសារ​តែ​មិន​អាច​ទទួល​ការព្យាបាល ដោយសារ​ពួកគេ​គ្មាន​សេវា​ធានា​រ៉ាប់រង​សុខភាព។ មនុស្ស​ជា​ច្រើន​លាន​នាក់​ផ្សេងទៀត រស់នៅក្នុង​ភាព​ភ័យខ្លាចថា នឹង​ត្រូវ​រលាយ​ទ្រព្យ​សម្បត្តិ​នៅ​ថ្ងៃ​ណា​ដែល​ពួកគេ​ធ្លាក់​ខ្លួនឈឺ។ តាម​ច្បាប់ Obamacare ក្រុម​គ្រូពេទ្យ​ត្រូវ​ហាមឃាត់​មិន​ឲ្យ​បដិសេធ​ព្យាបាល​អ្នកជម្ងឺ ដោយ​យកលេស​លើ​ហេតុផល​ជម្ងឺ​ធ្ងន់ធ្ងរ ឬ​អាយុ​របស់​អ្នកជម្ងឺ​ដូចមុន​ទៀតហើយ។

ទិសដៅ​ទីពីរ​នៃ​Obamacare គឺ​កែលម្អ​​ប្រព័ន្ធ​ព្យាបាល​អ្នកជម្ងឺ និង​ចុងក្រោយ គឺ​កាត់បន្ថយ​ចំណាយ​របស់​រដ្ឋ​ទៅលើ​វិស័យ​សុខាភិបាល។ រដ្ឋាភិបាល​អាមេរិក​បាន​ចំណាយ​ថវិកា​ប្រមាណ​១៨ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប គឺ​ច្រើន​ទ្វេដង បើប្រៀបធៀប​នឹងប្រទេស​ដែល​មាន​ទំហំ និង​ប្រជាជន​ស្មើ​អាមេរិក ប៉ុន្តែ សេវា​សុខភាព​សាធារណៈ​របស់​អាមេរិក​នៅ​តែអន់ខ្សោយ។ គេ​សង្ឃឹម​ដែរ​ថា ច្បាប់​ធានា​រ៉ាប់រង​សុខភាព Obamacare​នឹង​ជួយ​ឲ្យ​រដ្ឋាភិបាល​សន្សំសំចៃ​ថវិកា​ប្រមាណ​៣​ពាន់​លាន​ដុល្លារ ពីពេល​នេះ ដល់​ឆ្នាំ ២០២០។

ប្រសិន​បើ​ Obamacare នឹង​ផ្តល់​ប្រយោជន៍​ច្រើន ដល់​ប្រជាជន​អាមេរិកាំង និង​រដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ចំណាយ ហេតុអ្វី បាន​ជា​ក្រុមសាធារណរដ្ឋ​ប្រឆាំង ? ហើយ​ប្រជាជន​អាមេរិកាំង​ជាច្រើន​ទៀត​ខកចិត្ត មិន​ពេញចិត្ត​នឹង​​ច្បាប់​ធានារ៉ាប់រង​ជម្ងឺ​របស់​លោក​អូបាម៉ា ?

សូមបញ្ជាក់ថា សេវា​ធានា​រ៉ាប់រង​សុខភាព​មិនមែន​ធ្វើ​ឡើង​ដោយ​ឥតគិតថ្លៃ​សម្រាប់​មនុស្ស​គ្រប់​រូប​ទេ។ អ្នក​ដែល​មាន​សិទ្ធិ​ទទួល​ជំនួយ​ពី​រដ្ឋ ដោយ​​បាន​ទទួល​ការព្យាបាល ដោយ​មិន​ចាំបាច់​ចេញ​លុប​ហោប៉ៅ សូម្បី​មួយសេន គឺ​អ្នក​ដែល​បាន​ប្រាក់​ចំណូល​តិច ឬ​អ្នកក្រ​តែម្តង។ ប៉ុន្តែ ក្រៅ​ពីនោះ គឺ​អ្នក​ដែលមាន​ប្រាក់ខែ​មធ្យម រដ្ឋ​នឹង​ជួយ​បង្រ្គប់​បន្ថែម​ការខ្វះខាត នៅពេល​គេទិញ​ប័ណ្ណ​ធានារ៉ាប់រង​សុខភាព។ សម្រាប់​អ្នក​មាន​ប្រាក់ចំណូល​ខ្ពស់ គេ​នឹង​មិន​បាន​ទទួល​ជំនួយ​ពីរដ្ឋ​ទេ និង​ត្រូវ​ទិញ​សេវា​ធានារ៉ាប់រង​តាម​ទម្លាប់​ចាស់។

ច្បាប់​បាន​តម្រូវ​ឲ្យ​ប្រជាជន​អាមេរិកាំង​ទាំង​អស់​ត្រូវ​តែ​ចុះ​ឈ្មោះ​ទិញ​សេវា​ធានា​រ៉ាប់​រង​សុខភាពជា​ចាំបាច់ បើ​មិន​ដូ​ច្នោះទេ​ ពួកគេ​នឹង​ប្រឈម​ការបង់ប្រាក់​ពិន័យ។ ការតម្រូវ​ឲ្យ​ប្រជាជន​គ្រប់រូប​ទិញ​ប័ណ្ណ​ធានារ៉ាប់រង​ជម្ងឺ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​ពួកគេ​ផ្ទាល់​​បាន​ទទួល​សេវា​សុខភាព​ប្រកប​ដោយ​គុណភាព និង​ទាន់ពេល​ប៉ុណ្ណោះទេ ប៉ុន្តែ វា​នឹង​ធ្វើ​ឲ្យ​រដ្ឋ​អាច​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់ខ្លួន​លើ​វិស័យ​សុខាភិបាល ជាពិសេស នៅពេល​មាន​ការចូលរួម​កាន់តែច្រើន​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​សុខភាព។

ប៉ុន្តែ គឺ​ការតម្រូវ​ដោយ​ច្បាប់​នេះ​ហើយ ដែលកំពុង​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិកាំង​មួយ​ចំនួន​មិន​សប្បាយចិត្ត។ អ្នកទាំងនោះ គឺ​គ្រួសារ​មធ្យម និង​ក្រុម​​អ្នកនយោបាយ​មក​ពី​បក្ស​សាធារណរដ្ឋ។ អ្នកមាន​ជីវភាព​មធ្យម មើលឃើញ​ថា ចំណាយ​លើ​សុខភាព​ដែល​ពួកគេ​មិន​ដែល​បាន​ធ្វើ​កន្លងមកនោះ នឹង​ក្លាយ​ជា​បន្ទុក​ថ្មី​សម្រាប់​ពួកគេ។

មួយវិញទៀត ច្បាប់ធានារ៉ាប់រង​សុខភាព​ចែង​ផងដែរថា ក្រុមហ៊ុន​ដែល​មាន​បុគ្គលិក​បម្រើការ​ពេញម៉ោង ចាប់​ពី​៥០​នាក់​ឡើងទៅ ត្រូវ​ទិញ​សេវា​សុខភាព​ឲ្យគ្រប់​បុគ្គលិក​របស់ខ្លួន។ ក្រុមហ៊ុន​ដែល​ល្មើស​មិន​គោរពតាម នឹង​ត្រូវ​ទទួល​ការផាកពិន័យ។ តាម​ការបកស្រាយ​របស់​អ្នកនយោបាយ​មក​ពី​បក្ស​សាធារណរដ្ឋ បុគ្គលិក​មួយ​ចំនួន​ដែលមាន​ថៅកែ​ទិញ​​សេវា​សុខភាព​ឲ្យ​រួចហើយនោះ នឹង​ត្រូវ​ប្រឈម​បាត់បង់​ការធានា​រ៉ាប់រង​សុខភាព​នេះ​ទៅវិញ ដោយសារ​តែ​ពួកគេ​ត្រូវ​បាន​ថៅកែ​កាត់បន្ថយ​ម៉ោង​ធ្វើការ ឬ​ក៏​មិន​ត្រូវ​បាន​រើស​ចូល​ជា​បុគ្គលិក​ដោយសារ​តែ​ថៅកែ​ខ្លាច​បង់ថ្លៃ​ច្រើន​លើ​សេវា​ធានារ៉ាប់រង​សុខភាព​ឲ្យ​បុគ្គលិក។

តាមពិតទៅ ជំពូក​ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ដែល​ទិញ​ប័ណ្ណធានារ៉ាប់រង​ជម្ងឺ​ឲ្យ​បុគ្គលិក ត្រូវ​បាន​ពន្យារ​ទៅ​ឲ្យ​អនុវត្ត​នៅ​ឆ្នាំ ២០១៥ ដោយសារ​លោកអូបាម៉ា​​មើលឃើញ​ថា ក្រុមហ៊ុន​នៅ​អាមេរិក​នៅ​មិនទាន់​អាច​ទទួល អនុវត្ត​បាន។ ប៉ុន្តែ បក្ស​សាធារណរដ្ឋ ជាពិសេស​ក្រុម​មក​ពី​អភិរក្ស​និយម Tea Party បាន​ស្បថ​ហើយ​ថា នឹង​បន្ត​ប្រឆាំង​មិន​ឲ្យ​ច្បាប់​ទាំងមូល​អាច​ចេញ​បាន។ ក្រុមសាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ខ្លះ​បាន​បដិសេធ​ហើយ​ថា នឹង​មិន​ពង្រីក​ជំនួយ​Medicaid ទៅតាម​ការស្នើ​ក្នុង​ច្បាប់​នោះទេ។ Medicaid ដែល​ចេញ​មក​ពី​ថវិកា​របស់​រដ្ឋ​នីមួយៗ សំដៅ​ជួយ​ផ្នែក​សុខភាព​របស់​ប្រជាជន​ក្រីក្រ ដែល​ពួកគេ​មាន​ចំនួន​ប្រមាណ​៨​លាន​នាក់ នៅក្នុង​រដ្ឋ​ដែល​កាន់កាប់​ដោយ​ក្រុមសាធារណរដ្ឋ។

មួយវិញទៀត ដោយសារ​តែ​ច្បាប់​សុខភាពរបស់​លោកអូបាម៉ា ពួក​ក្រុមបក្ស​ប្រឆាំង ដែល​មាន​សំឡេង​ភាគច្រើន នៅ​រដ្ឋសភា ថែម​ទាំង​បាន​បដិសេធ​មិន​ធ្វើ​ច្បាប់​ផ្តល់​ថវិកា​ដល់​រដ្ឋាភិបាល។ ការខ្ទាស់ជើង​របស់​បក្ស​ប្រឆាំង​បាន​ធ្វើ​ឲ្យ​នយោបាយ​ថវិកា​របស់​រដ្ឋាភិបាល​ជាប់គាំង។ បុគ្គលិក​រដ្ឋ​ត្រូវ​ផ្អាកព្យួរ​ពី​ការងារ​ដោយ​គ្មាន​បាន​ទទួល​ប្រាក់ខែ។

តាម​ក្រុមប្រជាធិបតេយ្យ មើល​ពី​សំបកក្រៅ ក្រុមសាធារណរដ្ឋ​ហាក់​យកចិត្ត​ទុកដាក់​លើ​សេដ្ឋកិច្ច ប៉ុន្តែ តាមពិត គឺ​គេ​ចង់​វាយបំបាក់​នយោបាយ​របស់​លោកអូបាម៉ា​ឲ្យ​ចុះ​ទន់ខ្សោយ​ទៅវិញទេ។ មាន​ន័យថា បើ​គេ​អាច​ទាមទារ​ឲ្យ​លោកអូបាម៉ា​បោះបង់​ចោល ច្បាប់ធានារ៉ាប់រង​សុខភាព នោះ​ពួកគេ​នឹង​មាន​ជ័យជំនះ​ក្នុង​ការបំបាក់​មុខ​លោកអូបាម៉ា ដែល​មិន​អាច​ធានា​ធ្វើ​តាម​ការសន្យា​របស់លោក។ ប៉ុន្តែ ក្រុមសាធារណរដ្ឋ​ហាក់​កំពុង​ជាន់កែង​ខ្លួនឯង ព្រោះថា លោកអូបាម៉ាមិន​ត្រឹម​តែ​មិនព្រម​លះបង់​ចោល​ច្បាប់​សុខភាព​របស់​លោកទេ ប៉ុន្តែ ថែម​ទាំង​ទម្លាក់​កំហុស​ ទៅលើ​ក្រុមប្រឆាំង​ថា ជាអ្នក​ធ្វើ​ឲ្យ​ជាប់គាំង​ថវិកាលើកនេះ។ ប្រជាជន​អាមេរិក​ភាគច្រើន​ក៏​ចែករំលែក​គំនិត​ជាមួយ​លោក​ប្រធានាធិបតីដែរ។ ដូច្នេះ មើលទៅ ក្រុមប្រឆាំង​ដែល​ទទួល​អប្រជាប្រិយភាព អាច​នឹង​បាត់បង់​សំឡេង ​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា នៅ​ឆ្នាំក្រោយនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI