ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជាថ្មី​ម្តង​ទៀត អាមេរិក​រួច​ផុត​ពី​ក្ស័យធន ដោយ​ប្រផិត​ប្រផើយ

សំឡេង ០៧:៤៤
សភា​អាមេរិក​បោះឆ្នោត​ច្បាប់​ថវិកា​ដែល​ធ្វើ​ឲ្យ​អាមេរិក​ជៀសផុត​ពី​គ្រោះថ្នាក់​ក្ស័យធន នៅថ្ងៃ​ទី ១៧ តុលា ២០១៣
សភា​អាមេរិក​បោះឆ្នោត​ច្បាប់​ថវិកា​ដែល​ធ្វើ​ឲ្យ​អាមេរិក​ជៀសផុត​ពី​គ្រោះថ្នាក់​ក្ស័យធន នៅថ្ងៃ​ទី ១៧ តុលា ២០១៣ ©REUTERS/Joshua Roberts

អាមេរិក​ជៀសផុត​ពី​ក្ស័យធន បន្ទាប់ពី​សភា​ទាំងពីរ​ថ្នាក់​បាន​យល់ព្រមព្រៀងគ្នា យ៉ាង​ប្រផិតប្រផើយ បោះឆ្នោត ​លើ​ច្បាប់​ថវិកា។ នៅយប់ថ្ងៃ​ពុធ ទី ១៦ តុលា គឺ​នៅប៉ុន្មាន​ម៉ោង​មុន​ពេល​កំណត់​ដែល​អាមេរិក​ត្រូវ​ក្ស័យធន សមាជិក​ព្រឹទ្ធសភា​បាន​បោះឆ្នោត (៨១គាំទ្រ និង​១៨ប្រឆាំង) ឲ្យ​មាន​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ខ្ចីប្រាក់បំណុល​បន្ថែម។ នៅ​រដ្ឋសភា សមាជិក​បក្ស​សាធារណរដ្ឋ​មួយចំនួន​បាន​ចូលរួម ជាមួយ​បក្ស​ប្រជាធិបតេយ្យ ដើម្បី​​បោះឆ្នោត ដែល​អនុម័ត​រួចហើយ​ដោយ​ព្រឹទ្ធសភា (២៨៥គាំទ្រ និង​១៤៤​ប្រឆាំង)។ នៅព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​ថវិកា ដែល​នឹង​បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល​ខ្ចីប្រាក់បំណុល​បន្ថែមផង និង​ផ្គត់ផ្គង់​ថវិកា​ដល់​រដ្ឋសហព័ន្ធ​ដើម្បី​បើកទ្វារ​ស្ថាប័ន សាធារណៈ​ឡើង​វិញផង។

ផ្សាយពាណិជ្ជកម្ម

សម្រាប់​ពលរដ្ឋអាមេរិកាំង និង​ជាពិសេស​សម្រាប់​បុគ្គលិក​ដែល​រដ្ឋសហព័ន្ធ​បាន​ផ្អាកការងារ​អស់​ពីរសប្តាហ៍មកហើយ ដោយសារ​តែ​វិបត្តិជាប់គាំង​ថវិកា នះ​ជា​ដំណឹង​ល្អមួយ។ ចាប់តាំង​ពី​ព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ ពួកគេ​អាច​ត្រលប់​ចូល​ធ្វើការងារ​វិញ។ ហើយ​ច្បាប់​ថវិកា​ដែល​សភា​បោះឆ្នោត​កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ចែង​ពី​ការធានា​បើកសង​ប្រាក់ខែ ក្នុងពេល​ពួកគេ​ត្រូវ​បញ្ឈប់​ពីការងារ​ពីរសប្តាហ៍ កន្លងមក។

 
ដំណឹង​ល្អមួយទៀត សម្រាប់​សេដ្ឋកិច្ច​អាមេរិក គឺ​ច្បាប់​ថវិកា ដែក​សភាអាមេរិក​បោះឆ្នោត​យ៉ាង​ប្រថុចញ៉ុច កាលពីយប់​ថ្ងៃពុធ នឹង​ធ្វើ​ឲ្យអាមេរិក​ជៀសផុត​ពី​គ្រោះថា្នក់​ក្ស័យធន។ ក៏ប៉ុន្តែ គេ​ក៏​មិនត្រូវ​អរពេកដែរ ព្រោះថា ច្បាប់នេះគ្រាន់​តែ​បញ្ជៀស​អាមេរិក​ឲ្យ​រួចផុត​ពី​ការក្ស័យធន ជាបណ្តោះអាសន្ន ប៉ុន្តែ ​មិនរហូត​ទេ។ ច្បាប់​នេះ​បានសម្រេច​ផ្គត់ផ្គង់​ថវិកា​ដល់​សេវា​សាធារណៈ​របស់​រដ្ឋាភិបាល រហូត​ត្រឹម​ថ្ងៃ ទី១៥​ខែ​មករា ចំណែក​ក្នុង​រឿង​ប្រាក់បំណុល​វិញ ច្បាប់​បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល​អាច​ខ្ចីប្រាក់បំណុល​បន្ថែម រហូត​ត្រឹម​ថ្ងៃ​ទី ៧​កុម្ភៈ។

វិបត្តិ​ជាប់គាំង​ថវិកា និង​គ្រោះថ្នាក់​រដ្ឋអាមេរិក​ក្ស័យធន នឹង​អាច​កើតមាន​ជាថ្មី នៅ​ដើម​ឆ្នាំក្រោយ ប្រសិន​បើ​សភា​មក​ពី​គណបក្ស​ទាំងពីរ​មិន​យល់ស្របគ្នា បោះឆ្នោត​ទេ។ នៅពេលនេះ គេ​បាន​បោះឆ្នោត ដើម្បី​គ្រាន់តែ​អាច​ជៀសផុត​ពី​វិបត្តិ​ក្ស័យធន តែ​មួយគ្រា និង​ដើម្បីលើកទឹកចិត្ត​ប្រជាជន​អាមេរិកាំង​ឲ្យ​ចូលរួម​សប្បាយ នៅក្នុងពេល​បុណ្យ​ដាច់ឆ្នាំ​តែប៉ុណ្ណោះ។ ម្យ៉ាងទៀត ការចំណាយ​របស់​មេផ្ទះ ក្នុងពេល​បុណ្យទាន សំខាន់ណាស់​សម្រាប់​កំណើន​សេដ្ឋកិច្ច​អាមេរិក។

មន្រ្តី​បុគ្គលិក​របស់​រដ្ឋ​សហព័ន្ធ​តវ៉ា​នៅ​មុខ​កាពីតូល បន្ទាប់ពី​ពួកគេ​ត្រូវ​បញ្ឈប់​ពីការងារ​ដោយសារ​រដ្ឋ​ជួប​វិបត្តិថវិកា
មន្រ្តី​បុគ្គលិក​របស់​រដ្ឋ​សហព័ន្ធ​តវ៉ា​នៅ​មុខ​កាពីតូល បន្ទាប់ពី​ពួកគេ​ត្រូវ​បញ្ឈប់​ពីការងារ​ដោយសារ​រដ្ឋ​ជួប​វិបត្តិថវិកា REUTERS/Jonathan Ernst

អាមេរិក​បាន​រួចផុត​ពី​វិបត្តិក្ស័យធន ប៉ុន្តែ អាមេរិក​បាន​ខូចកេរ្តិ៍ឈ្មោះ
វិបត្តិ​ថវិកា លើ​លោក និង​ល្បែងរបស់​អ្នកនយោបាយ​ដែល​យក​សេដ្ឋកិច្ច​អាមេរិក​ធ្វើ​ជា​ចំណាប់ខ្មាំង បាន​ធ្វើ​ឲ្យ​គេ​ចោទ​សួរ​ទៅលើ​សមត្ថភាព​ដឹកនាំ​របស់​អាមេរិក ដែល​ជាមហាអំណាច​សេដ្ឋកិច្ច​ទីមួយ​លើ​លោក។ ​អ្នកសេដ្ឋកិច្ច​មួយចំនួន​ចោទសួរ​រួចទៅហើយ​ថា តើ​គេ​អាច​ជឿជាក់​បាន​ប៉ុណ្ណា​លើ​សេដ្ឋកិច្ច​របស់អាមេរិក។

នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​អាមេរិកខូច​កេរ្តិ៍ឈ្មោះ ដោយសារ​តែ​អ្នកនយោបាយ​អាមេរិក​ចូលចិត្ត​យក​វិបត្តិ​ថវិកា​មកលេង ​ធ្វើ​ជា​ចំណាប់ខ្មាំង ដើម្បី​ចរចា តថ្លៃ​គ្នា សម្រាប់​ប្រយោជន៍​នយោបាយ​របស់​បក្ស។ កាលពី​ឆ្នាំ២០១១ ក្រុមសាធារណរដ្ឋ​នៅ​រដ្ឋសភា​បាន​អូសត្រាំត្រែង​វិបត្តិ​ប្រាក់បំណុល រហូតនៅ​តែ​ប៉ុន្មាន​ម៉ោង​មុន ពេល ដែល​អាមេរិក​ត្រូវ​ជួប​គ្រោះថ្នាក់​ក្ស័យធន ទើបពួកអ្នកធ្វើ​ច្បាប់ បក្ស​សាធារណរដ្ឋ ​យល់ព្រម​បោះឆ្នោត​ច្បាប់ ឲ្យ​រដ្ឋាភិបាល​ខ្ចីប្រាក់បំណុល​បន្ថែម។ បើសិន​រដ្ឋាភិបាល​មិនអាច​ខ្ចីប្រាក់បំណុល​បន្ថែម នោះ​អាមេរិក នឹង​ក្ស័យធន​គ្មាន​លុយសងគេ និង​គ្មានលុយ​សម្រាប់ចំណាយ​សាធារណៈ ដើម្បី​ជំរុញ​សេដ្ឋកិច្ច។ អាមេរិកដួល នោះ​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​ដែល​ពឹងអាស្រ័យ​លើ​លុយដុល្លារ ក៏​នឹង​ដួលដែឬ។

ដូច្នេះ នៅ​ឆ្នាំនោះ វិបត្តិ​ប្រាក់បំណុល​ បាន​ធ្វើ​ឲ្យ​អាមេរិក​ខាតបង់​មិនតិច​ទេ។ ប្រជាជន​បាន​បាក់ទឹកចិត្ត ខ្លាច​សេដ្ឋកិច្ច​មិនសូវស្រួល និង​មិន​ឲ្យ​ហ៊ាន​ចំណាយ ដែល​តាមពិត​ជា​ប្រភពនៃ​កំណើន​សេដ្ឋកិច្ច។ លើសពីនោះ វិបត្តិ​លើកនោះ​បាន​ធ្វើ​ឲ្យ​អត្រាការប្រាក់​បំណុល​របស់​អាមេរិក​បាន​កើន​ឡើង​ដែរ។ ជាធម្មតា ម្ចាស់បំណុល តែងតែ​ដំឡើង​ការប្រាក់​ហើយ បើសិន​ជាគេ​ឃើញ កូនបំណុល​មាន​ស្ថានភាព​សេដ្ឋកិច្ច​ផុយស្រួយ និង​មិនសូវ​ធានា។

សម្រាប់​វិបត្តិលើកនេះ គេ​បាន​ប៉ាន់ស្មាន​ឃើញថា ទំហំខូចខាត​នឹង​អាច​ធ្ងន់ធ្ងរ​ជាងមុន។ ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ Standard and Poors ​បាន​បង្ហាញថា វិបត្តិជាប់គាំង​ថវិកា​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​ខាតបង់​ទឹកប្រាក់​ប្រមាណ ២៤​ពាន់​លាន​ដុល្លារ។ កំណើន​សេដ្ឋកិច្ច​របស់​អាមេរិក​ដែល​ត្រូវ​រំពឹងថា នឹងមាន​ប្រមាណ​៣ភាគរយ ក៏​នឹង​ត្រូវ​ធ្លាក់ចុះ០,៦ភាគរយ ដែរ នៅក្នុង​ត្រីមាស​ទីបួន ឆ្នាំនេះ។

សមាជិក​ព្រឹទ្ធសភា​មក​ពី​ក្រុម​Tea Party របស់​បក្ស​សាធារណរដ្ឋ លោក​Ted Cruz ដែល​ជាសរសរ​ប្រឆាំង​ច្បាប់​សុខភាព​របស់​លោក​អូបាម៉ា
សមាជិក​ព្រឹទ្ធសភា​មក​ពី​ក្រុម​Tea Party របស់​បក្ស​សាធារណរដ្ឋ លោក​Ted Cruz ដែល​ជាសរសរ​ប្រឆាំង​ច្បាប់​សុខភាព​របស់​លោក​អូបាម៉ា REUTERS/Jason Reed

ក្រុមសាធារណរដ្ឋ​ចាញ់​យ៉ាងអាម៉ាស់មុខ

ក្រុម​សាធារណរដ្ឋ ជា​ប្រភព​ដែល​នាំឲ្យ​មាន​វិបត្តិ​ជាប់គាំង​ថវិកា​ផង និង​វិបត្តិ​ប្រាក់បំណុលផង។ ក្រុម​សាធារណរដ្ឋ ដែល​មាន​និន្នាការ​អភិរក្ស​ជ្រុលនិយម ឬ​ក្រុម​Tea Party នៅ​រដ្ឋសភា បាន​តស៊ូ ក្រាញននៀល ប្រឆាំង​ឲ្យ​ខាងតែបាន​រាល់​នយោបាយ​របស់​រដ្ឋាភិបាល​ ជាពិសេស​ច្បាប់សុខភាព​របស់​លោកអូបាម៉ា។

ប៉ុន្តែ នៅទីបំផុត ក្រុមនេះ បាន​យល់ព្រម ចុះចាញ់ ដោយ​ធ្វើ​សម្បទាន បោះឆ្នោត​ច្បាប់​ដែល​ព្រឹទ្ធសភា​បាន​ចងក្រង កាលពី​យប់​ថ្ងៃ​ពុធ។ សម្រាប់​រដ្ឋាភិបាល គ្មានអ្នកចាញ់ និង​អ្នកឈ្នះ​ទេ។ ប៉ុន្តែ អ្នកនយោបាយ​ជាទូទៅ​បាន​វាយតម្លៃថា គឺ ក្រុមសាធារណរដ្ឋ​ដែល​ចាញ់ អាម៉ាស់មុខ យ៉ាងច្បាស់​ក្រឡែត លើកនេះ។ ក្រុមនេះ ដែល​ខ្ទាស់ជើង ​ជាងពីរ​សប្តាហ៍​មកហើយ មិន​ឲ្យ​ចេញច្បាប់​ថវិកា​សម្រាប់រដ្ឋាភិបាល មិន​បាន​ទទួល​សម្បទាន​អ្វី​ពីលោក​អូបាម៉ា ក្នុង​រឿង​ច្បាប់​សុខភាព។ លោកអូបាម៉ា​នៅ​តែ​អនុវត្ត​ច្បាប់​សុខភាព​របស់លោក ចំណែក​ក្រុមសាធារណរដ្ឋ​ត្រូវ​បង្ខំចិត្ត​បោះឆ្នោត កាលពីយប់មិញ ដើម្បី​អាច​ឲ្យ​អាមេរិក​ជៀសផុត​ពី​វិបត្តិក្ស័យធន។ សម្រាប់ក្រុមប្រឆាំង ពួកគេ​មិន​ចាញ់​ទាំងស្រុងទេ។ ទីមួយ គេបាន​ទាមទារ​បានសម្រេច​ ឲ្យ​រដ្ឋាភិបាល​កាត់បន្ថយ​ការខ្ចីប្រាក់​ឥណទាន។ ទីពីរទៀត ច្បាប់​នេះ​នឹងសុពលភាព​ក្នុង​រយៈពេល​ខ្លីតែប៉ុណ្ណោះ។ ពួក​គេប្តេជ្ញា​ហើយថា នឹង​ប្រឆាំង​ជាថ្មី នៅ ដើម​ឆ្នាំក្រោយ នៅពេល​ដែល​សភា​ចាប់ផ្តើម​និយាយ​ពី​ច្បាប់ថវិកា ពោលគឺ​ធ្វើយ៉ាងម៉េច​ឲ្យ​រដ្ឋាភិបាល​លះបង់​ចោល​ច្បាប់​សុខភាព ដែល​ពួកគេ​ចោទថា ជាប្រភព​ចំណាយ​ច្រើន​របស់​រដ្ឋ។

នៅមុន​ពេល​រដ្ឋសភា​បោះឆ្នោត កាលពី​យប់ថ្ងៃពុធ លោកអូបាម៉ា​បាន​អំពាវនាវ​ដល់​ក្រុមសាធារណរដ្ឋ​ឲ្យឈប់លេងល្បែង​ថវិកា និង​ត្រូវ​ធ្វើការ​ដើម្បី​ឲ្យ​ប្រជាជន​អាមេរិកាំង​មាន​ជំនឿ​ទុកចិត្ត​ឡើងវិញ។ ច្បាប់​ថវិកា ដែល​សភា​បោះឆ្នោត​កាលពី​យប់មិញ បាន​ចែង​ផងដែរ​ពីការបង្កើត​គណៈកម្មការ​រួម ដើម្បី​ពិភាក្សា​លើ​ច្បាប់​ប្រាក់បំណុល​សម្រាប់​រយៈពេល​វែង។

បើទោះបី​ជា​ច្បាប់​មាន​ប្រសិទ្ធិភាព តែ ក្នុង​មួយ​រយៈពេល​ខ្លីមួយ តែលោកអូបាម៉ា និង​បក្ស​ប្រជាធិបតេយ្យ​របស់លោក​បាន​ឡើង​កូដខ្លាំង។ ចំណែក​ប្រជាប្រិយភាព​របស់​បក្ស​សាធារណដ្ឋ​វិញ បាន​ធ្លាក់​ចុះ​យ៉ាងខ្លាំង​មិនធ្លាប់​មាន​ពីមុនមក។ តាមការស្ទង់មតិ ប្រជាប្រិយភាព​របស់​បក្ស​ប្រឆាំង​បាន​ធ្លាក់​ចុះ មកនៅ​ត្រឹម ២៤​ភាគរយ។ ប្រជាជន​អាមេរិកាំង​កាន់តែច្រើន បាន​បន្ទោស ទម្លាក់កំហុស​លើ​បក្ស​សាធារណរដ្ឋ​ថា ជាអ្នកទទួលខុសត្រូវ​ទៅលើ​វិបត្តិថវិកា ដែល​វិះ​តែ​ធ្វើ​ឲ្យ​អាមេរិកក្ស័យធន។

ក្នុង​ផ្នែកនយោបាយ វិបត្តិ​ប្រាក់បំណុល​លើកនេះ មិនត្រឹម​តែ​ធ្វើ​ឲ្យ​ចោទ​សួរឡើងវិញ ពី​លទ្ធិប្រជាធិបតេយ្យ​របស់​អាមេរិក តែប៉ុណ្ណោះទេ ប៉ុន្តែ គេ​កំពុង​ចាប់សង្ស័យផងដែរ​ទៅលើ​ជោគវាសនា​អនាគត​របស់​គណបក្ស​ដ៏មាន​វ័យចំណាស់ គឺ​បក្ស​សាធារណរដ្ឋ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI