អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​អ៊ីស្រាអែល​ពិត​ជា​បាន​លួច​ធ្វើ​ចារកម្ម​លើ​សហរដ្ឋ​អាមេរិក​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់?

សំឡេង ០៣:៣៣
ទង់​ជាតិ​អាមេរិក​និង​អ៊ីស្រាអែល
ទង់​ជាតិ​អាមេរិក​និង​អ៊ីស្រាអែល Reuters/Ronen Zvulun
ដោយ៖ បូលីន ដាវីដ

កាលពី​សប្តាហ៍​មុន​ តាម​កាសែត​ Wall Street Journal ​បាន​រាយការណ៍​អោយ​ដឹង​ថា​ ប្រទេស​អ៊ីស្រាអែល​ប្រហែល​ជា​បាន​លួច​ធ្វើ​ចារកម្ម​សម្ងាត់​ស៊ើបការណ៍​សហរដ្ឋ​អាមេរិក​ និង​ភាគី​ប្រទេស​ ៥ + ១ លើ​សំណុំ​រឿង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ​បើ​តាម​សារព័ត៌មាន​អាមេរិក​មួយ​នេះ​ អ៊ីស្រាអែល​ទំនង​ជា​ទទួល​បាន​ព័ត៌មាន​ដោយ​ប្រយោល ​តាមរយៈ​ប្រភព​ផ្សេងៗ​គ្នា​ មាន​ជាអាទិ៍ របាយ​ការណ៍​ប្រជុំ​សម្ងាត់​របស់​ភាគី​អាមេរិកការលួច​ស្ទាក់​ស្តាប់​ការ​ឆ្លើយឆ្លង​គ្នា​របស់​ភាគី​អ៊ីរ៉ង់ ​អ្នក​ផ្តល់​ព័ត៌មាន​ និង​ទំនាក់​ទំនង​របស់​ភាគី​អ៊ឺរ៉ុប។​ គេ​សង្ស័យ​ថា​ អ៊ីស្រាអែល​ប្រហែល​ជា​យក​ព័ត៌មាន​សម្ងាត់​ទាំងនោះ​ទៅ​អោយ​សមាជិក​សភា​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​ ដើម្បី​រារាំង​ដំណើរ​ការ​កិច្ចព្រៀងព្រៀង​ជាយថាហេតុណា​មួយ​ ដែល​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ អាច​ចុះ​ហត្ថលេខា​ជាមួយ​អ៊ីរ៉ង់។​ តើ​អ៊ីស្រាអែល​ពិត​ជា​បាន​ធ្វើ​សកម្មភាព​ចារកម្ម​បែប​នេះ​មែន​ឬ?

ផ្សាយពាណិជ្ជកម្ម

ចារបុរស​អ៊ីស្រាអែល​ទំនង​លួច​ស្តាប់​ការ​ប្រជុំ

ខណៈ​ពេល​ដែល​​ក្រុម​ប្រទេស​មហា​អំណាច​ ៥ ភាគី​បូក​ ១ (អាមេរិក បារាំង​ អង់គ្លេស​ ចិន​ រុស្សី​ និង​អាល្លឺម៉ង់) កំពុង​ចរចារ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ នៅក្នុង​ទីក្រុង​ឡូសាន​ ប្រទេស​ស្វីស​ កាសែត​អាមេរិក​ Wall Street Journal បាន​ដកស្រង់​សំដី​មន្រ្តី​ជាន់​ខ្ពស់​អាមេរិក​ម្នាក់​ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​ ប្រទេស​អ៊ីស្រាអែល​បាន​លួច​ធ្វើ​ចារកម្ម​លើ​សហរដ្ឋ​អាមេរិក​ជុំវិញ​សំណុំ​រឿង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។​ អ៊ីស្រាអែល​ប្រហែល​ជា​បាន​បញ្ចូន​ភ្នាក់ងារ​សម្ងាត់​លួច​ស្តាប់​រាល់ការ​ប្រជុំ​កន្លង​មក។​ សកម្មភាព​នេះ​ទំនង​ជា​បាន​ធ្វើ​ចាប់​តាំង​ពី​ជាង​មួយ​ឆ្នាំ​មកហើយ​ ពោលគឺ​ ពេល​ការ​ចរចារ​រវាង​ភាគី​ប្រទេស​មហាអំណាច​ទាំង​ ៦ ជាមួយ​ប្រទេស​អ៊ីរ៉ង់​បាន​ចាប់ផ្តើម។ សារព័ត៌មាន​ដ៏ល្បី​ឈ្មោះ​មួយ​នេះ​ ក៏​បាន​បន្ថែម​ថា​ ក្រៅ​ពី​លួច​ស្តាប់​ការ​ប្រជុំ​ អ៊ីស្រាអែល​បាន​ទទួល​ព័ត៌មាន​សម្ងាត់​តាមរយៈ​អ្នក​ផ្តល់​ព័ត៌មាន​ និង​អ្នក​ការទូត​អ៊ឺរ៉ុប។​

ធ្វើ​ចារកម្ម​គ្នា​ទៅវិញ​ទៅមក

ការ​បែក​ធ្លាយ​ព័ត៌មាន​នេះ​ធ្វើ​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​។​ ភ្ញាក់​ផ្អើល​ ព្រោះ​ថា​ សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល​ជា​សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លិចអស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មកហើយ។​ បើតាមកាសែត Wall Street Journal ដដែល​បាន​អោយ​ដឹង​ថា​ ចារកម្ម​ជា​ផែ្នក​មួយ​នៃ​ប្រតិបត្តិការ​ដ៏​ធំ​របស់​អ៊ីស្រាអែល​។​ ទីមួយ​គឺ ដើម្បី​ចូល​ជ្រៀតជ្រែក​ក្នុង​កិច្ច​ចរចារ​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។​​ ទីពីរ​គឺ​ ធ្វើ​យ៉ាងណា​អោយ​ការ​ចរចារ​នេះ​បរាជ័យ ​កុំ​អោយ​មាន​កិច្ច​ព្រមព្រៀង​ណាមួយ​សំរេច​បាន។

ទោះ​បីជា​យ៉ាង​ណា​ក៏ដោយ​ សហរដ្ឋ​អាមេរិក​ក៏​មិន​ទុកចិត្ត​សម្ព័ន្ធ​មិត្ត​ខ្លួន​១០០%​ ដែរ។ ​មន្រ្តី​ជាន់​ខ្ពស់​អាមេរិក​សុំ​មិន​បញ្ចេញ​ឈ្មោះ​បង្ហើប​ថា​ អាមេរិក​ទើបតែ​បាន​ដឹង​ពី​សកម្មភាព​សម្ងាត់​របស់​អ៊ីស្រាអែល​ ដោយសារ​ផែ្នកចារកម្ម​សម្ងាត់​អាមេរិក​បាន​រៀបចំ​ផែនការ​លួចស្ទាក់​ចាប់​កិច្ចសន្ទនា​របស់​មន្រ្តី​ជាន់ខ្ពស់​អ៊ីស្រាអែល។ ប៉ុន្តែ​​ អ្វី​ដែល​ធ្វើ​អោយ​សេតវិមាន​ក្តៅ​ក្រហាយ​នោះ​គឺ​ ភាគី​អ៊ីស្រាអែល​យក​ព័ត៌មាន​ទាំងនោះ​ទៅ​ចែក​រំលែក​អោយ​សមាជិក​សភា​តំណាង​រាស្រ្ត​ និង​ព្រឹទ្ធសភា​អាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋ។​ គឺ​ក្រុម​គណបក្ស​សាធារណរដ្ឋ​នេះហើយ​ ដែល​ប្រឆាំង​ដាច់​ខាត​នឹង​ឆន្ទៈ​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ ដែល​បាន​សន្យា​ថា​នឹង​សំរេច​កិច្ច​ព្រមព្រៀង​មួយ​អនុញ្ញាតិ​អោយ​អ៊ីរ៉ង់​មាន​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល។

អ៊ីស្រាអែល​បដិសេធការ​ចោទ​ប្រកាន់

ភ្លាមៗ​ក្រោយ​ការ​ចោទ​ប្រកាន់​នេះ​ លោក​ Youval Steinitz រដ្ឋមន្រ្តី​ទទួល​បន្ទុប​ស៊ើបការណ៍​សម្ងាត់​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា​ អ៊ីស្រាអែល​មិន​បាន​លួច​ធ្វើ​ចារកម្ម​សម្ព័ន្ធ​មិត្ត​​អាមេរិក​ឡើយ។​ ចំណែក​ មន្រ្តី​ជាន់​ខ្ពស់​អ៊ីស្រាអែល​ជា​ច្រើន​រូបផ្សេងទៀត​បាន​ធានា​អះអាង​ថា​ អ៊ីស្រាអែល​តែង​គោរព​ចំពោះ ​បំរាម​ហាម​ដាច់ខាត​មិន​អោយ​ខ្លួន​ស៊ើបការណ៍​លើ​អាមេរិក។ ការ​ថ្លែង​បែប​នេះ​គឺ សំដៅ​ទៅ​លើ​កិច្ច​សន្យា​ពី​អតីត​កាល​ជាមួយ​អាមេរិក ក្រោយ​ពី​មាន​រឿង​ក្តី​ Jonathan Pollard កាល​ពី​ឆ្នាំ​ ១៩៨៧។​ កាល​នោះ​ Jonathan Pollard មន្រ្តី​ផែ្នក​វិភាគ​ព័ត៌មានបំរើ​ការ​ក្នុង​ជួរ​យោធា​ជើង​គោក​អាមេរិក​បាន​លួច​ផ្តល់​ឯកសារ​សម្ងាត់​រាប់​ពាន់​ទំព័រ​ស្តីពី​សកម្មភាព​ស៊ើបការណ៍​អាមេរិក​តាម​បណ្តា​ប្រទេស​អារ៉ាប់អោយ​អ៊ីស្រាអែល។ មន្រ្តី​យោធា​រូបនេះ​ត្រូវ​បាន​ផ្តន្ទាទោស​អោយ​ជាប់​ពន្ធាគារ​អស់​មួយ​ជីវិត។

មន្រ្តី​ជាន់​ខ្ពស់​អ៊ីស្រាអែល​យល់​ឃើញ​ថា​ ការ​ចោទ​ប្រកាន់​បែប​នេះ​គឺ​ អាច​បង្ក​ឡើង​ពីក្រុម​មួយ​ចំនួន​ដែល​ចង់​បញ្ឆេះ​ភ្លើង​បង្កើន​កំដៅ ខណៈ​ពេល​ដែល​ទំនាក់​ទំនង​រវាង​អាមេរិក​ និង​អ៊ីស្រាអែល​កំពុង​តែ​ប្រេះស្រាំ​ស្រាប់។ ថ្លែង​តាម​រយៈ​វិទ្យុ​យោធា​អ៊ីស្រាអែល​ លោក​ ​ Avigdor Lieberman រដ្ឋ​មន្រ្តី​ការ​បរទេស​អ៊ីស្រាអែល​បាន​អោយ​ដឹង​ថា​ គេ​មិន​គួរ​ដាក់​ការ​សង្ស័យ​លើ​ប្រទេស​អ៊ីស្រាអែល​ឡើយ។​ មាន​ភាគីជា​ច្រើន​ចូលរួម​ជុំវិញតុ​ចរចារ​នេះ​ ហើយ​ការ​បែក​ធ្លាយ​ព័ត៌មាន​ទំនង​អាច​ចេញ​ពី​អ្នកផ្សេង​ ពិសេស​ខាង​ភាគី​អ៊ីរ៉ង់តែម្តង។

សហរដ្ឋ​​អាមេរិក​នៅ​បន្ត​ផ្តល់​ព័ត៌មាន​ដល់​អ៊ីស្រាអែល

លោកស្រី​ Jennifer Psaki អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ សហរដ្ឋ​អាមេរិក​នៅ​តែបន្ត​ផ្តល់​ព័ត៌មាន​ជូន​អ៊ីស្រាអែល​ស្តីពី​ដំណើរការ​ចរចារ​ជាមួយ​អ៊ីរ៉ង់។​ ការ​ប្រជុំ​រវាង​ភាគី​ប្រទេស​មហា​អំណាច​ ៥+១ និង​អ៊ីរ៉ង់​លើ​សំណុំ​រឿង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់បាន​ចាប់​ផ្តើម​បន្ត​ឡើង​វិញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​សប្តាហ៍​មុន​។ ភាគី​ទាំង​អស់​កំពុង​ព្យាយាម​ស្វែងរក​កិច្ច​ព្រមព្រៀម​នយោបាយ​ជា​គោលការណ៍​មួយ​អោយ​បាន​មុន​ថ្ងៃ​ទី​៣១ ខែ​មីនា​នេះ។​ ប្រសិន​បើ​ពិតជា​មាន​កិច្ច​ព្រមព្រៀង​មែន​នោះ​ ភាគី​ចរចារ​នឹង​ត្រូវ​ជួប​គ្នា​ជា​បន្តបន្ទាប់​ទៀត​មុន​នឹង​ឈាន​សំរេច​កិច្ច​ព្រមព្រៀង​លំអិតជា​ស្ថាពរ​មួយ​មុន​ថ្ងៃ​ទី​១ កក្កដា​ ខាង​មុខ​នេះ។​ កិច្ច​ព្រមព្រៀង​នោះ​គឺ​ អនុញ្ញាត​អោយ​អ៊ីរ៉ង់​ដាក់​ដំណើរ​ការ​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​ក្នុង​រយៈ​ពេល​យ៉ាង​ហោច​ណាស់​ ១០ ឆ្នាំ​ ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​ប្រទេស​មហា​អំណាច។​ ​ជាថ្នូរមក​វិញ​ អ៊ឺរ៉ង់​​នឹងទទួល​បាន​​ការ​លើក​លែង​ទណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​ចំនួនជា​បណ្តើរៗ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ