ហ្សកដានី-ស៊ីរី-ស.រ.អា.

អង្គការ​រដ្ឋ​អ៊ីស្លាម​ថា​​ចំណាប់​ខ្មាំង​​អាមេរិកស្លាប់ តែ​វ៉ាស៊ីនតោន​នៅ​សង្ស័យ

នាង Kayla Mueller ជនជាតិ​អាមេរិក ជាប់​ជា​ចំណាប់​ខ្មាំង​អង្គការ​រដ្ឋ​អ៊ីស្លាម​តាំង​ពី​ខែ​សីហា ២០១៣
នាង Kayla Mueller ជនជាតិ​អាមេរិក ជាប់​ជា​ចំណាប់​ខ្មាំង​អង្គការ​រដ្ឋ​អ៊ីស្លាម​តាំង​ពី​ខែ​សីហា ២០១៣ Reuters

អង្គការ​រដ្ឋ​អ៊ីស្លាមជីហាត បាន​ប្រកាស​បញ្ជាក់​ជា​ថ្មី នៅ​ថ្ងៃ​សៅរ៍​នេះ អំពី​មរណភាព​របស់​​ Kayla Mueller ពលរដ្ឋ​អាមេរិក ដែល​ទំនង​ជា​ស្លាប់​ក្នុង​ពេល​កងទ័ព​​ហ្សកដានី​បើក​យុទ្ធនាការ​វាយប្រហារ​ផ្លូវ​អាកាស​លើ​ស៊ីរី។ ប៉ុន្តែ​អាជ្ញាធរ​វ៉ាស៊ីនតោន បាន​ធានា​អះអាង​ថា​គ្មាន​ទទួល​ភស្តុតាងអ្វី​បញ្ជាក់​ពី​ការ​ស្លាប់​នេះ​ទេ។ ចំណែក​ហ្សកដានី​វិញ ទទួល​ស្តាប់​​ព័ត៌មាន​​មរណៈ​នេះ​ដោយ​​ក្តី​មន្ទិល​សង្ស័យ​បំផុត។

ផ្សាយពាណិជ្ជកម្ម

ទាំង​សេតវិមាន ទាំង​ក្រសួងការបរទេសអាមេរិក មាន​សេចក្តី​អត្ថាធិប្បាយ​តែ​មួយ គឺ “គ្មាន​អ្វី​ដែល​អាច​ការ​បញ្ជាក់​បាន​អំពី​ការ​ស្លាប់​របស់​នាង Kayla Muellerទេ។ ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម បានប្រកាស​ក្នុង​សេចក្តី​ជូន​​ដំណឹង​ថា ចំណាប់​ខ្មាំង​អាមេរិក បាន​ស្លាប់​ នៅ​ពេល​កងទ័ព​អាកាស​ហ្ស័កដានី បាន​បើក​ការ​វាយប្រហារ​​លើ​ទីតាំង​មួយ​ក្រៅ​ក្រុង Raqa។ ប៉ុន្តែ​អង្គការ​នេះ មិន​បាន​ផ្តល់​រូប​ថត​សាក​សព​ជា​ភស្តុតាង​ទេ បាន​ត្រឹម​បង្ហាញ​រូបភាព​អគារបាក់​បែក​​ខ្ទេចគ្មាន​​សល់។

 
ហេតុដូច្នេះ​ហើយ​បាន​អ្នក​ឯកទេស​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម​ ក៏​ចាប់​មាន​គំនិត​សង្ស័យ​ដូច​ហ្សកដានី​ដែរ។ រដ្ឋមន្ត្រី​ការបរទេស​ហ្សកដានី បាន​​ចាត់​ទុក​ ការ​ផ្តល់​ព័ត៌មាន​មរណៈ ថាជា​​ពុត​ត្បុត​ចាស់​គំរិល​របស់​ពួក​ភេរវនិយម។ ហ្សកដានី​បាន​ទទួល​ស្គាល់​ថា​ប្រតិបត្តិការ​​​​​សង​សឹក​តាម​ផ្លូវ​អាកាស​​ កាលពី​ថ្ងៃសុក្រ បានបំផ្លាញ​ខ្ទេចខ្ទី​​ទីតាំង​របស់​ពួក​ជីហាត តែ​មិន​បាន​បញ្ជាក់​អំពី​​ចំណុច​ដៅ​វាយ​ប្រហារ​​ទេ។ អង្គការ​ការពារ​សិទ្ធិមនុស្ស​ស៊ីរី បាន​រាប់​ឃើញ​ថា​មាន​ស្លាប់​យ៉ាង​ហោច​ជន​ជីហាត​ជាង​៣០​នាក់​នៅ​ក្នុង​កា​រ​វាយប្រហារ​​ថ្ងៃ​សៅរ៍​នេះ​។

ឪពុក​ម្តាយ​នាង​រង​គ្រោះ​ដែល​ទើប​ព្រម​បញ្ចេញ​អត្តសញ្ញាណ បាន​បង្ហាញ​​នូវ​ក្តីសង្ឃឹម​​ថាកូន​ស្រី​នៅ​មាន​ជីវិត​នៅ​ឡើយ ដោយ​​បាន​ផ្ញើ​សារ​ ​ផ្ទាល់​ខ្លួន​​មួយ​ទៅ​កាន់​ពួក​អង្គការ​ជីហាត សុំមាន​​ទំនាក់ទំនង​ ​ជាលក្ខណៈ​​ឯកជន​ដូច​ពីមុន​ទៀត។

អាយុ​២៦​ឆ្នាំ មាន​សុទិដ្ឋនិយម​បំផុត Kayla Mueller ធ្វើ​ដំណើរ​ច្រើន​នៅជុំ​វិញ​ពិភពលោក ​បាន​ចូល​បម្រើ​​ផ្នែក​មនុស្សធម៌​ជួយ​ជន​ភៀស​ខ្លួន​ស៊ីរី តាំង​ពី​ឆ្នាំ​២០១១​មក។ នាង​ត្រូវ​បាន​ពួក​ជីហាត​ចាប់​ខ្លួន​នៅ​ក្រុង​អាឡិប នៅ​ខែ​សីហា ២០១៣ ដោយ​ទាមទារ​ប្រាក់​៥​លាន​ដុល្លារ​ជា​ថ្នូរ​នឹង​សេរីភាព។​ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ ប្រឆាំង​ដាច់​ខាត​មិន​ព្រម​បង់​ប្រាក់​ដើម្បី​រំដោះ​ចំណាប់​ខ្មាំង​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI