អានតួអត្ថបទ
វ៉េណេស៊ុយអេឡា-គុយបា

គុយបា​ចាប់ដៃ​វ៉េណេស៊ុយអេឡា​ប្រឆាំង​នឹង​វិធានការ​សហរដ្ឋអាមេរិក

លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា Nicolás Maduro
លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា Nicolás Maduro REUTERS/Miraflores Palace/Handout via Reuters
ដោយ៖ ហ៊ែល សម្បត្តិ
១៥ នាទី

នៅល្ងាចថ្ងៃចន្ទ​និង​ថ្ងៃអង្គារ​ម្សិលមិញ មាន​ប្រតិកម្ម​ខឹងសម្បា​រយ៉ាងខ្លាំង​ពី​ប្រទេស​វ៉េណេស៊ុយអេឡា និង​ប្រទេស​គុយបា ចំពោះ​ក្រឹត្យ​របស់​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ដែលបាន​ចាត់ទុក ប្រទេស​វ៉េណេស៊ុយអេឡា ថាជា​ការគំរាមកំហែង​ចំពោះ​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក និង​ដែល​បាន​ដាក់​ទណ្ឌកម្ម​ចំពោះ​សមាជិក​នៃ​រដ្ឋាបាល​វ៉េណេស៊ុយអេឡា​​ចំនួន​៧​រូប ដោយ​ក្នុង​នោះ​ក៏មាន​ការបង្កក​ទ្រពសម្បត្តិ​ ហិរញ្ញវត្ថុ​របស់​ពួកគេ​នៅ​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

ហេតុផលនៃ​ក្រឹត្យ​របស់​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ត្រូវបាន​ពន្យល់​ដោយ លោក Josh Earnest អ្នកនាំពាក្យ​សេតវិមាន ដែល​បាន​សរសេរ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា «មន្ត្រី​ថ្នាក់​ដឹកនាំ វ៉េណេស៊ុយអេឡា​បច្ចុប្បន្ន និង​ពី​អតីត ដែល​រំលោភ​លើ​សិទ្ធិ​របស់​ពលរដ្ឋ​វ៉េណេស៊ុយអេឡា និង​ដែល​បាន​ចូលរួម​នៅក្នុង​អំពើ​ពុករលួយ​ជា​សាធារណៈ មិនត្រូវ​មាន​វត្តមាន​នៅ​ទីនេះ​ទេ ហើយ​ឥឡូវ​យើង​មាន​មធ្យោបាយ​ដើម្បី​បង្ខាំង​ទុក​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ដែល​ឋិត​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក​បាន »។

 
លោកបាន​បន្ថែម​ថា៖ «យើង​មាន​ការព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការព្យាយាម​របស់​រដ្ឋាភិបាល វ៉េណេស៊ុយអេឡា ក្នុង​ការបំភិតបំភ័យ​អ្នកប្រឆាំង​ខាង​នយោបាយ កាន់តែ​ខ្លាំង​ឡើងៗ។ បញ្ហា វ៉េណេស៊ុយអេឡា មិន​អាច​ដោះស្រាយ​បាន ដោយ​ការដាក់​ទោស​ទណ្ឌ​លើ​គណបក្ស​ប្រឆាំង​នោះទេ»។

ការណ៍​នេះបាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ជា​បឋម​ពី​ប្រធានធិបតី​វ៉េណេស៊ុយអេឡា លោក Nicolas Maduro ដែលបាន​ចាត់ទុក​វិធានការ​របស់​លោកអូបាម៉ា​ថា ជាទង្វើ​ដ៏កំរោល អយុត្តិធម៌ និង​អវិជ្ជមាន​បំផុត មិន​ធ្លាប់​មាន​ចំពោះ​ប្រទេស​វ៉េណេស៊ុយអេឡា។ លោក Maduro បាន​ថ្លែង​តាម​វិទ្យុ និង​ទូរទស្សន៍​កាលពី​ល្ងាច​ថ្ងៃចន្ទ តប​ទៅ​ប្រធានធិបតី​អាមេរិកថា ៖ លោក​គ្មាន​សិទ្ធិ​ឈ្លានពាន​លើ​យើង​ខ្ញុំ និង​ក៏គ្មាន​សិទ្ធិ​ប្រកាស​ថា​វ៉េណេស៊ុយអេឡា​ជា​ការ​គំរាម​កំហែង​​មួយ​ដល់​ប្រជាជន​អាមេរិកនោះ​ដែរ ការគំរាមកំហែង​ដល់​ប្រជាជន​អាមេរិកនោះ​គឺជា​លោក​ទៅ​វិញ​ទេ។ លោក Maduro បាន​ប្រកាស​ថា នៅ​ថ្ងៃ​អង្គារ លោក​នឹងស្នើ​ទៅ​រដ្ឋសភាជាតិ​ដើម្បី​ផ្តល់​ឱ្យគាត់​នូវ​អំណាច​ពិសេស​ដើម្បី​ឆ្លើយតប​ទៅនឹង "ការរំលោភ​ឈ្លានពាន​ចក្រពត្តិនិយម" នេះ។ ភ្លាមៗនោះ​ដែរ ភារធារី​វ៉េណេស៊ុយអេឡា​ប្រចាំ​ក្រុង វ៉ាស៊ីនតោន ក៏ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​មាតុភូមិ​និវត្តន៍​ផងដែរ។ 

ចំណែក​ប្រទេស​គុយបា​វិញ ដែល​ទើបនឹង​ស្តារ​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​សហរដ្ឋ​អាមេរិកកាលពី​ខែ​ធ្នូឆ្នាំ ២០១៤​កន្លង​ទៅ ក៏បាន​ចេញមុខ​គាំទ្រ វ៉េណេស៊ុយអេឡា​ដែល​ជា​ប្រទេស​សម្ព័ន្ធមិត្ត គាំទ្រ​នយោបាយ និង​សេដ្ឋកិច្ច​គុយបា​តាំងពី​ជាង​១៥ឆ្នាំ មក​ហើយ​នោះ។ ​​

តាមរយៈ​អត្ថបទ​មាន​ចុះ​ហត្ថលេខា​ដោយ​រដ្ឋាភិបាល​គុយបា និង​ផ្សាយ​ក្នុង​សារពត៌មាន ក្នុងស្រុក រដ្ឋាភិបាល​គុយបា​បាន​ចាត់ទុក​សេចក្តី​សម្រេច​របស់​លោក​អូបាម៉ា ជា​សេចក្តី​សម្រេច​បំពាន​និង​គ្មាន​ហេតុផល ដោយ​លើក​ឡើងថា ៖ គ្នាន​នរណា​ម្នាក់​មាន​សិទ្ធិ​ជ្រៀតជ្រែក​រឿង​ផ្ទៃក្នុង​របស់​រដ្ឋ​អធិបតេយ្យ​មួយ ហើយ​ចាត់ទុក​រដ្ឋ​នោះ​ថា ជាការគំរាមកំហែង​លើ​សន្តិសុខ​ជាតិ​ខ្លួន​ដោយ​គ្មាន​មូលដ្ឋាន​ណាមួយ​នោះទេ។ ប្រទេស​គុយបា​និង​ប្រជាជន​គុយបា សូមរំលឹក​ឡើង​វិញ​ពី​ការគាំទ្រ​ដោយ​ឥត​លក្ខខណ្ឌ ចំពោះ​បដិវត្តន៍​បូលីវ៉ារី ចំពោះ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​លោក​ប្រធានាធិបតី Nicolas Maduro និង ចំពោះ​ប្រជាជន​ដែល​ជាបងប្អូន​ប្រកប​ដោយ​វីរភាព​របស់​វ៉េណេស៊ុយអេឡា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ