ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រុមហ៊ុន​ Apple​ ទទួល​បាន​ប្រាក់​ចំណេញ​លើសលុប

សំឡេង ០៣:៤៦
logo របស់​ក្រុមហ៊ុន​ Apple នៅ San Francisco រដ្ឋ California
logo របស់​ក្រុមហ៊ុន​ Apple នៅ San Francisco រដ្ឋ California REUTERS/Robert Galbraith/Files

កាលពី​សប្តាហ៍​មុន​ ក្រុម​ហ៊ុន​ Apple បាន​ចេញ​របាយការណ៍​ប្រចាំ​ត្រី​មាស​ទី​ ៤ឆ្នាំ​២០១៤។គ្រាន់​តែ​រយៈ​ពេល​បី​ខែប៉ុណ្ណោះ​ ពោល​គឺខែ​តុលា វិចិ្ឆកា និង​ធ្នូ​ ក្រុមហ៊ុន Apple រក​បាន​ប្រាក់​ចំណេញ​ចំនួន ១៨ ពាន់​លាន​ដុល្លារ។ ការ​រក​ប្រាក់​បាន​ច្រើន​សន្ធឹក​សន្ធាប់​បែប​នេះ​ដោយសារ​តែ​អតិថិជន​បាន​ទិញ​ផលិតផល​របស់​ក្រុមហ៊ុន​នេះធ្វើ​ជា​កាដូ​ក្នុង​រដូវ​បុណ្យ​ចុង​ឆ្នាំ​។ របាយការណ៍​​របស់ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ជាន់​ខ្ពស់​អាមេរិក​មួយ​នេះ​ក៏​បាន​បង្ហាញ​អោយ​ដឹង​ផង​ដែរ​ថា​ ទូរស័ព្ទ​ iPhone ចំនួន​ ៧៤,៥ លាន​គ្រឿង​ត្រូវ​បាន​លក់​ដាច់ សំរាប់​រយៈ​ពេល​បី​ខែ​ចុង​ក្រោយ​នៃឆ្នាំ​២០១៤​។ 

ផ្សាយពាណិជ្ជកម្ម

 

ម៉ូដែលទូរស័ព្ទ​ថ្មីធ្វើ​អោយប្រាក់​ចំណេញកើន

លើស​ពី​អ្វី​ដែល​បាន​រំពឹង​ទុក​ ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ Apple សំរាប់​រយៈ​ពេល​បី​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១៤​គឺ​ បាន​កើន​ដល់​ ៣៩,៩%​ ខ្ពស់​ជាង​តួលេខ​ដែល​ក្រុមហ៊ុន​នេះ​បាន​ព្យាករ​កាលពី​ខែ​តុលា​ឆ្នាំ​មុន​ថា​ បាន​ត្រឹម​តែ​ចន្លោះ​ពី​ ៣៧,៥ ទៅ ៣៨,៥%។ កត្តា​ជោគជ័យ​នាំ​អោយ​ក្រុមហ៊ុន​អាមេរិក​សញ្ញា​ផ្លែប៉ោម​រក​បាន​ប្រាក់​ចំណេញ​កប់​ក្តោង​គឺ​ ដោយសារតែ​ទូរស័ព្ទ​ iPhone 6 និង 6 Plus។ តាម​ពិត​ ផលិត​ផល​ថ្មី​ទាំង​ពីរ​នេះ​មាន​តំលៃ​​ថ្លៃ បើយើង​ប្រៀបធៀប​ជាមួយ​នឹង​ទូរស័ព្ទ​ ​ iPhone ម៉ូដែល​ចាស់ ​ ប៉ុន្តែ​ វា​អាច​រក​ប្រាក់​ចំណូល​អោយ​ក្រុមហ៊ុន​បាន​ច្រើន​ជាង​គេបង្អស់​ ។ សព្វថ្ងៃ​នេះ​ ទូរស័ព្ទ​ iPhone​ ជំនាន់​ថ្មី​លក់​ក្នុង​តំលៃ​ ៦៨៧ ដុល្លារក្នុង​មួយ​គ្រឿង​ ពោល​គឺ​​៥០ ដុល្លារ​ថ្លៃ​ជាង​ទូរស័ព្ទ​ជំនាន់​មុន។

កត្តា​ជោគ​ជ័យ​មួយ​ទៀត​នោះ​គឺ​ ប្រជាប្រិយ​ភាព​ទូរស័ព្ទ​ iPhone នៅ​ប្រទេស​ចិន។​ ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ Apple នៅ​ប្រទេស​ចិន​បាន​កើន​ឡើង​ដល់​ ៧០%។ ការិយាល័យ​ផែ្នក​ស្រាវជ្រាវ​ Canalys បាន​អោយ​ដឹង​ថា​ ក្រុម​ហ៊ុន​ Apple ជា​ក្រុម​ហ៊ុន​ដឹក​មុខ​ធំ​ជាង​គេ​បង្អស់​នៅ​ប្រទេស​ចិន​ផែ្នក​ទូរស័ព្ទ​ដៃ។​ ទន្ទឹម​គ្នា​នោះ​ដែរ ការ​លក់​ក៏​​មាន​សន្ទុះ​កើន​ឡើង​នៅ​តំបន់​ទ្វីប​អាមេរិក (+២៣%) និង​នៅ​អ៊ឺរ៉ុប (+២០%) បើទោះ​បី​ជា​បរិបទ​សេដ្ឋកិច្ច​នៅ​អ៊ឺរ៉ុប​មិន​សូវ​អំណោយ​ផលយ៉ាង​ណា​ក៏​ដោយ។

ស្រប​ពេល​គ្នា​នេះ​ ក្រុម​ហ៊ុន​ Apple ក៏​បាន​ជួប​បញ្ហា​ខ្លះៗ ជា​ពិសេស​ការ​ធ្លាក់​ចុះ​តំលៃ​របស់​រូបិយ​ប័ណ្ណ​យ័ន​ចិន និង​រូប្ល​រុស្សី។​ លោក​ Luca Maestri នាយក​ផែ្នក​ហិរញ្ញ​វត្ថុ​របស់​ក្រុមហ៊ុន​បាន​បង្ហើប​អោយ​ដឹង​ថា​ ប្រសិន​បើ​អត្រា​ប្តូរ​ប្រាក់​របស់​រូបិយ​ប័ណ្ណ​ចិន និង​រុស្សី​មាន​សភាព​ស្ថិត​ស្ថេរ​ល្អ​ ក្រុម​ហ៊ុន​ ​ Apple ប្រាកដ​ជា​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ជាង​នេះ​ទៅ​ទៀត។ បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​រូប​នេះ​ ស្ថាន​ភាព​ឆ្នាំ​២០១៥ អាច​ជួប​ការ​លំបាក​ខ្លាំង ដោយ​សារ​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​ស្ថិត​ក្នុង​ភាព​ស្រពិច​ស្រពិល។

ប៉ុន្តែ Ipad ធ្លាក់​ប្រជាប្រិយភាព
បើ​យើង​ក្រឡេក​មក​មើល​ផលិត Ipad វិញ អស់​រយៈ​ពេល​មួយ​ឆ្នាំ​ហើយ​ ទោះ​បី​ជា​ក្រុមហ៊ុន​ Apple ព្យាយាម​បញ្ចេញ​ម៉ូដែល​ថ្មី​ក៏​ដោយ ក៏​ការលក់​ Ipad បាន​ដាំ​ក្បាល​ធ្លាក់​ចុះ​យ៉ាង​គំហុក។ ​ជាសរុប ក្រុមហ៊ុន​ Apple បាន​លក់​ ​Ipad តែ​ចំនួន​ ២១,៤ លាន​គ្រឿង​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​មុន ដែល​តួលេខ​នេះ​បានធ្លាក់​ចុះ​ចំនួន​ ១៨%​។

មូលហេតុ​នៃ​ការ​ធ្លាក់​ប្រជាប្រិយភាព​នេះ​ដោយសារ​​តែ​ ទំហំ​អេក្រង់​របស់​ទូរស័ព្ទ​ដៃ​កាន់​តែ​ធំ​ឡើង​ងាយស្រួល​អោយ​អ្នក​ប្រើប្រាស់​អាច​អាន​ មើល​ ឬ​ស្តាប់​ព័ត៌មាន​បាន​ស្រួល។​ ហេតុ​ដូច​នេះ​​ហើយបាន​ជា​បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន Apple កំពុង​ផ្តោត​លើ​ការ​អភិវឌ្ឍន៍​ខ្លឹម​សារ​ខាង​ក្នុង​របស់​ Ipad វិញ​ ជាជាង​លើ​ទំរង់​លក្ខណៈ​ខាង​ក្រៅ។​ ដោយ​យល់​ឃើញ​ពី​ចំនុច​នេះ​ហើយបាន​ជា​ក្រុមហ៊ុន​ Apple កំពុង​ចាប់​ដៃ​គូ​គ្នា​ជាមួយ​ ក្រុមហ៊ុន IBM ដើម្បី​បង្កើត​កម្មវិធី​ថ្មីៗ​ផេ្សង​ទៀត​លើ​ Ipad។

ការ​ស្រាវជ្រាវ និង​ការ​បង្កើត​ថ្មី

ក្រៅ​ពី​តុល្យការ​លើ​ការ​លក់​ iPhone ​និង ​iPad ​ក្រុមហ៊ុននេះ​ក៏​បាន​បង្ហាញ​លទ្ធផល​នៃ​ការ​លក់​កុំព្យូទ័រ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​មុន​ផង​ដែរ។​ ស្ថិត​ក្នុង​បរិបទ​ដែលទីផ្សារ​លក់​កំព្យូទ័រ​ជាទូទៅ​កំពុង​ធ្លាក់​ចុះ​ ផ្ទុយ​ទៅ​វិញ​ ក្រុមហ៊ុន​ Apple អាច​ជំនះ​ភាព​លំបាក​នេះ​ ដោយ​បាន​បំបែក​ឯក​ត្តកម្ម​លក់​កុំព្យូទ័រ​ iMac បាន​ចំនួន ៥,៥ លាន​គ្រឿង​។ ដើម្បី​បន្តការ​លក់​របស់​ខ្លួន​អោយ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត ក្រុមហ៊ុន Apple កំពុង​បន្ត​យុទ្ធសាស្រ្ត​របស់​ខ្លួន​គឺ ការ​បង្កើត​ថ្មី។​ កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ លោក Tim Cook ប្រធាន​នាយក​ប្រតិបត្តិ​បាន​ប្រកាស​ជា​ផ្លូវការ​ថា នាខែ​មេសា​ខាងមុខ​នេះ​ ក្រុមហ៊ុន Apple នឹង​ចេញ​លក់​នាឡិកា iWatch ដែល​ជា​ប្រភេទ​នាឡិកា​ឆ្លាត​វៃ​​អាច​ភ្ជាប់​ជាមួយ​អ៊ិនធ័រណេត​។ ក្រៅ​ពីនោះ​ ក្រុមហ៊ុន​ក៏​បាន​ពន្យល់​លំអិត​ខ្លះៗ​ផង​ដែរ​អំពី​ការ​អភិវឌ្ឈន៍​ប្រព័ន្ធ​ទូរទាត់​ប្រាក់​ Apple Pay។

​បច្ចុប្បន្ន ​បច្ចេក​វិទ្យា​បង់​ប្រាក់​នេះ​កំពុងត្រូវ​បាន​ប្រើប្រាស់​នៅ​តាម​ហាង​ទំនិញ​ចំនួន ២ សែន​កន្លែង​។ ចំណែក ធនាគារ និង​ក្រុមហ៊ុន​ឥណទាន​ចំនួន​ ៧៥០ កន្លែង​ផ្សេង​ទៀត​ទើប​បាន​ចុះ​កិច្ច​ព្រមព្រៀង​ប្រើប្រាស់​បច្ចេក​វិទ្យា​ថ្មី​នេះ​ផង​ដែរ។ គេ​រំពឹង​ទុក​ថា​ ការ​ស្រាវជ្រាវ​ផែ្នក​បច្ចេក​វិទ្យា​ និង​ការ​ច្នៃ​ប្រឌិត​បង្កើត​ថ្មី​នឹង​អាច​ធ្វើ​ក្រុមហ៊ុន​ Apple ​រក​ប្រាក់​ចំណូល​កាន់​តែ​ច្រើន​ថែម​ទៀត។ ​គិត​មក​ដល់​ពេល​នេះ​ ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​​ Apple ​មាន​ទឹកប្រាក់​សរុប​ចំនួន ១៧៨ ពាន់​លាន​ដុល្លារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI