អសប-អេហ្ស៊ីប

ក្រុម​ប្រឹក្សាសន្តិសុខ​និង​សេតវិមាន​ថ្កោលទោស​ការ​កាត់ក្បាល​ជនជាតិ​អេហ្ស៊ីប​

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​
ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ RFI

នៅ​ថ្ងៃ​ច័ន្ទ​សមាជិក​ទាំង​១៥​​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​បាន​ថ្កោលទោស​​យ៉ាង​ខ្លាំង​ ចំពោះ​​ឃាតកម្ម​​កាត់ករ​លើ​​ជនជាតិ​អេហ្ស៊ីប​​កាន់​គ្រិស្តសាសនា​ Coptes​ ចំនួន​ ២១​នាក់​ ដោយ​ពួក​អ៊ីស្លាមជ្រុលនិយម។​ ស្ថាប័ន​កំពូល​​របស់​អង្គការ​​សហ​ប្រជាជាតិ​រួម​ទាំង​​សេតវិមាន​​ផង​ដែរ​បាន​ហៅ​ទង្វើ​នេះ​ថា​ជា​ទង្វើ​ "កំសាក​និង​គួរ​ឲ្យ​ស្អប់ខ្ពើម" ។​

ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តី​ប្រកាស​ធ្វើ​ឡើង​ជា​ឯកច្ឆ័ន ក្រុមប្រឹក្សាសន្តិសុខ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ ទង្វើ​ដ៏ "កំសាក​និង​គួរឱ្យស្អប់" នេះ ដែល​បង្ហាញ​ជាថ្មី​ម្តងទៀត​អំពី​ភាព​ព្រៃផ្សៃ​របស់​អង្គការ​រដ្ឋអ៊ីស្លាម។ សមាជិក ក្រុមប្រឹក្សា​សន្តិសុខ​ក៏បាន​បញ្ជាក់ថា "គេ​ត្រូវតែ​កំចាត់​អង្គការ​រដ្ឋអ៊ីស្លាម​នេះ​ចោល ហើយ​ភាព​គ្មាន​ការ​អត់ ឱន អំពើ​ហឹង្សា និង​សេចក្តី​ស្អប់ខ្ពើម ក៏​ត្រូវតែ​បំបាត់​ដែរ។ អំពើ​ព្រៃផ្សៃ​ប្រព្រឹត្ត​ដោយ​អង្គការ​រដ្ឋអ៊ីស្លាម​នេះ មិន​បំភិត​បំភ័យ​ក្រុមប្រឹក្សា​សន្តិសុខ​ទេ ប៉ុន្តែ​នឹង​ពង្រឹង​ការ​ប្តេជ្ញាចិត្ត​របស់​ស្ថាប័ន​មួយ​នេះ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជីហាដ"។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក បានគីមូន បាន​ប្រកាស​ថា នេះ​គឺ​ជា "អំពើ​ព្រៃផ្សៃ"​និង​បាន​ថ្លែង​ថា "មានតែ​ការ​ពិភាក្សា​ទេ​ដែល​ជា​ឱកាស​ដ៏​ល្អ​បំផុត ដើម្បី​ជួយ​ឲ្យ​ប្រទេស​លីប៊ី​ងើប​ផុត​ពី​វិបត្តិ​នា​ពេល​បច្ចុប្បន្ន​នេះ"។

ចំណែក​សេតវិមាន​តាំងពី​ថ្ងៃ​អាទិត្យ​ភ្លាមៗ​ក្រោយពី​ការ​សម្លាប់​ដ៏​ឃោរឃៅ​នេះ ក៏​បាន​ថ្កោល​ទោស ថា​ជា "ឃាតកម្ម​ដ៏​កំសាក​និង​គួរ​ឱ្យ​ស្អប់" របស់​ពួក​អង្គការ​រដ្ឋអ៊ីស្លាម​និយមជ្រុល។​ លោក Josh Earnest អ្នក​នាំ​ពាក្យ​សេតវិមាន​បាន​ថ្លែង​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​នោះទេ​​ដែល​ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម និង​បក្ស​ពួក​ភេវរករ​របស់​គេ បាន​សម្លាប់​រង្គាល​លើ​ជន​ស្លូតត្រង់​ក្នុង​តំបន់​បែប​នេះ។

លោក​បាន​សង្កត់​ធ្ងន់​ថា "ទង្វើ​ដ៏​សាហាវ​យង់ឃ្នង​នេះ​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត ពី​តម្រូវការ​ជាបន្ទាន់​សម្រាប់​ការ​ដោះស្រាយ​ជម្លោះ​នយោបាយ ក្នុង​ប្រទេស​លីប៊ី ដែល​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​នេះ ផ្ដល់តែ​ផលប្រយោជន៍​ដល់ ភេរវករ​តែ​មួយ​គត់​ក្នុង​ពេល​បច្ចុប្បន្ន"៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI