វ៉េណេស៊ុយអេឡា-ប៉ាណាម៉ា

វ៉េណាស៊ុយអេឡា​ប្រកាស​ផ្តាច់​ទំនាក់​ទំនង​ការទូត និង​សេដ្ឋកិច្ច​ជាមួយ​ប៉ាណាម៉ា

ប្រធានាធិបតី​វ៉េណេស៊ុយអេឡា នៅថ្ងៃ​បុណ្យ​ខួប​មួយឆ្នាំ​នៃ​មរណភាព​របស់​អតីតប្រធានាធិបតី​អ៊ុយហ្គោ ស្សាវែស្ហ ថ្ងៃ​ទី ៥​មីនា ២០១៤
ប្រធានាធិបតី​វ៉េណេស៊ុយអេឡា នៅថ្ងៃ​បុណ្យ​ខួប​មួយឆ្នាំ​នៃ​មរណភាព​របស់​អតីតប្រធានាធិបតី​អ៊ុយហ្គោ ស្សាវែស្ហ ថ្ងៃ​ទី ៥​មីនា ២០១៤ ©REUTERS/Jorge Silva

ប្រធានាធិបតី​វ៉េណាស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ​បាន​ទាមទារ កាលពីថ្ងៃ​ម្សិលមិញ សុំ​ឲ្យ​មេ​ដឹកនាំ​បណ្តា​ប្រទេស​នៅ​អាមេរិកឡាទីន​ជួបប្រជុំ​គ្នា ដើម្បី​និយាយ​ពី​វិបត្តិ​សង្គម​ដែល​កំពុង​រីក​រាលដាល នៅក្នុង​ប្រទេស​របស់​លោក។ កាល​ពី​​ថ្ងៃ​ពុធ លោក​ប្រធានាធិបតី​ វ៉េណាស៊ុយអេឡា​ទើប​តែ​បាន​ប្រកាស​ផ្តាច់​ចំណង​ការទូត ជាមួយ​​ប៉ាណាម៉ា ដែល​បាន​ឲ្យ​ស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​នៃ​បណ្តា​ប្រទេស​អាមេរិក ដែល​ក្នុង​នោះ មាន​សហរដ្ឋអាមេរិក​ចូល​រួម​ដែរ ដើម្បី និយាយ​ពី​វិបត្តិ​នៅ​ វ៉េណាស៊ុយអេឡា។

ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​ពុធ ប្រធានាធិបតី​ វ៉េណាស៊ុយអេឡា បាន​ប្រកាស​បណ្តេញ ឯកអគ្គរដ្ឋទូត និង​មន្ត្រីទូត​របស់​ប្រទេស​ប៉ាណាម៉ា ឲ្យ​ចាកចេញ​ពី​ទីក្រុង​ការ៉ាកាស ក្នុង​រយៈពេល​៤៨​ម៉ោង។ លោក​ប្រធានាធិបតី​ម៉ាឌូរ៉ូ​ខឹង​ឆួល ក្តៅក្រហាយ​នឹង​ប៉ាណាម៉ា ដែល​ហ៊ាន​ស្នើ​សុំ​ឲ្យ​អង្គការ​នៃ​រដ្ឋ​អាមេរិក ដែល​ក្នុង​នោះ មាន​សហរដ្ឋអាមេរិក ដែល​ជា​សត្រូវ​របស់​ខ្លួន ដែរនោះ ឲ្យ​ចូល​ប្រជុំ​គ្នា ដើម្បី​ដោះស្រាយ​ពី​វិបត្តិ​វ៉េណាស៊ុយអេឡា។

 
ការប្រកាស​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ប៉ាណាម៉ា ត្រូវ​បាន​លោក​ប្រធានាធិបតី​ វ៉េណាស៊ុយអេឡា​ធ្វើឡើង នៅក្នុង​ឱកាស​ពិធី​បុណ្យ​ខួប​មួយ​ឆ្នាំ​នៃ​មរណភាព​របស់​អតីត​ប្រធានាធិបតី លោក​អ៊ុយហ្គោ ស្សាវែស្ហ។ ការផ្តាច់​ទំនាក់ទំនង​ការទូត ភ្លាមៗ ជាមួយ​ប្រទេស​ជិតខាង យ៉ាងដូច្នេះ​របស់​លោក​ម៉ាឌូរ៉ូ​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​គ្រប់គ្នា។ ប៉ុន្តែ តាមកាសែត​ក្នុងស្រុក ការសម្រេច​ចិត្ត​របស់​ប្រមុខដឹកនាំ​ វ៉េណាស៊ុយអេឡា​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​ណាស់ណាទេ។ តាមកាសែត El Universal មេដឹកនាំ​ វ៉េណាស៊ុយអេឡា​តែងតែ​ឆ្លៀត​ឱកាស​បង្កើត​បញ្ហា​ជាមួយ​ប្រទេស​ខាងក្រៅ ដើម្បី​ប្តូរ​ចំណាប់​អារម្មណ៍​ប្រជាជន​ក្នុងស្រុក ដែល​ពេលនេះ​កំពុង​ផ្តោត​លើ​វិបត្តិ​សេដ្ឋកិច្ច នយោបាយ និង​សង្គម។ តាំងពី​ជាងមួយ​ខែ​មកហើយ វ៉េណាស៊ុយអេឡា​ជួប​ចលនា​បាតុកម្ម ដែល​មិន​ចេះ​ថមថយ​កម្លាំង ដែល​ក្នុងនោះ បាតុករ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ពី​អសមត្ថភាព​ផ្នែក​សេដ្ឋកិច្ច និង​ការធានា​សន្តិសុខ​សង្គម។

លោកប្រធានាធិបតី​ម៉ាឌូរ៉ូ​មិនត្រឹម​តែ​ផ្តាច់​ចំណង​ការទូត និង​នយោបាយ​ជាមួយ​ប៉ាណាម៉ាទេ។ ទីក្រុង​ការ៉ាកាស​ផ្តាច់​ផងដែរ​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​អាមេរិក​កណ្តាលមួយនេះ។ តាមកាសែត​Ultimas Noticias វ៉េណាស៊ុយអេឡា​នាំចូល​ទំនិញ​ដែលមាន​តម្លៃ​ជាង មួយ​ពាន់​លាន​ដុល្លារ​ពី​ប្រទេស​ប៉ាណាម៉ា។ ក្រុមពាណិជ្ជករ​ វ៉េណាស៊ុយអេឡា ដែល​បោះទុន​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​រួមគ្នា កំពុង​ជំពាក់​លុយ​ប្រមាណ ២​ពាន់​លាន​ដុល្លារ​ដល់​ដៃគូវិនិយោគ​​ប៉ាណាម៉ា។ ដូច្នេះ ការប្រកាស​ផ្តាច់ចំណង​ការទូត​របស់​ វ៉េណាស៊ុយអេឡា​ជាមួយ​ប៉ាណាម៉ា នឹង​ធ្វើ​ឲ្យ​ប៉ាណាម៉ា​ជា​ភាគី​ខាតបង់។ យោងតាម​អនុ​រដ្ឋមន្រ្តី​ការបរទេស ប៉ាណាម៉ា ប៉ាណាម៉ា​នៅតែ​បន្ត​រក្សា​ទំនាក់ទំនង​ជាមួយ​ វ៉េណាស៊ុយអេឡា​បើទោះបី​ជា​ វ៉េណាស៊ុយអេឡា​បណ្តេញ​មន្រ្តីទូត​ប៉ាណាម៉ា​ចេញពី​ប្រទេស​ក៏ដោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI