រដ្ឋាភិបាលអាមេរិកជួបវិបត្តិថវិកា ដោយសារអ្នកនយោបាយមួយក្តាប់តូច
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អាមេរិក មហាអំណាចពិភពលោកជួបវិបត្តិជាប់គាំងថវិកាពីរសប្តាហ៍មកហើយ។ ពីរសប្តាហ៍ ដែលមន្រ្តីរដ្ឋការរដ្ឋសហព័ន្ធត្រូវផ្អាកពីការងារដោយបង្ខំ និងគ្មានប្រាក់ខែ និងពីរសប្តាហ៍ មកហើយ ដែលលោកប្រធានាធិបតី និងអ្នកតំណាងរាស្រ្តមកពីបក្សប្រឆាំងនៅសភា នៅតែនិយាយមិនចុះសម្រុងគ្នាដើម្បីបញ្ជៀសវិបត្តិថវិកា។ ក្រុមបក្សសាធារណរដ្ឋនៅតែប្រឆាំង ដាក់ភ្លើងក្រហម មិនឲ្យរដ្ឋាភិបាលខ្ចីបំណុលបន្ថែម ដរាបណា រដ្ឋាភិបាលមិនព្រមបញ្ឈប់អនុវត្តច្បាប់ធានារ៉ាប់រងសុខភាព ឬហៅថា Obamacare។ ច្បាប់Obamacare ដែលក្រុមអភិរក្សនិយមខ្លាំងមួយក្តាប់តូច គឺក្រុមTea Party ប្តេជ្ញាគាស់រំលើងឲ្យបាន។ តើអ្វីជាបំណងពិតប្រាកដរបស់ក្រុមTea Party?
ក្រុមអភិរក្សនិយមជ្រុល ឬ ក្រុមTea Partyកំពុងចាក់ឫសកាន់តែជ្រៅនៅក្នុងគណបក្សសាធារណរដ្ឋ។ ក្រុមTea Party កំពុងឆ្លៀតប្រើច្បាប់ដំឡើងប្រាក់បំណុល ធ្វើជាចំណាប់ខ្មាំង ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាល។ ដូច្នេះ ក្រុមTea Party មិនមែនត្រឹមតែចង់ទាមទារឲ្យលោកអូបាម៉ាលះបង់ចោលច្បាប់Obamacare ប៉ុណ្ណោះទេ ប៉ុន្តែ ទិសដៅរបស់ក្រុមនេះ គឺធ្វើឲ្យរដ្ឋាភិបាលសហព័ន្ធចុះខ្សោយ និងដួលរលំតែម្តង។
បើមើលទៅលើឫសគល់ ប្រវត្តិដើម ក្រុមTea Partyកើតចេញមកពីគំនិតប្រមូលផ្តុំរបស់អភិរក្សនិយមជ្រុលមួយក្តាប់តូចរបស់បក្សសាធារណរដ្ឋ ដែលទិសដៅរបស់គេ គឺប្រឆាំងនឹងរដ្ឋសហព័ន្ធ និងប្រឆាំងមិនឲ្យរដ្ឋាភិបាលយកលុយបង់ពន្ធរបស់ពួកគេទៅចំណាយលើសេវាសង្គមសាធារណៈ ដូចជាObamacare ជាដើម។ ក្រុមTea Party បានចាត់ទុកការចំណាយច្រើនរបស់រដ្ឋាភិបាលថា ជាមេរោគដែលធ្វើឲ្យពួកគេបង់ពន្ធកាន់តែច្រើនទៅលើប្រាក់ចំណូល។
ក្រុមTea Partyលេចចេញជារូបរាងឡើង នៅឆ្នាំ ២០០៩ គឺបន្ទាប់ពីការចាញ់ឆ្នោតប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ។ ចលនានេះកាន់តែរឹងមាំ និងទទួលបានការគាំទ្រខ្លាំងពីមហាសេដ្ឋីអាមេរិកាំង និងក្រុមអភិរក្សជ្រុលនៅអាមេរិក។ គេដាក់ឈ្មោះចលនាប្រឆាំងនេះថា Tea Party ដោយគេចង់សំដៅទៅដល់ការរើបំរាស់របស់ប្រជាជនអាមេរិកាំងស្បែកស ដែលបានធ្វើបដិវត្តន៍ប្រឆាំងនឹងការដំឡើងពន្ធខ្លាំងលើស្លឹកតែ ឬ Tea កាលពីឆ្នាំ ១៧៧៣។
តាមការសិក្សាស្រាវជ្រាវរបស់នយោបាយវិទូTheda Skocpol និងVenessa Williamson អ្នកដែលចូលរួមក្នុងចលនាTea Party គឺជាប្រជាជនអាមេរិកាំងស្បែកស មានអាយុលើសពី៥០ឆ្នាំ និងមានទ្រព្យសម្បត្តិ កេរ្តិ៍អាករច្រើនជាងប្រជាជនអាមេរិកាំងទូទៅ។ ក្រុមអ្នកមានស្បែកសមានគំនិតថា ពួកគេកំពុងចាយប្រាក់របស់ពួកគេទៅលើយុវជនអាមេរិកាំង ក្រុមប្រជាជនចម្រុះពណ៌សំបុរ ដែលមិនស្ថិតនៅ ក្នុងក្រុមប្រភេទមនុស្សដូចពួកគេ។
ដោយសារតែមានការជួយគាំទ្រឧបត្ថម្ភថវិកាពីក្រុមមហាសេដ្ឋី ចលនាTea Partyបានបង្កើតអង្គការ សមាគមតូចៗបានជាង១ពាន់ នៅទូទាំងអាមេរិក។ ការទាមទាររបស់ពួកគេផ្តោតទៅលើបីចំណុច គឺ លុបបំបាត់ចោលច្បាប់សុខភាពរបស់លោកអូបាម៉ា ការកាត់បន្ថយឱនភាពថវិកា និងចំណាយសាធារណៈ។ ចំណុចទាមទារចុងក្រោយ គឺពួកគេចង់ឲ្យរដ្ឋាភិបាលកាត់បន្ថយអន្តរាគមន៍ នៅក្នុងនយោបាយអន្តរជាតិ។
នៅចន្លោះឆ្នាំ ២០០៩ និងឆ្នាំ ២០១១ ចលនា Tea Party បានទាក់ទាញមនុស្សកាន់តែច្រើន ជាពិសេសពីក្រុមប្រជាជនអាមេរិកាំងជីវភាពមធ្យម។ ដោយបានទទួលការគំាទ្រ ពួកអភិរក្សនិយមរបស់ក្រុមTea Partyបានឈ្នះឆ្នោត ដណ្តើមបានកៅអីជាង៥០ ក្នុងអំឡុងបោះឆ្នោតសភា ពាក់កណ្តាលអាណត្តិ នាឆ្នាំ ២០១០។ ក្រុមអភិរក្សនិយមរបស់Tea Partyកំពុងចាក់ឫសយ៉ាងជ្រៅ និងមានកាន់តែច្រើន នៅក្នុងគណបក្សសាធារណរដ្ឋ ដែលជាបក្សប្រឆាំង។ សមាជិកបក្សសាធារណរដ្ឋផ្សេងទៀត ដែលមិនសូវអភិរក្សខ្លាំង ត្រូវបានក្រុមTea Partyប្រើឥទ្ធិពល គាបសង្កត់ ដើម្បីឲ្យពួកគេបោះឆ្នោតប្រឆាំងមិនឲ្យចេញច្បាប់ថវិកាសម្រាប់រដ្ឋាភិបាល។ ក្នុងអតីតកាល ក្រុមបក្សសាធារណរដ្ឋមាននយោបាយមិនសូវរឹងតឹងខ្លាំង និងតែងតែអធ្យាស្រ័យ ធ្វើសម្បទាន ដើម្បីជៀសវាងកុំឲ្យរដ្ឋាភិបាលជួបវិបត្តិ។ ប៉ុន្តែ ពួកគេទាំងនេះ ពេលនេះ កំពុងត្រូវក្រុមអភិរក្សនិយមជ្រុលTea Partyដាក់សម្ពាធ គំរាមពីការបាត់បង់សំឡេងគំាទ្រ ពីម្ចាស់ឆ្នោត និងម្ចាស់ជំនួយ ប្រសិនបើពួកគេបោះឆ្នោតគាំទ្រច្បាប់សុខភាពរបស់លោកអូបាម៉ាលើកនេះ។
បក្សសាធារណរដ្ឋពេលនេះកំពុងធ្លាក់ក្នុងអន្ទាក់របស់ក្រុមមនុស្សមួយក្តាប់តូចដែលតាមពិត គ្មានឆន្ទៈធ្វើនយោបាយ។ ក្រុមនេះ មិនខ្វល់ពីនយោបាយ ឬផលប៉ះពាល់នៃសកម្មភាពរបស់គេទេ។ ក្រុមTea Partyមិនមែនទាមទារត្រឹមឲ្យគេលុបបំបាត់ចោលច្បាប់Obamacare ប៉ុន្តែ គេប៉ងទាមទារយកឈ្នះឲ្យខាងតែបាន គឺមិនឲ្យអាមេរិកដឹកនាំដោយមនុស្សស្បែកខ្មៅ ដូចជាលោកអូបាម៉ា ឬបើដឹកនាំគឺត្រូវជួបរាប់រយឧបសគ្គ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ